អង្គារ – បៃតង – ថ្ងៃធម្មតា
ឬបុណ្យរំឭកថ្ងៃឆ្លងព្រះវិសាលវិហារស៊ីលីកា
សន្តសិលា និងសន្តប៉ូលជាគ្រីស្តទូត
តាំងពីបុរាណកាលមក គ្រីស្តបរិស័ទតែងតែធ្វើបូជនីយចរទៅគោរពផ្លូវរបស់សន្តសិលានៅភ្នំវ៉ាទីកង់ ហើយក៏ទៅគោរពផ្នូរសន្តប៉ូលដែលនៅតាមផ្លូវទៅក្រុងអូស៊ីយ៉ា។ ប្រហែលនៅ គ.ស ៣៣០ ព្រះចៅអធិរាជរ៉ូមាំងព្រះនាមកុងស្តង់ទីនបញ្ជាឱ្យកសាងព្រះវិហារមួយនៅលើភ្នំវ៉ាទីកង់ ត្រង់ទីស្មសានមួយកន្លែង គ្រីស្តបរិស័ទសន្មតថា គេកប់សពសន្តសិលា។ ទាំងពីសតវត្សទី ១៤មក សម្តេចប៉ាបនានានាំគ្នាធ្វើពិធីបុណ្យឧិឡារិកទាំងប៉ុន្មានប្រចាំឆ្នាំ ក្នុងព្រះវិហារសន្តសិលានោះ។ គ្រីស្តបរិស័ទសាងព្រះវិហារនេះឡើងវិញនៅសតវត្សទី ១៦។ ព្រះវិហារនេះធំជាងគេក្នុងសកលលោកទាំងមូល។ សម្តេចប៉ាបធ្វើពិធីឆ្លងនៅឆ្នាំ ១៦២៦។ អស់លោកអភិបាលព្រះសហគមន៍បានជួបជុំគ្នា ជាមហាសន្និបាតពីរលើក (វ៉ាទីកង់ទី១ និងទី២) ក្នុងព្រះវិហារនោះ។ គ្រីស្តបរិស័ទកសាងព្រះវិហារ សន្តប៉ូល ក្រៅកំពែងទីក្រុងរ៉ូម ត្រង់កន្លែងគ្រីស្តបរិស័ទពីដើមសន្មតថា គេកប់សពរបស់សន្តប៉ូល។ ព្រះចៅអធិរាជ វ៉ាលិនទីញាំង ទី២ ធ្វើបុណ្យឆ្លងព្រះវិហារនេះ នៅគ.ស ៣៨៦។ គេសាងព្រះវិហារនេះឡើងវិញ នៅគ.ស ១៨២៣ ក្រោយពីត្រូវអគ្គីភ័យបំផ្លាញអស់។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរមរណសាក្សីនៃជនជាតិអ៊ីស្រាអែល ១មបា ៦,១៨-៣១
លោកអេឡាសារជាធម្មាចារ្យដ៏សំខាន់ម្នាក់ក្នុងចំណោមធម្មាចារ្យទាំងប៉ុន្មាន។ លោកមានវ័យចំណាស់ទៅហើយ ឫកពារក៏ល្អគួរឱ្យគោរព។ គេចាប់បើកមាត់បង្ខំឱ្យលោកពិសារសាច់ជ្រូក។ លោកស៊ូស្លាប់យ៉ាងថ្លៃថ្នូរ ប្រសើរជាងរស់នៅយ៉ាងអាម៉ាស់។ លោកស្ម័គ្រចិត្តដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។ លោកខ្ជាក់សាច់ពីក្នុងមាត់ ដូចអ្នកក្លាហានមិនព្រមពិសារអ្វី ដែលគម្ពីរវិន័យមិនអនុញ្ញាតឱ្យបរិភោគ ទោះបីត្រូវបាត់បង់ជីវិតក៏ដោយ។ អស់លោកដែលធ្វើជាអធិបតីក្នុងពិធីជប់លៀងព្រះដទៃ ដែលវិន័យហាមនោះ ស្គាល់លោកជាយូរយារណាស់មកហើយ។ គេនាំលោកអេឡាសារទៅដោយឡែកពីប្រជាជន ហើយបញ្ចេះឱ្យគេយកសាច់ដែលវិន័យអនុញ្ញាតឱ្យបរិភោគ មកធ្វើម្ហូបសម្រាប់លោក រួចលោកត្រូវតែពិសារសាច់ដែលគេធ្វើនោះ ហើយធ្វើពុតដូចជាពិសារសាច់ដែលគេបូជាថ្វាយព្រះដទៃ តាមបញ្ជារបស់ព្រះរាជា។ ធ្វើដូច្នេះ នោះលោកនឹងរួចជីវិត។ អ្នកទាំងនោះនិយាយដូច្នេះ ព្រោះអាណិតស្រលាញ់រាប់អានគាត់ជាយូរយារណាស់មកហើយ។ ប៉ុន្តែ លោកអេឡាសារប្តេជ្ញាចិត្តយ៉ាងអង់អាចតាមវ័យ និងសក់ស្កូវរបស់គាត់ ព្រមទាំងតាមចរិយាសម្បត្ដិ ដ៏ប្រសើរ ដែលលោកមានតាំងពីកុមារមក ជាពិសេស លោកចង់ធ្វើឱ្យស្របតាមវិន័យដ៏វិសុទ្ធ ដែលព្រះជាម្ចាស់បានតែងតាំង។ លោកសុំឱ្យគេបញ្ជូនលោកទៅស្ថានមច្ចុរាជ ទាំងប្រាប់ថា៖ «មនុស្សមានអាយុប៉ុនខ្ញុំនេះ មិនគួរនឹងបោកបញ្ឆោតគេឡើយ! បើខ្ញុំធ្វើពុតដូច្នេះ យុវជនជាច្រើនមុខជាស្មានថា អេឡាសារខ្ញុំនេះមានអាយុកៅសិបឆ្នាំទៅហើយ បែកចិត្តទៅធ្វើតាមទំនៀមទម្លាប់របស់ជនជាតិបរទេស!។ ដូច្នេះ យុវជនទាំងនោះមុខជាវង្វេងដោយសារតែកំហុសរបស់ខ្ញុំ ដែលធ្វើពុតចង់រស់រានមានជីវិតមួយរយៈពេលយ៉ាងខ្លីនេះជាមិនខាន។ ធ្វើដូច្នេះ មិនសមរម្យទេ! ប្រសិនបើខ្ញុំធ្វើក្នុងពេលដែលខ្ញុំមានវ័យចាស់ដូច្នេះ ខ្ញុំនឹងអាប់ឱនកិត្តិយសរបស់ខ្ញុំ ហើយត្រូវសៅហ្មងទៀតផង!។ ទោះបីខ្ញុំរួចទោសពីមនុស្សលោកពេលឥឡូវនេះក្តី ក៏ខ្ញុំមិនអាចគេចរួចពីព្រះហស្តនៃព្រះដ៏មានឫទ្ធានុភាពសព្វប្រការបានដែរ។ ទោះបីរស់ឬស្លាប់ក្តី ក៏ខ្ញុំមិនរួចខ្លួនឡើយ។ ហេតុដូច្នេះ ឥឡូវនេះ ខ្ញុំសុខចិត្តលះបង់ជីវិតរបស់ខ្ញុំដោយក្លាហាន ខ្ញុំនឹងបង្ហាញកិត្តិយសឱ្យសមតាមអាយុរបស់ខ្ញុំ ដោយធ្វើជាគំរូដ៏ល្អទុកសម្រាប់យុវជន គឺគំរូរបស់អ្នកដែលស្ម័គ្រចិត្តស្លាប់ដោយមិនរួញរា ដើម្បីគោរពវិន័យដ៏វិសុទ្ធ។ មានប្រសាសន៍ដូច្នេះហើយ លោកអេឡាសារក៏ដើរតម្រង់ទៅកន្លែងធ្វើទារុណកម្ម។ រីឯអស់អ្នកដែលនាំលោក គេក៏នាំគ្នាដូរចិត្តគំនិត កាលពីមុន ពួកគេដែលធ្លាប់តែអាណិតស្រលាញ់លោក បែរជាស្អប់លោកទៅវិញ ព្រោះគេចាត់ទុកពាក្យដែលលោកមានប្រសាសន៍នោះថា ជាពាក្យឆ្កួតលេលា។ រីឯលោកវិញ ពេលលោកជិតផុតដង្ហើម ដោយសារគេវាយធ្វើបាបនោះ លោកមានប្រសាសន៍ទាំងថ្ងូរថា៖ «ព្រះអម្ចាស់ជ្រាបអ្វីៗទាំងអស់ ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំអាចរួចពីស្លាប់បាន។ នៅពេលនេះ គេវាយដំខ្លួនប្រាណទូលបង្គំយ៉ាងសាហាវយង់ឃ្នង តែក្នុងចិត្តទូលបង្គំរងទុក្ខដោយសប្បាយ ព្រោះទូលបង្គំគោរពកោតខ្លាចព្រះអង្គ»។ លោកអេឡាសារចែកស្ថានទៅយ៉ាងនេះ។ ការស្លាប់របស់លោកមិនត្រឹមតែធ្វើជាគំរូសម្រាប់យុវជនប៉ុណ្ណោះទេ គឺសម្រាប់ប្រជាជាតិជាច្រើនទៀតផង។ គេនឹកចាំពីព្រហ្មវិហារធម៌ និងចិត្តអង់អាចក្លាហានរបស់លោកតរៀងទៅ។
ទំនុកតម្កើងលេខ ៣,២-៧ បទបន្ទោលកាក
២ ឱ!ព្រះអម្ចាស់ សត្រូវច្រើនណាស់ជិតជុំ
អ្នកប្រឆាំងខ្ញុំ ក៏មកមូលផ្តុំច្រើនដែរ ។
៣ អ្នកខ្លះពោលថា៖ «អង្គម្ចាស់ក្សត្រាងាកបែរ
មិនសង្គ្រោះទេ ទ្រង់ទុកឱ្យគេឯកោ» ។
៤ ឱ!ព្រះអម្ចាស់ ទ្រង់វិសេសណាស់អស្ចារ្យ
ជាខែលការពារ ដល់ថ្ងៃនេះណាពិតណាស់ ។
ព្រះអង្គប្រទាន សិរីឱ្យមានត្រចះ
ហើយព្រះអង្គប្រោស ឱ្យខ្ញុំងើបមុខវិញបាន ។
៥ ខ្ញុំហៅរកព្រះ ជាម្ចាស់អស់ពីចិត្តប្រាណ
ព្រះអង្គក៏បាន តបឆ្លើយពីភ្នំឥតសល់ ។
៦ ខ្ញុំទម្រេតឥតខ្វល់ លង់លក់សមសួនស្កប់ស្កល់
ភ្ញាក់ឡើងឥតខ្វល់ ដ្បិតទ្រង់ផ្ដល់ការគាំទ្រ ។
៧ ទោះបីមានមនុស្ស លើកគ្នាស្រីប្រុសឈួឆរ
ប្រឆាំងតបត ក៏ខ្ញុំមិនភ័យខ្លាចដែរ ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៣,៨.១០-១២
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរ ព្រះអង្គមិនដាក់ទោសយើងឱ្យសមនឹងអំពើបាបដែលយើងបានប្រព្រឹត្តនោះឡើយ។ ព្រះអង្គក៏បានដកកំហុសរបស់យើងចេញពីយើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,១-១០
ព្រះយេស៊ូមកដល់ក្រុងយេរីខូ ហើយយាងកាត់ទីក្រុង។ មានបុរសម្នាក់ឈ្មោះសាខេ ជាមេលើអ្នកទារពន្ធ គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ គាត់ចង់ឃើញព្រះយេស៊ូមានភិនភាគយ៉ាងណា ប៉ុន្តែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលព្រះអង្គមិនឃើញទេ។ គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលព្រះយេស៊ូ ព្រោះព្រះអង្គត្រូវយាងកាត់តាមនោះ។ កាលព្រះយេស៊ូយាងមកដល់ ព្រះអង្គងើបព្រះភ័ក្ត្រឡើង ហើយមានព្រះបន្ទូលទៅគាត់ថា៖ «លោកសាខេអើយ! សូមអញ្ជើញចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះលោក»។ លោកសាខេក៏ចុះមកជាប្រញាប់ ហើយទទួលព្រះយេស៊ូដោយអំណរ។ កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទាំថា៖ «មើល៍! លោកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ លោកសាខេក្រោកឈរឡើង ទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំនឹងចែកទ្រព្យសម្បត្តិរបស់ទូលបង្គំចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើទូលបង្គំទារពន្ធពីអ្នកណាហួសកម្រិត ទូលបង្គំនឹងសងអ្នកនោះវិញមួយជាបួន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់លោកអប្រាហាំដែរ។ បុត្រមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។
ស – បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានកសាងព្រះសហគមន៍នៅលើក្រុមគ្រីស្តទូតជាគ្រឹះ សូមទ្រង់ព្រះមេត្តាថែរក្សាព្រះសហគមន៍ព្រះអង្គជានិច្ច។ មុនដំបូងព្រះសហគមន៍ទទួលដំណឹងល្អដោយសារសន្តសិលា និងប៉ូល សូមប្រោសព្រះសហគមន៍ឱ្យរីកចំរើនឡើង រហូតដល់អវសាននៃភិភពលោកផង។
តាំងពីបុរាណកាលមក គ្រីស្តបរិស័ទតែងតែធ្វើបូជនីយចរទៅគោរពផ្លូវរបស់សន្តសិលានៅភ្នំវ៉ាទីកង់ ហើយក៏ទៅគោរពផ្នូរសន្តប៉ូលដែលនៅតាមផ្លូវទៅក្រុងអូស៊ីយ៉ា។ ប្រហែលនៅ គ.ស ៣៣០ ព្រះចៅអធិរាជរ៉ូមាំងព្រះនាមកុងស្តង់ទីនបញ្ជាឱ្យកសាងព្រះវិហារមួយនៅលើភ្នំវ៉ាទីកង់ ត្រង់ទីស្មសានមួយកន្លែង គ្រីស្តបរិស័ទសន្មតថា គេកប់សពសន្តសិលា។ ទាំងពីសតវត្សទី ១៤មក សម្តេចប៉ាបនានានាំគ្នាធ្វើពិធីបុណ្យឧិឡារិកទាំងប៉ុន្មានប្រចាំឆ្នាំ ក្នុងព្រះវិហារសន្តសិលានោះ។ គ្រីស្តបរិស័ទសាងព្រះវិហារនេះឡើងវិញនៅសតវត្សទី ១៦។ ព្រះវិហារនេះធំជាងគេក្នុងសកលលោកទាំងមូល។ សម្តេចប៉ាបធ្វើពិធីឆ្លងនៅឆ្នាំ ១៦២៦។ អស់លោកអភិបាលព្រះសហគមន៍បានជួបជុំគ្នា ជាមហាសន្និបាតពីរលើក (វ៉ាទីកង់ទី១ និងទី២) ក្នុងព្រះវិហារនោះ។ គ្រីស្តបរិស័ទកសាងព្រះវិហារ សន្តប៉ូល ក្រៅកំពែងទីក្រុងរ៉ូម ត្រង់កន្លែងគ្រីស្តបរិស័ទពីដើមសន្មតថា គេកប់សពរបស់សន្តប៉ូល។ ព្រះចៅអធិរាជ វ៉ាលិនទីញាំង ទី២ ធ្វើបុណ្យឆ្លងព្រះវិហារនេះ នៅគ.ស ៣៨៦។ គេសាងព្រះវិហារនេះឡើងវិញ នៅគ.ស ១៨២៣ ក្រោយពីត្រូវអគ្គីភ័យបំផ្លាញអស់។
សូមថ្លែងព្រះគម្ពីរកិច្ចការគ្រីស្ដទូត កក ២៨, ១១-១៦.៣០-៣១
បីខែក្រោយមក យើងចុះសំពៅមួយឈ្មោះ «ឌីយ៉ូសស្គួរ» ជាសំពៅមកពីក្រុងអាឡិចសន់ឌ្រី ដែលបានចតនៅកោះនោះក្នុងអំឡុងពេលរដូវរងា។ លុះមកដល់ក្រុងស៊ីរ៉ាគូស យើងបានស្នាក់នៅទីនោះបីថ្ងៃ។ បន្ទាប់មក យើងបានសសៀរតាមឆ្នេរសមុទ្រទៅដល់ក្រុងរេគីយ៉ូ។ ស្អែកឡើង មានខ្យល់បក់មកពីទិសខាងត្បូង ហើយក្នុងរវាងតែពីរថ្ងៃ យើងមកដល់ក្រុងពូតេអូលី។ នៅក្រុងនោះ យើងបានជួបពួកបងប្អូន គេអញ្ជើញយើងឱ្យស្នាក់នៅជាមួយអស់រយៈពេលប្រាំពីរថ្ងៃ។ រីឯដំណើររបស់យើងទៅកាន់ក្រុងរ៉ូម បានប្រព្រឹត្តដូចតទៅ: ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអពីយូស និងភូមិផ្ទះសំណាក់បីខ្នងដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរព្រះគុណព្រះជាម្ចាស់ ហើយមានចិត្តក្លាហានឡើងវិញ។ លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតឱ្យលោកប៉ូលនៅផ្ទះមួយ តាមបំណងចិត្តលោក តែគេដាក់ទាហានម្នាក់ឱ្យនៅយាមលោក។ ហេតុនេះ សូមបងប្អូនជ្រាបថា ព្រះជាម្ចាស់បានប្រទានព្រះបន្ទូលស្ដីអំពីការសង្គ្រោះរបស់ព្រះអង្គឱ្យសាសន៍ដទៃវិញ ព្រោះគេមុខជាស្ដាប់មិនខាន។ [កាលលោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ជនជាតិយូដាក៏ចេញទៅទាំងជជែកគ្នាយ៉ាងខ្លាំងផង]។ លោកប៉ូលបានស្នាក់នៅផ្ទះដែលលោកបានជួលនោះអស់រយៈពេលពីរឆ្នាំ ហើយលោកតែងទទួលអស់អ្នកដែលមកជួបលោក។ លោកបានប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ និងបង្រៀនគេអំពីព្រះយេស៊ូគ្រីស្ដដោយចិត្តអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។
ទំនុកតម្កើងលេខ ៩៨ (៩៧),១-៦ បទកាកគតិ
| ១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
| ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្តា | |
| យកជ័យជំនះ | ។ | ||
| ២ | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីកាសង្គ្រោះ |
| ព្រះអង្គសម្តែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ | |
| របស់ព្រះអង្គ | ។ | ||
| ៣ | ព្រះអង្គនៅតែ | សម្តែងឥតប្រែ | ករុណាត្រចង់ |
| ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង | |
| ចងចាំទាំងអស់ | ។ | ||
| មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស | |
| នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ | |
| យើងគ្រប់ៗគ្នា | ។ | ||
| ៤ | ជនទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
| អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា | |
| ដោយតូរ្យតន្ត្រី | ។ | ||
| ៥ | សូមផ្ញើចិត្តកាយ | ដេញទាំងពិណថ្វាយ | ព្រះធ្លាប់ប្រណី |
| ព្រោះព្រះអង្គនោះ | ធ្លាប់ថ្នមបមបី | ថែទាំយប់ថ្ងៃ | |
| រៀងរាល់វេលា | ។ | ||
| ៦ | ចូរនាំគ្នាផ្លុំ | ត្រែស្នែងប្រគុំ | ថ្វាយព្រះរាជា |
| អបអរសាទរ | អង្គព្រះនាមា | ខ្ពស់់លើពសុធា | |
| គ្មានអ្វីស្មើព្រះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,២២-៣៣
រំពេចនោះ ព្រះយេស៊ូបញ្ជាពួកសាវ័កឱ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ហើយព្រះអង្គក៏ប្រាប់មហាជនឱ្យវិលត្រឡប់ទៅវិញដែរ។ កាលព្រះអង្គឱ្យមហាជនចេញផុតអស់ហើយ ព្រះយេស៊ូយាងឡើងទៅលើភ្នំដាច់ឡែកពីគេដើម្បីអធិស្ឋាន។ លុះដល់យប់ ព្រះអង្គគង់នៅទីនោះតែមួយព្រះអង្គឯង។ ពេលនោះ ទូកចេញឆ្ងាយពីច្រាំងហើយក៏ត្រូវរលកបក់បោក ព្រោះបញ្ច្រាសខ្យល់។ ដល់ពេលជិតភ្លឺ ព្រះអង្គយាងលើទឹកឆ្ពោះទៅរកពួកសាវ័ក។ កាលពួកគេឃើញព្រះអង្គយាងលើទឹកសមុទ្រដូច្នេះ គេភ័យរន្ធត់ ហើយស្រែកឡើងថា «ខ្មោចលង!» ព្រោះគេភ័យពេក។ រំពេចនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ចូរតាំងចិត្តក្លាហានឡើង ខ្ញុំទេតើ កុំខ្លាចអី!»។លោកសិលាទូលព្រះអង្គថា៖«លោកម្ចាស់ ប្រសិនបើពិតជាលោកមែន សូមបញ្ជាឱ្យខ្ញុំអាចដើរលើទឹកទៅរកលោកផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«អញ្ជើញមក!» លោកសិលាក៏ចុះពីទូកដើរលើទឹកឆ្ពោះទៅរកព្រះយេស៊ូ។ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖«លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។ ព្រះយេស៊ូក៏លូកព្រះហស្ដទាញគាត់ឡើងភ្លាម ទាំងមានព្រះបន្ទូលថា៖«មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្តដូច្នេះ?»។ បន្ទាប់មក ព្រះអង្គ និងលោកសិលាចូលមកក្នុងទូក ហើយខ្យល់ក៏ស្ងប់។ អ្នកនៅក្នុងទូកនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ ទាំងពោលថា៖«ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន!»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តសិលា និងសន្តប៉ូល។ សូមប្រោសយើងខ្ញុំឱ្យរក្សាទុកនូវសេចក្តីពិតយ៉ាងត្រឹមត្រូវឥតខ្វោះ ដូចយើងខ្ញុំបានទទួលគ្រីស្តទូតសិលា និងប៉ូល។
ធម៌លើកតម្កើង
បពិត្រព្រះបិតាដ៏វិសុទ្ធ! ព្រះអង្គមានព្រះជន្មគង់នៅអស់កល្បជានិច្ច ហើយមានតេជានុភាពសព្វប្រការ។ យើងខ្ញុំសូមចូលរួមជាមួយព្រះយេស៊ូគ្រីស្តជាអម្ចាស់យើងខ្ញុំ សូមលើកតម្កើងព្រះអង្គ។ ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រារបស់ព្រះអង្គឱ្យយាងមកប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ធ្វើជាប្រជារាស្ត្រតែមួយដែលគោរពបម្រើព្រះអង្គ។ ព្រះសហគមន៍ពិតជាមហាគ្រួសាររបស់ព្រះអង្គ ដែលកំពុងធ្វើដំណើរទៅកាន់ព្រះអង្គ។ ព្រះសហគមន៍ពិតជាសញ្ញាសម្គាល់បង្ហាញការសង្គ្រោះរបស់ព្រះអង្គឱ្យមនុស្សលោក។ ព្រះអង្គក៏ប្រទានជិវិតថ្មីឱ្យមនុស្សលោកដោយសារព្រះសហគមន៍ជាព្រះកាយព្រះគ្រីស្តដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារនៃស្ថានបរមសុខ។ សូមទ្រង់ព្រះមេត្តាប្រោសព្រះសហគមន៍ឱ្យមានសេចក្តីស្រឡាញ់ និងជំនឿកាន់តែខ្លាំងឡើងៗផង។





