សៅរ៍ – បៃតង – ថ្ងៃធម្មតា
ឬសន្តអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្តម
ជាអភិបាលនិងជាគ្រូបាធ្យាយ
នៃព្រះសហគមន៍
លោកអាល់ប៊ែរ (ប្រ.១២០៦-១២៨០) កើតនៅប្រទេសអាឡឺម៉ង់។ លោកមានចិត្តចង់ចេះចង់ដឹងអ្វីៗទាំងអស់ ជាពិសេសចង់រៀនវិទ្យាសាស្រ្ត។ លោកចូលបួសក្នងក្រុមគ្រួសារបព្វជិតដូមីនីកូ ហើយយកចិត្តទុកដាក់នឹងទេវវិទ្យាតាមទស្សនវិទ្យារបស់លោកអរីស្តូត។ ក្នុងចំណោមកូនសិស្សរបស់លោកមានសន្ត ថូម៉ាស នៅអាគីណូ ដែលធ្វើឱ្យទេវវិទ្យាគ្រីស្តសាសនារីកចម្រើន។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងរ៉ាទិស្បូន (ស្រុកប៉ូឡូញ) ប៉ុន្តែ ពីរឆ្នាំក្រោយមក លោកសុំលាលែងមុខតំណែងនេះ ដើម្បីទៅបង្រៀនគេ វិញ។ លោកជាឧបការីរបស់អ្នករៀនវិជ្ជាគ្រប់យ៉ាង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ១៨,១៤-១៦;១៩,៦-៩
ពេលអ្វីៗទាំងអស់នៅស្ងៀមស្ងាត់ គឺនៅពាក់កណ្តាលអធ្រាត្រ ស្រាប់តែព្រះបន្ទូលដ៏មានឫទ្ធានុភាពសព្វប្រការបានយាងចាកចេញពីព្រះរាជបល្ល័ង្ករបស់ព្រះអង្គនៅស្ថានបរមសុខ ចុះមកដូចអ្នកចម្បាំងដែលគ្មានចិត្តត្រាប្រណី ឆ្ពោះទៅកណ្តាលស្រុកដែលត្រូវអន្តរាយ ទាំងកាន់ព្រះបញ្ជាដែលមិនចេះប្រែប្រួល ធ្វើដូចជាដាវដ៏មុត។ ព្រះបន្ទូលក្រោកឡើង ដោយមានព្រះសិរសាប៉ះមេឃ និងព្រះបាទាជាន់ផែនដី បណ្តាលឱ្យមនុស្សស្លាប់នៅគ្រប់ទីកន្លែង។ ពេលនោះ ព្រះអង្គសូនសត្វលោកទាំងអស់សាជាថ្មី តាមប្រភេទរៀងៗខ្លួន ហើយសត្វលោកទាំងនោះធ្វើតាមបញ្ជារបស់ព្រះអង្គ ដើម្បីការពារបុត្រធីតារបស់ព្រះអង្គ ឱ្យចៀសផុតពីគ្រោះកាចនានា។ពួកគេឃើញពពកគ្របបាំងកន្លែងបោះជំរំ ដីគោកលេចចេញពីកន្លែងមានសុទ្ធតែទឹក គឺបាតសមុទ្រក្រហមប្រែទៅជាផ្លូវដែលអាចដើរបានស្រួល ហើយរលកដ៏ខ្លាំងក្លាប្រែទៅជាវាលស្មៅដ៏ខៀវខ្ចី។ ប្រជារាស្រ្តទាំងមូលដើរកាត់តាមនោះ ទាំងឃើញប្ញទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ ដោយមានព្រះបារមីរបស់ព្រះអង្គជួយការពារ។ បពិត្រព្រះអម្ចាស់! ប្រជារាស្ត្ររបស់ព្រះអង្គប្រៀបដូចជាហ្វូងសេះដែលកំពុងស៊ីស្មៅ និងលោតដូចកូនចៀម ទាំងសរសើរតម្តើងព្រះអង្គដែលបានរំដោះគេ។
ទំនុកតម្កើងលេខ ១០៥(១០៤),២-៣.៣៦-៣៧.៤២-៤៣ បទកាកគតិ
| ២ | ចូរច្រៀងបទថ្វាយ | តម្កើងកុំណាយ | រៀងរាល់វេលា |
| របៀបរាប់អំពី | សព្វអស់ការងារ | អស្ចារ្យគ្រប់គ្រា | |
| ដែលទ្រង់ប្រព្រឹត្ត | ។ | ||
| ៣ | ចូរខ្ពស់មុខឡើង | ព្រោះតែព្រះយើង | ជាព្រះវិសុទ្ធ |
| អ្នកស្វែងរកទ្រង់ | ខ្ពង់ខ្ពស់បំផុត | ចូរសប្បាយចិត្ត | |
| កុំបីសៅហ្មង | ។ | ||
| ៣៦ | ព្រះអម្ចាស់វាយ | សម្លាប់ឱ្យពាយ | អស់ទាំងកូនច្បង |
| ប៉ុន្មានក្នុងស្រុក | អេស៊ីបអឺងកង | កូនសមបំណង | |
| ស្រឡាញ់លើសគេ | ។ | ||
| ៣៧ | ទ្រង់នាំប្រជា | រូតរះម្នីម្នា | ញាប់ឥតទំនេរ |
| ប្រញាប់ជើងការ | យកមានប្រាក់ព្រែ | កុលសម្ព័ន្ធគេ | |
| គ្មានអ្នកទន់ខ្សោយ | ។ | ||
| ៤២ | ព្រះអម្ចាស់នឹក | ចាំទាំងរព្ញក | បន្ទូលវិសុទ្ធ |
| សន្យានឹងលោកា | អប្រាហាំពិត | បម្រើពិសិដ្ឋ | |
| ព្រះអង្គពេកពន់ | ។ | ||
| ៤៣ | ព្រះអង្គបានប្រោស | ប្រណីសន្ដោស | ឱ្យប្រជាជន |
| ព្រះអង្គចេញទាំង | អំណរលើសលន់ | កញ្ជៀវពេកពន់ | |
| សប្បាយគ្មានល្ហែ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ថស ២,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅបងប្អូនដោយសារដំណឹងល្អ សិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៨,១-៨
ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាពន្យល់សាវ័កឱ្យដឹងថា ត្រូវតែអធិស្ឋានជានិច្ច មិនត្រូវរសាយចិត្តឡើយ៖ «នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ មានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា “សូមលោករកយុត្តិធម៌ឱ្យនាងខ្ញុំផង”។ ប៉ុន្តែ ចៅក្រមមិនព្រមកាត់ក្តីឱ្យភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្តថា “ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ ក៏អញត្រូវតែកាត់ក្តីឱ្យស្ត្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្តីឱ្យគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ”»។ ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖ «ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹតតែរកយុត្តិធម៌ឱ្យអស់អ្នកដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គទាំងយប់ ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឱ្យគេក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ ពេលបុត្រមនុស្សមកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។
ស – ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដម ជាអភិបាល និងជាគ្រូបាធ្យាយ
លោកអាល់ប៊ែរ (ប្រ.១២០៦-១២៨០) កើតនៅប្រទេសអាឡឺម៉ង់។ លោកមានចិត្តចង់ចេះចង់ដឹងអ្វីៗទាំងអស់ ជាពិសេសចង់រៀនវិទ្យាសាស្រ្ត។ លោកចូលបួសក្នងក្រុមគ្រួសារបព្វជិតដូមីនីកូ ហើយយកចិត្តទុកដាក់នឹងទេវវិទ្យាតាមទស្សនវិទ្យារបស់លោកអរីស្តូត។ ក្នុងចំណោមកូនសិស្សរបស់លោកមានសន្ត ថូម៉ាស នៅអាគីណូ ដែលធ្វើឱ្យទេវវិទ្យាគ្រីស្តសាសនារីកចម្រើន។ លោកទទួលមុខងារជាអភិបាលព្រះសហគមន៍ក្រុងរ៉ាទិស្បូន (ស្រុកប៉ូឡូញ) ប៉ុន្តែ ពីរឆ្នាំក្រោយមក លោកសុំលាលែងមុខតំណែងនេះ ដើម្បីទៅបង្រៀនគេ វិញ។ លោកជាឧបការីរបស់អ្នករៀនវិជ្ជាគ្រប់យ៉ាង។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យគេហៅសន្តអាល់ប៊ែរថា ជាអ្នកដ៏ប្រសើរឧត្តម ព្រោះគាត់ចេះប្រើប្រាជ្ញាមនុស្សលោក មករិះគិតពិចារណាអំពីព្រះប្រាជ្ញាញាណរបស់ព្រះអង្គយ៉ាងជ្រៅបំផុត។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យស្គាល់ និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើងៗ ដោយចេះប្រើប្រាជ្ញា និងវិជ្ជាផ្សេងៗនៃមនុស្សលោកដែរ។
សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បសរ ១៥,១-៦
អ្នកគោរពកោតខ្លាចព្រះអម្ចាស់តែងតែប្រតិបត្តិតាមព្រះហប្ញទ័យព្រះអង្គ ហើយអ្នកដែលមានចំណេះដឹងខាងវិន័យរមែងទទួលព្រះប្រាជ្ញាញាណ។ ព្រះប្រាជ្ញាញាណនឹងយាងមកជួបគាត់ ដូចម្តាយមកជួបកូន ឬដូចកូនក្រមុំទទួលស្វាមីនៅថ្ងៃរៀបការដែរ។ព្រះប្រាជ្ញាញាណផ្តល់សុភនិច្ឆ័យ ទុកជាអាហារសម្រាប់គាត់ ហើយផ្តល់ប្រាជ្ញាទុកជាភេជ្ជៈសម្រាប់គាត់។ ដោយពឹងផ្អែកលើព្រះប្រាជ្ញាញាណ គាត់មិនខ្សោយកម្លាំងទេ ហើយដោយជំពាក់ចិត្តលើព្រះអង្គ គាត់ក៏មិនអាម៉ាស់មុខដែរ។ ព្រះប្រាជ្ញាញាណនឹងលើកគាត់ទ្បើង ឱ្យខ្ពស់លើសញាតិសន្តានរបស់គាត់ ហើយប្រទានឱ្យគាត់មានពាក្យសម្ដីដែលត្រូវនិយាយនៅក្នុងអង្គប្រជុំ។ គាត់នឹងមានអំណរសប្បាយ ដូចបានពាក់មកុដ គាត់ក៏មានឈ្មោះល្បីអស់កល្បជានិច្ចដែរ។
ទំនុកតម្កើងលេខ ១១៩ (១១៨), ៩-១៤ បទពាក្យ ៧
| ៩ | តើពួកយុវជនធ្វើយ៉ាងណា | ឱ្យមានកិរិយាល្អត្រឹមត្រូវ | |
| គឺប្រតិបត្តិត្រង់តាមផ្លូវ | មាគ៌ាតទៅនៃព្រះអង្គ | ។ | |
| ១០ | ខ្ញុំខំស្វះស្វែងមិនមានឈប់ | ទោះថ្ងៃឬយប់ចិត្តតម្រង់ | |
| កុំទុកឱ្យខ្ញុំនៅត្រមង់ | វង្វេងវង្វាន់ពីវិន័យ | ។ | |
| ១១ | ខ្ញុំសូមតាំងចិត្តថែរក្សា | បន្ទូលសន្យាដ៏ប្រពៃ | |
| នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី | ឱ្យទាស់ហឫទ័យទ្រង់ឡើយណា | ។ | |
| ១២ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ទូលបង្គំខ្ញុំលើកហត្ថា | |
| តម្កើងព្រះអង្គសូមមេត្តា | បង្រៀនខ្ញុំណាស្គាល់វិន័យ | ។ | |
| ១៣ | ខ្ញុំតែងតែពោលឥតឈរឈប់ | រៀបរាប់សព្វគ្រប់នូវសេចក្តី | |
| ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃ | សម្រេចព្រះទ័យផ្តល់ជាទាន | ។ | |
| ១៤ | ទូលបង្គំត្រេកអរអនេក | ដោយបានពឹងផ្អែកដំបូន្មាន | |
| ប្រៀបដូចជាខ្ញុំទទួលបាន | សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៧-៥២
«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកព្ឆោ រីឯត្រីមិនល្អវិញគេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានដូច្នេះដែរ។ ពួកទេវទូតនាំគ្នាមកញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ ហើយនៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្ដីទាំងនេះឬទេ?» ពួកសាវ័កទូលព្រះអង្គថា៖«បាទ យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖«ហេតុនេះហើយបានជាពួកបណ្ឌិតខាងវិន័យដែលបានទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់ដូច្នោះដែរ»។





