សុក្រ – បៃតង – ថ្ងៃធម្មតា
អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៧,១៨-២៥
បងប្អូនជាទីស្រឡាញ់!
ខ្ខ្ញុំដឹងថា អ្វីៗដែលល្អមិនស្ថិតនៅក្នុងខ្ញុំទេ ពោលគឺ មិនស្ថិតនៅក្នុងរូបខ្ញុំដែលស្ថិតនៅក្នុងលោកីយ៍នេះទេ។ ខ្ញុំមានឆន្ទៈនឹងអំពើល្អ តែខ្ញុំគ្មានសមត្ថភាពនឹងប្រព្រឹត្តអំពើល្អបានឡើយ។ ខ្ញុំមិនប្រព្រឹត្តអំពើល្អដែលខ្ញុំចង់ធ្វើនោះទេ តែបែរជាប្រព្រឹត្តអំពើអាក្រក់ដែលខ្ញុំមិនចង់ធ្វើទៅវិញ។ ប្រសិនបើខ្ញុំប្រព្រឹត្តអំពើណាដែលខ្ញុំមិនចង់ធ្វើនោះបានសេចក្ដីថា មិនមែនខ្ញុំទៀតទេដែលប្រព្រឹត្តដូច្នេះ គឺបាបស្ថិតនៅក្នុងខ្លួនខ្ញុំវិញទេតើដែលប្រព្រឹត្កិ។ ដូច្នេះ ចំពោះខ្ញុំដែលចង់ធ្វើអំពើល្អ ខ្ញុំសង្កេតឃើញមានការណ៍មួយនេះថា ខ្ញុំមានសមត្ថភាពធ្វើបានតែអំពើអាក្រក់ប៉ុណ្ណោះ។ ក្នុងជម្រៅចិត្តរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹងធម្មវិន័យរបស់ព្រះជាម្ចាស់ណាស់ ប៉ុន្ដែ ខ្ញុំឃើញថា នៅក្នុងសរីរាង្គកាយរបស់ខ្ញុំ មានគោលការណ៍មួយទៀតដែលតយុទ្ធនឹងវិន័យនៃគំនិតប្រាជ្ញារបស់ខ្ញុំ ទាំងធ្វើឱ្យខ្ញុំជាប់ជាឈ្លើយរបស់បាប ដែលស្ថិត នៅក្នុងសរីរាង្គកាយរបស់ខ្ញុំថែមទៀតផង។ ខ្ញុំវេទនាណាស់! តើនរណានឹងដោះលែងខ្ញុំឱ្យរួចពីរូបកាយដែលរមែងតែងតែស្លាប់នេះបាន? សូមអរព្រះគុណព្រះជាម្ចាស់ដោយសារព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង! ។
ទំនុកតម្កើងលេខ ១១៨(១១៨) ,៦៦.៦៨.៧៦-៧៧.៩៣-៩៤ បទពាក្យ៧
| ៦៦ | សូមប្រោសប្រណីឱ្យខ្ញុំចេះ | គិតគូរវៃឈ្លាសមានប្រាជ្ញា | |
| ឱ្យស្គាល់វិន័យសព្វប្រការ | ដ្បិតខ្ញុំនេះណាមិនក្រឡះ | ។ | |
| ៦៨ | ទ្រង់មានព្រះហប្ញទ័យសប្បុរស | ករុណាសន្ដោសមនុស្សនានា | |
| សូមទ្រង់បង្រៀនក្រឹត្យធម្មា | វិន័យបញ្ជាតរៀងទៅ | ។ | |
| ៧៦ | សូមទ្រង់មេត្តាជួយសម្រាល | ទុក្ខខ្ញុំឱ្យស្រាលកុំឱ្យនៅ | |
| តាមទ្រង់មេត្តាជួយសម្រាល | ដល់ខ្ញុំដែលត្រូវជាបម្រើ | ។ | |
| ៧៧ | សូមទ្រង់បង្ហាញធម៌មេត្តា | ឱ្យមានជីវ៉ារស់គ្រាន់បើ | |
| លើលោកកីយ៍នេះខ្ញុំបម្រើ | តាមវិន័យធម៌ដោយរីករាយ | ។ | |
| ៩៣ | ខ្ញុំមិនដែលភ្លេចច្បាប់ព្រះអង្គ | ទាំងវិន័យផងដ៏ប្រពៃ | |
| ដោយសារតែច្បាប់នេះឯងហើយ | ទ្រង់ប្រទានឱ្យមានជីវិត | ។ | |
| ៩៤ | ជីវិតខ្ញុំផ្ញើលើព្រះអង្គ | តម្រែតម្រង់តាមឱវាទ | |
| ដ្បិតទូលបង្គំតែងឈ្លបឆ្លៀត | មិនបង់មារយាទរកច្បាប់ផង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្ដែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,៥៤-៥៩
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជនថា៖ «កាលណាអ្នករាល់គ្នាឃើញពពករសាត់ពីទិសខាងលិចមក អ្នករាល់គ្នាពោលភ្លាមថា ជិតភ្លៀងហើយ ហើយក៏ភ្លៀងមែន។ កាលណាមានខ្យល់បក់មកពីទិសខាងត្បូង អ្នករាល់គ្នាថា មុខជាក្ដៅ ហើយក៏ក្ដៅមែន។ មនុស្សមានពុតអើយ! អ្នករាល់គ្នាចេះយល់ហេតុការណ៍ផ្សេងៗនៅលើផែនដី និងនៅលើមេឃបាន ចុះហេតុដូចម្ដេចបានជាពុំយល់ហេតុការណ៍នាសម័យបច្ចុប្បន្ននេះផង?។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនពិចារណាដោយខ្លួនឯង នូវអំពើសុចរិតដែលអ្នករាល់គ្នាត្រូវប្រព្រឹត្ត? ប្រសិនបើអ្នកធ្វើដំណើរទៅតុលាការជាមួយគូរវិវាទ នៅតាមផ្លូវ អ្នកត្រូវសម្រុះសម្រួលជាមួយអ្នកនោះឱ្យហើយទៅ ក្រែងលោគេបញ្ជូនអ្នកទៅដល់ចៅក្រម ចៅក្រមបញ្ជូនអ្នកទៅនគរបាល ហើយនគរបាលយកអ្នកទៅដាក់គុក។ ខ្ញុំសុំប្រាប់អ្នកថា ដរាបណាអ្នកមិនបានបង់ប្រាក់ពិន័យគ្រប់ចំនួន ឥតខ្វះមួយសេនទេនោះ អ្នកនឹងមិនរួចខ្លួនឡើយ»។
ស – ឬសន្ដអន់តូនី ម៉ារីក្លារេជាអភិបាលព្រះសហគមន៍
លោកអន់តូនីម៉ារី ក្លារេ (១៨០៧-១៨៧០) ជាបូជាចារ្យជាតិអេស្ប៉ាញម្នាក់។ លោកពន្យល់គម្ពីរដោយមិនចេះនឿយហត់ ទាំងនៅក្នុងស្រុកកំណើត ទាំងនៅកោះកាណារ៉ី ទាំងនៅកោះកុយបាផង។ លោកបំពេញមុខងារជាអភិបាលព្រះសហគមន៍ក្រុងសន្ទីយ៉ាកូ (ប្រទេសគុយបា)។ ដោយលោកជួយគាំទ្រទាសាទាសី ពួកអភិជនជាម្ចាស់ដែលជិះជាន់សង្កត់សង្កិនទាសាទាសីទាំងនោះ នាំគ្នារកសម្លាប់លោកដល់១៥ ដង! លោកបង្កើតក្រុមគ្រួសារបព្វជិតមួយ ដែលគោរពព្រះបេះដូងដ៏និម្មលរបស់ព្រះនាងម៉ារី។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ២០,៧-៩
បពិត្រព្រះអម្ចាស់! ព្រះអង្គបានលួងលោមទូលបង្គំ ហើយទូលបង្គំក៏យល់ព្រមតាមព្រះអង្គបានបង្ខំទូលបង្គំ ហើយព្រះអង្គក៏បានឈ្នះទូលបង្គំ។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នាសើចចំអក និងប្រមាថមាក់ងាយទូលបង្គំ។ គ្រប់ពេលដែលទូលបង្គំនិយាយ ទូលបង្គំស្រែកប្រកាសតែអំពីការឃោរឃៅ និងមហន្តរាយ។ ព្រោះតែព្រះបន្ទូលរបស់ព្រះអម្ចាស់ ពួកគេត្មះតិះដៀល និងសើចចំអកឱ្យទូលបង្គំ តាំងពីព្រលឹមទល់ព្រលប់។ ប្រសិនបើទូលបង្គំសម្រេចចិត្តថាឈប់នឹកនាពីព្រះបន្ទូល ហើយលែងនិយាយក្នុងនាមព្រះអង្គទៀតនោះ ទូលបង្គំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ទូលបង្គំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។
ទំនុកតម្កើងលេខ ១៦ (១៥),១-២.៥.៧-៨.១១ បទពាក្យ ៧
| ១ | ឱ! ព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំឱ្យសុខសាន្ត | |
| ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
| ២ | ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា | ព្រះអង្គពិតជាអម្ចាស់ថ្លៃ | |
| ក្រៅពីព្រះអង្គឥតមានអ្វី | ផ្តល់មង្គលជ័យគ្រាអាសន្ន | ។ | |
| ៥ | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
| មត៌កនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
| ៧ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
| ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ | |
| ៨ | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
| ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
| ១១ | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
| ដោយព្រះអង្គគង់នៅជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
| ដោយព្រះអង្គគង់នៅខាងស្តាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
| ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៤, ១-១០.១៣-២០ ឬ ៤,១-៩
ព្រះយេស៊ូចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកព្រះអង្គ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយនៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោកតាមឆ្នេរសមុទ្រ។ ព្រះអង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះអង្គបង្រៀនគេថា៖«ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។លុះដល់ថ្ងៃក្ដៅ ពន្លកដែលដុះឡើងនោះក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវមិនឱ្យបង្កើតផលបានឡើយ។ គ្រាប់ពូជឯទៀតៗធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជក៏ដុះឡើង ហើយលូតលាស់បង្កើតផល ខ្លះឱ្យផលមួយជាសាមសិប ខ្លះទៀតឱ្យមួយជាហុកសិប និងខ្លះទៀតមួយជាមួយរយ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖«អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។ កាលព្រះយេស៊ូគង់នៅដាច់ឡែកពីបណ្ដាជន អស់អ្នកដែលនៅជាមួយព្រះអង្គ និងសាវ័កទាំងដប់ពីររូបទូលសួរព្រះអង្គអំពីពាក្យប្រស្នាទាំងនោះ។ ព្រះយេស៊ូមានព្រះបន្ទូលទៀតថា៖«បើអ្នករាល់គ្នាមិនយល់ប្រស្នានេះផង ធ្វើម្ដេចឱ្យអ្នករាល់គ្នាយល់ប្រស្នាឯទៀតៗបាន! អ្នកព្រោះស្រូវ សាបព្រោះព្រះបន្ទូល មនុស្សខ្លះប្រៀបបីដូចជាផ្លូវដែលព្រះបន្ទូលបានធ្លាក់ទៅលើ កាលបានស្ដាប់ព្រះបន្ទូលហើយ មារសាតាំងក៏មកឆក់យកព្រះបន្ទូលដែលបានព្រោះក្នុងចិត្តគេទៅភ្លាម។ មនុស្សដែលបានទទួលគ្រាប់ពូជនៅលើដីមានថ្មក៏ដូច្នោះដែរ កាលបានស្ដាប់ព្រះបន្ទូលហើយ គេទទួលយកភ្លាមដោយអំណរ ប៉ុន្តែ គេពុំទុកឱ្យព្រះបន្ទូលចាក់ឫសនៅក្នុងខ្លួនគេឡើយ គឺគេជាប់ចិត្តតែមួយភ្លែត។ លុះដល់មានទុក្ខវេទនា ឬត្រូវគេបៀតបៀនព្រោះតែព្រះបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។ មនុស្សខ្លះទទួលគ្រាប់ពូជនៅលើដីដែលមានបន្លា គេបានស្ដាប់ព្រះបន្ទូលដែរ ប៉ុន្តែ ការខ្វល់ខ្វាយអំពីជីវិតរស់នៅក្នុងលោកីយ៍ ចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្តប៉ងប្រាថ្នាផ្សេងៗរឹបរួតព្រះបន្ទូលមិនឱ្យបង្កើតផលឡើយ។ រីឯអ្នកដែលបានទទួលគ្រាប់ពូជនៅលើដីមានជីជាតិល្អ កាលបានស្ដាប់ព្រះបន្ទូលហើយ ក៏ទទួលយកបង្កបង្កើតផល អ្នកខ្លះបានមួយជាសាមសិប អ្នកខ្លះបានមួយជាហុកសិប អ្នកខ្លះទៀតបានមួយជាមួយរយ»។





