អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៤,២០-២៥

បងប្អូនជាទីស្រឡាញ់!
លោកអប្រាហាំមិនបាត់ជំនឿ ហើយមិនសង្ស័យនឹងព្រះ​បន្ទូលសន្យារបស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ជំនឿរបស់លោកធ្វើឱ្យលោកមាន​កម្លាំងចិត្ដ ហើយលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះលោកជឿប្រាកដក្នុង​ចិត្ដថា បើព្រះជាម្ចាស់សន្យាធ្វើអ្វី ព្រះអង្គពិតជាមានឫទ្ធានុភាពនឹងសម្រេចតាមជាមិន​ខាន។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ប្រោសលោកឱ្យបានសុចរិត។ ក៏ប៉ុន្តែ សេចក្ដីដែលមានចែងថា “ព្រះជាម្ចាស់ប្រោសឱ្យបានសុចរិច” នេះមិនមែនសំដៅតែលើលោកអប្រាហាំប៉ុណ្ណោះទេ គឺសំដៅមកលើយើង ដែលព្រះជាម្ចាស់ប្រោសឱ្យបាន​សុចរិត ព្រោះយើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើង ឱ្យ​​មានព្រះជន្មដ៏រុងរឿងនេះដែរ។ ព្រះយេស៊ូត្រូវគេបញ្ជូនទៅសម្លាប់ ព្រោះតែកំហុស​របស់យើង ហើយព្រះជាម្ចាស់ប្រោសព្រះអង្គឱ្យទទួលព្រះជន្មដ៏រុងរឿង ដើម្បីឱ្យយើង​បានសុចរិត។

ទំនុកតម្កើងរបស់លោកសាការី លក ១,៦៩-៧៥ បទពាក្យ ៧

៦៩ ទ្រង់បានប្រទានព្រះសង្រ្គោះ ដែលមានប្ញទ្ធិខ្ពស់ដ៏ត្រចង់
ពីក្នុងចំណោមព្រះញាតិវង្ស ដាវីឌជាពង្សបម្រើជាក់
៧០ ព្រះម្ចាស់ប្រទានព្រះសង្រ្គោះ យើងមិនដែលលោះមិនដែលលាក់
ដូចបានសន្យាតាមរយៈ ព្យាការីស្ម័គ្រកាលគ្រាមុន
៧១ ព្រះអង្គសង្គ្រោះយើងឱ្យរួច ចេញពីអំណាចខ្មាំងលើសលន់
នឹងផុតពីដៃពួកទុរជន ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង
៧២ ព្រះអង្គសម្ដែងព្រះហប្ញទ័យ ករុណាប្រណីមិនឆ្មៃឆ្មើង
ដល់បុព្វបុរសដែលតម្កើង សម្ពន្ធព្រះអង្គមិនភ្លេចសោះ
៧៣ គឺព្រះអង្គហើយបានសន្យា ពាក្យពិតសត្យាមិនចន្លោះ
នឹងអប្រាហាំបុព្វបុរស ដូនតាយើងនោះដូច្នេះថា
៧៤ ទ្រង់នឹងរំដោះយើងឱ្យរួច ផុតពីអំណាចខ្មាំងប្ញស្យា
ដើម្បីយើងអាចក្រាបកាយា វន្ទាគ្រប់គ្រាគ្មានភ័យភិត
៧៥ ព្រមទាំងឱ្យយើងបានរស់នៅ ឥតមានអាស្រូវដោយសុចរិត
ជារៀងរាល់ថ្ងៃមួយជីវិត គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,៣

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល! ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១២,១៣-២១

ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះយេស៊ូថា៖ «លោកគ្រូ! សូមលោក​មានប្រសាសន៍ប្រាប់បងខ្ញុំ ឱ្យយកកេរមត៌កមកចែកខ្ញុំផង»។ ព្រះយេស៊ូមានព្រះ​បន្ទូលតបទៅបុរសនោះថា៖ «តើនរណាបានតែងតាំងខ្ញុំ ឱ្យធ្វើជាចៅក្រមចែកទ្រព្យ​សម្បត្តិរបស់អ្នករាល់គ្នា?»។ រួចព្រះអង្គមានព្រះបន្ទូលទៅបណ្ដាជនថា៖ «ចូរប្រយ័ត្ន! កុំលោភលន់ចង់បានទ្រព្យសម្បត្តិឱ្យសោះ។ ទោះបីមនុស្សមានសម្បត្តិបរិបូណ៌យ៉ាងណាក៏ដោយ ក៏ជីវិតគេមិនអាស្រ័យនៅលើទ្រព្យសម្បត្តិនោះឡើយ»។ ព្រះអង្គមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេថា៖ «មានបុរសម្នាក់ជាសេដ្ឋី ដីធ្លីរបស់គាត់បានផ្ដល់ភោគផលយ៉ាងបរិបូណ៌។ គាត់រិះគិតក្នុងចិត្តថា “ខ្ញុំគ្មានកន្លែងដាក់ភោគផលទាំងអស់​​របស់ខ្ញុំទេ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច?”។ គាត់គិតទៀតថា៖ «ខ្ញុំត្រូវតែធ្វើយ៉ាងនេះ​ គឺ​រុះជង្រុកទាំងប៉ុន្មានរបស់ខ្ញុំចោល ហើយសង់ជង្រុកឱ្យធំៗជាងនេះ រួចខ្ញុំនឹងប្រមូលស្រូវ ​ព្រមទាំងភោគផលទាំងអស់មកដាក់ក្នុងជង្រុកថ្មីនោះ។ បន្ទាប់មក ខ្ញុំនឹងនិយាយប្រាប់​ខ្លួនឯងថា ឱខ្ញុំអើយ! មានសម្បតិ្តយ៉ាងច្រើនបរិបូណ៌ បម្រុងទុកចិញ្ចឹមជីវិតសម្រាប់​ច្រើនឆ្នាំ ខ្ញុំត្រូវសម្រាក គិតតែស៊ីផឹកសប្បាយទៅ!»។ ប៉ុន្ដែ ព្រះជាម្ចាស់មាន​ព្រះបន្ទូលមកកាន់សេដ្ឋីនោះថា «នែ៎! មនុស្សឆោតល្ងង់អើយ! យប់នេះ យើងនឹងផ្ដាច់​ជីវិតអ្នកហើយ។ ដូច្នេះ ទ្រព្យសម្បត្តិដែលអ្នកបានប្រមូលទុកសម្រាប់ខ្លួនអ្នក នឹងបាន​ទៅជារបស់នរណាវិញ?។ អ្នកណាប្រមូលទ្រព្យសម្បត្តិទុកសម្រាប់តែខ្លួនឯង ហើយ​គ្មានសម្បត្តិសួគ៌នៅក្នុងខ្លួន អ្នកនោះប្រៀបបីដូចជាសេដ្ឋីនោះដែរ»។

Facebook
Twitter
LinkedIn