គ្រូអប់រំជំនឿភូមិភាគភ្នំពេញឈ្វេងយល់អំពីល្ខោនចិត្តសាស្រ្តព្រះគម្ពីរ

សិក្ខាកាមជាង២០នាក់ មក​ពី​តំបន់​ផ្សេងៗក្នុងភូមិភាគ​ភ្នំពេញ ដែល​ជា​គ្រូអប់រំ​ជំនឿ​ បានចូលរួមកម្មវិធីសិក្ខាសាលា​រយៈពេល៣ថ្ងៃ ពីរថ្ងៃទី១-៣ ខែតុលា នៅព្រះសហគមន៍សន្តសិលានិងសន្តប៉ូល​ភ្នំពេញថ្មី​នារាជធានីភ្នំពេញ ដែល​ សម្របសម្រួលដោយការិយាល័យអប់រំជំនឿកាតូលិកកម្ពុជា សន្តអ៊ីរ៉េណេ។

លោក កាន់ ប៊ុយ ជានាយកមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា​បានឲ្យដឹងថា សិក្ខាសាលានេះណែនំាដោយលោកបូជាចារ្យ  យ៉ូសែប បេពេ ពីក្រុមសហជីវិនព្រះយេស៊ូ ហើយ​កម្មវិធី​នេះ ចង់បង្ហាញឲ្យសិក្ខាកាមដែលជាក្រុមគ្រូអប់រំជំនឿបានយល់គោលការណ៍១០យ៉ាង​របស់​ដំណឹងល្អ​ដែល​យើង​សព្វ​ថ្ងៃ​បាន​ទទួល ហើយ​យក​វា​មក​និទាន​ដើម្បី​ឲ្យ​អ្នក​ជំនាន់ក្រោយ​បាន​ដឹង។​

លោក​ថា ល្ខោនចិត្តសាស្រ្តព្រះគម្ពីរ (Biblical Psychodrama) គឺជាវិធីសាស្ត្រមួយ​ដ៏សំខាន់​បំផុត​ក្នុងការប្រកាស​ដំណឹង​ល្អ​ដំបូង​ (Kerygma) ទៅកាន់អស់អ្នកដែល “នៅឆ្ងាយ”។ ល្ខោននេះសង្កត់ធ្ងន់ថា ត្រូវយល់ដឹងអំពីអត្ថបទព្រះគម្ពីរ ដោយស្វែងរកអ្វី ដែលជាការពិតសម្រាប់ជីវិតយើង ពោលគឺ ឱ្យមានទំនាក់ទំនងរវាងតួអង្គនីមួយៗនៃព្រះគម្ពីរ នឹងអស់អ្នកដែលចូលរួមក្នុងឈុតឆាកណាមួយ។

លោក​បន្ថែម​ថា ល្ខោនចិត្តវិទ្យាព្រះគម្ពីរអញ្ជើញយើងឱ្យយល់ដឹងពីអត្ថបទព្រះគម្ពីរថា ជារឿងរ៉ាវរបស់មនុស្ស​ពិតប្រាកដ។

លោក កាន់ ប៊ុយ រំពឹងថា គ្រូអប់រំនឿទាំងអស់នឹងទទួលបានគរុកោសល្យច្បាស់ជាងមុន ក្នុងការចែករំលែកព្រះគម្ពីរទៅកាន់អ្នកឈ្វេងយល់កាន់តែល្អ និងស៊ីជម្រៅបន្ថែមទៀត ហើយ​នឹង​អាច​ជំរុញឲ្យ​មាន​ការ​ឈ្វេងយល់​និងព្យាយាមអាន ឬស្តាប់ការចែករំលែកព្រះគម្ពីរបានច្រើនជាង​មុន​ ដើម្បីឲ្យព្រះបន្ទូលបានជ្រាបចូលជ្រៅទៅក្នុងជីវិតរបស់ម្នាក់ៗ និងជួយព្យាបាលរបួសស្នាម និងអំពើបាបជាច្រើនជំពូករបស់មនុស្ស។

ក្នុង​កម្មវិធី​រយៈពេល​បី​ថ្ងៃនេះ សិក្ខាកាម​ទាំងអស់បាន​ចែក​រំលែកអំពីបទពិសោធនៃការអប់រំជំនឿឲ្យគ្នា​ និង​អនុវត្ត​មេរៀន​ដោយ​ធ្វើ​ត្រាប់​តាម​​តួ​អង្គក្នុងព្រះគម្ពីរ និងរិះគិតអំពីអត្ថន័យក្នុងព្រះគម្ពីរជាដើម ដែល​ធ្វើ​ឲ្យពួកគេ​យល់ថា​ ព្រះគម្ពីរនៅជិតនឹងស្ថានភាពជីវិតរបស់មនុស្សប្រុសស្រីគ្រប់សម័យកាល រួមទាំងសម័យបច្ចុប្បន្នផងដែរ។

ដូនជី ហ្វូស្ទីណា ម៉ារី នារី មកពីក្រុមគ្រួសារឧបការគុណ និងជាសិក្ខាកាមមួយរូបបានឲ្យដឹងថា កម្មវិធីពិតជាប្លែង និងល្អខ្លាំងណាស់ ព្រោះវានាំឲ្យតួអង្គចេញពីក្នុងព្រះគម្ពីរចូលទៅក្នុងជីវិតយើងផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះ យើងបានយល់ច្បាស់អំពីអត្ថន័យនៃសេចក្តីស្រឡាញ់​ដែលកប់យ៉ាងជ្រៅនៅក្នុងព្រះគម្ពីររបស់ព្រះជាម្ចាស់ចំពោះមនុស្សគ្រប់គ្នា។

ដូនជីរូបនេះ​បន្ត​ទៀតថា សិក្ខាសាលរយៈពេល៣ថ្ងៃនេះ បានបង្ហាញឲ្យយើងឃើញយ៉ាងច្បាស់អំពីវត្តមានរបស់ព្រះយេស៊ូ ដែលទ្រង់តែងគង់នៅផ្ទាល់ជាមួយពួកយើងតាមរយៈកិច្ចការផ្សេងៗ។

ចំណែកលោក សូ វ៉ាន់នី ជាសិស្ស​ទស្សនវិទ្យនៃទេវវិទ្យាល័យកាតូលិកកម្ពុជាប្រាប់​ថា​ នេះ​ជា​បទពិសោធមួយថ្មីទៀត ដើម្បីជាផ្លូវក្នុងការសិក្សាអំពីព្រះគម្ពីរឲ្យកាន់តែស៊ីជម្រៅ។

លោក​បន្ថែមថាការអាន ការស្តាប់ ការចែករំលែកអំពី​ព្រះគម្ពីរពី​លោកបូជាចារ្យ បានជួយដល់ជីវិតយើងជាប្រចាំថ្ងៃក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ឬក៏រកដំណោះស្រាយអ្វីមួយ ជាពិសេសគឺផ្លូវវិញ្ញាណរបស់យើងផ្ទាសល់តែម្តង។ ជាក់ស្តែងព្រះគម្ពីរបានបង្ហាញអំពីការអស្ចារ្យ នៃការសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សគ្រប់គ្នា ដែលជំរុញឲ្យយើងជាអ្នកជឿ ទុកចិត្ត និងជឿជាក់លើព្រះអង្គជានិច្ច។

កញ្ញា ម៉ៅ សាវ៉េត ជាសិក្ខាកាមម្នាក់ទៀត បានលើកឡើងថា ជាង​២០ឆ្នាំ​មក​ហើយ​ដែល​នាង​បាន​ ធ្វើជាគ្រូអប់រំជំនឿ។​ នាង​ថា ក្រោយចូលរួមកម្មវិធីនេះខ្លួនបានទទួលបច្ចេកទេសថ្មីមួយទៀតដើម្បីបង្រៀន ឬក៏ចែករំលែកទៅអ្នកឈ្វេងយល់កាន់ស៊ីជម្រៅ និង​មិនធ្វើឲ្យពួកគាត់ធុញទ្រាន់ ផ្ទុយទៅវិញពួកនឹង​អាច​ កាន់តែសប្បាយចិត្ត និងរបៀបថ្មីៗក្នុងររៀនសូត្រពីព្រះគម្ពីរ។

ដោយ ឆាក លាំង

Facebook
Twitter
LinkedIn