អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី០៣ ខែកញ្ញា ឆ្នាំ២០២៥

អត្ថបទផ្នែកទី ២៖ ពុធ – បៃតង – ថ្ងៃធម្មតា

លោកហ្គ្រេហ្គ័រ (៥៤០-៦០៤) ជាអភិបាលក្រុងរ៉ូម។​ លោកសូមលាមុខតំណែងទៅបួសក្នុងអារាមដែលលោកបានតែងតាំង។ តែសម្តេចប៉ាបសូមឱ្យលោកធ្វើទូតទៅក្រុងកុងស្ដាំងទីណូប្ល។ ក្រុមបូជាចារ្យបោះឆ្នោតជ្រើសរើសលោកធ្វើជាសម្តេចប៉ាបនៅឆ្នាំ ៥៩០។ លោកបម្រើព្រះសហគមន៍អស់ពីសម្ថភាព គឺលោកចាត់សាសនទូតទៅប្រទេសអង់គ្លេស ចាត់ចែងក្បួនពិធីបុណ្យនៅក្រុងរ៉ូមឱ្យមានបទចម្រៀងពិរោះ។ លោកនិពន្ធសៀវភៅជាច្រើនក្នុងគោលបំណងបកស្រាយគម្ពីរ ទាំងនឹកសញ្ចឹងគិតពីអត្ថន័យផង។ លោកបៀនប្រដៅគ្រីស្តបរិស័ទទាំងអស់ឱ្យរស់តាមដំបូន្មានរបស់ព្រះយេស៊ូ ព្រមទាំងដាស់តឿនអ្នកណែនាំព្រះសហគមន៍ឱ្យយកចិត្តទុកដាក់នឹងមនុស្សដែលព្រះជាម្ចាស់បានផ្ញើឱ្យគេនោះ។

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,១-៨

ខ្ញុំប៉ូល ដែលព្រះជាម្ចាស់សព្វព្រះហប្ញទ័យតែងតាំងជាទូតរបស់ព្រះយេស៊ូគ្រីស្ដ និង​​លោកធីម៉ូថេ។ សូមជម្រាបមកប្រជារាស្រ្ដដ៏វិសុទ្ធ និងបងប្អូនដែលជឿលើព្រះគ្រីស្ដ​នៅក្រុង​កូឡូស។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើងប្រណីសន្ដោស និងប្រទាន​សេចក្ដីសុខ​​សាន្ដដល់បងប្អូន។ យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង គ្រប់ពេលដែលយើងអធិដ្ឋានឱ្យបងប្អូន ដ្បិតយើងបានឮគេនិយាយអំពីជំនឿ​របស់បងប្អូនលើ​ព្រះយេស៊ូគ្រីស្ដ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះជនដ៏វិសុទ្ធទាំងអស់ ព្រោះតែ​សេចក្ដីសង្ឃឹមដែលព្រះអង្គបម្រុងទុកសម្រាប់បងប្អូននៅស្ថានបរម​សុខ។ បងប្អូនបានស្គាល់​សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិត គឺ​ដំណឹងល្អដែលបានមកដល់បង​ប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ព្រះហប្ញទ័យប្រណីសន្ដោសរបស់​ព្រះជាម្ចាស់ឱ្យបានសព្វគ្រប់មក ដំណឹងល្អនេះបាន​បង្កើតផល និងចម្រើនឡើងក្នុងចំណោម​បងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។ បងប្អូនបានទទួលការអប់រំនេះពីសំណាក់​លោកអេប៉ាប្រាស ជាសហការីដ៏ជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង។ គាត់ជាអ្នក​បម្រើដ៏ស្មោះត្រង់របស់ព្រះគ្រីស្ដសម្រាប់​បងប្អូន។ គាត់បានប្រាប់ឱ្យយើងដឹងច្បាស់អំពី​សេចក្ដីស្រឡាញ់ដែលព្រះវិញ្ញាណ​ប្រទានមកបងប្អូន។

ទំនុកតម្កើងលេខ ៥២ (៥១) ,១០-១១ បទកាកគតិ

១០ រីឯខ្ញុំវិញ ចិត្តខ្ញុំពោរពេញ គ្មានគេចកែប្រែ
នៅក្នុងដំណាក់ ព្រះម្ចាស់ឥតបែរ រៀងរាល់ថ្ងៃខែ
នៅក្បែរព្រះអង្គ
ដូចដើមខៀវខ្ចី អូលីវស្រស់ថ្មី ល្អល្អះផូរផង់
ដោយពឹងផ្អែកលើ បារមីព្រះអង្គ ត្រចះត្រចង់
រៀងទៅឥតភ្លេច
១១ ទូលបង្គំនឹង សរសើរតម្កើង ព្រះអង្គជានិច្ច
ចំពោះគ្រប់កិច្ច ការទ្រង់ប្រព្រឹត្ត ខ្ញុំសូមទុកចិត្ត
ព្រះនាមព្រះអង្គ
នៅមុខអស់អ្នក គោរពស្មោះស្ម័គ្រ ប្រណិប័តន៍ទ្រង់
ព្រោះព្រះហប្ញទ័យ សប្បុរសទៀងត្រង់ យើងខ្ញុំផ្ចិតផ្ចង់
តាមទ្រង់ទៅអើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៤,១៨-១៩

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានចាត់ខ្ញុំឱ្យមកនាំដំណឹងល្អទៅប្រាប់ប្រ​ជាជនក្រីក្រ ឱ្យមកប្រកាសប្រាប់ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៤,៣៨-៤៤

ព្រះយេស៊ូយាងចេញពីធម្មសាលាទៅផ្ទះលោកស៊ីម៉ូន។ ពេលនោះ ម្ដាយក្មេកលោក​ស៊ីម៉ូនគ្រុនយ៉ាងខ្លាំង។ គេទូលព្រះអង្គមេត្តាប្រោសគាត់ឱ្យបានជា។ ព្រះយេស៊ូ​ឧិនទៅលើ​អ្នកជំងឺ ព្រះអង្គគំរាមជំងឺគ្រុន ជំងឺគ្រុនក៏ចេញបាត់ទៅ។ រំពេចនោះ គាត់​ក្រោកឡើង ហើយ​បម្រើភ្ញៀវ។ នៅពេលថ្ងៃលិច អ្នកស្រុកទាំងអស់នាំបងប្អូនដែលមានជំងឺផ្សេងៗមករកព្រះ​យេស៊ូ។ ព្រះអង្គដាក់ព្រះហស្ដលើអ្នកទាំងនោះ ហើយប្រោសគេឱ្យជាសះស្បើយគ្រប់ៗគ្នា។ មានខ្មោចចេញពីមនុស្សជាច្រើន ទាំងស្រែកថា៖ «ព្រះអង្គជាព្រះបុត្រា​របស់ព្រះជាម្ចាស់»។ ប៉ុន្ដែ ព្រះយេស៊ូគំរាមខ្មោចទាំងនោះមិនឱ្យនិយាយជាដាច់ខាត​ ព្រោះពួកវាដឹងថាព្រះអង្គជាព្រះ​គ្រីស្ដ។ ព្រលឹមឡើង ព្រះយេស៊ូយាងចេញពីក្រុងទៅកន្លែងស្ងាត់។ ​បណ្ដាជននាំគ្នាដើររក​ព្រះ​អង្គ។ លុះជួបហើយ គេឃាត់ព្រះអង្គឱ្យនៅជាមួយ មិនចង់ឱ្យ​យាងចាកចោលគេ​ឡើយ ប៉ុន្ដែ​ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំត្រូវនាំដំណឹងល្អពីព្រះរាជ្យរបស់​ព្រះជាម្ចាស់ទៅ​ក្រុងឯទៀតៗដែរ ដ្បិតព្រះអង្គបានចាត់ខ្ញុំឱ្យមកបំពេញការនេះ​ឯង»។ បន្ទាប់មក ព្រះយេស៊ូ​ប្រកាសដំណឹងល្អតាមធម្មសាលានានានៅក្នុងស្រុក​កាលីឡេ។

អត្ថបទផ្នែកទី ២៖ ស – សន្ដហ្គ្រេហ្គ័រដ៏ប្រសើរឧត្ដម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយ

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! ព្រះអង្គតែងថែរក្សាប្រជាជនព្រះអង្គ និងណែនាំព្រះសហគមន៍ដោយព្រះហឫទ័យសប្បុរស។ សូមទ្រង់ព្រះមេត្តាទទួលពាក្យអង្វររបស់សន្តហ្គ្រេហ្គ័រ និងសូមប្រទានឱ្យព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញាឱ្យអស់លោកមានភារកិច្ចណែនាំ ព្រះសហគមន៍ផង។ សូមប្រោសប្រទានឱ្យព្រះសហគមន៍នៅគ្រប់ប្រទេស និងជាពិសេសនៅកម្ពុជាចម្រើនឡើងតាមព្រះហឫទ័យព្រះអង្គ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទនៅក្រុងរ៉ូម រម ១,១-៧

បងប្អូនជាទីស្រឡាញ់!
ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​​របស់​ព្រះ‌គ្រីស្ដ‌យេស៊ូ ព្រះ‌ជាម្ចាស់បាន​ត្រាស់​ហៅ​ខ្ញុំ ឱ្យធ្វើ​ជា​គ្រីស្ដ‌ទូត និង​ជ្រើស‌រើស​ខ្ញុំឱ្យប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌អង្គ។ ដំណឹង‌ល្អ​នេះ ព្រះ‌ជាម្ចាស់​បាន​សន្យា​ទុក​ជា​មុន​ក្នុង​ព្រះ‌គម្ពីរ តាម‌រយៈ​ពួក​ព្យាការី​របស់​ព្រះ‌អង្គ ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ។ បើ​គិត​តាម​មនុស្ស​ ព្រះ‌បុត្រា​ប្រសូត​មក​ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ តែ​បើ​គិត​តាម​ព្រះ‌វិញ្ញាណដែល​ផ្ដល់​ឱ្យមនុស្ស​បាន​វិសុទ្ធវិញ​ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ព្រះ‌អង្គជា​ព្រះ‌បុត្រា​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដោយ​ប្រោស​ព្រះ‌អង្គ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ តាម‌រយៈ​ព្រះ‌បុត្រា គឺ​ព្រះ​យេស៊ូ‌គ្រីស្ដជា​អម្ចាស់​នៃ​យើង ព្រះ‌ជាម្ចាស់​បាន​ប្រណី‌សន្ដោស​យើង និង​ប្រទាន​ឱ្យយើង​មាន​មុខ‌ងារ​ជា​គ្រីស្ដ‌ទូត ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្តិ​តាម​ជំនឿ សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ។ បង‌ប្អូន​ដែល​ព្រះ‌យេស៊ូ‌គ្រីស្ដ​បាន​ត្រាស់​ហៅ ក៏​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​នោះ​ដែរ។ សូម​ជម្រាប​មក​បង‌ប្អូន​ទាំង​អស់នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ស្រឡាញ់ និង​ត្រាស់​ហៅ​ឱ្យធ្វើ​ជា​ប្រជាជន​ដ៏‌វិសុទ្ធ។ សូម​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ‌គ្រីស្ដ​ជា‌អម្ចាស់ប្រណី‌សន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន!។

ទំនុកតម្កើងលេខ ៩៦(៩៥), ១-៣.៧-៨.១០ បទព្រហគីតិ

ចូរច្រៀងបទថ្មីថ្វាយ ព្រះម្ចាស់ថ្លៃកុំឈរឈប់
មនុស្សនៅលើពិភព ច្រៀងកុំឈប់ថ្វាយព្រះអង្គ
ចូរច្រៀងថ្វាយព្រះម្ចាស់ តម្កើងព្រះនាមត្រចង់
ប្រកាសរាល់ថ្ងៃផង ពីបំណងដ៏ថ្លាថ្លៃ
ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិទីទៃ
នូវរុងរឿងសិរី ព្រះហស្តថ្លៃដ៏អស្ចារ្យ
ប្រជាទាំងឡាយអើយ កុំកន្តើយចូរតម្រង់
លើកតម្កើងព្រះអង្គ ថ្លែងឥតហ្មងពីឫទ្ធា
លើកតម្កើងសិរី រុងរឿងជ័យព្រះនាមា
យកតង្វាយគ្រប់គ្នា ទៅព្រះវិហារថ្វាយក្សត្រា
១០ ចូរប្រកាសនៅម្តុំ ចំណោមក្រុមជាតិច្រើននាក់
ថាទ្រង់គ្រងរាជ្យជាក់ ឥតបែកបាក់រឹងមាំល្អ
ព្រះម្ចាស់គ្រប់គ្រងលើ សព្វសារពើមានអំណរ
ពេញដោយយុត្តិធម៌ រាស្រ្តអបអរពន់ពេកក្រៃ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ​៥,១-១១

ថ្ងៃ​មួយ ព្រះ‌យេស៊ូ​គង់​នៅ​មាត់​បឹង​កេនេ‌សា‌រ៉ែត មាន​បណ្ដា‌ជន​ជា​ច្រើន​ប្រជ្រៀត​គ្នា​នៅ​ជុំ‌វិញ​ព្រះ‌អង្គដើម្បី​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​ទត​ឃើញ​ទូក​ពីរ​ចត​នៅ​មាត់​ច្រាំង រីឯ​អ្នក​នេសាទ​នាំ​គ្នា​ចុះ​ទៅ​លាង​អួន​របស់​គេ។ ព្រះ‌យេស៊ូ​យាង​ចុះ​ទៅ​ក្នុង​ទូក​របស់​លោក​ស៊ីម៉ូន រួច​ព្រះ‌អង្គ​សុំ​ឱ្យគាត់​ចេញ​ទូកទៅ​ឆ្ងាយ​ពី​ច្រាំង​បន្ដិច។ ព្រះ‌អង្គ​គង់​បង្រៀន​បណ្ដា‌ជន​ពី​ក្នុង​ទូក​នោះ។ លុះ​ព្រះ‌អង្គ​បង្រៀន​គេ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ស៊ីម៉ូន​ថា៖«ចូរ​បង្ហួស​ទូក​ទៅ​ទឹក​ជ្រៅ រួច​នាំ​គ្នា​ទម្លាក់​អួន​ចុះ»។ លោក​ស៊ីម៉ូន​តប​ទៅ​ព្រះ‌យេស៊ូ​វិញ​ថា៖«លោក​គ្រូ! យើង​ខ្ញុំ​បាន​អូស​អួន​ពេញ​មួយ​យប់​ហើយ អត់​បាន​ត្រី​សោះ ប៉ុន្តែ បើ​លោក​គ្រូ​មាន​ប្រសាសន៍​ដូច្នេះ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។ គេ​ក៏​ទម្លាក់​អួន​ទៅ​ក្នុង​ទឹក ជាប់​ត្រី​យ៉ាង​ច្រើន​ស្ទើរ​តែ​ធ្លាយ​អួន។ គេ​បក់​ដៃ​ហៅ​មិត្ត‌ភក្ដិ​ដែល​នៅ​ក្នុង​ទូក​មួយ​ទៀត​ឱ្យ​មក​ជួយ។ ពួក​នោះ​មក​ដល់ ជួយ​ចាប់​ត្រី​ដាក់​ពេញ​ទូក​ទាំង​ពីរ ស្ទើរ​តែ​នឹង​លិច។ ពេល​លោក​ស៊ីម៉ូន‌សិលា​ឃើញ​ដូច្នោះ គាត់​ក្រាប​ទៀប​ព្រះ‌បាទា​ព្រះ‌យេស៊ូ ទូល​ព្រះ‌អង្គ​ថា៖«ព្រះ‌អម្ចាស់​អើយ សូម​យាងឱ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ព្រោះ​ទូល‌បង្គំ​ជា​មនុស្ស​បាប»។ លោក​ស៊ីម៉ូន​និយាយ​ដូច្នេះ ព្រោះ​គាត់ និង​អស់​អ្នក​ដែល​នៅ​ជា​មួយភ័យ​ស្ញប់‌ស្ញែង​ជា​ខ្លាំង នៅ​ពេល​បាន​ឃើញ​ត្រី​ច្រើន​យ៉ាង​នេះ។ រីឯ​លោក​យ៉ាកុប និង​លោក​យ៉ូហាន ជា​កូន​លោក​សេបេដេ ដែល​នេសាទ​រួម​ជា​មួយ​លោក​ស៊ីម៉ូនក៏​មាន​ចិត្ត​ដូច្នោះ​ដែរ។ ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖«កុំ​ខ្លាច​អី! ពី​ពេល​នេះ​ទៅ​មុខ អ្នក​នឹង​នេសាទ​មនុស្ស​វិញ»។ ពេល​ទូក​ទៅ​ដល់​មាត់​ច្រាំង​វិញ គេ​បោះ‌បង់​របស់​របរ​ទាំង​អស់​ចោល រួច​នាំ​គ្នា​ដើរ​តាម​ព្រះ‌យេស៊ូ​ទៅ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! នៅថ្ងៃគោរពសន្តហ្គ្រេហ្គ័រ យើងខ្ញុំសូមថ្វាយសក្ការបូជាដែលសង្គ្រោះមនុស្សលោក។ សូមទ្រង់ព្រះមេត្តាលើកលែងទោសរបស់យើងខ្ញុំ និងពង្រឹងជំនឿយើងខ្ញុំផង។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានពង្រឹងទឹកចិត្តគំនិតយើងខ្ញុំឱ្យយល់អត្ថន័យព្រះបន្ទូលព្រះអង្គ សូមឱ្យយើងខ្ញុំយកចិត្តទុកដាក់រស់តាមព្រះបំបូន្មានរបស់ព្រះអង្គជានិច្ចផង។

 

Facebook
Twitter
LinkedIn