អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

ឬសន្តអឺស៊ែប នៅវេសេលី ជាអភិបាល
និងសន្តសិលាហ្សូលីយ៉ាំងអេម៉ា ជាបូជាចារ្យ

លោកអឺស៊ែប (៣០០-៣៧១) ជាអភិបាលព្រះសហគមន៍នៅក្រុងវែសេលី (ប្រទេសអ៊ីតាលី)។ អធិរាជ្យ​រ៉ូម៉ាំងនិរទេសលោកទៅស្រុកប៉ាឡេស្ទីនអស់រយៈពេលប្រាំពីរឆ្នាំ ព្រោះលោកប្រកាសជំនឿរបស់ខ្លួនចំពោះព្រះគ្រីស្តដែលពិតជាព្រះជាម្ចាស់ តាមមហាសន្និបាតក្រុងនីសេបានបញ្ជាក់ស្រាប់ (៣២៥)។ ពេលលោកស្នាក់នៅស្រុកប៉ាឡេស្ទីននោះ លោកជួបលោកសង្យឺ និងឥសីជាច្រើនដែលជាគ្រីស្តបរិស័ទ ហើយស្ងើចសរសើរពីរបៀបរស់នៅរបស់អ្នកបួសទាំងនោះ។ លុះត្រឡប់ទៅស្រុកវិញ លោករួមរស់ជាមួយក្រុមបូជាចារ្យឯទៀតៗ ដូចជាក្រុមលោកសង្យឺដែរ។ ក្រុមបូជាចារ្យនេះយកចិត្តទុកដាក់ណែនាំគ្រីស្តបរិស័ទលើសពីមុនមកទៀត។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលេវីវិន័យ លវ ២៥,១.៨-១៧

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេនៅលើភ្នំស៊ីណៃថា៖ «ចូររាប់ឆ្នាំសប្ប័ទ ប្រាំពីរឆ្នាំ ប្រាំពីរដង សរុបទាំងអស់សែសិបប្រាំបួនឆ្នាំ។ នៅខែអស្សុជថ្ងៃទីដប់ ត្រូវផ្លុំស្នែង និងស្រែកយ៉ាងរំពង ពាសពេញស្រុកទាំងមូល ព្រោះជាថ្ងៃរំដោះបាប។ អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំទីហាសិបនោះជាឆ្នាំដ៏វិសុទ្ធ ត្រូវប្រកាសសេរីភាពនៅក្នុងស្រុកទាំងមូល។ ឆ្នាំនោះ ត្រូវមានឈ្មោះថា “ឆ្នាំមហាករុណាទិគុណ ”។ ពេលនោះ ម្នាក់ៗវិលត្រឡប់ទៅកាន់ស្រុកភូមិ ទៅជួបជុំនឹងអំបូររបស់អ្នករាល់គ្នាវិញ។ ឆ្នាំទីហាសិប ជាឆ្នាំមហាករុណាទិគុណនោះ អ្នករាល់គ្នាមិនត្រូវសាបព្រោះ ឬច្រូតកាត់​ភោគផលដុះពីគ្រាប់ដែលធ្លាក់ទៅលើដីកាលពីរដូវចំរូតមុនឡើយ ហើយក៏មិនត្រូវបេះផ្លែទំពាំងបាយជូរដែលអ្នករាល់គ្នាទុកចោលនោះដែរ។ អ្នករាល់គ្នាត្រូវចាត់ទុកឆ្នាំមហាករុណាទិគុណ ជាឆ្នាំដ៏សក្ការៈ។ អ្នករាល់គ្នានឹងបរិភោគអ្វីៗដែលដុះនៅក្នុងចម្ការ។ នៅឆ្នាំមហាករុណាទិគុណ អ្នករាល់គ្នាអាចវិលទៅកាន់កាប់កម្មសិទ្ធិរបស់ខ្លួនវិញ។ ប្រសិនបើអ្នករាល់គ្នាលក់ ឬទិញអ្វីពីជនរួមជាតិរបស់អ្នករាល់គ្នា មិនត្រូវកេងបន្លំ​គេឡើយ។ ពេលទិញដីពីជនរួមជាតិរបស់អ្នក ត្រូវគិតតម្លៃចាប់ពីមហាករុណាទិគុណទៅ ហើយគេត្រូវលក់ឱ្យអ្នកដោយគិតតម្លៃតាមចំនួនឆ្នាំដែលអ្នកអាចច្រូតយក​ផលបាន រហូតដល់ឆ្នាំមហាករុណាទិគុណខាងមុខ។ ប្រសិននៅសល់ច្រើនឆ្នាំ មុននឹង​ដល់ឆ្នាំមហាករុណាទិគុណ អ្នកអាចលក់ដីនោះបានថ្លៃ តែបើនៅ​សល់តិចឆ្នាំទេនោះត្រូវបញ្ចុះតម្លៃ ដោយគិតដល់ចំនួនឆ្នាំដែលអាចច្រូតកាត់នៅសល់តិច។ មិនត្រូវ​ឱ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាកេងប្រវ័ញ្ចជនរួមជាតិរបស់ខ្លួនឡើយ។ ធ្វើដូច្នេះបានសេចក្តីថា អ្នកគោរពកោតខ្លាចព្រះរបស់អ្នក។ យើងជាព្រះអម្ចាស់ ជា​ព្រះរបស់អ្នករាល់គ្នា»។

ទំនុកតម្កើងលេខ ៦៧ (៦៦),២-៣.៥.៧-៨ បទពាក្យ ៧

ឱព្រះម្ចាស់អើយសូមមេត្តា សន្តោសករុណាដល់យើងខ្ញុំ
ប្រទានព្រះពរដ៏ឧត្តម ទតមើលយើងខ្ញុំដោយសប្បុរស
ដូច្នេះមនុស្សនៅលើផែនដី ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់
ក្នុងចំណោមជនជាតិទាំងអស់ ស្គាល់ការសង្គ្រោះនៃព្រះអង្គ
ប្រជាទាំងឡាយនាំគ្នាច្រៀង បន្លឺសំនៀងដោយសប្បាយ
ដ្បិតទ្រង់គ្រប់គ្រង់គ្មាននឿយណាយ ប្រជាទាំងឡាយមិនឆ្មៃឆ្មើង
ផែនដីបង្កើតនូវភោគផល មិនឱ្យយើងខ្វល់ពីអន្តរាយ
ព្រះម្ចាស់ជាព្រះយើងទាំងឡាយ ប្រទានពរឱ្យសុខគ្រប់គ្រា
សូមទ្រង់ប្រទានពរឱ្យយើង និងមនុស្សទាំងពួងគ្រប់អាត្មា
ទាំងអ្នករស់នៅឆ្ងាយផងណា មនុស្សលើលោកាខ្លាចព្រះអង្គ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាត្រូវគេបៀតបៀនព្រោះតែបានធ្វើតាមសេចក្តីសុចរិត អ្នកនោះមានសុភមង្គល ដ្បិតគេនឹងទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៤,១-១២

នៅគ្រានោះ ព្រះបាទហេរ៉ូដជាស្តេចអនុរាជបានជ្រាបអំពីព្រះកិត្តិនាមរបស់ព្រះយេស៊ូ ទ្រង់មានរាជឱង្ការទៅពួកបរិពារថា៖ «យ៉ូហានបាទីស្តបានទទួលជីវិតថ្មីហើយ បានជាគាត់មានឫទ្ធានុភាពសម្តែងការអស្ចារ្យយ៉ាងនេះ»។ ព្រះបាទហេរ៉ូដបានចាប់លោកយ៉ូហានដាក់ច្រវាក់យកទៅឃុំឃាំង ដោយទ្រង់ជឿតាមពាក្យព្រះនាងហេរ៉ូឌីយ៉ាដាដែលត្រូវជាមហេសីរបស់ស្តេចភីលីព ជាអនុជរបស់ព្រះអង្គព្រោះលោកយ៉ូហានបានបន្ទោសស្តេចថា៖ «ព្រះករុណាគ្មានសិទ្ធយកព្រះនាងមកធ្វើជាមហេសីឡើយ»។ ស្តេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែទ្រង់ខ្លាចបណ្តាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការីមួយរូប។ នៅថ្ងៃបុណ្យខួបចម្រើនព្រះជន្មស្តេចហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌីយ៉ាដាចូលមករាំនៅមុខភ្ញៀវ ធ្វើឱ្យស្តេចពេញចិត្ត​យ៉ាងខ្លាំង រហូទដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្តេចប្រទានឱ្យទាំងអស់។ នា​​ងទូលទៅស្តេចវិញតាមពាក្យបង្គាប់របស់មាតាថា៖ «សូមទ្រង់ប្រទានក្បាលរបស់យ៉ូហានបាទីស្ត ដាក់លើថាសមកឱ្យខ្ញុំម្ចាស់!»។ ព្រះរាជាព្រួយព្រះហឫទ័យ​ក្រៃលែង ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ទ្រង់ក៏​បញ្ជាឱ្យគេធ្វើតាមពាក្យសុំរបស់នាង គឺចាត់ទាហានឱ្យទៅកាត់កលោកយ៉ូហាន យក​ក្បាលដាក់លើថាសមួយ ប្រគល់ឱ្យនាង ហើយនាងក៏យកទៅថ្វាយមាតា។ ពួកសិស្ស​របស់លោកយ៉ូហានមកយកសពលោកទៅបញ្ចុះ រួចនាំគ្នាយកដំណឹងទៅទូលព្រះ យេស៊ូ។

Facebook
Twitter
LinkedIn