ព្រហ – បៃតង – ថ្ងៃធម្មតា
សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
បុណ្យរម្លឹក
ពណ៌ស
លោកអ៊ីញ៉ាស (១៤៩១-១៥៥៦) កើតនៅភូមិឡូយ៉ូឡា (ប្រទេសអេស្ប៉ាញសព្វថ្ងៃ)។ លោកប្រកបការងារជាទាហាន។ ជួនជាលោកត្រូវរបួសពេលច្បាំងវាយសម្រុកទីក្រុងមួយ។ ពេលព្យាបាលមុខរបួស លោកអានគម្ពីរ ហើយទទួលស្គាល់ព្រះយេស៊ូទុកជាព្រះសង្គ្រោះរបស់ខ្លួន រួចលោកទៅស្មឹងស្មាធិ៍សមាធិនៅគុហារភ្នំមង់រែស ហើយប្រែចិត្តគំនិតទាំងស្រុង។ លោកចែកចាយការពិសោធន៍ខាងព្រះវិញ្ញាណឱ្យមិត្តសម្លាញ់ដើម្បី “លើកតម្កើងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះជាម្ចាស់” នៅឆ្នាំ ១៥៣៤ លោកអ៊ីញ៉ាស និងមិត្ត សម្លាញ់ខ្លះធ្វើសច្ចាប្រណិធាននៅក្រុងប៉ារីស និងបម្រើព្រះជាម្ចាស់អស់មួយជីវិត។ នេះជាដើមកំណើតនៃ “សមាគមសហជីវិនរបស់ព្រះយេស៊ូ”។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរដំណើរឆ្ពោះទៅកាន់សេរីភាព សរ ៤០,១៦-២១.៣៤-៣៨
លោកម៉ូសេធ្វើតាមព្រះបន្ទូលទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់លោក។ ជនជាតិអ៊ីស្រាអែលដំឡើងព្រះពន្លានៅថ្ងៃទីមួយនៃខែមួយ ក្នុងឆ្នាំទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ លោកម៉ូសេឱ្យគេដំឡើងព្រះពន្លាដោយដាក់ជើងទ្រ ដាក់ស៊ុម ដាក់ឈើទទឹង ព្រមទាំងបង្គោល។ គេលាតក្រណាត់គ្របពីលើព្រះពន្លា ដូចព្រះអម្ចាស់បង្គាប់លោកម៉ូសេ។ លោកម៉ូសេយកបន្ទះថ្មនៃសន្ធិសញ្ញា ដាក់ក្នុងហិបនៃសម្ពន្ធមេត្រី ហើយស៊កឈើស្នែង និងយកគម្របមាសមកគ្របលើហិបនោះ។ គេយកហិបទៅដាក់ក្នុងព្រះពន្លា ហើយចងវាំងនន និងបាំងហិបនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។ ពេលនោះ មានពពកមកគ្របបាំងលើព្រះពន្លាជួបព្រះអម្ចាស់ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។ លោកម៉ូសេពុំអាចចូលទៅក្នុងព្រះពន្លាជួបព្រះអម្ចាស់បានឡើយ ព្រោះមានពពកមកគ្របបាំងលើពន្លានោះ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះបន្លា។ ពេលណាពពកអណ្តែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នារើជំរំចេញដំណើរទៅមុខ។ ប្រសិនបើពពកមិនអណ្តែតឡើងពីព្រះពន្លាទេ ជនជាតិអ៊ីស្រាអែលមិនចេញដំណើរទេ គឺពួកគេរង់ចាំថ្ងៃគ្រប់តំណាក់ដែលកូនចៅអ៊ីស្រាអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពករបស់ព្រះ អម្ចាស់ស្ថិតនៅលើព្រះពន្លានៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។ ដែលពពកអណ្តែតឡើង។
ទំនុកតម្កើងលេខ ៨៤ (៨៣),៣-៦.១១ បទព្រហ្មគីតិ
| ៣ | ខ្ញុំសែនអន្ទះសារ | ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់ | |
| ចង់ចូលវិហារព្រះ | ជាអម្ចាស់ទាំងចិត្តកាយ | ។ | |
| ចិត្តចង់នៅជាមួយ | ព្រះអង្គជួយមិនរសាយ | ||
| អស់ពីកម្លាំងកាយ | មិនមានណាយរួមទាំងចិត្ត | ។ | |
| ៤ | ត្រចៀកកាំ និងចាប | ជាដរាបវានែបនិត្យ | |
| សំបុកធ្វើនៅជិត | ទីអាសនៈនៃព្រះអង្គ | ។ | |
| ៥ | អស់អ្នកដែលបានស្នាក់ | ក្នុងដំណាក់ដ៏ត្រចង់ | |
| មានសុភមង្គលផង | សរសើរថ្កើងទ្រង់មិនឈប់ | ។ | |
| ៦ | អ្នកណាដែលផ្អែកពឹង | លើកម្លាំងព្រះជាម្លប់ | |
| ដ្បិតគេស្វែងមិនឈប់ | ដំណាក់គាប់ដោយស្មោះសរ | ។ | |
| ១១ | មួយថ្ងៃដែលនៅក្នុង | វិហារទ្រង់សប្បាយក្រៃ | |
| ជាងរស់មួយពាន់ថ្ងៃ | នៅកន្លែងដទៃទៀត | ។ | |
| ខ្ញុំបានសម្រេចចិត្ត | ឈរនៅជិតមិនចង់ឃ្លាត | ||
| ជាជាងស្នាក់នៅបៀត | ក្នុងលំនៅមនុស្សអាក្រក់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កក ១៦,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យយកចិត្តទុកដាក់ស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៧-៥៣
ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់បណ្តាជនថា៖ «ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ពេលជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញគេបោះចោល។ នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានឡើងដូច្នេះដែរ។ ពួកទេវទូតនាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ។ នៅទីនោះ មានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេ?»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «បាទ! យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ហេតុនេះហើយ បានជាធម្មាចារ្យណាដែលទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខ ប្រៀបបានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យទាំងចាស់ទាំងថ្មីចេញពីឃ្លាំងរបស់គាត់»។ កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏យាងចេញពីទីនោះទៅ។
ស – សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
ថ្ងៃទី៣១ ខែកក្ដដា
សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
បុណ្យរម្លឹក
ពណ៌ស
លោកអ៊ីញ៉ាស (១៤៩១-១៥៥៦) កើតនៅភូមិឡូយ៉ូឡា (ប្រទេសអេស្ប៉ាញសព្វថ្ងៃ)។ លោកប្រកបការងារជាទាហាន។ ជួនជាលោកត្រូវរបួសពេលច្បាំងវាយសម្រុកទីក្រុងមួយ។ ពេលព្យាបាលមុខរបួស លោកអានគម្ពីរ ហើយទទួលស្គាល់ព្រះយេស៊ូទុកជាព្រះសង្គ្រោះរបស់ខ្លួន រួចលោកទៅស្មឹងស្មាធិ៍សមាធិនៅគុហារភ្នំមង់រែស ហើយប្រែចិត្តគំនិតទាំងស្រុង។ លោកចែកចាយការពិសោធន៍ខាងព្រះវិញ្ញាណឱ្យមិត្តសម្លាញ់ដើម្បី “លើកតម្កើងសិរីរុងរឿងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះជាម្ចាស់” នៅឆ្នាំ ១៥៣៤ លោកអ៊ីញ៉ាស និងមិត្ត សម្លាញ់ខ្លះធ្វើសច្ចាប្រណិធាននៅក្រុងប៉ារីស និងបម្រើព្រះជាម្ចាស់អស់មួយជីវិត។ នេះជាដើមកំណើតនៃ “សមាគមសហជីវិនរបស់ព្រះយេស៊ូ”។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រោសសន្តអ៊ីញ៉ាស ដាស់តឿនព្រះសហគមន៍ឱ្យលើកតម្កើងសិរីរុងរឿងដ៏ខ្ពស់ខ្ពស់បំផុតរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំយកតម្រាប់តាមលោក និងស្ម័គ្រចិត្តប្រយុទ្ធក្នុងពិភពលោកនេះ ព្រមទាំងទទួលសិរីរុងរឿងរួមជាមួយលោកនៅស្ថានបរមសុខផង។
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១០,៣១-១១,១
ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ សូមបងប្អូនកុំធ្វើឱ្យសាសន៍យូដា សាសន៍ក្រិក ឬព្រះសហគមន៍របស់ព្រះជាម្ចាស់ជំពប់ចិត្តឡើយ។ រីឯខ្ញុំវិញ ក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្តមនុស្សទាំងអស់ ក្នុងគ្រប់កិច្ចការ ខ្ញុំមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សទាំងអស់ ដើម្បីឱ្យគេទទួលការសង្គ្រោះ។ សូមយកតម្រាប់តាមខ្ញុំ ដូចខ្លួនខ្ញុំផ្ទាល់បានយកតម្រាប់តាមព្រះគ្រីស្ត*ដែរ។
ទំនុកតម្កើងលេខ ៣៤(៣៣),២-១១ បទកាកគតិ
| ២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
| សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | |
| ឈប់ឈរសោះឡើយ | ។ | ||
| ៣ | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្តើយ |
| ចូរអ្នកទន់ទាប | ស្តាប់កុំព្រងើយ | នឹងបានធូរស្បើយ | |
| អំណរខ្លាំងក្លា | ។ | ||
| ៤ | សូមមកប្រកាស | នឹងខ្ញុំឱ្យច្បាស់ | ដោយពោលឡើងថា |
| ព្រះម្ចាស់ថ្កុំថ្កើង | រុងរឿងក្រៃណា | យើងនាំគ្នីគ្នា | |
| តម្កើងព្រះអង្គ | ។ | ||
| ៥ | ខ្ញុំបានស្វែងរក | ព្រះម្ចាស់តបមក | ឥតមានបង្អង់ |
| ទ្រង់បានរំដោះ | ខ្ញុំអស់ទុក្ខផង | តក់ស្លុតមួរហ្មង | |
| ឆ្លងផុតទាំងអស់ | ។ | ||
| ៦ | អ្នកដែលសម្លឹង | ឆ្ពោះទៅព្រះអង្គ | បានសុខឥតមោះ |
| ផុតអស់ទុក្ខសោក | វិយោគរងគ្រោះ | ពួកគេទាំងនោះ | |
| មិនខកចិត្តឡើយ | ។ | ||
| ៧ | អស់អ្នកកម្សត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ |
| ហៅរកព្រះម្ចាស់ | ទ្រង់សណ្តាប់ហើយ | សង្គ្រោះគេឱ្យ | |
| ផុតពីគ្រោះកាច | ។ | ||
| ៨ | ទេវទូតរបស់ | ព្រះម្ចាស់ទាំងអស់ | ថែទាំអ្នកខ្លាច |
| រក្សាការពារ | គេក្រោមអំណាច | រំដោះឱ្យរួច | |
| ផុតពីទុក្ខភ័យ | ។ | ||
| ៩ | ចូរអ្នកផ្អែកពឹង | ពិសោធន៍ឱ្យដឹង | ថាព្រះម្ចាស់ថ្លៃ |
| ទ្រង់មានមេត្តា | សប្បុរសពេកក្រៃ | អស់ជនប្រុសស្រី | |
| មានជ័យមង្គល | ។ | ||
| ១០ | ឱប្រជារាស្រ្ត | របស់ព្រះម្ចាស់ | ចូរកោតខ្លាចដល់ |
| ព្រះម្ចាស់នៃយើង | បានសុខឥតខ្វល់ | មិនជួបអំពល់ | |
| ឬខ្វះខាតអ្វី | ។ | ||
| ១១ | អ្នកមានមុខជា | ជួបទុក្ខវេទនា | ខ្វះម្ហូបចំណី |
| តែអ្នកដែលស្វែង | រកព្រះម្ចាស់ថ្លៃ | នឹងមិនខ្វះអ្វី | |
| សុខសាន្តតទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦, ២៤-២៧
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័កថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួន ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិត ប៉ុន្តែ អ្នកណាបាត់បង់ជីវិត ព្រោះតែខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? លុះដល់បុត្រមនុស្សប្រកបដោយសិរីរុងរឿង ព្រះបិតារបស់ព្រះអង្គយាងមកជាមួយពួកទេវទូតរបស់ព្រះអង្គ ព្រះអង្គនឹងប្រទានរង្វាន់ ឬដាក់ទោសម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយសក្ការបូជានេះនៅថ្ងៃគោរពសន្តអ៊ីញ៉ាស។ មានតែព្រះគ្រីស្តដែលបូជាព្រះជន្មទេដែលប្រោសមនុស្សបានវិសុទ្ធ! សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំទៅជាបុត្រធីតាដ៏វិសុទ្ធរបស់ព្រះអង្គ តាមសេចក្តីពិតផង។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ជាព្រះបិតា! នៅថ្ងៃគោរពសន្តអ៊ីញ៉ាស យើងខ្ញុំបានថ្វាយសក្ការបូជានេះទាំងអរព្រះគុណព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តចង់លើកតម្កើងសិរីរុងរឿងដ៏ខ្ពស់ខ្ពស់បំផុតរបស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។





