អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ​ ទី២០ ខែកក្ដដា ឆ្នាំ២០២៥

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គពិតជាប្រភពនៃជីវិតគ្រប់យ៉ាង។ ព្រះ​អង្គក៏ជាព្រះបិតាដែលសព្វព្រះហឫទ័យណែនាំមនុស្សទាំងអស់ឱ្យបានសុភ​​មង្គលពេញលេញគ្រប់ៗគ្នា។ សូមទ្រង់ព្រះមេត្ដាប្រោសប្រទានឱ្យយើងខ្ញុំមាន​​ជំនឿ មានសេចក្ដីសង្ឃឹម និងមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងៗផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៨,១-១០

ព្រះអម្ចាស់យាងមកឱ្យលោកអប្រាហាំឃើញនៅដើមជ្រៃលោកតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកម្ដៅ ហើយលោកអប្រាហាំអង្គុយនៅមាត់ទ្វារជំរំរបស់លោក លោកងើបមុខឡើងមើលទៅឃើញបុរសបីនាក់ឈរនៅជិតលោក។ ពេល​ឃើ​ញ​​បុរសបីនាក់នោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ក្រាបដល់ដី ហើយមាន​ប្រសាសន៍ថា៖«លោកម្ចាស់! បើលោកពេញចិត្ដនឹងខ្ញុំប្របាទមែន សូមមេត្ដាកុំអញ្ជើញទៅហួសខ្ញុំប្របាទឡើយ។ សូមឱ្យគេយកទឹកបន្ដិចមកលាងជើង​ជូន! សូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ។ ខ្ញុំប្របាទនឹងទៅយក​នំប័ុងមួយដុំមកជូនលោកពិសាដើម្បីឱ្យមានកម្លាំង រួចសឹមបន្ដដំណើរទៅ​មុខ​ទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះខ្ញុំប្របាទដោយឥតបានការ​ឡើយ​​​»។ បុរសទាំងបីតបថា៖«សុំធ្វើតាមពាក្យលោកចុះ»។ លោកអប្រាហាំប្រញាប់ប្រញាល់ចូលទៅរកលោកស្រីសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅបីកំប៉ុងមក ហើយរៀបចំធ្វើនំឱ្យបានរួសរាន់ទៅ»។ បន្ទាប់មក លោករត់ទៅ​រកហ្វូងសត្វ យកកូនគោស្ទាវយ៉ាងធាត់ល្អមួយ ប្រគល់ឱ្យក្មេងបម្រើម្នាក់យកទៅសម្លាប់ធ្វើម្ហូបជាបន្ទាន់។ លោកយកខ្លាញ់ និងទឹក​ដោះ​គោ ព្រមទាំងសាច់កូនគោដែលគេបានរៀបចំនោះមកដាក់នៅមុខបុរស​ទាំងបី។ ខ្លួនលោកផ្ទាល់ ឈរកំដរបុរសទាំងបី ក្រោមដើមឈើនោះ បុរសទាំង​បី​​នាក់ក៏នាំគ្នាបរិភោគ។ បន្ទាប់មក បុរសទាំងបីពោលមកលោកថា៖«អ្នកសារ៉ាភរិយារបស់លោកនៅឯណា?»។ លោក​តបវិញថា៖«នាងនៅក្នុងជំរំឯណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ឆ្នាំក្រោយនៅខែដដែលនេះ យើងនឹងវិលមករកអ្នកសាជាថ្មី ពេលនោះ នាងសារ៉ានឹងមានកូនប្រុសមួយ»។

ទំនុកតម្កើងលេខ ១៥ (១៤), ១-៥ បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់ នរណាខ្លះអាចរស់ក្នុង
ព្រះពន្លាព្រះអង្គ ស្ថិតនៅលើភ្នំវិសុទ្ធ
គឺមានតែមនុស្ស ដែលគ្មានទោសនឹងប្រព្រឹត្ដ
អំពើសុចរិត និយាយពិតជាដរាប
គេមិននិយាយមួល បង្កាច់ផ្ដួលមិនធ្វើបាប
បងប្អូនដែលទន់ទាប មិនបង្អាប់កិត្ដិយស
គេមិនរាប់រកអ្នក ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ
តែគេលើកកិត្ដិយស អ្នកគោរពកោតព្រះអង្គ
បើគេសន្យាអ្វី ឬទោះបីខូចខាតបង់
ក៏គេមិនបង្អង់ គេគោរពពាក្យសម្ដី
បើមាននរណាម្នាក់ មករកប្រាក់គេឱ្យខ្ចី
មិនចង់បានកម្រៃ ច្រើនតិចក្ដីគេមិនយក
អ្នកប្រព្រឹត្ដដូច្នេះ ជាមនុស្សចេះអាចចូលជ្រក
ក្រោមបារមីរៀងមក នឹងបានសុខជានិរន្ដរ៍

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូឡូស កូឡ ១,២៤-២៨

បងប្អូនជាទីស្រឡាញ់!
ឥឡូវនេះ ខ្ញុំមានអំណរដោយរងទុក្ខលំបាកសម្រាប់​បងប្អូន ព្រោះខ្ញុំរងទុក្ខលំបាកក្នុងរូបកាយដូច្នេះ ដើម្បីជួយបំពេញទុក្ខលំបាករបស់ព្រះគ្រីស្ដសម្រាប់ព្រះកាយរបស់ព្រះអង្គដែលជាព្រះសហគមន៍។ ខ្ញុំបានទទួលមុខងារបម្រើព្រះសហគមន៍នេះតាមការចាត់ចែងដែលព្រះជា​ម្ចាស់បានផ្ទុក​ផ្ដាក់ឱ្យខ្ញុំធ្វើ គឺណែនាំបងប្អូនឱ្យស្គាល់ព្រះបន្ទូលរបស់ព្រះអង្គបាន​សព្វ​គ្រប់។ នេះហើយជាគម្រោងការដ៏លាក់កំបាំងដែលព្រះជាម្ចាស់បានលាក់ទុកតាំងពីយូរអង្វែងតរៀងមក មិនឱ្យមនុស្សជំនាន់មុនៗស្គាល់ឡើយ តែឥឡូវនេះ ព្រះអង្គបានបង្ហាញឱ្យប្រជាជនដ៏វិសុទ្ធរបស់ព្រះអង្គស្គាល់។ ព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យប្រជាជនដ៏វិសុទ្ធនេះស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃ​គម្រោង​ការនេះ នៅក្នុងចំណោមសាសន៍ដទៃ ពោលគឺ ព្រះគ្រីស្ដគង់នៅក្នុងបងប្អូន ព្រះអង្គ​​​​​​​ប្រទានឱ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់ ព្រះអង្គ។ ដូច្នេះ យើងប្រកាសដំណឹងអំពីព្រះគ្រីស្ដនេះ ហើយយើងដាស់តឿន និងប្រៀនប្រដៅ​មនុស្សគ្រប់ៗរូបដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឱ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈក្នុងអង្គព្រះគ្រីស្ដ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ៣,២០

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាឮសំឡេងរបស់ព្រះអម្ចាស់ ហើយបើកទ្វារថ្វាយព្រះអង្គ អ្នកនោះមានសុភមង្គលហើយ! ព្រោះគេបានរកឃើញសេចក្ដីសុខសាន្ដ និងអំណរសប្បាយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,៣៨-៤២

ព្រះយេស៊ូកំពុងធ្វើដំណើរជាមួយក្រុមសាវ័ក។ ព្រះអង្គយាងចូលក្នុងភូមិមួយ។ មានស្រ្ដីម្នាក់ឈ្មោះម៉ាថា បានទទួលព្រះអង្គឱ្យស្នាក់នៅក្នុងផ្ទះនាង។ នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ រីឯនាងម៉ាថាវិញ នាងមានកិច្ចការរវល់ជាច្រើនដើម្បីបម្រើព្រះអង្គ។ នាងចូលមកទូលថា៖ «បពិត្រព្រះអម្ចាស់! ប្អូនខ្ញុំម្ចាស់ទុក​​ឱ្យខ្ញុំម្ចាស់បម្រើព្រះអង្គតែម្នាក់ឯង តើព្រះអង្គមិនអើពើទេឬ? សូមទ្រង់ប្រាប់ឱ្យនាងមកជួយខ្ញុំម្ចាស់ផង»។ ព្រះអម្ចាស់មានព្រះបន្ទូលទៅនាងថា៖«ម៉ាថា! ម៉ាថា អើយ! នាងមានកង្វល់ហើយរវល់នឹងកិច្ចការច្រើនណាស់ ប៉ុន្ដែ មានកិច្ចការតែមួយគត់ដែលចាំបាច់! នាងម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេស​នោះហើយ មិនត្រូវយកចេញពីនាងទេ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលព្រះបុត្រាបានបូជាព្រះជន្មនៅលើឈើឆ្កាង ព្រះអង្គបានថ្វាយសក្ការបូជាដ៏ល្អឥតខ្ចោះ ប្រសើរជាងសក្ការបូជាឯទៀតៗទាំងអស់។ យើងខ្ញុំ សូមថ្វាយកាយ វាចា ចិត្ដ សូមទ្រង់ព្រះមេត្ដាប្រោស​យើងខ្ញុំ ឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្ម​គង់​​​នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

ឱព្រះបិតាប្រកបដោយធម៌មេត្ដាករុណាយ៉ាងក្រៃលែងអើយ! សូមព្រះអង្គទ្រង់ព្រះមេត្ដាគង់នៅជាមួយយើងខ្ញុំជានិច្ច! បើព្រះអង្គមិនគង់នៅជាមួយទេ យើងខ្ញុំមុខជាត្រូវវិនាសអន្ដរាយពុំខាន។ សូមទ្រង់ព្រះមេត្ដាប្រោសយើងខ្ញុំ ដែលទទួលព្រះកាយព្រះគ្រីស្ដក្នុងអភិបូជានេះ បានរស់នៅតាមរបៀបថ្មី ស្របតាមព្រះអំណោយទានរបស់ព្រះអង្គផង។

Facebook
Twitter
LinkedIn