អត្ថបទព្រះគម្ពីរ ថ្ងៃទី១៤ ខែឧសភា សន្តម៉ាធីយ៉ាស ជាគ្រីស្តទូត​

បុណ្យគោរព

ក្រោយពេលព្រះយេស៊ូយាងឡើងស្ថានបរមសុខ ក្រុមគ្រីស្តទូតជ្រើសរើសសាវ័កម្នាក់ឱ្យធ្វើជាគ្រីស្តទូតជំនួយបូជា។ គ្រីស្ត​ទូតសិលាបញ្ជាក់អំពីលក្ខណៈរបស់គ្រីស្តទូតនោះ គឺគេត្រូវតែនៅជាមួយព្រះយេស៊ូតាំងពីដើមដំបូងរៀងមក។ យើងមិនស្គាល់អ្វី​ពីគ្រីស្តទូតម៉ាធីយ៉ាសនោះ ក្រៅពីលោកនៅជាមួយព្រះអង្គទាំងពីដើមដំបូងរៀងមកទេ។

បពិត្រព្រះអម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គបានជ្រើសរើសន្តម៉ាធីយ៉ាសឱ្យចូលរួមក្នុងចំណោមគ្រីស្តទូតទាំងដប់ពីរនាក់។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានជំនឿមាំមួន និងមានចិត្តស្រឡាញ់ព្រះយេស៊ូយ៉ាងខ្លាំង ដើម្បីធ្វើជាសាក្សីអំពីដំណឹងល្អរបស់ព្រះអង្គសព្វថ្ងៃនេះផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១,១៥-១៧.២០-២៦

នៅ​គ្រា​នោះ មាន​បង‌ប្អូន​ប្រមាណ​មួយ‌រយ​ម្ភៃ​នាក់​នៅ​ជុំ​គ្នា លោក​សិលា​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ ហើយ​ពោល​ថា៖«បង‌ប្អូន​អើយ! ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធបាន​ថ្លែង​ទុក​ជា​មុនតាម‌រយៈ​ព្រះ‌បាទ​ដាវីឌ អំពី​យូដាសជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ។ ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​ស្រប​តាម​សេចក្ដីដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន។ យូដាស ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខ‌ងារ​រួម​ជា​មួយ​យើង​ដែរ។ ក្នុង​គម្ពីរ​ទំនុក‌តម្កើង​មាន​ចែង​ទុក​អំពី​ហេតុ‌ការណ៍​នេះ​ថា៖ “ចូរ​ឱ្យ​លំ‌នៅ​របស់​អ្នក​នោះក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ កុំ​ឱ្យមាន​នរណា​រស់​នៅ​ទី​នោះ​ឡើយ” និង​ “ត្រូវ​ឱ្យម្នាក់​ទៀត​ទទួលយក​តំណែង​របស់​គាត់”។ ហេតុ​នេះ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​មក​តាម​យើងនៅ​ពេល​ព្រះ‌យេស៊ូ​ដឹក​នាំ​យើង គឺ​ចាប់​តាំង​ពី​គ្រា​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ថ្វាយ​ព្រះ‌អង្គ រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​លើក​យក​ព្រះ‌អង្គ​ចេញ​ពី​យើង​ទៅ ត្រូវ​ឱ្យមាន​ម្នាក់ធ្វើ​ជា​បន្ទាល់​រួម​ជា​មួយ​យើង អំពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ»។ គេ​បាន​នាំ​សាវ័ក​ពីរ​រូប​មក ម្នាក់​ឈ្មោះ​យ៉ូសែប ហៅ​បារសា‌បាស​ផង យូស្ទូស​ផង និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាធី‌យ៉ាស។ បន្ទាប់​មក គេ​នាំ​គ្នា​អធិស្ឋាន​ដូច​ត​ទៅ៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញឱ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បង‌ប្អូន​ទាំង​ពីរ​រូប​នេះ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស​អ្នក​ណាឱ្យបំពេញ​មុខ‌ងារ​ជា​គ្រីស្ដ‌ទូត​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខ‌ងារ​នេះទៅ​ឯ​កន្លែង​របស់​គាត់»។ សាវ័ក​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាធី‌យ៉ាស ហើយ​លោក​ម៉ាធី‌យ៉ាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​គ្រីស្ដ‌ទូត​ដប់​មួយ​រូប​ទៀត។

ទំនុកតម្កើងលេខ ១១៣(១១២),១-៨ បទព្រហ្មគីតិ

អស់អ្នកបម្រើព្រះ ជាអម្ចាស់ចូរនាំគ្នា
សរសើរកុំរួញរា ថ្កើងនាមានៃព្រះម្ចាស់
ចូរតម្កើងព្រះនាម ព្រះម្ចាស់ភ្លាមកុំក្រឡះ
កុំភ្លេចព្រះអម្ចាស់ ពីពេលនេះរហូតទៅ
តាំងពីអារុណរះ ភ្លឺស្រឡះមានកម្តៅ
ទល់ពេលថ្ងៃលិចទៅ សរសើរនៅយ៉ាងស្ម័គ្រស្មោះ
ព្រះអម្ចាស់គង់ស្ថិត លើប្រជាជាតិទាំងអស់
សិរីរុងរឿងខ្ពស់ ព្រះម្ចាស់ហួសផុតអាកាស
តើមាននរណាមួយ អាចធ្វើឱ្យដូចព្រះម្ចាស់
ព្រះអង្គគង់ខ្ពស់ណាស់ លើអាកាសវិសុទ្ធក្រៃ
ព្រះអង្គត្រួតពិនិត្យ យ៉ាងល្អន់ល្អិតមកផែនដី
លើមេឃមិនសល់អ្វី សព្វផែនដីមិនកំបាំង
ទ្រង់លើកអ្នកទន់ខ្សោយ​ មិនបណ្តោយឱ្យឈឺស្លាំង
លើកផុតពីភក់ជ្រាំ ផុតអស់ទាំងធូលីដី
ដើម្បីឱ្យគេកាន់ អំណាចបានល្អប្រពៃ
នឹងពួកដឹកនាំនៃ រាស្រ្តប្រុសស្រីរបស់ទ្រង់

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១៥,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “ខ្ញុំបានជ្រើសរើសអ្នករាល់គ្នាពីក្នុងចំណោមមនុស្សលោកដើម្បីឱ្យទៅ និងបង្កើតផល គឺផលដែលនៅស្ថិតស្ថេរ”។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥,៩-១៧

មុនពេលព្រះយេស៊ូយាងឆ្លងឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលមកកាន់ក្រុមសាវ័កថា៖ «ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចព្រះបិតាស្រឡាញ់ខ្ញុំដែរ។ ចូរទុកសេចក្តីស្រលាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាចុះ។ បើរាល់គ្នាប្រតិបត្តិតាមវិន័យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យស្ថិតនៅជាប់នឹងអ្នកមែន ដូចខ្ញុំប្រតិបត្តិតាមវិន័យរបស់ព្រះបិតា ហើយទុកសេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតនៅជាប់នឹងខ្ញុំដែរ។ ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីឱ្យអំណររបស់ខ្ញុំស្ថិតនៅក្នុងអ្នករាល់គ្នា ហើយដើម្បីឱ្យអ្នករាល់គ្នាមានអំណរពេញលក្ខណៈ។ វិន័យរបស់ខ្ញុំមានដូចតទៅនេះ គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គ្មាននរណាមានសេចក្តីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួននោះឡើយ។ បើអ្នករាល់គ្នាប្រព្រឹត្ត តាមសេចក្តីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។ ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្តនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្តសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីព្រះបិតាមក ខ្ញុំក៏បានប្រាប់ឱ្យរាល់គ្នាដឹងហើយដែរ។ មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឱ្យទៅ និងបង្កើតផល ព្រមទាំងឱ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ​ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាទូលសូមពីព្រះបិតាក្នុងនាមខ្ញុំ ព្រះអង្គនឹងប្រទានឱ្យអ្នករាល់គ្នាមិនខាន។ រឺឯសេចក្តីបង្គាប់អ្នករាល់គ្នានោះ គឺត្រូវស្រឡាញ់គ្នាទៅវិញទៅមក»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្រុមគ្រីស្តទូតចេញទៅប្រកាសដំណឹងល្អរបស់ព្រះយេស៊ូដើម្បីណែនាំមនុស្សគ្រប់ជាតិសាសន៍ ធ្វើជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ក្នុងការប្រកាសដំណឹងល្អនេះផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គណែនាំ និងថែរក្សាព្រះសហគមន៍ព្រះអង្គជានិច្ច។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យធ្វើជាគ្រីស្តទូតរបស់ព្រះអង្គក្នុងលោកនាបច្ចុប្បន្ននេះ។ សូមឱ្យយើងខ្ញុំបង្កើតផលដែលស្ថិតស្ថេរផង។

Facebook
Twitter
LinkedIn