ថ្ងៃទី០១ ខែឧសភា
សន្ដយ៉ូសែប ជាពលករ
បុណ្យរម្លឹក
ពណ៌ស
លោកយ៉ូសែបជាពលករអស់សាមសិបឆ្នាំ ព្រះយេស៊ូទទួលការអប់រំពីលោកយ៉ូសែប និងប្រកបអាជីវកម្មដូចអ្នកស្រុកឯទៀតៗទាំងអស់ ទាំងលោកយ៉ូសែប ទាំងព្រះយេស៊ូរធ្លាប់ធ្វើការផ្ទាល់ដៃ។ នៅថ្ងៃនេះ ក្នុងសកលលោកទាំងមូលមានចាត់ចែង “ទិវាពលកម្ម” គឺមនុស្សទូទៅលើកតម្កើងសិទ្ធប្រជាពលករ ឬធ្វើបាតុកម្មទាមទារយុត្តិធម៌ក្នុងសង្គម។ នៅឆ្នាំ ១៩៥៥ សម្តេចប៉ាបពីយ៉ូទី ១២ បានចាត់ចែងពិធីបុណ្យនៅថ្ងៃនេះដែរ ដើម្បីដាស់តឿនគ្រីស្តបរិស័ទទូទាំងសកលលោកឱ្យនឹកដល់តម្លៃនៃការងាររបស់ខ្លួន គឺថាដោយកិច្ចការរបស់ខ្លួន មនុស្សគ្រប់ៗរូបបន្តព្រះកិច្ចរបស់ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក។ នៅថ្ងៃនេះ ព្រះសហគមន៍រម្លឹកគ្រីស្តបរិស័ទឱ្យដឹងថា ខ្លួនមានភារកិច្ចសាងសង្គមមនុស្សប្រកបដោយយុត្តិធម៌ និងភាតរភាព កុំបណ្តោយឱ្យអ្នកមាន ឬអ្នកកាន់អំណាចជិះជាន់ប្រជាពលករ។ “យុវពលករមានតម្លៃជាងមាសទាំងប៉ុន្មានដែលមានក្នុងពិភពលោកទាំងមូល (អភិបាលកាឌិន)”។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានលើកព្រះយេស៊ូឡើងតែងតាំងជាព្រះអម្ចាស់និងជាព្រះសង្គ្រោះរបស់មនុស្សលោក។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យបំពេញកិច្ចការរាល់ថ្ងៃ ដោយរួមរស់ជាមួយព្រះយេស៊ូផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៥,២៧-៣៣
នៅគ្រានោះមេកងរក្សាព្រះវិហារនាំក្រុមគ្រីស្តទូតមកឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់។ លោកមហាបូជាចារ្យសួរក្រុមគ្រីស្តទូតថា៖ «យើងបានហាមប្រាមអ្នករាល់គ្នាមិនឱ្យបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះអ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះមកលើយើងថែមទៀតផង!»។
លោកសិលា និងគ្រីស្តទូតឯទៀតៗឆ្លើយឡើងថា៖«យើងខ្ញុំត្រូវស្តាប់បង្គាប់ព្រះជាម្ចាស់ ជាជាងស្តាប់បង្គាប់មនុស្ស។ ព្រះនៃបុព្វបុរសរបស់យើងទ្រង់បានប្រោសលោកយេស៊ូដែលអស់លោកបានសម្លាប់ដោយព្យួរនៅលើឈើនោះឱ្យភ្ញាក់ឡើងវិញ។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីឱ្យប្រជាជនអ៊ីស្រាអែលកែប្រែចិត្តគំនិត និងលើកលែងទោសឱ្យរួចពីបាប។ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ព្រះអង្គទ្រង់ក៏ជាសាក្សីដែរ»។ កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេហួសចិត្ត ហើយចង់សម្លាប់ក្រុមគ្រីស្តទូតថែមទៀតផង។
ទំនុកតម្កើងលេខ ៣៤ (៣៣) ,២.៩.១៧-២០ បទកាកគតិ
២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | |
ឈប់ឈរសោះឡើយ | ។ | ||
៩ | ចូរអ្នកផ្អែកពឹង | ពិសោធន៍ឱ្យដឹង | ថាព្រះម្ចាស់ថ្លៃ |
ទ្រង់មានមេត្តា | សប្បុរសពេកក្រៃ | អស់ជនប្រុសស្រី | |
មានជ័យមង្គល | ។ | ||
១៧ | ព្រះជាអម្ចាស់ | តែងតែប្រកាស | ប្រឆាំងគ្រប់គ្រា |
នឹងមនុស្សអាក្រក់ | ទុច្ចរិតពាលា | កុំមាននរណា | |
នឹកនាដល់ឡើយ | ។ | ||
១៨ | ពេលអ្នកទៀងត្រង់ | ស្រែករកព្រះអង្គ | ទ្រង់មិនកន្តើយ |
ព្រះអង្គសណ្តាប់ | ពាក្យគេរួចហើយ | រំដោះគេឱ្យ | |
ផុតគ្រោះទាំងឡាយ | ។ | ||
១៩ | ព្រះម្ចាស់គង់ស្ថិត | ក្បែរអ្នកគ្រាំចិត្ត | មានទុក្ខខ្វល់ខ្វាយ |
ព្រះអង្គសង្គ្រោះ | អស់អ្នកទាំងឡាយ | បានសុខសប្បាយ | |
ផុតទុក្ខរីងរៃ | ។ | ||
២០ | មនុស្សសុចរិត | រមែងជួបពិត | ទុក្ខលំបាកក្រៃ |
ប៉ុន្តែព្រះម្ចាស | តែងជួយលកល | រំដោះផុតភ័យ | |
បានសុខគ្រប់គ្រា | ។ |
អបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១យហ ៤,១៥; ៥,១
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាប្រកាសជំនឿថា ព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះពិតជាកើតមកពីព្រះជាម្ចាស់មែន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៣,៣១-៣៦
ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ព្រះអង្គដែលយាងពីស្ថានបរមសុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់។ អ្នកដែលកើតពីលោកីយ៍ នៅតែជាលោកីយ៍ដដែល ហើយនិយាយតែពីរឿងលោកីយ៍។ ព្រះអង្គដែលយាងពីស្ថានបរមសុខមក ទ្រង់មានឋានៈធំលើសគេទាំងអស់ ព្រះអង្គធ្វើជាបន្ទាល់បញ្ជាក់ពីអ្វីទាំងអស់ដែលទ្រង់បានឃើញ និងបានឮ ប៉ុន្តែគ្មាននរណាទទួលសក្ខីភាពរបស់ព្រះអង្គទេ។ អ្នកដែលទទួលសក្ខីភាពរបស់ព្រះអង្គបញ្ជាក់ថា ព្រះជាម្ចាស់បានសម្តែងសេចក្តីពិតមែន ដ្បិតព្រះអង្គដែលព្រះជាម្ចាស់ចាត់ឱ្យយាងមកថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពីព្រោះព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកព្រះអង្គយ៉ាងបរិបូណ៍។ ព្រះបិតាស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ឱ្យនៅក្រោមអំណាចរបស់ព្រះបុ្រតា។ អ្នកណាជឿលើព្រះបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើព្រះបុត្រាទេ អ្នកនោះនឹងមិនទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីព្រះជាម្ចាស់»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតា! ព្រះអង្គស្រឡាញ់ព្រះបុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ឱ្យនៅក្រោមអំណាចរបស់ព្រះបុត្រា។ មានតែព្រះបុត្រាតែមួយព្រះអង្គប៉ុណ្ណោះដែលបានឃើញ និងបានឮព្រះបិតា។ ក្នុងអភិបូជានេះ យើងខ្ញុំសូមថ្វាយតង្វាយ និងពាក្យអធិដ្ឋាន សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួបរួមយ៉ាងជិតស្និទ្ធជាមួយព្រះយេស៊ូ មកថ្វាយសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គផង។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដែលស្រឡាញ់មនុស្សលោកហួសប្រមាណ! ព្រះអង្គប្រទានជីវិតអស់កល្បជានិច្ចឱ្យអស់អ្នកដែលជឿសង្ឃឹមលើព្រះយេស៊ូ ជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿយើងខ្ញុំ ព្រមទាំងប្រោសយើងខ្ញុំឱ្យធ្វើសាក្សី បញ្ជាក់ពីជំនឿនេះដោយស្តាប់បង្គាប់ព្រះអង្គជាជាងអនុវត្តតាមមតិទូទៅរបស់មនុស្សផង។