ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះបិតាដែលមានតេជានុភាពសព្វប្រការ! ដោយអគ្គសញ្ញាជ្រមុជទឹក ព្រះអង្គសព្វព្រះហឫទ័យឱ្យបុត្រធីតារបស់ព្រះអង្គកើនចំនួនឡើងជាលំដាប់។ សូមទ្រង់ព្រះមេត្តាថែរក្សាបុត្រធីតាដែលទើបនឹងកើតថ្មីនោះ។ សូមឱ្យពួកគេបានជីវិតអមតៈរបស់ព្រះគ្រីស្តដើម្បីឱ្យថ្ងៃណាមួយគេអាចចូលរួមក្នុងពិធីមង្គលការនៃស្ថានបរមសុខផង។
សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៤,១៣-២១
ក្រុមប្រឹក្សាជាន់ខ្ពស់ឃើញលោកសិលា និងលោកយ៉ូហានមានចិត្តអង់អាច។ គេងឿងឆ្ងល់ខ្លាំងណាស់ ដ្បិតគេដឹងថា លោកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា លោកទាំងពីរធ្លាប់នៅជាមួយព្រះយេស៊ូ។ ប៉ុន្តែ ពួកគេរកពាក្យឆ្លើយតបវិញមិនបានសោះ ព្រោះគេឃើញបុរសដែលបានជានោះឈរនៅជាមួយស្រាប់។ ពួកគេក៏បញ្ជាឱ្យលោកទាំងពីរចេញពីអង្គប្រជុំ ហើយពិគ្រោះគ្នាថា៖ «តើយើងគួរធ្វើអ្វីដល់អ្នកទាំងពីរនេះ? ដ្បិតអ្នកក្រុងយេរូសាឡឹមទាំងមូលដឹងច្បាស់ថា គេបានធ្វើទីសម្គាល់អស្ចារ្យមួយដ៏វិសេស យើងមិនអាចបដិសេធបាន។ ដូច្នេះ តោងយើងហាមប្រាម និងគំរាមគេកុំឱ្យប្រកាសប្រាប់នរណាអំពីឈ្មោះនោះតទៅទៀតឡើយ ដើម្បីកុំឱ្យរឿងនេះលេចឮខ្ចរខ្ចាយដល់ប្រជាជន»។ ក្រុមប្រឹក្សាក៏ហៅសាវ័កទាំងពីរមក ហើយហាមប្រាមមិនឱ្យនិយាយ និងបង្រៀនអំពីព្រះនាមព្រះយេស៊ូជាដាច់ខាត។ លោកសិលា និងលោកយ៉ូហានមានប្រសាសន៍តបទៅគេវិញថា៖ «សូមអស់លោកពិចារណាមើលចុះ! ដើម្បីឱ្យបានស្របតាមព្រះហឫទ័យព្រះជាម្ចាស់ គួរឱ្យយើងខ្ញុំធ្វើតាមបង្គាប់អស់លោក ឬធ្វើតាមបង្គាប់របស់ព្រះអង្គ?។ យើងខ្ញុំឈប់និយាយអំពីហេតុការណ៍ដែលយើងខ្ញុំបានឃើញបានឮនោះពុំកើតឡើយ»។ ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុដើម្បីដាក់ទោសលោកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឱ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ ដែលកើតមានឡើងនោះគ្រប់ៗគ្នា។
ទំនុកតម្កើងលេខ ១១៨ (១១៧), ១.១៤-២១ បទពាក្យ ៧
១ | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះទ័យថ្លៃ | |
សប្បុរសករុណាត្រាប្រណី | ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ | ។ | |
១៤ | ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ | ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក | |
មានព្រះនាមព្រះផុតទុក្ខសោក | ព្រះអង្គចេញមកច្បាំងការពារ | ។ | |
១៥ | មនុស្សសុចរិតចិត្តអង់អាច | មិនចេះកោតខ្លាចស្រែកគ្រប់គ្នា | |
ច្រៀងថ្វាយព្រះអង្គមានឫទ្ធា | សម្តែងចេស្តាអានុភាព | ។ | |
១៦ | ព្រះអង្គសម្តែងបារមីខ្ពស់ | ប្រសើលើសលស់មិនទន់ទាប | |
ព្រះអង្គបង្ហាញឱ្យគេជ្រាប | ឫទ្ធានុភាពអស្ចារ្យក្រៃ | ។ | |
១៧ | ខ្ញុំត្រូវនៅរស់មានជីវិត | មិនត្រូវស្លាប់ផុតចាកលោកីយ៍ | |
ដើម្បីរៀបរាប់ពីសេចក្ដី | ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ | ។ | |
១៨ | ព្រះអង្គប្រដៅវាយអប់រំ | ទះតប់រូបខ្ញុំប្រាកដណាស់ | |
តែទ្រង់ស្រឡាញ់មិនឱ្យប្រាស | មិនឱ្យមានគ្រោះឬត្រូវស្លាប់ | ។ | |
១៩ | ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស | សុចរិតស្រីប្រុសមកប្រញាប់ | |
ខ្ញុំនឹងចូលទៅឱ្យបានឆាប់ | នឹងថ្លែងរៀបរាប់អរគុណទ្រង់ | ។ | |
២០ | ទ្វារនេះជាទ្វារព្រះអម្ចាស់ | សូមជនស្រីប្រុសដើរតម្រង់ | |
អ្នកសុចរិតអើយកុំបង្អង់ | ទ្វារបើកបម្រុងនៅចាំអ្នក | ។ | |
២១ | ខ្ញុំនឹងតម្កើងព្រះអម្ចាស់ | ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់ | |
តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ | ថែមទាំងថ្នាក់ថ្នមខ្ញុំដិតដល់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១១៨,២៤
អាលេលូយ៉ា! អាលេលូយ៉ា!
នេះជាថ្ងៃដ៏អស្ចារ្យបំផុត! យើងនាំគ្នាត្រេកអរសប្បាយរីករាយឡើង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកូស មក ១៦,៩-១៥
ព្រះយេស៊ូក្រោកឈរឡើងពីចំណោមមនុស្សស្លាប់នៅព្រឹកថ្ងៃអាទិត្យ ទ្រង់បានបង្ហាញព្រះអង្គឱ្យនាងម៉ារីជាអ្នកស្រុកម៉ាដាឡាឃើញ គឺនាងម៉ារីនេះហើយដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង។ នាងបានយកដំណឹងនេះទៅប្រាប់អស់អ្នកដែលរស់នៅជាមួយព្រះយេស៊ូកាលពីមុន។ អ្នកទាំងនោះកំពុងកាន់ទុក្ខ ព្រមទាំងយំសោកទៀតផង។ ពេលគេឮថា ព្រះអង្គមានព្រះជន្មគង់នៅ ហើយឮថា នាងបានឃើញព្រះអង្គ គេមិនជឿនាងឡើយ។ បន្ទាប់មក ព្រះយេស៊ូបានបង្ហាញព្រះអង្គឱ្យសាវ័កពីរនាក់ឃើញតាមទ្រង់ទ្រាយមួយផ្សេងទៀត ក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។ អ្នកទាំងពីរក៏នាំដំណឹងមកប្រាប់សាវ័កឯទៀតៗដែរ តែពួកគេនៅតែមិនជឿដដែល។ នៅទីបំផុត ព្រះយេស៊ូក៏បង្ហាញខ្លួនឱ្យក្រុមសាវ័កទាំងដប់មួយនាក់ឃើញនៅពេលដែលគេកំពុងបរិភោគ។ ព្រះអង្គបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្តរឹងរូសពុំព្រមជឿ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូជាព្រះបុត្រាបានបូជាព្រះជន្ម ដោយទ្រង់សព្វព្រះហឫទ័យធ្វើតាមព្រះបញ្ជារបស់ព្រះអង្គរហូតដល់ទីបំផុត។ ក្រុមសាវ័កក៏សុខចិត្តធ្វើតាមបង្គាប់របស់ព្រះអង្គ ជាជាងធ្វើតាមបង្គាប់របស់មនុស្ស។ សូមទ្រង់ព្រះមេត្តាប្រទានសេចក្តីក្លាហានឱ្យយើងខ្ញុំ សូមឱ្យយើងខ្ញុំហ៊ានធ្វើតាមបង្គាប់ព្រះអង្គជានិច្ច ទុកជាសក្ការបូជាដែលគាប់ព្រះហឫទ័យព្រះអង្គ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌ព្រះមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យប្រទានជីវិតថ្មីឱ្យយើងខ្ញុំជាប្រជារាស្រ្តរបស់ព្រះអង្គ ដោយអគ្គសញ្ញាជ្រមុជទឹក និងដោយព្រះកាយព្រះគ្រីស្ត។ សូមទ្រង់ព្រះមេត្តាប្រទានឱ្យយើងខ្ញុំរស់នៅតាមជីវិតថ្មីនោះផង។