ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែងហួសពីការស្មាន! សូមព្រះអង្គទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ កុំឱ្យមានចិត្តសង្ស័យឡើយ។ សូមប្រោសយើងខ្ញុំឱ្យយល់កាន់តែច្បាស់អំពីអត្ថន័យអគ្គសញ្ញាជ្រមុជទឹក ដែលបានជម្រះយើងខ្ញុំអំពីព្រះវិញ្ញាណដែលប្រទានជីវិតថ្មីឱ្យយើងខ្ញុំ និងអំពីព្រះលោហិតដ៏ប្រសើរ ដែលបានរំដោះយើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៥,១២-១៦
នៅក្រុងយេរូសាឡឹម គ្រីស្តទូតនាំគ្នាសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើននៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្តគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។ រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។ បណ្តាជនទាំងប្រុសទាំងស្រីដែលជឿបានមកចូលរួមជាមួយព្រះអម្ចាស់កាន់តែច្រើនឡើងៗ។ មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឱ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែស្រមោលលោកសិលាបាំងលើអ្នកជំងឺណាម្នាក់នៅពេលដែលលោកដើរកាត់តាមនោះក៏បានដែរ។ មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានានៅជិតក្រុងយេរូសាឡឹម ទាំងសែងអ្នកជំងឺ និងអ្នកដែលមានខ្មោចចូលមកជាមួយផង អ្នកទាំងនោះបានជាគ្រប់ៗគ្នា។
ពេលនោះលោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី មានចិត្តក្តៅក្រហាយជាខ្លាំង។ គេលើកគ្នាមកចាប់ក្រុមគ្រីស្តទូតយកទៅឃុំឃាំង នៅពន្ធនាគារសាធារណៈ។
ទំនុកតម្កើងលេខ ១១៨ (១១៧), ១.៤.២២-២៦.២៩ បទពាក្យ ៧
១ | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះទ័យថ្លៃ | |
សប្បុរសករុណាត្រាប្រណី | ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ | ។ | |
៤ | អស់អ្នកគោរពកោតខ្លាចព្រះ | ក៏ត្រូវប្រកាសឱ្យក្តែងៗ | |
ដូចអ៊ីស្រាអែលកុំបីក្រែង | ហប្ញទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ | ។ | |
២២ | ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ | ប្រែជារឹងមាំបែរជាកល់ | |
ជើងសសរផ្ទះមាំឥតខ្វល់ | ល្បីល្បាញឮដល់សព្វជាតិសាសន៍ | ។ | |
២៣ | ព្រះអង្គសម្រេចការអស្ចារ្យ | ដោយប្ញទ្ធិថ្លៃថ្លានៃអម្ចាស់ | |
អស្ចារ្យពេកក្រៃយើងឃើញច្បាស់ | គួរស្ញប់ស្ញែងណាស់គួរគោរព | ។ | |
២៤ | ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ | កំណត់ទុកច្បាស់ឱ្យយើងឈប់ | |
នាំគ្នាសប្បាយកុំនៅជ្រប់ | គ្រប់ភូមិគ្រប់ស្រុកអរទាំងអស់ | ។ | |
២៥ | ឱព្រះអម្ចាស់សូមសង្គ្រោះ | ឱ្យខ្ញុំល្បីឈ្មោះមានសម្រស់ | |
មានជោគមានជ័យខ្លាំងឥតខ្ចោះ | យើងនឹកអាឡោះអាល័យណាស់ | ។ | |
២៦ | យើងសូមតម្កើងលើកព្រះអង្គ | ដែលយាងមកក្នុងនាមព្រះម្ចាស់ | |
យើងដែលស្ថិតក្នុងដំណាក់ព្រះ | សូមឱ្យពរអ្នកល្អប្រពៃ | ។ | |
២៩ | ចូរលើកតម្កើងព្រះអម្ចាស់ | ដ្បិតទ្រង់មានព្រះទ័យអាណិត | |
សប្បុរសករុណាត្រង់សុចរិត | អស់កល្បស្ថេរស្ថិតរហូតទៅ | ។ |
អត្ថបទទី២៖ សូមថ្លែងព្រះគម្ពីរវិវរណៈ វវ ១,៩-១៣.១៧-១៩
ខ្ញុំយ៉ូហានជាបងប្អូនរបស់អ្នករាល់គ្នា។ ខ្ញុំរងទុក្ខលំបាកទទួលព្រះរាជ្យ និងព្យាយាមរួមជាមួយបងប្អូនក្នុងអង្គព្រះយេស៊ូដែរ។ គេបាននិរទេសខ្ញុំទៅកោះមួយឈ្មោះប៉ាតម៉ូស ព្រោះតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសក្ខីភាពរបស់ព្រះយេស៊ូ។ នៅថ្ងៃរបស់ព្រះអម្ចាស់ ព្រះវិញ្ញាណបានធ្វើឱ្យខ្ញុំលង់ស្មារតី ហើយខ្ញុំក៏ឮសំឡេងមួយនៅខាងក្រោយខ្ញុំ លាន់រំពងឡើងយ៉ាងខ្លាំងដូចសំឡេងត្រែ សំឡេងនោះប្រាប់ថា អ្វីៗដែលអ្នកបានឃើញ ត្រូវសរសេរទុកក្នុងសៀវភៅមួយ រួចផ្ញើជូនព្រះសហគមន៍ទាំងប្រាំពីរនៅស្រុកអាស៊ី។
ខ្ញុំក៏ងាកទៅរកសំឡេងដែលពោលមកកាន់ខ្ញុំពេលនោះ ខ្ញុំឃើញជើងចង្កៀងមាសប្រាំពីរ។ នៅកណ្តាលជើងចង្កៀងទាំងនោះ មានម្នាក់រាងដូចបុត្រមនុស្សពាក់អាវបំពង់យ៉ាងវែង ហើយមានខ្សែក្រវាត់មាសនៅដើមទ្រូងផង។ ពេលខ្ញុំឃើញលោក ខ្ញុំដួលសន្លប់បាត់ស្មារតីនៅទៀបជើងលោក។ លោកដាក់ដៃស្តាំលើខ្ញុំទាំងពោលថា៖ «កុំខ្លាចអី! គឺយើងនេះហើយដែលនៅមុនគេ និងនៅក្រោយគេបំផុត។ យើងបានស្លាប់ តែឥឡូវនេះ យើងមានជីវិតរស់អស់កល្បជាអង្វែងតរៀងទៅ។ យើងមានអំណាចលើសេចក្តីស្លាប់ និងលើស្ថានមច្ចុរាជ។ ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ គឺហេតុការណ៍ដែលកំពុងតែកើតមាននៅពេលនេះ និងពេលខាងមុខ»។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ២០,២៩
អាលេលូយ៉ា! អាលេលូយ៉ា!
លោកថូម៉ាសបានឃើញព្រះអម្ចាស់ហើយបានជឿ។ អ្នកជឿដោយឥតបានឃើញ ពិតជាមានសុភមង្គលហើយ! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ២០,១៩-៣១
នៅល្ងាចថ្ងៃអាទិត្យក្រោយព្រះយេស៊ូសោយទិវង្គត ក្រុមសាវ័កនៅក្នុងផ្ទះ ខ្ទាស់ទ្វារយ៉ាងជាប់ ព្រោះខ្លាចជនជាតិយូដា។ ស្រាប់តែព្រះយេស៊ូយាងមក ឈរនៅកណ្តាលចំណោមពួកគេ ហើយមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ទាំងបង្ហាញស្នាមរបួសនៅព្រះហស្ត និងនៅត្រង់ឆ្អឹងជំនីរឱ្យគេឃើញផង។ ក្រុមសាវ័កសប្បាយចិត្តជាខ្លាំង ដោយបានឃើញព្រះអម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេសាជាថ្មីថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត! ដូចព្រះបិតាបានចាត់ខ្ញុំឱ្យមកយ៉ាងណា ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅយ៉ាងនោះដែរ»។
បន្ទាប់ពីមានព្រះបន្ទូលហើយ ព្រះអង្គផ្លុំលើពួកគេទាំងមានព្រះបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណ!។ បើអ្នករាល់គ្នាលើកលែងទោសអ្នកនោះឱ្យរួចពីបាប ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឱ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន» ។
កាលព្រះយេស៊ូយាងមកនោះ លោកថូម៉ាសហៅឌីឌីមជាសាវ័កម្នាក់ក្នុងចំណោមសាវ័កទាំងដប់ពីរមិនបាននៅជាមួយពួកគេទេ។ សាវ័កឯទៀតៗប្រាប់គាត់ថា៖ «យើងបានឃើញព្រះអម្ចាស់»។ ប៉ុន្តែ គាត់និយាយទៅពួកគេវិញថា៖ «បើខ្ញុំមិនឃើញស្នាមដែកគោលនៅបាតដៃ មិនបានដាក់ម្រាមដៃក្នុងស្នាមដែកគោល ហើយបើខ្ញុំមិនបានដាក់ដៃត្រង់ឆ្អឹងជំនីររបស់លោកទេ ខ្ញុំមិនជឿជាដាច់ខាត»។
ប្រាំបីថ្ងៃក្រោយមក ក្រុមសាវ័កជួបជុំគ្នានៅក្នុងផ្ទះសាជាថ្មី លោកថូម៉ាសក៏នៅជាមួយដែរ។ ពេលនោះ ទ្វារផ្ទះខ្ទាស់ជាប់ ព្រះយេស៊ូយាងមកឈរនៅកណ្តាលចំណោមពួកគេទាំងមានព្រះបន្ទូលថា៖ «សូមឱ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅលោកថូម៉ាសថា៖ «មើលដៃខ្ញុំនេះ ចូរដាក់ម្រាមដៃអ្នកមក ហើយដាក់ដៃអ្នកត្រង់ឆ្អឹងជំនីរខ្ញុំ។ ចូរជឿទៅ! កុំរឹងរូសមិនព្រមជឿដូច្នេះ។ លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអង្គពិតជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំមែន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ!»។
ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើនទៀតឱ្យក្រុមសាវ័កឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ រីឯសេចក្តីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឱ្យអ្នករាល់គ្នាជឿថា ព្រះយេស៊ូពិតជាព្រះគ្រីស្ត និងពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយឱ្យអ្នករាល់គ្នាដែលជឿមានជីវិតដោយរួមជាមួយព្រះអង្គ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយពីយើងខ្ញុំទាំងអស់គ្នាជាបុត្រធីតាដែលកើតជាថ្មី ដោយរួមជាមួយព្រះគ្រីស្ត។ យើងខ្ញុំសូមថ្វាយកាយ វាចា ចិត្ត រួមនឹងសក្ការបូជារបស់ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាចនៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។
ពាក្យអរព្រះគុណ
បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គប្រោសយើងខ្ញុំឱ្យទទួលជីវិតថ្មី ដោយយើងខ្ញុំជឿលើព្រះបុត្រាដែលសោយទិវង្គត និងទទួលព្រះជន្មថ្មីដ៏រុងរឿង។ សូមទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណព្រះអង្គយាងមកប្រែចិត្តគំនិតយើងខ្ញុំ ឱ្យអាចរស់នៅតាមឋានៈរបស់ខ្លួនជាបុត្រធីតាព្រះអង្គផង។