អត្ថទបព្រះគម្ពីរ ថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកបេនស៊ីរ៉ាក់ បស ៣៥,១-១៥

អ្នកដែលគោរពប្រតិបត្តិតាមវិន័យ ក៏ដូចជាបានថ្វាយតង្វាយជាច្រើនអនេកដល់​ព្រះអម្ចាស់។ អ្នកដែលជាប់ជំពាក់ចិត្តនឹងវិន័យ ក៏ដូចជាបានថ្វាយយញ្ញបូជាមេត្រីភាពដែរ។ អ្នកដឹងគុណ ក៏ដូចជាបានថ្វាយតង្វាយម្សៅសុទ្ធ។ អ្នកចែកទានឱ្យគេ ក៏ដូចជាបានថ្វាយសក្ការបូជាដើម្បីសរសើរតម្កើង។ អ្នកណាងាកចេញពីអំពើអាក្រក់ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះអម្ចាស់ រីឯអ្នកដែលឃ្លាតឆ្ងាយពីអំពើទុច្ចរិត ក៏​ដូចជាបានថ្វាយយញ្ញបូជាដើម្បីឱ្យរួចពីបាបដែរ។ ប៉ុន្តែ សូមកុំមកថ្វាយបង្គំព្រះ​ជាម្ចាស់ដោយដៃទទេឡើយ ដ្បិតព្រះអង្គបានបញ្ជាឱ្យថ្វាយសក្ការបូជាទាំងនោះផងដែរ។ តង្វាយរបស់មនុស្សសុចរិត ពិតជាតង្វាយដ៏ពេញលក្ខណៈ មានក្លិនឈ្ងុយ​ឈ្ងប់ ដែលហុយឡើងទៅដល់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ សក្ការបូជារបស់មនុស្សសុចរិត រមែងគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គមិនបំភ្លេចតង្វាយដែលគេដុតលើអាសនៈឡើយ។ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ដោយចិត្តទូលាយ កុំមានចិត្តចង្អៀតចង្អល់នៅពេលថ្វាយផលផ្លែដំបូងនៃកិច្ចការរប់សខ្លួន។ ពេលអ្នកថ្វាយតង្វាយ ចូលសម្ដែងទឹកមុខរីករាយ ចូរថ្វាយដង្វាយមួយភាគដប់ដោយអំណរ។ ចូរ​ថ្វាយតង្វាយចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត តាមព្រះអំណោយទានរបស់ព្រះអង្គ។ ចូរមាន​ចិត្តទូលាយតាមកម្លាំងធនធានរបស់អ្នក ដ្បិតព្រះអម្ចាស់តែងតែសងវិញ មួយជា​ប្រាំពីរពុំខាន។ កុំប្រើតង្វាយដើម្បីទិញយកការអនុគ្រោះពីព្រះអង្គឡើយ ដ្បិត​ព្រះអង្គមិនព្រមទទួលសំណូកពីនរណាទេ។ កុំពឹងលើសក្ការបូជាដ៏ទុច្ចរិត ដ្បិតព្រះ​អម្ចាស់ជាចៅក្រម ព្រះអង្គវិនិច្ឆ័យដោយមិនរើសមុខ។

ទំនុកតម្កើងលេខ ៥០ (៤៩),៤.៧-៨.១២.១៤.២៣ បទព្រហ្មគីតិ

៤ ព្រះអង្គហៅមេឃដី ធ្វើសាក្សីគ្រានោះផង
វិនិច្ឆ័យទោសខុសឆ្គង រាស្ត្រព្រះអង្គទាំងប៉ុន្មាន ។
៧ ប្រជាជនបវរ នាំគ្នាមកស្តាប់ពាក្យពិត
អ៊ីស្រាអែលអើយកុំគិត យើងនេះពិតព្រះអ្នកហើយ ។
៨ យើងមិនស្តីបន្ទោស អ្នកទាំងអស់ដែលបានថ្វាយ
យញ្ញបូជាទាំងឡាយ អចិន្ត្រៃយ៍មិនដែលអាក់ ។
១២ ប្រសិនបើយើងឃ្លាន យើងនឹងហ៊ានមិនបាច់ខ្វល់
អ្វីៗគ្មានសេសសល់ លើសកលយើងជាម្ចាស់ ។
១៤ តង្វាយផងទាំងឡាយ ដែលអ្នកថ្វាយជាហូរហែ
គឺពាក្យតម្កើងដែរ អ្នកត្រូវតែគោរពតាម ។
២៣ អ្នកណាថ្វាយពាក្យថ្កើង មកដល់យើងជាតង្វាយ
យើងរីករាយស្រស់ស្រាយ យើងសប្បាយជួយសង្គ្រោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ ព្រោះ​ទ្រង់បានសម្តែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យអ្នកតូចតាចស្គាល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,២៨-៣១

​លោកសិលាទូលព្រះយេស៊ូថា៖ «ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំមកតាមព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ អ្នកនោះនឹង​ទទួលមួយជាមួយរយក្នុងពេលឥឡូវនេះ គឺទទួលផ្ទះសម្បែង បងប្អូនប្រុសស្រី ម្តាយ កូន និងស្រែចម្ការ ព្រមទាំងទទួលការបៀតបៀន ហើយក៏នឹងមានជីវិតអស់កល្បជានិច្ច នៅលោកខាងមុខ​ថែមទៀតផង។ មនុស្សជាច្រើនដែលនៅខាងមុខ នឹង​ត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខ​វិញ»។

Facebook
Twitter
LinkedIn