អង្គការការីតាសកម្ពុជា រៀបចំជំនួបបុគ្គលិកប្រចាំឆ្នាំលើកទី៣១ ក្រោមប្រធានបទ៖ «បូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹម» ក្រោមការណែនាំរបស់លោកអភិបាលទាំងបីភូមិភាគ ដែលធ្វើឡើងនាថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅ នៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ក្នុងខេត្តកំពត។
មុនពេលចេញដំណើរឆ្ពោះទៅខេត្តកំពត បុគ្គលិកទាំង១៨០នាក់របស់អង្គការការីតាសកម្ពុជាបានជួបជុំគ្នានៅទីសក្ការដ្ឋានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់(ព្រះវិហារសន្តសិលានិងសន្តប៉ូល) ក្នុងរាជធានីភ្នំពេញ ដែលជាទីសក្ការដ្ឋានក្នុងឆ្នាំមហាករុណាទិគុណក្នុងភូមិភាគភ្នំពេញ ដើម្បីឆ្លងទ្វារដ៏វិសុទ្ធ ក្រោមការណែនាំរបស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
បន្ទាប់មក ក្រុមបុគ្គលិកការីតាសកម្ពុជា ព្រមទាំងលោកអភិបាលទាំងអស់ធ្វើដំណើរទស្សនកិច្ចភូមិសុខសាន្ត និងមណ្ឌលសិប្បកម្មដូងរបស់ព្រះសហគមន៍កាតូលិកនៅខេត្តតាកែវ ហើយបានបន្តធ្វើដំណើរទៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍។
នៅថ្ងៃបន្ទាប់ លោកគីម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានស្វាគមន៍និងបានឲ្យដឹងថា អង្គការការីតាសបានធ្វើដំណើររួមជាមួយប្រជាជនកម្ពុជា ជាមួយអ្នកក្រីក្ររយៈពេល៣៥ឆ្នាំមកហើយ វាប្រៀបដូចជាការធ្វើបូជនីយចររួមជាមួយអ្នកក្រីក្រនៅប្រទេសកម្ពុជាដើម្បីស្វែងរកសេចក្តីសង្ឃឹម។
លោកប្រធានរូបនេះបន្តថា យើងមកទីនេះដើម្បីរិះគិតជាមួយគ្នាអំពីសេចក្តីសង្ឃឹម ដោយមានលោកអភិបាលទាំងបីណែនាំយើង ឱ្យ«យើងមានកម្លាំងចិត្ត ដើម្បីចែកក្តីស្ឃឹមនេះទៅដល់បងប្អូនឯទៀតៗ និងនាំបងប្អូនឯទៀតៗរកឃើញពន្លឺនៃសេចក្តីសង្ឃឹមថ្មីសម្រាប់ជីវិតរបស់គាត់»។
លោករតនាបន្ថែមថា បេសកកម្ម ក្តីសុបិន្ត និងទស្សនវិស័យរបស់អង្គការការីតាសកម្ពុជា គឺយើងចង់ឃើញសង្គមមួយដែលមានយុត្តិធម៌ គោរពសិទ្ធិរវាងគ្នានិងគ្នា ស្ដាប់គ្នាទៅវិញទៅមក អភិវឌ្ឍមនុស្សគ្រប់ជ្រុងជ្រោយ ជាពិសេសសិទ្ធិអ្នកក្រីក្រត្រូវបានលើកកម្ពស់ និងយកចិត្តទុកដាក់។
លោកអភិបាល អូលីវីយ៉េ បានទទួលស្វាគមន៍ក្រុមបុគ្គលិកការីតាសកម្ពុជា និងណែនាំអំពីឆ្នាំមហាករុណាទិគុណ។ លោកមានប្រសាសន៍ថា « យើងជួបជុំគ្នា ចែកយោបល់គ្នាទៅវិញទៅមក និងរិះគិតសារជាថ្មីអំពីជីវិត និងតួនាទីរបស់យើងផ្ទាល់ ដើម្បីយកចិត្តទុកដាក់លើការទទួលខុសត្រូវរបស់យើង អរព្រះគុណព្រះជាម្ចាស់ និងសូមព្រះអង្គប្រទានពរដល់យើងទាំងអស់ ដើម្បីធ្វើដំណើរឆ្ពោះទៅសេចក្តីសង្ឃឹម»។
ក្នុងកម្មវិធីនោះ បានរៀបចំតុមូលដើម្បីឲ្យគ្រប់គ្នាអាចចែករំលែក និងពិភាក្សាជាមួយគ្នាដោយមិនប្រកាន់ឋានៈ តាមស្មារតីរបស់សន្និបាតព្រះសហគមន៍សកល(Synodal Church)។ លោកអភិបាលបន្តទៀតថា៖ «និយាយជាមួយគ្នា ពិភាក្សាជាមួយគ្នា ស្តាប់គ្នា និងទទួលកម្លាំងពីគ្នា ធ្វើដំណើរជាមួយគ្នាឆ្ពោះទៅសេចក្តីសង្ឃឹម»។
លោកអភិបាលបន្ថែមថា តួនាទីរបស់អង្គការការីតាសគឺធ្វើយ៉ាងណាឲ្យមានយុត្តិធម៌ក្នុងសង្គម នៅកន្លែងធ្វើការ និងគ្រប់កន្លែងដែលយើងមានវត្តមាន។ ការណ៍នេះអាចធ្វើបាន លុះត្រាតែ «បុគ្គលនីមួយៗមានសីលធម៌ក្នុងខ្លួន នោះអ្វីៗដែលយើងធ្វើ មានអត្ថន័យនិងតម្លៃ»។
លោកអភិបាលអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជាប្រធានក្រុមប្រឹក្សានៃអង្គការការីតាសកម្ពុជាមានប្រសាសន៍ថា តាមជំនឿគ្រីស្តសាសនា យើងមានព្រះអំណោយទានបីដែលណែនាំយើងទៅខាងមុខគឺ ជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់។
លោកបន្តថា អត្តសញ្ញាណរបស់អង្គការការីតាសគឺសេចក្តីស្រឡាញ់។ យើងត្រូវមានសេចក្តីស្រឡាញ់ និងធម៌មេត្តាករុណានៅក្នុងដួងចិត្ត។ លោកសូមឲ្យបុគ្គលិកអង្គការការីតាសដែលមានជំនឿខុសៗគ្នា ធ្វើការងារដូចព្រះយេស៊ូ មានចិត្តចូលរួមក្នុងសង្គម ដើម្បីអាចអនុវត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
លោកបន្ថែមថា បើយើងមានសេចក្តីសង្ឃឹម យើងគិតដល់អនាគត ដោយសារព្រះជាម្ចាស់បានរៀបចំឲ្យយើង ហើយសេចក្តីសង្ឃឹមជំរុញយើងឲ្យមានសេចក្តីស្រឡាញ់ និងជំនឿ។
លោកអភិបាលអេនរីគេ ស្នើសុំឲ្យបុគ្គលិកអង្គការការីតាសទាំងអស់ថា៖ «នៅក្នុងឆ្នាំនេះសូមបងប្អូនថែរក្សាសេចក្តីសង្ឃឹម ឲ្យមានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដ ឲ្យមានជំនឿច្បាស់លាស់ ដើម្បីប្រកាសយើងជាបងប្អូនរួមគ្នា (នោះ)ព្រះជាម្ចាស់នឹងប្រទានឲ្យយើងមានជីវិតដ៏ពេញលេញ»។
ក្នុងថ្ងៃដដែលនោះ លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម បានណែនាំដល់អង្គប្រជុំទាំងមូលអំពី«ការកសាងសហគមន៍នៃក្តីសង្ឃឹម» និងមានការពិភាក្សាជាក្រុមតូចៗផ្តោតលើការបង្កើតសហគមន៍នៃសេចក្តីសង្ឃឹម។
លោកអភិបាលមានប្រសាសន៍ដល់អង្គប្រជុំថា ពេលណាយើងនិយាយអំពីការកសាងសហគមន៍នៃក្តីសង្ឃឹមនេះ យើងត្រូវការពេលវេលា ចិត្តអត់ធ្មត់ និងសេចក្តីស្រឡាញ់ខ្លាំងចំពោះបងប្អូនក្នុងសហគមន៍។ លោកបន្តថា៖ «ខ្ញុំសូមជូនពរដល់ក្រុមរបស់យើង បង្កើតសហគមន៍មួយដែលពោរពេញដោយសេចក្តីសង្ឃឹម ផ្តល់សេចក្តីសង្ឃឹមឲ្យគ្នាទៅវិញទៅមក»។
នៅថ្ងៃបញ្ចប់បុគ្គលិកនៃអង្គការការីតាសបានចូលរួមអភិបូជា និងបានដាំដើមឈើនៅក្នុងរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍មានដូចជា ធុរេន១៥ដើម ស្វាយចន្ទី៤០ដើម ស្វាយចន្ទី១០ដើម ផាសសិន៤០ដើម ផ្លែមាន១៥ដើម ដើមធ្នង់៧០។ ក្រោយមក លោកអភិបាលអេនរីគេ ហ្វីការេដូ ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការការីតាសបានចែកវិញ្ញាបនបត្រថ្លែងអំណរគុណដល់បុគ្គលិក ដែលបានបំពេញការងារចំនួន៣០ឆ្នាំ ២៥ឆ្នាំ ២០ឆ្នាំ ១៥ឆ្នាំ និង១០ឆ្នាំជាមួយអង្គការការីតាសនាពេលកន្លងមក៕
ដោយ៖ ម៉េង ភីឡុង