អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥

អត្ថបទទី១៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៩,១៥,២៤-២៨

បងប្អូនជាទីស្រឡាញ់!
ព្រះយេស៊ូជាស្ពានសម្ពន្ធមេត្រីមួយថ្មី។ ដូច្នេះ អស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ អាចទទួលមត៌កដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យា ព្រោះព្រះយេស៊ូបានសោយទីវង្គតដើម្បីលោះមនុស្សលោកឱ្យរួចពីកំហុសដែលគេបានប្រព្រឹត្តល្មើសកាលនៅក្រោមសម្ពន្ធមេត្រីចាស់។ ព្រះគ្រីស្តពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើយដោយដៃមនុស្សដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងទៅចូលក្នុងស្ថានបរមសុខតែម្តង។ ឥឡូវនេះ ព្រះអង្គស្ថិនៅចំពោះព្រះភ័ក្រ្តព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។ ព្រះគ្រីស្តពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យដែលតែង​តែយកឈាមសត្វចូលទៅក្នុងទីសក្ការៈជារៀងរាល់ឆ្នាំនោះឡើយ។ បើព្រះអង្គបូជា​ព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសាតាំពីកំណើត​ពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ ព្រះអង្គយាងមកតែម្តងគត់​ដើម្បីលុបបំបាត់បាបដោយព្រះអង្គបានបូជាព្រះជន្ម។ ដូចមនុស្សលោកទាំងអស់ ត្រូវ​​ស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា​ ព្រះគ្រីស្តក៏បានបូជា​ព្រះជន្មតែមួយដងធ្វើជាយញ្ញបូជាដើម្បីដកបាបចេញ​​ពីមនុស្សទាំងអស់យ៉ាងនោះ​ដែរ។ ព្រះអង្គនឹងយាងមកម្តងទៀត តែលើកក្រោយនោះ គ្មានទាក់ទាមអ្វីនឹងបាបទេ​ គឺព្រះអង្គយាងមកសង្រ្គោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។

ទំនុកតម្កើងលេខ ៩៨ (៩៧),១-៦ បទកាកគតិ

ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ កុំភ្លេចឡើយណា
ដ្បិតទ្រង់ប្រព្រឹត្ត សព្វកិច្ចអស្ចារ្យ ដោយប្ញទ្ធិចេស្តា
យកជ័យជំនះ
ព្រះម្ចាស់បង្ហាញ ប្រជាឱ្យឃើញ ពីការសង្រ្គោះ
ព្រះអង្គសម្តែង ឱ្យគេទាំងអស់ ឃើញសុចរិតស្មោះ
របស់ព្រះអង្គ
ព្រះអង្គនៅតែ សម្តែងឥតប្រែ ករុណាត្រចង់
ព្រះទ័យស្មោះស្ម័គ្រ អ៊ីស្រាអែលផង សុចរិតឥតហ្មង
ចងចាំទាំងអស់
មនុស្សម្នាមូលមីរ រស់នៅ​គ្រប់ទី ឆ្ងាយទាំងស្រីប្រុស
នៃភពផែនដី ឃើញការសង្រ្គោះ ព្រះម្ចាស់របស់
យើងគ្រប់ៗគ្នា
មនុស្សទាំងប្រុសស្រី នៅលើផែនដី រៀបចំអង្គា
អបអរសាទរ ថ្វាយព្រះនាមា ស្រែកហ៊ោរខ្ញៀវខ្ញា
ដោយតូរ្យតន្រ្តី
សូមផ្ញើចិត្តកាយ ដេញទាំងពិណថ្វាយ ព្រះធ្លាប់ប្រណី
ព្រោះព្រះអង្គនោះ ធ្លាប់ថ្នមបមបី ថែទាំយប់ថ្ងៃ
រៀងរាល់វេលា
ចូរនាំគ្នាផ្លុំ ត្រែស្នែងប្រគុំ ថ្វាយព្រះរាជា
អបអរសាទរ អង្គមហាក្សត្រា ខ្ពស់លើលោកា
គ្មានអ្វីសើ្មព្រះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើង បានបំបាត់អំណាចនៃសេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតដោយសារដំណឹងល្អរបស់ព្រះអង្គ​។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,២២-៣០

​ពួកធម្មាចារ្យដែលចុះមកពីក្រុងយេរូសាឡឹមនិយាយថា៖ «អ្នកនេះមានបេលសេប៊ូលជាស្តេចខ្មោចនៅក្នុងខ្លួន។ គាត់អាចដេញខ្មោចបានដូច្នេះ ព្រោះស្តេចខ្មោច​ប្រគល់អំណាចឱ្យ»។ ព្រះយេស៊ូត្រាស់ហៅគេមក រួចមានព្រះបន្ទូលជាប្រស្នាថា៖ «តើមារសាតាំងអាចដេញ​មារសាតាំងដូមម្តេចកើត?។ ប្រសិនបើពលរដ្ឋក្នុងនគរ​ណាមួយបែកបាក់ទាស់ទែងគ្នាឯង នគរនោះពុំអាចស្ថិតស្ថេរគង់វង្សតទៅមុខបានឡើយ។ ប្រសិនបើក្រុមគ្រួសារមួយបែកបាក់ទាស់ទែងគ្នា ក្រុមគ្រួសារនោះក៏ពុំអាចស្ថិតស្ថេរគង់វង្សបានដែរ។ ដូច្នេះ ប្រសិនបើមារសាតាំងក្រោកឡើងប្រឆាំងនឹងខ្លួនឯងបែកបាក់ទាសតែងនឹងខ្លួនឯង។ វាមិនអាចស្ថិតស្ថេរគង់វង្សបានឡើយ គឺវាមុខជាត្រូវ​វិនាសមិនខាន​។ គ្មាននរណាអាចចូលទៅក្នុងផ្ទះមនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់គាត់បានឡើយ គឺត្រូវតែចងមនុស្សខ្លាំងពូកែនោះជាមុនសិន ទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះគាត់បាន។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា បើមនុស្ស​លោកធ្វើអំពើបាប និងពោលពាក្យប្រមាថព្រះជាម្ចាស់ ព្រះអង្គនឹងលើកលែងទោស​ទាំងអស់ រីឯអ្នកដែលពោលពាក្យប្រមាថព្រះវិញ្ញាណដ៏វិសុទ្ធវិញ ព្រះអង្គមិនលើកលែង​ទោសសោះឡើយ ដ្បិតអ្នកនោះមានទោសអស់កល្បជានិច្ច។ ព្រះយេស៊ូមានព្រះបន្ទូល​ដូច្នេះ ព្រោះគេនិយាយថា “ព្រះអង្គមានខ្មោចនៅក្នុងខ្លួន”។

Facebook
Twitter
LinkedIn