សួស្តីឆ្នាំថ្មី និងអបអរសាទរបងប្អូន ចំនួន២៦០នាក់ដែលទទួលជីវិតថ្មី

បើ​និយាយ​ពី​ចូល​ឆ្នាំ​នៅ​កម្ពុជា​បាន​ប្រារព្ធ​ថ្មី​រហូត មាន​ចូល​ឆ្នាំ​សកល ចូល​ឆ្នាំ​បង​ប្អូន​ចិន​ និង​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​​នៅ​ក្នុង​ខែ​មេសា​នេះ។

ក្នុង​ឱកាស​នេះ​ពលរដ្ឋ​គ្រប់​រូប​ទោះ​បី​ទៅ​ដល់​កន្លែង​ណា ស្នាក់​នៅ​កន្លែង​​ណា ក៏​បាន​វិល​ត្រលប់​មក​ស្រុក​កំណើត ផ្ទះ​សំបែង​ជួប​ជុំ​ក្រុម​គ្រួសារ បង​ប្អូន​ញាតិ​សន្តាន ​រៀងៗ​ខ្លួន​។  សូម​ឲ្យ​ការ​ជួប​ជុំ​របស់​លោក​អ្នក ពោរ​ពេញ​ដោយ​អំណ​រ​សប្បាយ​រីក​រាយ ​និង​សិរី​សួស្តី​ជានិច្ច។ សូម​ជួប​តែ​សេច​ក្តី​សុខ​ជា​និច្ច​ក្នុង​ពេល​ធ្វើ​ដំណើរ។

ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​នេះ​ដែរ​ក្នុង​ព្រះសហគមន៍ ក៏​បាន​ចូល​ដល់​បុណ្យ​ព្រះ​យេស៊ូ​រង​ទុក្ខ​លំបាក និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ផង​ដែរ។​ នេះ​ក៏​ជា​អំណរ​សប្បាយ​មួយ​ទៀត​ដែរ​ក្នុង​អំណរ​សប្បាយ​ដែល​យើង​ជា​គ្រីស្ត​បរិស័ទ​ជាតិ​កម្ពុជា​បាន​ទទួល​ព្រម​គ្នា។ ជាមួយគ្នា​ក៏​មាន​បង​ប្អូន ចំនួន​២៦០​នាក់ ទទួល​ជីវិត​ថ្មី ​តាម​រយៈ​អគ្គ​សញ្ញា​ជ្រមុជ​ទឹក នា​ឱកាស​បុណ្យ​ចម្លេង។ សូម​អបអរ​សាទ​រ​បង​ប្អូន ​ដែល​ហ៊ាន​ឆ្លើយ​តប និង​សុខ​ចិត្ត​ដើរ​តាម​ព្រះ​យេស៊ូ។

ការ​ផ្លាស់​ប្តូរ​ជំនឿ មិន​មែន​ប្តូរ​ជាតិ​សាសន៍​របស់​ខ្លួន​ទេ។ ហេតុ​នេះ​ តើ​បង​ប្អូន​ផ្លាស់​ប្តូរ​អ្វី? គឺ​បង​ប្អូន​ប្តូរ​របៀប​រស់​នៅ របៀប​ប្រព្រឹត្ត​របស់​ខ្លួន ទទួល​យក​បទ​ពិសោធ​ថ្មី ​ក្នុង​សេចក្តី​ស្រឡាញ់ ដែល​មក​ពី​ព្រះជាម្ចាស់។ បង​ប្អូន​ទទួល​ជីវិត​ថ្មី ​ជា​ជីវិត​ថ្មី​ដែល​បង​ប្អូន​បាន​ទទួល​ពី​ព្រះជាម្ចាស់​រួម​ជា​មួយ​ព្រះយេស៊ូ ​ដែល​សោយ​ទិវង្គត​ និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ តើ​បង​ប្អូន​ត្រូវ​ប្រព្រឹត្ត​បែប​ណា? បង​ប្អូន​ទទួល​​បទ​ពិសោធន៍​បែប​ណា​ខ្លះ​អំពី​សេចក្តី​ស្រឡាញ់​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​បង​ប្អូន?

គឺ​ដូច​ព្រះយេស៊ូ​​បាន​បង្រៀន បាន​បង្ហាញ​និង​បាន​ធ្វើ​ជា​គំរូ​ដល់​យើង គឺ​ទុក​ចិត្ត​លើ​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់ ដាក់​ខ្លួន​ដើម្បី​ទទួល​ការ​សង្គ្រោះ ដាក់​ខ្លួន​បម្រើ​បង​ប្អូន​ដោយ​សេចក្តី​ស្រឡាញ់ និង​ចិត្ត​ស្មោះ​ត្រង់។ តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូ៖ «ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។»

សរុប​មក​វិញ​នៅ​ក្នុង​ឆ្នាំ​តើ​បង​ប្អូន​មាន​ប្រាថ្នា​អ្វី? តើ​បង​ប្អូន​ត្រូវ​ផ្លាស​ប្តូរ​អ្វី​ខ្លះ​ក្នុង​ឆ្នាំ​ថ្មី​ដើម្បី​ឲ្យ​ជីវិត​ប្រចាំ​ថ្ងៃ ​និង​ជីវិត​ខាង​ផ្លូវវិញ្ញាណ​របស់​បង​ប្អូន​ប្រសើរ​ឡើង?​  តើ​មាន​របៀប​ថ្មី​ណា​ខ្លះ​ដើម្បី​ឲ្យ​ជីវិត​គ្រួសារ​ ប្រសើរ​ឡើង​ផង​ដែរ?​ តើ​ខ្ញុំ​ផ្លាស់​ប្តូរ​របៀប​ប្រើ​ប្រាស់​ស្នា​ព្រះហស្ដ​របស់​ព្រះជាម្ចាស់​យ៉ាង​ណា​ខ្លះ​ ដើម្បី​ការពារ​បរិស្ថាន ព្រៃ​ឈើ ស្ទឹង បឹង ទន្លេ សមុទ្រ និង​ប្រភព​ទឹក​នានា? តើ​ខ្ញុំ​រាល់​ថ្ងៃ​នេះ​យក​ចិត្ត​ទុក​ដាក់​សំរាម​របៀប​ណា?

Facebook
Twitter
LinkedIn