អត្ថបទព្រះគម្ពីរ ថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤

បៃតង – រដូវធម្មតា

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងភីលីព ភីល ១,១-១១

យើង​ខ្ញុំប៉ូល និង​ធីម៉ូថេ ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ត​យេស៊ូ សូម​ជម្រាប​មក​ប្រជា‌ជន​ដ៏‌វិសុទ្ធទាំង​អស់ ដែល​រួម​ជា​មួយ​ព្រះ‌គ្រីស្ត‌យេស៊ូ​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ សូម​ជ្រាប។ សូម​ព្រះ‌ជាម្ចាស់ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត ប្រណី‌សន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។ ពេល​ណា​ខ្ញុំ​នឹក​គិត​ដល់​បង‌ប្អូន ខ្ញុំ​តែង‌តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ​ជា‌និច្ច គឺ​គ្រប់​ពេល ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​សម្រាប់​បង‌ប្អូន​ទាំង​អស់​គ្នា ខ្ញុំ​ទូល‌អង្វរ​ដោយ​ចិត្ត​រីក‌រាយ​ជា​ដរាប ព្រោះ​បង‌ប្អូន​រួម​ចំណែក​ក្នុង​ការ​ផ្សាយ​ដំណឹង‌ល្អ តាំង​ពី​ថ្ងៃ​ដំបូងរហូត​មក​ទល់​សព្វ​ថ្ងៃ។ ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ល្អ​នៅ​ក្នុង​បង‌ប្អូន ព្រះ‌អង្គ​ក៏​នឹង​បង្ហើយ​ការ​នេះ​រហូត​ដល់​ថ្ងៃ​​ព្រះ‌គ្រីស្ត‌យេស៊ូ​យាង​មក។ ខ្ញុំ​មាន​ចិត្ត​គំនិត​បែប​នេះ​ចំពោះ​បង‌ប្អូន​ទាំង​អស់​គ្នាពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ចិត្ត​ខ្ញុំ​នៅ​ជាប់​ជំពាក់​នឹង​បង‌ប្អូន​ជា‌និច្ច ហើយ​ទោះ‌បី​ខ្ញុំ​នៅ​ជាប់​ឃុំ‌ឃាំង​ក្តី ឬ​ពេល​ខ្ញុំ​និយាយ និង​ពង្រឹង​ដំណឹង‌ល្អ​ក្តី បង‌ប្អូន​ទាំង​អស់​គ្នាក៏​បាន​រួម​ចំណែក​ជា​មួយ​ខ្ញុំ​ក្នុង​កិច្ច‌ការ​ដែល​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោសឱ្យ​ខ្ញុំ​បំពេញ​នេះ​ដែរ។ ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​ស្រឡាញ់​បង‌ប្អូន​ទាំង​អស់​គ្នា​យ៉ាង​ខ្លាំង ដោយ​ចិត្ត​អាណិត​មេត្តា​មក​ពី​ព្រះ‌គ្រីស្ត‌យេស៊ូ។ ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ​នេះ គឺ​សូម​ឱ្យបង‌ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លប់កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើឱ្យ​បង‌ប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់ ដើម្បី​ឱ្យ​បង‌ប្អូន​ចេះ​ពិចារណា​មើល​ថា ការ​អ្វី​ប្រសើរ​ជាង​គេ។ ដូច្នេះ នៅ​ថ្ងៃ​ព្រះ‌គ្រីស្ត​យាង​មក បង‌ប្អូន​នឹង​បាន​បរិសុទ្ធ​ឥត​មាន​កំហុស​អ្វី​ឡើយ ហើយ​បង‌ប្អូន​នឹង​បាន​ពោរ‌ពេញ​ដោយ​ផល​នៃ​សេចក្ដី​សុចរិតដែល​មក​ពី​ព្រះ‌យេស៊ូ‌គ្រីស្ត សម្រាប់​លើក​តម្កើង​សិរី‌រុង​រឿង និង​កោត​សរសើរ​ព្រះ‌ជាម្ចាស់។

ទំនុកតម្កើងលេខ ១១១(១១០),១-៦ បទពាក្យ៧

ចូរលើកតម្កើងព្រះជាម្ចាស់ ប្រសើរពេកណាស់លើលោកា
ខ្ញុំថ្កើងព្រះអង្គហួសសិរសា ក្នុងហ្វូងមនុស្សណាដែលទៀងត្រង់
គ្រប់ស្នាព្រះហស្ដព្រះអម្ចាស់ ប្រសើរពេកណាស់ខ្ពស់ឧត្តុង
អ្នកពេញចិត្តស្នាព្រះហស្ដព្រះអម្ចាស់ ស្វះស្វែងយល់ផងកុំរារែក
គ្រប់ស្នាព្រះហស្ដបានបញ្ចេញ រស្មីចិញ្ចែងភ្លឺអនេក
សេចក្ដីសុចរិតល្អពន់ពេក មិនប្រេះបាក់បែកនៅរហូត
ព្រះអង្គទ្រង់សព្វព្រះហប្ញទ័យ ឱ្យយើងស្រមៃមិនរលត់
ដល់ការអស្ចារ្យខ្ពស់បំផុត ហប្ញទ័យអាណិតចិត្តអាសូរ
ព្រះអង្គប្រទានទាំងអាហារ ដល់អ្នកវេទនាស្រែកទ្រហោរ
អ្នកដែលកោតខ្លាចទ្រង់អាសូរ សម្ព័ន្ធមានយូរធ្លាប់មេត្រី
ព្រះអង្គសម្ដែងអានុភាព ឱ្យរាស្រ្ដជ្រួតជ្រាបឥតសង្ស័យ
គឺព្រះអង្គបានឱ្យទឹកដី ប្រជាដទៃមកពួកគេ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៣,២.៤.៥

អាលេលូយ៉ា! អាលេលូយ៉ា!
សូមលើកតម្កើងព្រះអម្ចាស់ចំពោះធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ។ ទ្រង់ប្រោសមនុស្សឱ្យបានជា ទ្រង់ប្រោសរួចពីស្លាប់ទៀផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,១-៦

មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូ​យាង​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​របស់​មេ​ដឹក​នាំ​ខាង​គណៈ‌ផារីស៊ី​ម្នាក់ អស់​អ្នក​ដែល​នៅ​ផ្ទះ​នោះ​តាម​ឃ្លាំ​មើល​ព្រះ‌អង្គ។ មាន​បុរស​ម្នាក់​កើត​ទាច ឈរ​នៅ​មុខ​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​ថា៖«តើ​យើង​មាន​សិទ្ធិ​មើល​អ្នក​ជំងឺ​ឱ្យ​ជានៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?»។ គេ​នៅ​ស្ងៀម​ទាំង​អស់​គ្នា ព្រះ‌យេស៊ូ​ហៅ​អ្នក​ជំងឺ​មក ហើយ​ប្រោស​គាត់​ឱ្យ​ជា រួច​ឱ្យ​គាត់​ត្រឡប់​ទៅ​វិញ។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​កូន ឬ​គោធ្លាក់​អណ្ដូង ទោះ​បី​ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ​ក៏​ដោយ ក៏​អ្នក​នោះ​ស្រង់​វា​ឡើង​ជា​បន្ទាន់​មិន​ខាន»។ គេ​ពុំ​អាច​ឆ្លើយ​តប​នឹង​ព្រះ‌អង្គ​អំពី​សេចក្ដី​​​ទាំង​នេះ​ឡើយ។

ស – បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
មានតែព្រះជាម្ចាស់មួយព្រះអង្គទេដែលជា “ព្រះដ៏វិសុទ្ធ” គឺព្រះអង្គខុសប្លែកពីមនុស្សយើងទាំងស្រុង ប្លែកជាងមេឃ និងដីទៅទៀត! ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រោសប្រទានព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យមនុស្សលោក គឺដល់អ្នកដែលផ្ញើជិវិតទាំងស្រុងទៅលើធម៌មេត្តាករុណារបស់ព្រះអង្គ ហើយរស់នៅតាមរបៀបដែលគាប់ព្រះហឫទ័យព្រះអង្គដែរ។ ព្រះសហគមន៍តែងហៅ “សន្តបុគ្គល” អស់អ្នកដែលពោរពេញដោយព្រះជន្មរបស់ព្រះជាម្ចាស់ ហើយដែលរស់នៅជាមួយព្រះអង្គនៅស្ថានបរមសុខ។ ព្រះសហគមន៍ក៏តែងតាំងសន្តបុគ្គលទុកជាគំរូ អំពីរបៀបរស់នៅជាគ្រីស្តបរិស័ទដែរ។
នៅថ្ងៃនេះ ព្រះសហគមន៍ដាស់តឿនគ្រីស្តបរិស័ទឱ្យអរព្រះគុណព្រះជាម្ចាស់ដែលទ្រង់បានប្រោសមនុស្សឱ្យទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។ គ្រីស្តបរិស័ទក៏អរព្រះគុណព្រះអង្គដែលបានប្រោសឱ្យមនុស្សខ្លះរស់នៅរបៀបល្អប្រសើរដែរ។ របៀបរស់នៅបែបនោះ មកពីព្រះជាម្ចាស់ប្រទានឱ្យ។ នៅថ្ងៃនេះ យើងជាគ្រីស្តបរិស័ទនឹកដល់មនុស្សច្រើនឥតគណនាដែលបានផ្ញើជិវិតលើព្រះអង្គ និងដែលបានគាប់ព្រះហឫទ័យព្រះអង្គ ទោះបីគេកាន់សាសនាណាក៏ដោយ។ ឥឡូវនេះ គេរួមជាមួយព្រះគ្រីស្ត ហើយនាំគ្នាថ្វាយបង្គំព្រះបិតា លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ ទោះបីអ្នកទំាងនោះពុំមានឈ្មោះក្នុងបញ្ជីប្រតិទិនក៏ដោយ ក៏គេរួមរស់ជាមួយព្រះគ្រីស្តនៅស្ថានបរមសុខទៀតផង។ អ្នកទាំងនោះប្រៀបដូជជាបង ប្អូនដែលអង្វរព្រះបិតាឱ្យយើង រួមជាមួយព្រះយេស៊ូជារៀមច្បង។ នៅក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌ គ្រីស្តបរិស័ទតែងតែនាំគ្នានឹករឭកគុណដូនតា មាតាបិតាគ្រូបាធ្យាយ និងអស់លោកអ្នកដែលជាអ្នកមានគុណលើខ្លួន។  គ្រីស្តបរិស័ទក៏នាំគ្នានឹកដល់វិញ្ញាណរបស់អស់លោកអ្នកដែលបានចែកស្ថានទៅហើយដែរ។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា ប្រកបដោយតេជានុភាពសព្វប្រការ! ហើយដែលមានព្រះជន្មអស់កល្បជានិច្ច! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រោសប្រណីសន្តបុគ្គលទាំងឡាយជារៀមច្បងរបស់យើងខ្ញុំ ឱ្យបានពោរពេញដោយសុភមង្គល ដោយរស់នៅជា​មួយព្រះអង្គនៅស្ថានបរមសុខ។ ដោយពាក្យអង្វររបស់​សន្តបុគ្គលទាំងនេះ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមជាមួយនៅថ្ងៃណាមួយផង។

អត្ថបទទី១ សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ៧,២-៤.៩-១៤

ខ្ញុំយ៉ូហាន ឃើញទេវទូតមួយអង្គឡើងពីទិសខាងកើតមក ទាំងកាន់ត្រារបស់ព្រះដ៏មានព្រះជន្មគង់នៅផង។ ទេវទូតនោះបន្លឺសំឡេងយ៉ាងខ្លាំងៗទៅកាន់ទេវទូតទាំងបួនដែលបានទទួលអំណាចធ្វើទុក្ខទោស ផែនដី និងសមុទ្រថា៖ “សូមកុំអាលធ្វើទុក្ខទោសផែនដី សមុទ្រ ឬដើមឈើណាឡើយ! ចាំយើងបោះត្រាសម្គាលលើថ្ងាសពួកអ្នកបម្រើរបស់ព្រះជាម្ចាស់នៃយើងហើយសិន”។ ពេលនោះ ខ្ញុំក៏ឮថា អស់អ្នកដែលត្រូវគេបោះត្រាសម្គាល់មានចំនួនមួយសែនបួនម៉ឺនបួនពាន់អ្នក មកពីកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល។ ក្រោយមក ខ្ញុំមើលមហាជនដ៏ច្រើនកុះករ គ្មាននរណាអាចរាប់ចំនួនបានឡើយ អ្នកទាំងនោះមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ និងគ្រប់ភាសា។ ពួកគេពាក់អាវសវែង ឈរនៅមុខបល្ល័ង និងនៅមុខកូនចៀម ទាំងកាន់ធាងទន្សែនៅដៃផង។ គេនាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ “មានតែព្រះនៃយើង ដែលគង់នៅលើបល្ល័ង្ក និងកូនចៀមប៉ុណ្ណោះទេដែលសង្គ្រោះយើង”។ ពេលនោះ ទេវទូតទាំងប៉ុន្មានដែលឈរនៅជុំវិញបល្ល័ង្ក ជុំវិញពួកព្រឹទ្ធាចារ្យ និងជុំវិញសត្វមានជិវិតទាំងបួន នាំគ្នាក្រាបនៅមុខបល្ល័ង្ក ទាំងឧិនមុខដល់ដី ថ្វាយ​បង្គំព្រះជាម្ចាស់ ហើយពោលថា៖ “អាម៉ែន!” សូមកោតសរសើរ សូមលើកតម្កើងសិរីរុងរឿងព្រះប្រាជ្ញាញ្ញាណ សូមអរព្រះគុណ សូមលើកតម្កើងព្រះកិត្តិនាម ឫទ្ធានុភាព និងមហិទ្ធិឫទ្ធិរបស់ព្រះនៃយើងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។ ព្រឹទ្ធាចារ្យម្នាក់មានប្រសាសន៍សួរខ្ញុំថា៖ “ តើអស់អ្នកដែលពាក់អាវសវែងនោះជានណា? ហើយគេមកពីណា?”។ ខ្ញុំក៏ជម្រាបលោកថា៖ “លោកម្ចាស់ខ្ញុំអើយ! លោកទេតើដែលជ្រាប”។ លោកក៏ប្រាប់ខ្ញុំថា៖ “ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនឱ្យបានស្អាតក្នុងព្រះលោហិតរបស់កូនចៀម”។

ទំនុកតម្កើងលេខ ២៤ (២៣), ១-៦ បទពាក្យ ៧

អ្វីៗដែលនៅលើផែនដី កើតមកច្រើនក្រៃមីរដេរដា
សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ ជាស្នាព្រះហស្តនៃព្រះអង្គ
គឺព្រះអង្គហើយដែលចាក់គ្រឹះ គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង
ធ្វើឱ្យផែនដីនៅរឹងប៉ឹង ធំធេងល្វើយល្វឹងលើសមុទ្រ
តើនរណាអាចឡើងលើភ្នំ វិហារឧត្តមដ៏វិសុទ្ធ
ដែលជាទីស្ថានតែមួយគត់ ល្អល្អះបំផុតសែនសុខសាន្ត
គឺមានតែអ្នកត្រឹមត្រូវល្អ ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្តោយខ្លួនស្បថបំពាន នោះទើបអាចបានឡើងទីខ្ពស់
ព្រះជាអម្ចាស់ប្រទានពរ ជោគជ័យបវរសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្គ្រោះ ទាំងប្រោសឱ្យរស់មានជីវិត
អ្នកទាំងនេះហើយគឺប្រជា ស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិត ព្រះភក្ត្រល្អល្អិតព្រះយ៉ាកុប

អត្ថបទទី២ សូមថ្លែងលិខិតទី១ របស់សន្ដយ៉ូហាន ១យហ ៣,១-៣

បងប្អូនជាទីស្រឡាញ់!
សូមគិតមើល៍ ព្រះបិតាមានព្រះហឫទ័យស្រឡាញ់យើងខ្លាំងដល់កម្រិតណា គឺព្រះអង្គស្រឡាញ់យើងរហូតដល់ហៅយើងថា ជាបុត្រធីតារបស់ព្រះអង្គ​ ហើយយើងពិតជាបុត្រធីតារបស់ព្រះអង្គមែន!។ ហេតុនេះហើយ បានជាមនុស្សលោកមិនស្គាលយើង មកពីគេមិនបានស្គាល់ព្រះអង្គ។ កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណា!នោះ ព្រះអង្គពុំទាន់សម្តែងឱ្យយើងដឹងនៅឡើយទេ។​ ប៉ុន្តែ នៅពេលព្រះគ្រីស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះ។ អ្នកណាមានសេចក្តីសង្ឃឹមលើព្រះអង្គបែបនេះ អ្នកនោះបានជម្រះខ្លួនឱ្យបរិសុទ្ធ ដូចព្រះអង្គទ្រង់បរិសុទ្ធដែរ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ មថ ១១,២៨

អាលេលូយ៉ា! អាលេលូយ៉ា!
អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹងឱ្យអ្នក​រាល់​គ្នា​បាន​សម្រាក។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៥,១-១២

ព្រះ‌យេស៊ូ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។ សាវ័ក​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖«អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់​ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​បាន​ទទួល​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ! អ្នក​ណា​សោក‌សៅ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្រាល​ទុក្ខ​ពួក​គេ! អ្នក​ណា​មាន​ចិត្ត​ស្លូត‌បូត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ទទួល​ផែន‌ដី​ទុក​ជា​មត៌ក! អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឱ្យពួក​គេ​បាន​ឆ្អែត! អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សម្ដែង​ព្រះ‌ហឫ‌ទ័យមេត្តា‌ករុណា​ដល់​ពួក​គេ​វិញ! អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះ‌ជាម្ចាស់! អ្នក​ណា​កសាង​សន្តិ‌ភាព អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​មានឈ្មោះ​ជា​បុត្ររបស់​ព្រះ‌ជាម្ចាស់! អ្នក​ណា​ត្រូវ​គេ​បៀត‌បៀន ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យនៃ​ស្ថាន​បរម‌សុខ! ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌​ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាងបង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នាព្រោះ​តែ​ខ្ញុំនោះ​ អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ! ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ពួក​ព្យាការី​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នាក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាទទួលតង្វាយដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃគោរពសន្តបុគ្គលទាំងឡាយ។ យើងខ្ញុំជឿជាក់ថា សន្តបុគ្គលទាំងនោះរស់នៅជាមួយព្រះអង្គហើយ!  យើងខ្ញុំក៏សូមចូលរួមជាមួយសន្តបុគ្គលទាំងនោះ ដើម្បីអបអរសាទរព្រះគ្រីស្ត ដែលបានរំដោះមនុស្សលោក។ សូមទ្រង់មេត្តាប្រោសបញ្ចូលតង្វាយរបស់យើងខ្ញុំនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! យើងខ្ញុំសូមលើកតម្កើងសិរីររុងរឿងរបស់ព្រះអង្គ និងសូមអរព្រះគុណព្រះអង្គ ជាព្រះដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅជានិច្ច! នៅថ្ងៃនេះ យើងខ្ញុំសូម​ចូលរួមជាមួយសន្តបុគ្គលទាំងឡាយ ដែលរស់នៅជាមួយព្រះអង្គនៅស្ថានបរមសុខ សូមអបអរសាទរព្រះអង្គដែលបានប្រោសរៀមច្បងយើងខ្ញុំឱ្យបានគាប់ព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសង្ឈឹមយ៉ាងមាំថា គង់តែបានចូលរួមក្នុងមហាសន្និបាតនៃស្ថានបរមសុខនៅថ្ងៃណាមួយពុំខាន។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមក្នុងមហាជនដ៏ច្រើនឥតគណនានៃសន្តបុគ្គល សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។

បពិត្រព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ពេលយើងខ្ញុំនាំគ្នាគោរពសន្តបុគ្គល យើងខ្ញុំសូមស្ងើចសរសើរព្រះអង្គ ដែលបានប្រោសន្តបុគ្គលទាំងនោះឱ្យបង្ហាញសិរីរុងរឿងរបស់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំដែលកំពុងធ្វើដំណើរនៅនាលោកនេះនៅឡើយ។ សូមឱ្យយើងខ្ញុំបានគាប់ព្រះហឫទ័យព្រះអង្គគ្រប់ពេលវេលា។

Facebook
Twitter
LinkedIn