បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាថ្ងៃដែលព្រះសហគមន៍ណែនាំឲ្យយើងអធិដ្ឋានសម្រាប់ការប្រកាសដំណឹងល្អ។ ប៉ុន្តែមិនមែនតែអធិដ្ឋានដើម្បីឲ្យយើងជាគ្រីស្តបរិស័ទចូលរួមយ៉ាងសកម្មនៅក្នុងការប្រកាសដំណឹងល្អ។
ថ្ងៃនេះខ្ញុំនៅព្រះវិហារគិរីវង់ ដែលជាព្រះសហគមន៍ដ៏តូចមួយដែលបានកើតឡើងនៅឆ្នាំ២០០៣។ នេះជាសញ្ញាសម្គាល់នៃការប្រកាសដំណឹងល្អ ពេលដែលចាប់ផ្ដើម យើងចាប់ផ្ដើមនៅចំការទៀងនៅឆ្នាំ១៩៩៨ ដែលលោកគ្រូជាងទទួលពិធីជ្រមុជទឹក និងក្រោយមកចាប់ផ្ដើមប្រកាសដំណឹងល្អក្នុងឆ្នាំ២០០៣ ជាមួយគិរីវង់។ ហើយយើងបានបន្តនៅព្រៃកប្បាស បន្តនៅសន្តប៉ូល បន្តនៅទីរួមខេត្តតាកែវ តហូតមកដល់សព្វថ្ងៃ យើងមានត្រពាំងក្រញូង កំពង់អំពិល ដូច្នេះគ្រប់ព្រះសហគមន៍ដែលយើងមានសព្វថ្ងៃនេះ យើងបានចេញពីព្រះសហគមន៍មួយ។ ដោយសារយើងបានអនុវត្តព្រះបន្ទូលរបស់ព្រះយេស៊ូដែរ «សូមទៅប្រកាសដំណឹងល្អសូមទៅដល់កន្លែងដាច់ស្រយាលនៃផែនដី»។
ដូច្នេះបងប្អូនជាទីស្រឡាញ់ថ្ងៃនេះដែលយើងចូលនៅក្នុងការអធិដ្ឋានសម្រាប់ការប្រកាសដំណឹងល្អ ឲ្យយើងដឹងថា យើងរៀងៗខ្លួន យើងជាសាវ័កនិងគ្រីស្តទូត។ សាវ័កមានន័យថា យើងដើរតាមព្រះយេស៊ូ និងគ្រីស្តទូតមានន័យថារួមជាមួយព្រះយេស៊ូ យើងទៅប្រកាសដំណឹងល្អ។ យើងជាទូតរបស់ព្រះយេស៊ូគ្រីស្តដូចគ្រីស្តទូតពីដើម យើងនឹកឃើញពីដើមព្រះយេស៊ូមានព្រះបន្ទូលមុនចាកចេញទៅឋានបរមសុខ «សូមទៅប្រកាសដំណឹងល្អដល់ដាច់ស្រយាលនៃផែនដី ធ្វើពិធីជ្រមុជទឹកឲ្យគេ ដោយនាមព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណដ៏វិសុទ្ធ និងសូមព្យាបាលអ្នកជំងឺ បណ្ដេញខ្មោចពីខ្លួនគេ»។ បងប្អូនជាទីស្រឡាញ់ នេះជាបេសកកម្ម តួនាទីដែលយើងទទួលជាគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍កាតូលិករបស់យើង និងថ្ងៃនេះ សម្ដេចប៉ាបបានរៀបចំសារលិខិតមួយដើម្បីជំរុញយើងជាគ្រីស្តបរិស័ទ យកចិត្តទុកដាក់ថែមទៀតដើម្បីប្រកាសដំណឹងល្អ ហើយក្នុងសារលិខិត សម្ដេចប៉ាបបាននឹករលឹកដល់ព្រះយេស៊ូមានពាក្យប្រស្នាអំពីមង្គលការ ដែលគាត់ឲ្យម្ចាស់មង្គលការ ឲ្យអ្នកបម្រើទៅហៅភ្ញៀវកិត្តិយសដែលមានសំបុត្រអញ្ជើញ ប៉ុន្តែភ្ញៀវកិត្តិយសទាំងអស់នេះ គេថា អូ!សុំទោសខ្ញុំមិនមានពេល ដូច្នេះបានផ្ញើអ្នកបម្រើម្ដងទៀតដើម្បីទៅតាមផ្លូវដើម្បីអញ្ជើញមនុស្សដែលបានជួបនៅតាមផ្លូវ គេចាប់ផ្ដើមចូលនៅក្នុងពិធីមង្គលការ។ បងប្អូនជាទីស្រឡាញ់នេះជារបៀបដែលយើងត្រូវតែធ្វើដែរ គឺអញ្ជើញ។ យើងត្រូវការចេញពីកន្លែងយើង មិនមែនតែនៅក្នុងបរិវេនព្រះវិហារ នៅក្នុងរបងរបស់យើង អគាររបស់យើងដែលមានតែគ្នាយើង ប៉ុន្តែយើងចេញពីកន្លែងយើង ដើម្បីអញ្ជើញដូចអ្នកបម្រើពីដើម ដើម្បីអញ្ជើញបងប្អូនឲ្យគេស្គាល់ ឲ្យគេយល់ ឲ្យយើងស្គាល់គ្នាទៅវិញទៅមក ឲ្យយើងយល់ចិត្តគ្នាទៅវិញទៅមក។ ប៉ុន្តែអញ្ជើញដើម្បីធ្វើអី? ពេលព្រះយេស៊ូនិយាយអំពីជប់លៀង ដោយសារតាមពិត ព្រះសហគមន៍ជាកន្លែងដែលយើងត្រៀមខ្លួនដើម្បីជប់លៀងអស់កល្បជានិច្ចនៅឋានបរមសុខ តាមរយៈអភិបូជាដែលជាសក្ការៈនៃអភិបូជាដែលជាជប់លៀងមួយ គឺជប់លៀងចុងក្រោយរបស់ព្រះយេស៊ូ។ យើងនឹកឃើញព្រះយេស៊ូបានអញ្ជើញយើង ឲ្យយើងមានអំណរសប្បាយនិងសុភមង្គល ដើម្បីត្រៀមខ្លួននៅលើផែនដីនេះ ធ្វើដំណើរទៅស្ថានបរមសុខនិងអញ្ជើញអ្នកណា? អញ្ជើញតែមនុស្សដែលយើងស្គាល់ អញ្ជើញតែពីរបីនាក់? អត់ទេ! នៅក្នុងព្រះសហគមន៍មានកន្លែងសម្រាប់មនុស្សទាំងអស់ អ្នកមានក្ដីអ្នកក្រីក្រក្ដី អ្នកដែលគ្មានទីពឹងក្ដី ចាស់ជរាក្មេងៗប្រុសស្រី មនុស្សទាំងអស់មានសិទ្ធិដើម្បីចូលរួមនៅក្នុងព្រះសហគមន៍របស់យើងនៅក្នុងពិធីជប់លៀងដែលព្រះយេស៊ូរៀបចំ ដើម្បីឲ្យមនុស្សយើងពោរពេញដោយសុភមង្គល។ ដោយសារពេលយើងដើរតាមព្រះយេស៊ូ យើងដើរតាមព្រះយេស៊ូមូលហេតុអី?ដោយសារយើងចង់ដើរតាមព្រះយេស៊ូដែលណែនាំឲ្យយើងរកឃើញផ្លូវនៅក្នុងជីវិតយើង។ «ខ្ញុំជាផ្លូវ ខ្ញុំជាជីវិត ខ្ញុំជាសេចក្ដីពិត» និងព្រះយេស៊ូណែនាំឲ្យយើងចូលនៅក្នុងអំណរសប្បាយរបស់ព្រះជាម្ចាស់។
បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះ យើងត្រូវតែនឹកឃើញ យើងបានចេញពីមហាសន្និបាតអន្តរភូមិភាគជាមួយយុវជនយុវនារី៥០០នាក់ និងពីម្សិលមិញ (ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤) យើងបានប្រកាសអំពីផែនការដែលយុវជនត្រូវតែអនុវត្តតាមនៅក្នុងឆ្នាំ២០២៥ ប៉ុន្តែខ្ញុំគិតថា ផែនការនេះមិនមែនតែសម្រាប់យុវជនយុវនារី គឺសម្រាប់ព្រះសហគមន៍យើងទាំងមូលក្នុងឆ្នាំ២០២៥ ជាឆ្នាំមហាករុណាទិគុណ ជាឆ្នាំដែលយើងចង់បង្ហាញអំពីព្រះហឫទ័យប្រណីសន្ដោសសម្រាប់មនុស្សលោក សម្រាប់យើងដែលនៅលើទឹកដីប្រទេសកម្ពុជា សម្រាប់ព្រះសហគមន៍របស់យើងផ្ទាល់។ ដូច្នេះពីបីថ្ងៃជាមួយយុវជនយុវនារី យើងបានពិចារណា «ខ្ញុំជាគ្រីស្តបរិស័ទមួយរូបនៅក្នុងសង្គមបច្ចុប្បន្ននេះ អត្តសញ្ញាណខ្ញុំជាគ្រីស្តបរិស័ទមានន័យដូចម្ដេច? ខ្ញុំរស់នៅជាគ្រីស្តបរិស័ទនៅក្នុងសង្គមខ្មែរបច្ចុប្បន្ននេះរបៀបណា?» និងប្រសិនបើយើងចាប់ផ្ដើមនិយាយខ្លីបំផុតអត្តសញ្ញាណរបស់យើង គឺធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូ ស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើងដែរ និងក្រោយមកយើងត្រូវចូលទៅគ្រប់វិស័យនៃសង្គមបច្ចុប្បន្ននេះ ដោយដឹងថា អំណរសប្បាយនិងទុក្ខលំបាករបស់បងប្អូនរបស់យើង អ្នកជិតខាងរបស់យើង គ្រួសាររបស់យើង មិត្តភក្តិរបស់យើង ជាអំណរសប្បាយនិងទុក្ខលំបាករបស់យើងផ្ទាល់ដែរ។ ដូច្នេះជាមួយយុវជនយុវនារី យើងបានរកឃើញប្រាំពីរចំណុចដ៏សំខាន់ ដើម្បីចូលនៅក្នុងជីវិតរបស់យើងផ្ទាល់ និងដើម្បីខិតខំផ្ដល់សក្ខីភាពអំពីយើងជាគ្រីស្តបរិស័ទ។
ចំណុចទីមួយ គឺសព្វថ្ងៃយើងចូលចិត្តប្រព័ន្ធផ្សព្វផ្សាយទំនើប យើងមានច្រើន យើងប្រើតាមរយៈទូរស័ព្ទកុំព្យូទ័រ ជាមួយអ៊ីធើណេត ជាមួយហ្វេសបុក ជាមួយតិកតុក ជាមួយកម្មវិធីផ្សេងៗទៀត ដូច្នេះនេះជាសំណួរទីមួយសម្រាប់យើង «តើយើងប្រើប្រព័ន្ធផ្សព្វផ្សាយសព្វថ្ងៃរបៀបណា ដើម្បីប្រកាសដំណឹងល្អ ដើម្បីផ្ដល់សក្ខីភាពអំពីសេចក្ដីស្រឡាញ់ និងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់»។
ទីពីរសុខភាពសុខភាព ជាអ្វីដែលសំខាន់ណាស់។ ពេលយើងចាប់ផ្ដើមឈឺយើងយល់ហើយពេលយើងនៅក្មេងយើងមិនសូវឈឺទេ ពេលយើងចាប់ផ្ដើមចាស់យើងឈឺ ប៉ុន្តែកុំឲ្យយើងឈឺច្រើនពេក។ ពេលយើងនៅក្មេង យើងយកចិត្តទុកដាក់ថែរក្សាសុខភាព ហើយយកចិត្តទុកដាក់ដើម្បីរស់នៅតាមរបៀបសមរម្យនៅក្នុងជីវិតរបស់យើង ដើម្បីឲ្យទ្រព្យសម្បត្តិដែលយើងបានទទួលពីព្រះជាម្ចាស់គឺសុខភាព មិនបាត់បង់លឿនពេក។ នេះជាចំណុចទីពីរដែលយើងត្រូវការយកចិត្តទុកដាក់និងថែរក្សា។
ចំណុចទីបីឲ្យយើងបង្កើតទំនាក់ទំនងជាមួយតាយាយពូមីងដែលជាចាស់ទុំ កុំឲ្យយើងគិតថា ចាស់ៗហួសដឺលេហើយ យើងជាក្មេងៗទំនើប យើងដឹងអ្វីទាំងអស់។ តាមពិត ពេលដែលយើងស្ដាប់លោកតាលោកយាយរបស់យើង លោកតាលោកយាយដែលនៅក្នុងភូមិ អ្នកដែលចាស់ទុំ អំពីដំណើរជីវិតរបស់គេពីសម័យដើម អំពីរបៀបដែលគេបានតស៊ូ របៀបដែលគេបានយកចិត្តទុកដាក់ដើម្បីឲ្យកូនផ្ទាល់អាចមានការសិក្សាបាន មានម្ហូបអាហារ មានសុខភាព នេះជាសក្ខីភាពដែលផ្ដល់កម្លាំងឲ្យយើង។ ឲ្យយើងស្គាល់ ឲ្យយើងថែរក្សាចាស់ជរាដែរ កុំឲ្យយើងទុកចោលចាស់ៗថា ផ្លូវជីវិតរបស់គេនៅសល់តែប៉ុណ្ណឹង ទុកចោលទៅ អត់ទេ! ឲ្យយើងចេះគោរពស្រឡាញ់គ្រប់ពេលវេលា។
ចំណុចទីបួន គឺបរិស្ថាន។ បរិស្ថានមិនមែនតែដើមឈើនិងផ្កា ប៉ុន្តែបរិស្ថានគឺជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ទាំងផ្ទៃមេឃទាំងសមុទ្រទាំងភ្នំនៅគិរីវង់នេះ យើងនៅជុំវិញភ្នំ ទាំងផ្កាដើមឈើសត្វទាំងឡាយនិងមនុស្សយើងទៀត នៅក្នុងស្នាព្រះហស្តរបស់ព្រះជាម្ចាស់ គឺជាមហាកំពូលនៃស្នាព្រះហស្តរបស់ព្រះជាម្ចាស់ គឺយើងផ្ទាល់។ នេះធ្វើយ៉ាងម៉េច ដើម្បីការពារថែរក្សាតម្លៃថ្លៃថ្នូរនៃមនុស្ស តម្លៃថ្លៃថ្នូរនៃជីវិត និងដើម្បីចាប់អារម្មណ៍អំពីគ្រប់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ដែលមានជុំវិញយើងនៅទីនេះ។ ខ្ញុំនៅគិរីវង់ជាកន្លែងពីដើម ជាដីអាអត់មានអ្វីសោះ ឥលូវនេះយើងបានថែរក្សាល្អ យើងមានដើមឈើ យើងមានស្មៅ យើងមានផ្កា។ យើងបានឃើញពេលដែលយើងបានយកចិត្តទុកដាក់ជាមួយស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ប្រទានឲ្យលូតលាស់យ៉ាងខៀវខ្ចីយ៉ាងស្អាត។
ទីប្រាំ ឲ្យយើងបង្កើតទំនាក់ទំនងជាមួយសាសនាដទៃ ជាពិសេសពុទ្ធសាសនា។ ជួនកាលយើងគិតថា យើងមិនចេះបង្កើតទំនាក់ទំនងជាមួយព្រះសង្ឃឬជាមួយអាចារ្យ ប៉ុន្តែសំខាន់ឲ្យដឹងថា យើងរស់នៅក្នុងសង្គមដែលមានសុទ្ធតែពុទ្ធបរិស័ទ ដូច្នេះជារៀងរាល់ថ្ងៃ ពេលយើងទៅសាលា ពេលយើងទៅផ្ទះ យើងមានទំនាក់ទំនងអន្តរសាសនា ដោយសារយើងបាននិយាយជាមួយបងប្អូនដែលជាពុទ្ធបរិស័ទ។ ដូច្នេះនេះជាដំណើរជីវិតធម្មតារបស់យើង។ ទំនាក់ទំនងនៅក្នុងសង្គមបច្ចុប្បន្ននេះ ជាមួយបងប្អូនដែលយើងចេះគោរពចេះស្រឡាញ់ ចេះយល់ចិត្តគ្នានិងចេះលើកលែងទោសឲ្យគ្នាទៀត។
ទីប្រាំមួយ ឲ្យយើងចាប់អារម្មណ៍អំពីបញ្ហានានាដែលមាននៅក្នុងសង្គមបច្ចុប្បន្ននេះ។ យើងបាននិយាយអំពីទាសករទំនើប ប៉ុន្តែយើងត្រូវការនឹកឃើញដល់គ្រឿងញៀន ដល់បញ្ហាចាស់ជរាអនាថា យុវជនដែលមិនមានផ្លូវដើរនៅក្នុងជីវិតអត់មានការងារធ្វើ យុវជននិងពូមីងដែលទៅឆ្ងាយពីភូមិកំណើតពីស្រុកកំណើតទៅប្រទេសផ្សេងដើម្បីទៅធ្វើការ បញ្ហាដែលយើងមាននៅក្នុងគ្រួសារមានអំពើហិង្សាភាពស្រវឹង មានរឿងច្រើនដែលបានកើតឡើងនៅក្នុងសង្គមណែនាំឲ្យយើងឈឺចិត្ត។ ដូច្នេះយើងជាយុវជនយុវនារី យើងជាគ្រីស្តបរិស័ទទូទៅ យើងត្រូវការយកចិត្តទុកដាក់ដើម្បីមើលឃើញ យល់ឃើញអំពីបញ្ហាដែលមាននៅក្នុងសង្គមបច្ចុប្បន្ននេះដើម្បីគិត «យើងជាគ្រីស្តបរិស័ទយើងធ្វើដូចម្ដេចដើម្បីចូលរួមនៅក្នុងបញ្ហាហ្នឹងមិនមែនដើម្បីគាំទ្រប៉ុន្តែដើម្បីសម្រុះសម្រួលខ្លះដើម្បីលើកទឹកចិត្ត ដើម្បីណែនាំឲ្យមនុស្សដែលកំពុងពិបាកនៅក្នុងជីវិតវង្វេង អាចរកឃើញផ្លូវថ្មី ដើម្បីធ្វើដំណើរតទៅទៀត»។ ដូច្នេះបងប្អូនជាទីស្រឡាញ់នេះជាប្រាំមួយចំណុចដែលសំខាន់ណាស់ ដើម្បីឲ្យយើងរស់នៅជាគ្រីស្តបរិស័ទមួយរូបនៅក្នុងសង្គមបច្ចុប្បន្ននេះ នៅក្នុងព្រះសហគមន៍របស់យើងបច្ចុប្បន្នដើម្បីប្រកាសដំណឹងល្អ។ ប៉ុន្តែមិនមែនប្រកាសដំណឹងល្អដោយស្រែកឮៗ ប៉ុន្តែដោយផ្ដល់សក្ខីភាពអំពីទំនាក់ទំនងដែលយើងមានជាមួយព្រះយេស៊ូ អំពីទំនាក់ទំនងដែលយើងមានជាមួយព្រះជាម្ចាស់ដែលជាសេចក្ដីស្រឡាញ់ និងដើម្បីបង្កើតទំនាក់ទំនងជាមួយបងប្អូនឯទៀតៗដោយចិត្តអាណិតមេត្តានិងសេចក្ដីស្រឡាញ់។
ដូច្នេះថ្ងៃនេះ យើងអរព្រះគុណព្រះជាម្ចាស់ដែលយើងយកចិត្តទុកដាក់ទៅជាសាវ័ក ដើរតាមព្រះយេស៊ូទៅជាគ្រីស្តទូតដែលប្រកាសដំណឹងល្អ ដោយអញ្ជើញបងប្អូនចូលរួមនៅក្នុងជប់លៀងរបស់ព្រះជាម្ចាស់ និងអញ្ជើញបងប្អូនទាំងអស់ ដែលជាមនុស្សណាក៏បាន ឲ្យមានកន្លែង មានទីលំនៅនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ អាម៉ែន៕