អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤

ចន្ទ – បៃតង – រដូវធម្មតា

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ៤,៣២-៥,៨

បងប្អូនជាទីស្រឡាញ់!
បងប្អូនត្រូវ​មាន​ចិត្ត​សប្បុរស និង​ចេះ​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណី‌សន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះ‌ជាម្ចាស់​បាន​ប្រណី‌សន្ដោស​បង‌ប្អូន ដោយ‌សារ​ព្រះ‌គ្រីស្ត​ដែរ។ សូម​បង‌ប្អូន​យក​តម្រាប់​តាម​ព្រះ‌ជាម្ចាស់​ចុះ ព្រោះ​បង‌ប្អូន​ជា​បុត្រ‌ធីតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។ ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ត​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើងទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់ និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​។ ដោយ​បង‌ប្អូន​ជា​ប្រជាជន​ដ៏‌វិសុទ្ធ មិន​ត្រូវ​ឱ្យមាន​ឮ​និយាយ​អំពី​ការ​ប្រាស‌ចាក​សីល‌ធម៌ អបាយ‌មុខ​គ្រប់​យ៉ាង ឬ​ការ​លោភ‌លន់​ក្នុង​ចំណោម​បង‌ប្អូន​សោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ពោល​ពាក្យ​ទ្រគោះ​បោះ‌​បោក ពាក្យ​ឡេះ‌ឡោះ ឬ​ពាក្យ​អាស‌អាភាស​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​មិន​សមរម្យ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់។ ចូរ​ដឹង​ឱ្យ​ច្បាស់​ថា អ្នក​ប្រាស‌ចាក​សីល‌ធម៌ អ្នក​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ និង​អ្នក​លោភ‌លន់​ដែល​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ព្រះ មិន​អាច​ទទួល​មត៌ក​ក្នុង​ព្រះ‌រាជ្យ​របស់​ព្រះ‌គ្រីស្ត និង​របស់​ព្រះ‌ជាម្ចាស់​បាន​ជា​ដាច់​ខាត។ សូម​កុំ​ឱ្យនរណា​ម្នាក់​បោក‌បញ្ឆោត​បង‌ប្អូន ដោយ​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ដែល​នាំ​ឱ្យ​ព្រះ‌ជាម្ចាស់​ព្រះ‌ពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះ‌អង្គ។ ដូច្នេះ សូម​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ជា​ដាច់​ខាត។ កាល​ពី​ដើម បង‌ប្អូន​ងងឹត​មែន ប៉ុន្តែ ឥឡូវ​នេះ បង‌ប្អូន​ជា​ពន្លឺ ដោយ​បាន​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ឱ្យសម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​ក្នុង​ខ្លួន​ទៅ។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

អ្នកមិនប្រព្រឹត្ត តាមមនុស្សទុច្ចរិត មិនស្ដាប់ទូន្មាន
ហើយមិនចូលចិត្ត ដើរតាមស្នាមដាន អ្នកនោះនឹងមាន
មង្គលពេកក្រៃ
តែតាមការគិត ពួកគេចូលចិត្ត នឹងធម្មវិន័យ
របស់ព្រះម្ចាស់ ទាំងយប់ទាំងថ្ងៃ សញ្ជឹងរំពៃ
ឥតមានភ្លេចភ្លឹក
អ្នកនោះប្រៀបបាន ដើមឈើល្អថ្កាន ដុះក្បែរផ្លូវទឹក
មិនស្លោកស្រពោន ឱ្យផលផ្លែស្លឹក ចម្រើនសន្ធឹក
តាមកាលរដូវ
រីឯមនុស្សអាក្រក់ មានចិត្តគម្រក់ កេរ្ដិ៍ឈ្មោះអាស្រូវ
ពួកគេប្រៀបបាន អង្កាមដែលត្រូវ ខ្យល់ផាត់ប៉ើងទៅ
បាចសាចខ្ចាត់ខ្ចាយ
ថ្ងៃព្រះអម្ចាស់ វិន័យច្ឆ័យទោស ជនពាលទាំងឡាយ
ព្រមទាំងមនុស្សបាប មិនស្ថិតស្ថេរឡើយ ត្រូវតែឃ្លាតឆ្ងាយ
ពីអ្នកសុចរិត
ដ្បិតព្រះអម្ចាស់ ស្គាល់ប្រាកដណាស់ មាគ៌ាប្រណីត
នៃមនុស្សល្អ ស្មោះសរសុចរិត មាគ៌ាឧក្រិដ្ឋ
នាំខ្លួនអន្ដរាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៤៦,៥-៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! អ្នកដែលពឹងផ្អែកលើព្រះអង្គ ពិតជាមានសុភមង្គល។ ព្រះអង្គតែងតែរំដោះមនុស្សដែលជាប់ចំណង ហើយប្រោសអ្នកកើតទុក្ខសោកសង្រេងឱ្យងើបឡើងវិញ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៣,១០-១៧

ថ្ងៃ​មួយជា​ថ្ងៃ​សប្ប័ទ ព្រះ‌យេស៊ូ​កំពុង​តែ​ប្រៀន‌ប្រដៅ​គេ​ក្នុង​សាលា​ប្រជុំ។ នៅ​ទី​នោះ មាន​ស្ត្រី​ម្នាក់​ដែល​ត្រូវ​ខ្មោច​ធ្វើឱ្យ​ពិការអស់‌រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ នាង​កោង​ខ្នង ងើប​ត្រង់​ពុំ​កើត។ ពេល​ព្រះ‌យេស៊ូ​ទត​ឃើញ​ស្ត្រី​នោះ ព្រះ‌អង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖«នាង​អើយ! នាង​បាន​ជា​សះ‌ស្បើយ​ហើយ»។ ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ដ​លើ​នាង នាង​ក៏​ឈរ​ត្រង់​វិញ​បាន​មួយ​រំពេច ព្រម​ទាំង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់​ផង។ ប៉ុន្តែ អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ទាស់​ចិត្ត​ណាស់ ដោយ​ឃើញ​ព្រះ‌យេស៊ូ​ប្រោស​អ្នក​ជំងឺ​ឱ្យជា​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ។ គាត់​ក៏​និយាយ​ទៅ​កាន់​បណ្ដា‌ជន​ថា៖«យើង​មាន​សិទ្ធិ​ធ្វើ​ការ​បាន​ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មក​រក​ព្យាបាល​ខ្លួន​ក្នុង​ថ្ងៃ​ទាំង​នោះ​ចុះ កុំ​មក​ថ្ងៃ​សប្ប័ទ​ឡើយ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​នោះ​ថា៖«មនុស្ស​មាន​ពុត​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ឬ​លាបញ្ចេញ​ពី​ក្រោល ដឹក​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?។ ឯ​ស្ត្រី​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ មារ​សាតាំង​បាន​ចង​នាង​អស់‌រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឱ្យខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ​អី?»។ កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ អ្នក​ប្រឆាំង​នឹង​ព្រះ‌អង្គ​អៀន‌ខ្មាស​យ៉ាង​ខ្លាំង រីឯ​បណ្ដា‌ជន​ទាំង​មូល​វិញ គេ​រីក‌រាយ​នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

ក្រហម – សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមកោតសរសើរព្រះអង្គ។ ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំស្គាល់ព្រះអង្គ ដោយគ្រីស្តទូតបានប្រកាសដំណឹងល្អ។ សូមទ្រង់ព្រះមេត្តាប្រោសព្រះសហគមន៍ឱ្យរីកចម្រើនឡើង ដោយមនុស្សគ្រប់ជាតិសាសន៍ជឿសង្ឈឹមលើព្រះអង្គ។ សូមជួយយើងខ្ញុំឱ្យប្រកាសព្រះបន្ទូលព្រះអង្គក្នុងពិភពលោកសព្វថ្ងៃនេះ។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងអេភេសូ អភ ២,១៩-២២

បងប្អូនជាទីស្រឡាញ់!
ដោយបង‌ប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិក‌ជន​ទៀត​ហើយ គឺ​បង‌ប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ និង​ជា​ក្រុម​គ្រួសារ​របស់​ព្រះ‌ជាម្ចាស់។ ព្រះ‌អង្គ​បាន​កសាង​បង‌ប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​គ្រីស្តទូត និង​ព្យាការីជា​គ្រឹះ និង​មាន​ព្រះ‌គ្រីស្ត‌យេស៊ូ​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។ គឺ​ព្រះ‌គ្រីស្ត​ហើយដែល​ធ្វើ​ឱ្យសំណង់​ទាំង​មូល​ភ្ជាប់​គ្នា​យ៉ាង​មាំ និង​ធ្វើ​ឱ្យ​ចម្រើន​ឡើងទៅ​ជា​ព្រះ‌វិហារដ៏‌វិសុទ្ធ​មួយ រួម​ជា​មួយ​ព្រះ‌អម្ចាស់។ រីឯ​បង‌ប្អូន​ក៏​ដូច្នោះ​ដែរ ដោយ​បង‌ប្អូន​រួម​ជា​មួយ​ព្រះ‌អង្គ បង‌ប្អូន​បាន​ផ្គុំ​គ្នា​ឡើង ធ្វើ​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ក្នុង​ព្រះ‌វិញ្ញាណ។

ទំនុកតម្កើងលេខ ១៩ (១៨),២-៥ បទកាកគតិ

ផ្ទៃមេឃថ្លាថ្លែង រុងរឿងស្ញប់ស្ញែង របស់ព្រះម្ចាស់
អាកាសវេហាស៍ ក៏បានប្រកាស ពីស្នាព្រះហស្ត
របស់ព្រះអង្គ
ថ្ងៃមួយពោលប្រាប់ ថ្ងៃមួយទៀតស្តាប់ មិននៅរេរង់
យប់មួយទៀតប្រាប់ យប់ផ្សេងឱ្យដឹង អំពីដំណឹង
ល្បីល្បាញអស្ចារ្យ
មិនប្រើសម្តី មិនចារសេចក្តី ឬប្រើភាសា
ហើយក៏មិនចេញ សូរស័ព្ទវាចា បន្តិចឡើយណា
ឱ្យគេដឹងឮ
ដំណឹងទាំងនោះ ឮឆ្ងាយសាយសុះ ពេញពាសរន្ទឺ
លើភពផែនដី ទីងងឹតភ្លឺ លាន់ល្បីរន្ទឺ
គ្មានសល់ចន្លោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមកោតសរសើរព្រះអង្គ! យើងខ្ញុំសូមអបអរសាទរព្រះអង្គ! គ្រីស្តទូតនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,១២-១៩

នៅ​គ្រា​នោះ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំដើម្បី​អធិ‌ស្ឋាន។ ព្រះ‌អង្គ​អធិ‌ស្ឋាន​ពេញ​មួយ​យប់។ លុះ​ព្រលឹម​ឡើង ព្រះ‌អង្គ​ត្រាស់‌ហៅ​សាវ័កមក ក្នុង​ចំណោម​សាវ័ក​ទាំង​នោះ ព្រះ‌អង្គ​ជ្រើស​យក​ដប់‌ពីរ​រូប ហើយ​ប្រទាន​ងារ​ជា​ទូត​របស់​ព្រះ‌អង្គ គឺ​មាន​ស៊ីម៉ូន​ដែល​ព្រះ‌អង្គ​ប្រទាន​ឈ្មោះ​ថា សិលា និង​អន់ដ្រេ​ជា​ប្អូន​របស់​គាត់ យ៉ាកុប យ៉ូហាន ភីលីព បាថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​របស់​លោក​អាល់‌ផាយ ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម​ យូដាស​ជា​កូន​លោក​យ៉ាកុប និង​យូដាស‌អ៊ី‌ស្កា‌រី‌យ៉ុតដែល​នឹង​ក្បត់​ព្រះ‌អង្គ។ ព្រះ‌យេស៊ូ​យាង​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សាវ័ក​ទាំង​នោះ​មក​ប្រថាប់​នៅ​ត្រង់​កន្លែង​មួយ​រាប​ស្មើ។ នៅ​ទី​នោះ មាន​សាវ័ក​ជា​ច្រើន និង​ប្រជាជន​ពី​ស្រុក​យូដាពី​ក្រុង​យេរូ‌សាឡឹម ពី​ក្រុង​ទីរ៉ូស និង​ក្រុង​ស៊ីដូន​នៅ​តាម​មាត់​សមុទ្រ មក​រង់‌ចាំ​ព្រះ‌អង្គ​យ៉ាង​កក‌កុញ។ គេ​នាំ​គ្នា​មក​ស្ដាប់​ព្រះ‌អង្គ និង​សូម​ព្រះ‌អង្គ​ប្រោស​គេឱ្យ​ជា​ពី​ជំងឺ។ រីឯ​អស់​អ្នក​ដែល​មាន​ខ្មោច​ចូល​ក៏​បាន​ជា​ដែរ។ បណ្ដា‌ជន​ប្រជ្រៀត​គ្នា​ចូល​មក​ពាល់​ព្រះ‌យេស៊ូ ដ្បិត​មាន​ឫទ្ធា‌នុភាព​ចេញ​ពី​ព្រះ‌អង្គ​មកប្រោស​គេ​ឱ្យជា​គ្រប់ៗ​គ្នា។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយសក្ការបូជានៅថ្ងៃគោរពគ្រីស្តទូតស៊ីម៉ូន និងយូដា។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ សូមប្រទានពរដល់ព្រះសហគមន៍ទៀតផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំ។  សូមប្រោសឱ្យព្រះសហគមន៍រីចម្រើនឡើង ដោយនាំដំណឹងល្អស្តីអំពីធម៌មេត្តាករុណារបស់ព្រះអង្គឱ្យមនុស្សលោកសព្វថ្ងៃស្គាល់ផង។

Facebook
Twitter
LinkedIn