ធម្មទេសនារបស់លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគកំពង់ចាម ពិធីសច្ចាប្រណិធាននិរន្តរ៍របស់បងស្រីប៊ែរណាដែត ផេង ស្រីមុំ នៅព្រះសហគមន៍កាតូលិក សន្តអន់ដ្រេ ក្រុងកំពង់ចាម

បងប្អូនជាទីស្រឡាញ់! ថ្ងៃនេះយើងមានអំណរសប្បាយដែលយើងបានជួបជុំគ្នា តាមពិតយើងមកពីព្រះសហគមន៍ផ្សេងៗ មានបងប្អូនមួយចំនួនមកពីព្រះសហគមន៍ភូមិភាកបាត់ដំបង ដែលយើងមានឪពុករស់ ដែលតំណាងលោកអភិបាលគីគេ ហើយបងស្រីសាឡេស៊ាន ដែលបានចូលរួមច្រើន ទាំងលោកឪពុកមកពីខាងសាឡេស៊ាន ដុនបូស្កូ ហើយមានលោកឪពុកមមកពីមារីណុល និងក្រុមផ្សេងៗដែរ។

 

យើងអរព្រះគុណព្រះជាម្ចាស់សម្រាប់បងស្រី ប៊ែរណាដែត ផេង ស្រីមុំ ដែលបានសម្រេចចិត្តមកប្រកាសថ្វាយពាក្យសច្ចាប្រណិធានជានិរន្តនៅភូមិកំពង់ចាម។ មុនដំបូងយើងឆ្ងល់ ប៉ុន្តែ នៅពេលដែលយើងស្ដាប់អំពីសេចក្ដីសង្ខេបជីវៈប្រវត្តិរបស់បងស្រី បង្ហាញថា បងស្រីមានស្រុកកំណើតនៅកំពង់សៀម (អណ្ដូងច្រុះ) ដូច្នេះហើយបានជាពេលយើងធ្វើពិធីនេះ នាំឲ្យយើងនឹកឃើញអំពីការថែរក្សា  ឬការត្រាស់ហៅដែលព្រះជាម្ចាស់មានសម្រាប់បងស្រីបានរៀបចំតាំងពីរនៅក្នុងផ្ទៃម្តាយ ដើម្បីឲ្យបងស្រីឆ្លើយតប ហើយនៅថ្ងៃនេះ បងស្រីបានសម្រេចចិត្តប្រកាសពាក្យសច្ចាជានិរន្ត នៅក្នុងព្រះសហគមន៍កំណើត ក្នុងចំពោះព្រះភក្ត្រព្រះជាម្ចាស់ នៅចំពោះមុខរបស់ព្រះសហគមន៍ទាំងមូល។ ការឆ្លើយតបទៅព្រះជាម្ចាស់ដោយ ប្រកាសពាក្យសច្ចាជានិរន្តនេះ គឺជាជំហានថ្មីមួយសម្រាប់ជីវិតរបស់អ្នកបួស។ ខ្ញុំគិតថាជាជំហានមួយដ៏សំខាន់ណាស់ ដោយសារមុននឹងថ្វាយពាក្យសច្ចាជានិរន្តនេះ បងស្រីអាចគិតថា គាត់អាចចាកចេញទៅជីវិតផ្សេងបាន ប៉ុន្តែនៅពេលដែលប្រកាសសច្ចារជានិរន្តហើយ បងស្រីទៅមុខអត់បកក្រោយទេ មានន័យ អ្វីទាំងអស់ពីថ្វាយខ្លួនទៅព្រះជាម្ចាស់ ហើយរស់នៅស្របតាមបេសកកម្មដែលព្រះយេស៊ូប្រទានឲ្យ ដូចអត្ថបទព្រះគម្ពីរដែលយើងស្តាប់នៅថ្ងៃនេះ សន្តប៉ូលបានប្រាប់យើង គឺយើងរស់នៅ អ្វីៗទាំងអស់ គឺសម្រាប់ព្រះគ្រីស្ត

យើងរស់ដោយសារព្រះគ្រីស្ត និងសម្រាប់ព្រះគ្រីស្តដែរ នេះជាជំហាន ដែលខ្ញុំគិតថាជាជំហានមួយពិបាកណាស់ ប៉ុន្តែថ្ងៃនេះ បងស្រីបានសម្រេចចិត្តឆ្លើយតប និងប្រកាសពាក្យសច្ចាជានិរន្ត។ និងជាជំហានមួយ ដែលព្រះយេស៊ូត្រាស់ហៅយើង នៅក្នុងគម្ពីរដំណឹងល្អដែលយើងស្ដាប់នៅថ្ងៃនេះ គម្ពីរដំណឹងល្អដែលយើងបានស្ដាប់ដែលព្រះយេស៊ូបានឡើងទៅលើភ្នំ ហើយព្រះយេស៊ូបានសម្ដែងធម្មទេសនា ព្រះអង្គបានប្រទានមាគ៌ា ដើម្បីឆ្ពោះទៅរកសុភមង្គលដ៏ពិតប្រាកដ។

 

ហើយមាគ៌ាដែលព្រះយេស៊ូបានប្រទានឲ្យ នៅក្នុងអត្ថបទគម្ពីរដំណឹងល្អនេះមានប្រាំបី ខ្ញុំអាចរំឭកខ្លីៗ ទីមួយ៖ ដាក់ចិត្តជាអ្នកក្រខ្សត់ ទីពីរ៖ អស់អ្នកដែលសោកសៅ ទីបី៖ អស់អ្នកដែលមានចិត្តស្លូតបូត ទីបួន៖ អស់អ្នកដែលស្រេកឃ្លានសេចក្ដីសុចរិត ទីប្រាំ៖ អស់អ្នកដែលមានចិត្តមេត្តាករុណា ទីប្រាំមួយ៖ អស់អ្នកដែលមានចិត្តបរិសុទ្ធ ទីប្រាំពីរ៖ អស់អ្នកដែលត្រូវគេបៀតបៀនព្រោះតែធ្វើតាមសេចក្ដីសុចរិត និងទីប្រាំបី៖ អស់អ្នកដែលត្រូវគេបៀតបៀន ឬក៏បង្ខូចឈ្មោះព្រោះតែព្រះយេស៊ូ។

 

មាគ៌ាទាំងប្រាំបីនេះ ជាមាគ៌ាមួយដែលព្រះយេស៊ូដាក់ឲ្យយើងដើម្បីធ្វើដំណើរទៅកាន់សុភមង្គលពេញលេញ ឡើងលើភ្នំដើម្បីជួបព្រះយេស៊ូ ដូច្នេះ សុភមង្គលដ៏ពេញលេញដែលព្រះយេស៊ូចង់បញ្ជាក់នៅថ្ងៃនេះ គឺយើងអាចយល់បាន ន័យថាគឺការរួបរួមជាមួយព្រះយេស៊ូយ៉ាងជិតស្និទ្ធ ហើយការរួបរួមនេះយើងអាចចាប់ផ្ដើមតាំងពីពេលដែលយើងរស់នៅក្នុងលោកនេះស្រាប់។ គ្រាប់ពេលដែលយើងមានជីវិតជិតស្និទ្ធជាមួយព្រះយេស៊ូ គឺយើងមានសុភមង្គលម៉្យាងហើយ គឺយើងភ្លោះរសជាតិនៃអំណរសប្បាយ ជាជីវិតនៅក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ ជីវិតនៅក្នុងស្ថានបរមសុខ។ និងនៅក្នុងមាគ៌ានេះ ជាមាគ៌ាមួយដែលពិបាកដើរ យើងទទួលស្គាល់ពិបាកដើរ ពីព្រោះមាគ៌ាទាំងប្រាំបីដែលយើងស្ដាប់អម្បាញ់មិញ ផ្ទុយពីគំនិតរបស់មនុស្សយើងដែលគិតអំពីសុភមង្គលនៅក្នុងនោះលោកិយ៍នេះ។ ឧទាហរណ៍ថា បើយើងនិយាយអំពីដាក់ចេញជាអ្នកក្រខ្សត់ សម្រាប់មនុស្សនៅក្នុងសង្គមទូទៅ ការដាក់ខ្លួនជាអ្នកក្រខ្សត់នេះ គឺណែនាំឲ្យអ្នកដទៃគេមើលងាយ ប៉ុន្តែ ចំពោះយើងជាគ្រីស្តបរិស័ទ ចំពោះព្រះយេស៊ូដាក់ដាក់ចិត្តជាអ្នកក្រខ្សត់ គឺជារបៀបមួយដែលយើងធ្វើតាមព្រះយេស៊ូ គឺជារបៀបមួយដែលយើងទៅកាន់ជ័យជម្នះដ៏ពេញលេញ ជារបៀបមួយដែលណែនាំឲ្យយើងមានសុភមង្គលដោយសារព្រះជាម្ចាស់ និងប្រទានអ្វីៗ សម្រាប់ជីវិតរបស់យើង។ ដូច្នេះ មាគ៌ាទាំងប្រាបីនេះ ពិតមែនដែលមានការលំបាក ក្នុងការដើរប៉ុន្តែយើងអាចចោទជាសំណួរ ថាតើយើងមានអ្វីដើម្បីជួយយើង ឲ្យយើងអាចដើរនៅលើមាគ៌ាទាំងប្រាំបីដែលព្រះយេស៊ូបានប្រាប់យើងនៅថ្ងៃ។ ខ្ញុំគិតថា នៅក្នុងលិខិតទីពីររបស់សន្តប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស  ដែលបងស្រីបានជ្រើសរើសបានឆ្លើយសំណួរនេះ មានអ្វី ក្នុងលិខិតនោះបាននិយាយថា គឺព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រីស្ត ដែលជំរុញយើង ដូច្នេះព្រះហឫទ័យស្រឡាញ់នេះ ជំរុញយើងទាំងអស់គ្នា ឲ្យធ្វើដំណើរទៅរកសុភមង្គលដ៏ពេញលេញ។ និងខ្ញុំគិតថា ក្នុងជីវិតរបស់បងស្រី បងស្រី បានទទួលសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូ ហើយសេចក្ដីស្រឡាញ់ពិតមែនជួយជំរុញគាត់ឱ្យមកដល់ថ្ងៃនេះ ដើម្បីបងស្រីអាចប្រកាសពាក្យសច្ចាជានិរន្ត សម្រាប់ថ្ងៃអនាគត រស់នៅនៅក្រុងក្រុមគ្រួសារបងស្រីសាឡេស៊ាន។

 

ខ្ញុំគិតថាបងស្រីបានស្វែងរកឃើញ ជាសេចក្ដីស្រឡាញ់របស់យេស៊ូដែលជំរុញយើង ឲ្យយើងឆ្លើយតបហើយឲ្យយើងទៅមុខបណ្ដើរៗ ដូច្នេះ ខ្ញុំសង្ឃឹមថា បងស្រីធ្វើដំណើរទៅមុខ រហូតដល់គោលដៅ។ គោលដៅរបស់យើងគឺអ្វី? គោលដៅរបស់យើងគឺរួមជាមួយនឹងព្រះយេស៊ូដ៏ពិតប្រាកដ ពេលណាយើងស្ដាប់អត្ថបទព្រះគម្ពីរអំពីសុភមង្គលនេះ យើងនឹកឃើញដល់លោកម៉ូសេ ដែលប្រទានធម៌វិន័យនៅជើងភ្នំស៊ី។ នៅពេលនោះគឺ មានតែលោកម៉ូសេទេដែលអាចឡើងទៅលើភ្នំបាន ប្រជាជនឡើងអត់បានទេ ដោយសារភ្នំនោះជាភ្នំដ៏វិសុទ្ធ ដែលលោកម៉ូសេបានយកធម៌វិន័យមក ឲ្យប្រជារាស្ត្រអុីស្រាអែល។ ប៉ុន្តែចំពោះព្រះយេស៊ូផ្ទុយ ព្រះយេស៊ូបានណែនាំធម៌វិន័យថ្មីម៉ែន ប៉ុន្តែធម៌វិន័យនេះ ដែលនាំឲ្យយើងបានជិតស្និទ្ធជាមួយនឹងព្រះជាម្ចាស់ ដោយមានសេចក្ដីស្រឡាញ់ មានធម៌មេត្តាករុណា ដោយប្រទានឲ្យមនុស្សយើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដូចជាឪពុកនិងកូន។ នេះជាវិន័យថ្មី ជាសេចក្តីមួយថ្មី ដែលព្រះយេស៊ូនាំមក និងជាជីវិតថ្មីដែលយើងទទួល នៅពេលដែលបងស្រីប្រកាសពាក្យសច្ចាប្រណិធាននិរន្តនេះ គឺយើងឈានចូលជំហានថ្មី មានជីវិតថ្មីមួយទៀត ដែលកំពុងរង់ចាំបងស្រី។ ការធ្វើដំណើរទៅឲ្យដល់គោលដៅ នៃជីវិតដែលរួមយ៉ាងជិតស្និទ្ធជាមួយនឹងព្រះយេស៊ូនេះ បើយើងបានទទួលបទពិសោធនៃសេចក្ដីស្រឡាញ់របស់ព្រះអង្គ នោះខ្ញុំគិតថាបងស្រីនឹងទៅដល់គោលដៅ។ ប្រសិនបើយើងមានការលំបាក ក្រោយមកយើងបរាជ័យនៅក្នុងជីវិត វាជារឿងមួយបរាជ័យ ប៉ុន្តែ ខ្ញុំជឿថាព្រះអង្គនឹងជួយឲ្យយើងទៅដល់គោលដៅ ទាំងបងស្រី ទាំងយើងទាំងអស់គ្នា។

 

នៅក្នុងគម្ពីរមរណៈនៅថ្ងៃនេះ សន្តយ៉ុហានបានជួយរំឭកយើងថា អស់អ្នកដែលមានជ័យជំនះ គេនឹងទទួលពរ ប៉ុន្តែ អស់អ្នកកំសាក អស់អ្នកបរាជ័យ គេនឹងទទួលសេចក្តីស្លាប់ ទីពីរដែលជាសេចក្ដីស្លាប់រងទុក្ខលំបាកអស់កល្បជានិច្ច។ នេះជាអត្ថបទមួយដែលយើងបានស្ដាប់អម្បាញ់មិញ ហើយដែលជួយរំឭកយើងថា តើទីដៅនៃជីវិតរបស់យើងទៅណា? តើយើងមានអ្វីខ្លះដើម្បីជំរុញឲ្យយើងធ្វើដំណើរទៅមុខ ទៅដល់ទីដៅ? ដែលយើងត្រូវទៅ។ សុំឲ្យយើងធ្វើដូចសន្តប៉ូល បានធ្លាប់មានប្រសាសន៍នៅក្នុងអត្ថបទមួយថា គាត់បានរត់ទៅដល់ទីដៅ សូមឲ្យយើងទាំងអស់គ្នាព្យាយាមទៅជួយគ្នាឲ្យទៅដល់ទីដៅ ហើយខ្ញុំសង្ឃឹមថាបងស្រីនឹងទៅដល់ទីដៅដែរ។ ទោះបីយើងមានការលំបាកក្នុងការដើរតាមមាគ៌ាទាំងប្រាំបីយ៉ាងដែលព្រះយេស៊ូប្រទានឲ្យនេះ ប៉ុន្តែ សូមឲ្យបទពិសោធនៃសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូជួយគាំទ្រជីវិតរបស់បងស្រីទៅមុខទៀត។ ខ្ញុំដឹងថា ពេលណាយើងរស់នៅជាក្រុម យើងមានការលំបាកច្រើន ជួនកាលបទពិសោធខុសគ្នា អត្ដចរិតខុសគ្នាក៏មានបញ្ហាជាច្រើនដែរ ប៉ុន្តែ ហេតុអ្វីបានជាយើងអាចរស់នៅជាមួយគេបាន រស់នៅបានទេដោយសារតែសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូបានចងយើង ហើយបានជំរុញយើង ណែនាំឲ្យយើងអាចលើកលែងទោសឲ្យគ្នា ណែនាំឲ្យយើងអាចជួយគ្នាទៅវិញទៅមក ពេលណាមានម្នាក់ដួល លើកឡើងដើម្បីទៅមុខទៀត ណែនាំឲ្យយើងអាចព្យាយាមនៅក្នុងជីវិតរបស់យើង ទាំងការអធិដ្ឋាន ទាំងការបំពេញកិច្ចការផ្សេងៗបេសកកម្មនៅក្នុងក្រុមគ្រួសារបងស្រី ខ្ញុំដឹងថា ក្រុមគ្រួសារបងស្រីមានការងារច្រើន ពេលនៅភ្នំពេញថ្មី ខ្ញុំធ្លាប់ទៅកន្លែងបងស្រី គឺមានការងាររហូត។ ក៏ប៉ុន្តែទោះបីយ៉ាងនេះ ខ្ញុំគិតថា សេចក្ដីស្រឡាញ់នេះជួ យឲ្យបងស្រីទាំងអស់គ្នាទៅមុខ និងខ្ញុំសូមអធិដ្ឋាន សូមព្រះអង្គជួយគាំទ្របងស្រី ប៊ែរណាដែត ផេង ស្រីមុំ ឲ្យធ្វើដំណើរទៅមុខប្រកបដោយជោគជ័យ ហើយថ្ងៃណាមួយយើងទាំងអស់គ្នាបានជួបព្រះគ្រីស្តដ៏ពេញលេញ។ អាម៉ែន៕

ព្រះសហគមន៍កាតូលិកសន្តអន់ដ្រេ ក្រុងកំពង់ចាម

ថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤

 

សិលា សួន ហង្សលី                

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម

Facebook
Twitter
LinkedIn