អត្ថបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣១,៣១-៣៤

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«នៅគ្រាខាងមុខ យើងនឹងចងសម្ព័ន្ធមេត្រីថ្មីជាមួយកូនចៅអ៊ីស្រាអែល និងកូនចៅយូដា។ សម្ព័ន្ធមេត្រីថ្មីនេះមិនដូចសម្ព័ន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុរសនោះនាំចេញពី​ស្រុកអេស៊ីបមកទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្តី ក៏ពួកគេផ្តាច់សម្ព័ន្ធមេត្រីនោះដែរ។ រីឯសម្ព័ន្ធមេត្រីថ្មីដែលយើងនឹងចងជាមួយកូនចៅអ៊ីស្រា​អែលនៅពេលខាងមុខ​មានដូចតទៅ៖ យើងនឹងដាក់វិន័យរបស់យើងនៅក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារវិន័យនោះក្នុងចិត្តរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេនឹងធ្វើជា​ប្រជារាស្ត្ររបស់យើង”។ គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយ​ប្រាប់បងប្អូនរបស់ខ្លួនថា“ត្រូវតែស្គាល់ព្រះអម្ចាស់”ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា ដ្បិតយើងអត់ឱនឱ្យគេ ចំពោះអំពើ​ទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេទៀតដែរ»។

ទំនុកតម្កើងលេខ ៥១ (៥០),១២-១៥.១៨-១៩ បទពាក្យ ៧

១២ ឱព្រះជាអម្ចាស់ខ្ញុំអើយ សូមជួយប្រោសឱ្យបរិសុទ្ធ
បង្កើតចិត្តថ្មីមាំមោះមុត រឹងប៉ឹងបំផុតដល់ខ្ញុំផង
១៣ សូមកុំបោះបង់រូបខ្ញុំចោល ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ
កុំដកវិញ្ញាណដ៏ត្រចង់ វិសុទ្ធព្រះអង្គពីខ្ញុំឡើយ
១៤ សូមប្រោសឱ្យខ្ញុំអរសប្បាយ ព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ
សូមគាំទ្រខ្ញុំកុំកន្តើយ ដោយប្រទានឱ្យធ្វើតាមផង
១៥ រូបខ្ញុំនឹងខំប្រៀនប្រដៅ មនុស្សពាលកម្លៅមិនឱ្យហ្មង
ឱ្យស្គាល់មាគ៌ាដ៏ត្រចង់ របស់ព្រះអង្គជាដរាប
១៨ ព្រះអង្គមិនដែលសព្វព្រះទ័យ ឱ្យដាក់យញ្ញថ្វាយច្រើនឬតិច
ទោះតង្វាយដុតទាំងមូលស្រេច ក៏ទ្រង់គ្មានកិច្ចចង់បានដែរ
១៩ យញ្ញដែលព្រះអង្គសព្វព្រះទ័យ ឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ
គឺចិត្តសោកសៅទុក្ខឥតល្ហែ និងចិត្តកែប្រែលែងក្អេងក្អាង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៦,១៨១

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់បានសង់ព្រះសហគមន៍របស់ព្រះអង្គលើជំនឿរបស់គ្រីស្តទូតសិលា។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,១៣-២៣

នៅគ្រានោះ ព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព ព្រះអង្គមានព្រះបន្ទូលសួរក្រុមសាវ័កថា៖«តើមនុស្សទាំងឡាយថា បុត្រមនុស្សជានរណា?»។ គេទូលថា៖​«អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត។ អ្នកខ្លះថា លោកជាព្យាការីអេលី។ អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី! ឬជាព្យាការីណាមួយរូប»។ ព្រះអង្គសួរគេ​ទៀតថា៖«ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណាដែរ?»។ លោកស៊ីម៉ូន​សិលាទូលព្រះអង្គថា៖«លោកជាព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖«ស៊ីម៉ូនកូនលោកយ៉ូណាស់​អើយ! អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្តីនេះមិនមែនដោយខ្លួនឯងទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខបានសម្តែងឱ្យអ្នកដឹង។ ខ្ញុំសុំប្រាប់អ្នកថា អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគ​មន៍របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ។ ខ្ញុំនឹងប្រគល់កូនសោ​ព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះ ព្រះជាម្ចាស់នឹងចងនៅស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី ព្រះជាម្ចាស់ក៏នឹង​ស្រាយនៅស្ថានបរមសុខដែរ»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលហាមក្រុមសាវ័កមិនឱ្យប្រាប់នរណាថា ព្រះ​អង្គជាព្រះគ្រីស្តឡើយ។ តាំងពីពេលនោះមក ព្រះគ្រីស្តចាប់ផ្តើមបង្ហាញឱ្យក្រុម​សាវ័កដឹងថា ព្រះអង្គត្រូវយាងទៅក្រុងយេរូសាឡឹម។ នៅទីនោះ ពួកព្រឹទ្ធាចារ្យ ពួកនាយកបូជាចារ្យ និងពួកធម្មាចារ្យនឹងនាំគ្នាធ្វើបាបព្រះអង្គឱ្យរងទុក្ខលំបាក​យ៉ាងខ្លាំងថែមទាំងធ្វើគុតព្រះអង្គទៀតផង តែនៅថ្ងៃទីបី ព្រះអង្គនឹងទទួលព្រះជន្មថ្មី​ដ៏រុងរឿង។ លោកសិលានាំព្រះយេស៊ូទៅដាច់ឡែកពីគេ ហើយទូលជំទាស់ថា៖​«បពិត្រព្រះអម្ចាស់! សូមព្រះជាម្ចាស់មេត្តាអាណិតកុំឱ្យការណ៍នេះកើតមានដល់​ព្រះអង្គឡើយ!»។ ព្រះយេស៊ូបែរមកមានព្រះបន្ទូលទៅលោកសិលាថា៖«នែ៎! មារ​សាតាំងអើយ! ថយទៅខាងក្រោយខ្ញុំ! ដ្បិតអ្នកកំពុងរារាំងផ្លូវខ្ញុំ គំនិតអ្នកមិនមែនជាគំនិតរបស់ព្រះជាម្ចាស់ទេ គឺជាគំនិតរបស់មនុស្សលោកសុទ្ធសាធ»។

Facebook
Twitter
LinkedIn