ព្រះសហគមន៍កាតូលិក នៅលើតំបន់អតីតខ្មែរក្រហម ខេត្តប៉ៃលិន

យុវជន កុមារី កុមារា និងគ្រីស្តបរិស័ទ ទាំងខ្មែរ និងជនបរទេសមួយចំនួននៃក្រុមគ្រួសារ បងប្រុសម៉ារីស បងស្រីបុត្រីមេត្តាករុណា  បានរួមគ្នា លើកតម្កើងព្រះជាម្ចាស់ ក្នុងព្រះវិហារដ៏ធំ ទូលាយមួយ ដែលមានឈ្មោះថា ព្រះបេះដូងព្រះយេស៊ូ ដែលបានសាងនៅលើ ដីដ៏ទូលាយ  មានរចនាបទបែបអាគាររបស់ខ្មែរពិត ៗ។ 

ព្រះវិហារព្រះបេះដូងព្រះយេស៊ូ ស្ថិតនៅក្នុងភូមិ អូតាពុក ក្រុងប៉ៃលិន តាមបណ្តោយផ្លូវទៅផ្សារព្រំ ដែលមានចម្ងាយប្រមាណ២គីឡូម៉ែត្រ នៅខាងស្តាំផ្លូវ ពីវិមានឯករាជ្យ ទៅផ្សារព្រំ។ 

ព្រះសហគមន៍កាតូលិកនៅជាក្នុងខេត្តជាប់ព្រំដែនកម្ពុជា ថៃមួយនេះ មានលោកបូជាចារ្យ យ៉ូសែប មួងរស់ ជាបូជាចារ្យទទួលខុសត្រូវ។ លោកបូជាចា្យ ណែនាំព្រះសហគមន៍រួមជាមួយ គណៈកម្មការ ក្រុមបងប្រុសម៉ារីស និងមានក្រុមបងស្រីបុត្រី មេត្តាករុណាដែលចូល រួមគាំទ្រព្រះសហគមន៍នេះដែរ។

ការជួបជុំគ្នាលើកតម្កើងព្រះជាម្ចាស់ គឺមានប្រារព្ធជារៀងរាល់ថ្ងៃអាទិត្យ។ ទោះបីមានចំនួនតិចតួច តែជីវិតព្រះសហគមន៍នៅតែរស់រវើកតាម សកម្មភាពប្រចាំថ្ងៃ ដែលមាន។

លោកបូជាចារ្យយ៉ូសែប មួងរស់ បានឲ្យដឹងថា ទោះគ្មានសកម្មភាពអ្វី អស្ចារ្យ តែយើងអាចចាប់ផ្តើម ពីសកម្មភាពតូចតាច តាមលទ្ធភាព របស់យើងដើម្បីបង្ហាញ វត្តមានរបស់ព្រះយេស៊ូ ។ សកម្មភាពតូចតែពោរពេញដោយសេចក្តី ស្រឡាញ់គឺសំខានណាស់ ជាសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់។ លោកបន្តថា ព្រះសហគមន៍មានក្រុមអប់រំជំនឿ សម្រាប់កុមា និងទំទង់ ៦ ទៅ៧នាក់ ដែលមានជាប្រចាំ។ មានបងប្រុងម៉ារីស បង្រៀនភាសាអង់គ្លេសជារៀងរាល់ថ្ងៃដល់សិស្សដែលមកពីខាងក្រៅព្រះសហគមន៍ បងប្រុស ក៏មានមណ្ឌលទទួលយុវជន(ប្រុសៗ) បង្រៀនភាសាអង់គ្លេស និងកំព្យុទ័រ និងសកម្មភាពតាមភូមិ។ ក្រុមបងស្រីមានទទួលយុវនារី ឲ្យស្នាក់ នៅនិងរៀនសូត្រ។ លោកបូជាចារ្យរូបនេះថា ទាំងនេះជាជិវិតព្រះសហគមន៍នៅប៉ៃលិននេះ។

ចំពោះគ្រីស្តបរិស័ទដែលមកជួបជុំគ្នាជាប្រចាំរាល់ថ្ងៃអាទិត្យ មានពី១០ ទៅ១៥នាក់ប៉ុណ្ណោះ ដោយមិនរាប់បញ្ជូលកុមារ។

ពេលជួបជុំគ្នាថ្ងៃអាទិត្យទី ២៤ ខែមីនាកន្លងទៅ ដែលជាថ្ងៃអាទិត្យក្នុងរដូវអប់រំពិេសស (រដូវត្រណម) លោកបូជាចារ្យបានលើកទឹកចិត្តគ្រីស្ត បរិស័ទឲ្យយកចិត្តទុកដាក់ អនុវត្តតាម ព្រះបន្ទូល។ ជាពិសេស លោកឪពុក មួង រស់ ដាស់តឿនបងប្អូន៖” សូមបងប្អូនយកចិត្តទុកដាក់ អធិដ្ឋាន នឹងទទួលទានអាហារនៃវិញ្ញាណ គឺស្តាប់ព្រះបន្ទូល ទទួលព្រះកាយ និង ព្រះលោហិត ព្រះគ្រីស្ត ។ ជាងនេះសូមបង្ហាញសកម្មភាព មេត្តាករុណា ជួយគ្នាទៅវិញទៅមក លើកទឹកចិត្តគ្នា និងបម្រើបងប្អូនដោយសេចក្តីស្រឡាញ់។ “

ព្រះសហគមន៍កាតូលិកនៅខេត្តប៉ៃលិនបានចាប់ផ្តើមពីដំបងជាមួយប្រាំបីគ្រួសារដែលបានធ្វើចំណាកស្រុកមកពីខេត្តបាត់ដំបង នៅពេលដែលខេត្តទទួលបាន ការធ្វើសមាហរណកម្ម ឈប់បាញ់នៅឆ្នាំ ១៩៩៦ ។ សូមបញ្ជាក់ថា ខេត្តប៉ៃលិនជាមូលដ្ឋានដ៏រឹងមាំ របស់ខ្មែរក្រហម ដែលកាលនោះជាស្រុកមួយក្នុងខេត្តដំបង។ ដំបូងឡើយព្រះសហគមន៍បានជួលផ្ទះដើម្បីជួបជុំគ្នា បន្តិចម្តងៗ ក៏បានរៀចចំឲ្យមានដីធ្លី និងកសាងព្រះវិហារមួយឡើង ព្រមទាំងអាគារនានា សម្រាប់សកម្មភាពព្រះសហគមន៍កាតូលិករហូតដល់សព្វថ្ងៃ។  


Facebook
Twitter
LinkedIn