សមាជិក សមាជិការ នៃសម្ពន្ធកាតូលិកដើម្បីមេត្តាករុណា និងការអភិវឌ្ឍ ហៅកាត់ថា CACD ដែលមកពីអង្គការ សមាគមន៍ ការិយាល័យនៃព្រះសហគមន៍ ចំនួនប្រមាណ២៥ ស្ថាប័ន បានជួបជុំគ្នា លើកទី១ របស់ខ្លួន ក្នុងឆ្នាំ២០១៩ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ២០៩ កន្លងទៅ នៅការិយាល័យកណ្តាលរបស់អង្គការការីតាសកម្ពុជា នៅរាជធានីភ្នំពេញ។
អង្គប្រជុំបានចែករំលែកនូវព័ត៌មានរវាងគ្នានឹងគ្នាទៅវិញទៅមកអំពីសកម្មភាពរបស់ខ្លួន និងបានឈ្វេងយល់នូវលក្ខ័ណ្ឌផ្លូវច្បាប់ទាក់ទងទៅនឹងការគ្រប់គ្រង និងសិទ្ធិកាន់កាប់ លើដីធ្លី របស់សមាគម និងអង្គការរបស់ខ្លួន ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ដោយមានការបកស្រាយ និងធ្វើការបង្ហាញដោយលោក ជីវ សុងហាក់ រដ្ឋលេខធិការក្រសួងយុត្តិធម៌។
ការបកស្រាយ និងបំភ្លឺរបស់ លោកអនុរដ្ឋមន្ត្រី និងជាអ្នកច្បាប់ គឺបានជួយបំភ្លឺច្រើនដល់សមាជិកដែលចូលរួមក្នុងអង្គប្រជុំ ព្រោះករណីចុះបញ្ជីកម្មសិទ្ធិ លើដីធ្លីនៃអង្គការ សមាគមទាំងឡាយ ដែលត្រូវតែយកចិត្តទុកដាក់។
CACD បានបង្កើតក្នុងឆ្នាំ២០១០ ក្នុងគោលបំណងមួយដើម្បីឲ្យអង្គការ សមាគម និងការិយាល័យព្រះសហគមន៍កាតូលិក រួមសហការណ៍ និងគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មរួមគឺប្រកាសដំណឹងល្អ។ ហើយតែងជួបជុំគ្នា មួយឆ្នាំ៣ដង ដោយមាប្រធានបទផ្សេង និងមានអ្នកជំនាញតាមប្រធានបទនីមួយៗដើម្បីបំភ្លឺដល់សមាជិកទាំងអស់ផងដែរ។
មានប្រសាសន៍ក្នុងអង្គប្រជុំនាពេលនោះ លោកអភិបាលអូលីវីយេ ជាប្រធានអង្គប្រជុំ បានរំលឹកដល់អ្នកតំណាងអង្គការ សមាគម និង ការិយាល័យព្រះសហគមន៍កាតូលិក ឲ្យយកចិត្តទុកដាក់ ធ្វើការរួមគ្នា គាំទ្រគ្នាលើគម្រោងនានា សកម្មភាព នានា និងជួយលើកស្ទួយអ្វីៗដែលមានស្រាប់។ លោកអភិបាលបន្តថា យើងបានធ្វើកិច្ចការល្អជាច្រើន និងជោគជ័យ ។ យើងអាចធ្វើបាន ដោយសហការណ៍គ្នាទៅវិញទៅមក គាំគ្នាផង។ លោកអភិបាលអូលីវីយេ ក៏បានបន្ថែមថា សូម យកព្រះសហគមន៍កាតូលិក ជាអទិភាព ក្នុងសកម្មភាពរបស់ខ្លួន ព្រោះសហគមន៍យើងនៅខ្សោយណាស់ នៅភូមិភាគភ្នំពេញមានបូជាចារ្យជាតិខ្មែរតែ៣នាក់ទេ។ សូមបងប្អូនយកចិត្តទុកដាក់ អំពីករណីនេះ។
ក្នុងពេលនោះដែរលោកអភិបាលព្រះសហគមន៍ភូមិភ្នំក៏បានបង្ហាញនូវគម្រោងមួយចំនួន ដែលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញកំពុងមាន ដូចជាវិទ្យាស្ថានសន្តប៉ូល វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ និងកម្មវិធីផ្សេងទៀតក្នុងវិ័ស័យអប់រំ និងអភិវឌ្ឍសហគមន៍ ព្រមទាំគម្រោងក្នុងវីស័យសុខាភិបាល។ លោកបានអំពាវនាវ ឲ្យអង្គការកាតូលិក ជួយគាំទ្រសកម្មទាំងនោះដែរ។
លោកអភិបាលបញ្ជាក់ថា សូមកុំភ្លេច ពេលយើងជួបជុំគ្នាជាគ្រសួសារកាតូលិក គឺយើងមានទិសដៅតែមួយគឺដើម្បីប្រកាសដំណឹងល្អ និងការអភិវឌ្ឍ។
ក្នុងពេលបិទអង្គប្រជុំលោកអភិបាលបាន ស្នើប្រធានបទសម្រាប់អង្គប្រជុំបន្តបន្ទាប់គឺ អំពីគ្រឿងញៀន ដែលជាចំណុចក្តៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ ប្រធានបទមួយទៀត គឺ ការការពារចំពោះកុមារ ។