បងប្អូនជាទីស្រឡាញ់!
ថ្ងៃនេះ យើងមានអំណរសប្បាយ ធ្វើអគ្គសញ្ញាលាបថ្ងាស។ តើបេក្ខជនថ្ងៃនេះសប្បាយចិត្តឬទេ? ធម្មតាគ្រប់អគ្គសញ្ញាដែលយើងទទួល គឺយើងទទួលដោយសារយើងមានជំនឿ។ ជំនឿនាំឲ្យយើងទទួលអគ្គសញ្ញា ហើយបើសិនក្នុងចំណោមយើង មានកូនខ្លះជ្រមុជទឹកពេលនៅតូច នោះដោយសារជំនឿរបស់ឪពុកម្តាយទទួលការអប់រំ ទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ហើយទទួលអគ្គសញ្ញាលាបថ្ងាស។ អគ្គសញ្ញាលាបថ្ងាសនេះមកបំពេញ ឬក៏មកបញ្ជាក់ដើម្បីឲ្យយើងជាគ្រីស្តបរិស័ទពេញទី។ អ៊ីចឹងដោយសារជំនឿយើងទទួលអគ្គសញ្ញា។ ក្នុងអត្ថបទគម្ពីរដំណឹងល្អថ្ងៃនេះ យើងបានស្តាប់ឮ គឺក្រុមសាវ័កគេធ្វើដំណើររួមជាមួយព្រះយេស៊ូក្នុងទូកឆ្លងសមុទ្រ ហើយមានខ្យល់ព្យុះធ្វើឲ្យគេភ័យ នៅពេលនោះព្រះយេស៊ូផ្ទំនៅលើកន្សៃទូក ក្រោយមកគេដាស់ព្រះយេស៊ូ ព្រះអង្គក៏បានគំរាមសមុទ្រនោះឲ្យស្ងប់។ ហើយព្រះយេស៊ូបានសួរគេ៖
«ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ? តើអ្នករាល់គ្នាមិនទាន់មានជំនឿទេឬ?» ព្រះយេស៊ូបានសួរបញ្ជាក់អំពីជំនឿរបស់ពួកគេ។
នៅក្នុងអត្ថបទនេះ ណែនាំឲ្យយើងគិតអំពីជំនឿរបស់យើង ពេលណាយើងជឿលើព្រះយេស៊ូ។
ទីមួយ៖ ជំនឿមានន័យថាឲ្យយើងទុកចិត្ត ឲ្យយើងផ្ញើជីវិតជាមួយនឹងព្រះអង្គ។ នៅក្នុងអត្ថបទគម្ពីរដំណឹងល្អ ពេលគេឆ្លងសមុទ្រ គេជួបខ្យល់ព្យុះ ឬរលកធំៗ ធ្វើឲ្យទូកជិតលិច នាំឲ្យគេភ័យខ្លាច។ ប៉ុន្តែ ក្នុងជីវិតរបស់យើងក៏ឆ្លងទុក្ខលំបាកជាច្រើនដែរ សមុទ្រជានិមិត្តរូបនៃទុក្ខលំបាកផ្សេងៗ ដែលយើងឆ្លងកាត់។ ជាកន្លែងដែលក្នុងព្រះគម្ពីរនិយាយអំពីមារសាតាំងរស់នៅដែលជាកន្លែងគ្រោះថ្នាក់ ប៉ុន្តែជីវិតរបស់យើងឆ្លងកាត់ឧបសគ្គជាច្រើន។ ពេលខ្ញុំមកទីនេះ លោកឪពុកធ្លាប់នាំខ្ញុំទៅថ្វាយអភិបូជានៅវីនសៃ។ គ្រួសារនេះ គេបានឆ្លងកាត់ឧបសគ្គច្រើន សម័យសង្គ្រាម សម័យខ្មែរក្រហម ប៉ុន្តែគាត់បានថែរក្សាជំនឿ ទោះបីអត់មានលោកបូជាចារ្យ ប៉ុន្តែជំនឿរបស់ពួកគាត់នៅជាប់រហូតមក រហូតបន្តជំនឿដល់កូនៗ ហើយនៅពេលនេះកូនៗមកទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត និងអគ្គសញ្ញាលាបថ្ងាស។ នេះជានិមិត្តរូបនៃទុក្ខលំបាកដែលយើងឆ្លងកាត់ ប្រសិនបើយើងមានជំនឿទន់ខ្សោយ យើងអាចលះបង់ចោលជំនឿ បានជាព្រះយេស៊ូសួរក្រុមសាវ័ក តើអ្នករាល់គ្នាមិនទាន់មានជំនឿទេឬ? គេភ័យខ្លាច គេដាស់ព្រះយេស៊ូ សូមព្រះអង្គជួយគេ។ អ៊ីចឹងនៅក្នុងទុក្ខលំបាកដែលយើងជួប ទោះបីបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច បញ្ហាការបៀតបៀន ឬក៏យើងជួបរឿងជាច្រើននៅក្នុងជីវិត សូមកុំភ្លេចមានព្រះជាម្ចាស់គង់នៅជាមួយយើង។ អត្ថបទដែលយើងបានស្តាប់ ព្រះអង្គគង់នៅជាមួយគេ គង់លើកន្សៃទូកហាក់ដូចជាព្រះអង្គមិនអើពើ ប៉ុន្តែ ព្រះអង្គជ្រាបនូវអ្វីៗទាំងអស់។ អ៊ីចឹងចំណុចទីមួយ យើងមានជំនឿសូមឲ្យយើងទុកចិត្តលើព្រះជាម្ចាស់គ្រប់កាលៈទេសៈ ផ្ញើជីវិតទៅលើព្រះអង្គ ដូចយើងកំពុងជិះទូកឆ្លងសមុទ្រទៅកាន់ត្រើយ គឺទៅកាន់ស្ថានបរមសុខ ទៅកាន់ព្រះរាជ្យរបស់ព្រះជាម្ចាស់ ជាព្រះបិតា។
ទីពីរ៖ ជំនឿគឺណែនាំឲ្យយើងមានសេចក្ដីក្លាហាន តែសាវ័កក្នុងអត្ថបទនេះភ័យខ្លាច។ នៅថ្ងៃនេះ យើងធ្វើអគ្គសញ្ញាណលាបថ្ងាស គឺយើងទទួលអំណោយទានទាំងប្រាំពីរនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយក្នុងព្រះអំណោយទានទាំងប្រាំពីរនោះ មានមួយគឺជាចិត្តក្លាហាន ឬចិត្តអង់អាច។ ពេលណាយើងមានជំនឿ ជឿលើព្រះយេស៊ូ គឺនាំឲ្យយើងមាន អំណោយទានមួយគឺមានចិត្តក្លាហាន អង់អាច។ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលយើងទទួល តាំងពីថ្ងៃដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹក និងថ្ងៃនេះទទួលអគ្គសញ្ញាលាបថ្ងាស គឺព្រះវិញ្ញាណប្រទានឲ្យយើងមានព្រះអំណោយទានទាំងប្រាំពីរ នៅក្នុងនោះមានមួយគឺឲ្យយើងមានចិត្តក្លាហាន ឬមានកម្លាំងពិសេសក្នុងការដើរតាមព្រះយេស៊ូ។ សេចក្ដីក្លាហាននេះ គឺណែនាំឲ្យយើងហ៊ានរស់នៅតាមជំនឿរបស់យើង មានអធិដ្ឋាន ចូលរួមក្នុងអភិបូជា យកចិត្តទុកដាក់ស្រឡាញ់បងប្អូន ជួយបងប្អូនដែលរងទុក្ខលំបាក និងហ៊ានប្រកាសជំនឿរបស់យើងចំពោះអ្នកដទៃ ទោះបីជួបការបៀតបៀន ប៉ុន្ដែ យើងហ៊ានប្រកាសយើងជាគ្រីស្តបរិស័ទ ហើយប្រកាសជំនឿរបស់យើងឲ្យគេស្គាល់។ ថ្ងៃនេះយើងទទួលអគ្គសញ្ញាលាបថ្ងាស ខ្ញុំសូមឲ្យយើងមានសេចក្ដីក្លាហាន ខ្ញុំគិតថាកូនៗមានសេចក្តីក្លាហានហើយ ដោយបានបន្តជីវិតនិងឆ្លងកាត់ឧបសគ្គផ្សេងៗ។
និងទីបី៖ ជំនឿនេះណែនាំឲ្យយើងទាំងអស់គ្នាមានជីវិតរួមរស់ជាមួយព្រះគ្រីស្ត ហើយឲ្យយើងមានរបៀបរាប់អានបងប្អូនឯទៀតៗតាមរបៀបផ្សេង។ ក្នុងលិខិតទីពីររបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស គាត់បានប្រាប់យើងថា ដោយសារយើងស្គាល់ព្រះគ្រីស្ត ដែលមានព្រះជន្មរស់ឡើងវិញ យើងមិនរាប់អានបងប្អូនដូចមុនទៀត យើងអត់ស្គាល់បងប្អូនតាមរបៀបមុនទៀតដែរ ប៉ុន្តែ យើងស្គាល់បងប្អូនតាមរបៀបថ្មី គឺតាមរបៀបព្រះគ្រីស្ត តាមរបៀបមួយបង្ហាញអំពី ការរាប់អានជាបងប្អូនជាក្រុមគ្រួសារតែមួយ។ សេចក្តីស្រឡាញ់ ជាបងប្អូនក្នុងក្រុមគ្រួសារតែមួយ ដោយសារព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ ហើយជំនឿនេះណែនាំឲ្យយើងមានសេចក្តីសង្ឃឹម មានជីវិតអស់កល្បជានិច្ច រួមជាមួយព្រះអង្គ។
នៅថ្ងៃនេះ យើងធ្វើអគ្គសញ្ញាលាបថ្ងាសឲ្យបេក្ខជនទាំងប្រាំបួននាក់ យើងសូមអរព្រះគុណព្រះអង្គតែជាពិសេស យើងសូមអង្វរព្រះអង្គប្រទានឲ្យកូនៗទាំងអស់ ទទួលនូវអំណោយទានទាំងប្រាំពីរយ៉ាងដែលព្រះវិញ្ញាណប្រទានឲ្យ។ សូមឲ្យយើងមានសេចក្ដីក្លាហាន ដូចសាវ័កពីដើម នៅក្នុងអត្ថបទទីមួយដែលយើងបានស្តាប់ មុនដំបូងគេភ័យខ្លាច ជួបជុំនៅក្នុងផ្ទះ ហើយព្រះវិញ្ញាណយាងមកដូចអណ្តែតភ្លើងនៅលើពួកគេ ក្រោយមកគេហ៊ានចេញទៅប្រកាស អ៊ីចឹងសូមឲ្យយើងមានសេចក្ដីក្លាហានដូចគេគ្រប់ពេលវេលានៅក្នុងជីវិត។ សូមឲ្យយើងរស់នៅតាមជំនឿរបស់យើង ដើម្បីធ្វើជាសាក្សីដល់បងប្អូនឯទៀតៗ។ សូមព្រះអង្គស្តាប់ពាក្យអង្វររបស់យើង និងប្រទានឲ្យកូនៗបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ពោរពេញដោយព្រះអំណោយទានទាំងប្រាំពីរ។ អាមែន៕
ព្រះសហគមន៍កាតូលិកសន្តយ៉ូសែប រតនគិរី
ថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០២៤
សិលា សួន ហង្សលី
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម