អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរព្យាការីអម៉ូស អម ២,៦-១០.១៣-១៦

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេឥតប្រែប្រួលឡើយ ព្រោះពួកគេបានលក់មនុស្សសុចរិតដើម្បីបានប្រាក់ និងលក់ជនក្រីក្រដើម្បីបានស្បែកជើងមួយគូ។ ពួកគេជិះជាន់សង្កត់​សង្កិនជនទុគ៌ត ហើយរំលោភសិទ្ធប្រជាជនតូចតាច។ កូន និងឪពុករួមដំណេកជាមួយស្រីតែមួយ ពួកគេធ្វើដូច្នេះ ប្រមាថនាមដ៏វិសុទ្ធរបស់យើង។ នៅក្បែរអាសនៈរបស់ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រយកមកបញ្ចាំ។ ពួកគេក៏យកស្រាពីអ្នកដែលត្រូវពិន័យ ទៅផឹកក្នុងវិហារនៃព្រះក្លែងក្លាយរបស់ពួកគេដែរ។ រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរីដែលមានកម្ពស់ដូចដើមគគី​ និងមាន​កម្លាំងដូចដើមម៉ៃសាក់ ឱ្យវិនាសសាបសូន្យនៅមុខពួកគេ គឺយើងបំផ្លាញទាំងដើម​ទាំងឫស។ យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ ដើម្បីឱ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។ ហេតុនេះ ឥឡូវនេះយើងនឹងកិនកម្ទេចអ្នករាល់គ្នាឱ្យខ្ទេចខ្ទី ដូចរទេះដឹកស្រូវ កិនអ្វីៗទាំងអស់ដែលនៅក្រោមកង់។ អ្នករហ័សរហួន ពុំអាចគេចខ្លួនបានឡើយ អ្នក​មានកម្លាំងខ្លាំងក្លា មិនអាចបញ្ចេញកម្លាំង ហើយអ្នកចំបាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិតរបស់ខ្លួនបានដែរ។ អ្នកពូកែបាញ់ធ្នូមិនអាចតទល់បាន អ្នកពូកែរត់ក៏រត់មិនរួច ហើយអ្នកជិះសេះពុំអាចសង្គ្រោះជីវិតរបស់ខ្លួនបានដែរ។ នៅថ្ងៃនោះ អ្នកចំបាំងដ៏​ក្លាហានជាងគេ នឹងរត់ទៅទាំងខ្លួនទទេ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។

ទំនុកតម្កើងលេខ ៥០ (៤៩),១៦-២៣ បទព្រហ្មគីតិ

១៦ ព្រះអម្ចាស់មានបន្ទូល ទៅមនុស្សពាលឥតស្ទើរស្ទាក់
ហេតុអ្វីបានជាអ្នក សូត្រឥតអាក់ក្រឹត្យវិន័យ ។
ហើយចេះតែទន្ទេញ ឥតទោម្នេញរៀងរាល់ថ្ងៃ
ពាក្យសម្ពន្ធមេត្រី ជាមួយយើងដូច្នេះណា? ។
១៧ ប៉ុន្តែអ្នកថ្លោះធ្លោយ មិនស្តាប់ឡើយនូវវាចា
ទូន្មានគ្រប់អាត្មា អ្នកបែរជាចោលបង់បោះ ។
១៨ ពេលណាអ្នកជួបចោរ អ្នកអបអររួមស្ម័គ្រស្មោះ
ចូលដៃគិតរួមរស់ ពួកទុយ៌សពិតជាក់ច្បាស់ ។
១៩ មាត់អ្នកតែងស្រដី ពាក្យអប្រិយ៍ឥតអៀនខ្មាស
អណ្តាតអ្នកគ្រលាស់ ពាក្យបោសប្រាសមិនដែលភ្លេច ។
២០ អ្នកត្រៀមចិត្តត្រៀមកាយ ឥតជិនណាយជាប់ជានិច្ច
ចោទបងប្អូនដោយល្បិច ទោះជាសាច់ខ្លួនបង្កើត ។
២១ អ្នកដែលធ្លាប់ប្រព្រឹត្ត រឿងឧក្រិដ្ឋឥតកំណើត
យើងនៅស្ងៀមម្តេចកើត គ្មានកំណើតយើងដាក់ទោស ។
២២ អស់អ្នកដែលកែគេច ខំបំភ្លេចព្រះជាម្ចាស់
ចូររិះគិតឱ្យច្បាស់ សេចក្តីនេះទាំងអស់ទៅ ។
ក្រែងយើងបំផ្លាញអ្នក ពិតជាជាក់មិនទុកនៅ
ហើយគ្មានអ្នកណាទៅ ជួយរំដោះយកអ្នកឡើយ ។
២៣ អ្នកណាថ្វាយពាក្យថ្កើង មកដល់យើងជាតង្វាយ
យើងរីករាយស្រស់ស្រាយ យើងសប្បាយជួយសង្គ្រោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្តាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,១៨-២២

នៅគ្រានោះ ព្រះយេស៊ូឃើញបណ្តាជនចោមរោមព្រះអង្គ ទ្រង់ក៏បញ្ជាឱ្យគេ​ចេញទូកទៅត្រើយម្ខាង។ ពេលនោះ មានធម្មាចារ្យម្នាក់ចូលមកជិតព្រះអង្គ ហើយ​ទូលថា៖ «លោកគ្រូ! ខ្ញុំប្របាទសុខចិត្តទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏​ដោយ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា​ បក្សាបក្សីក៏មានសំបុករបស់វាដែរ រីឯបុត្រមនុស្សវិញ លោកគ្មានទីជម្រកសម្រាក​សោះឡើយ»។ មានសាវ័កម្នាក់ទៀតទូលព្រះអង្គថា៖ «ព្រះអម្ចាស់! សូមព្រះអង្គ​អនុញ្ញាតឱ្យខ្ញុំប្របាទត្រឡប់ទៅបញ្ចុះសពឪពុកសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «សុំអញ្ជើញមកតាមខ្ញុំ ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ»។

Facebook
Twitter
LinkedIn