អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី២ ២ពង្ស ១៩,៩-១១.១៤-២១.៣១-៣៦

ពេលនោះ ព្រះបាទសេនាខេរីប ជាស្តេចស្រុកអាស្ស៊ីរី ចាត់អ្នកនាំសារឱ្យទៅទូលព្រះបាទអេសេគីយ៉ា ជាស្តេចស្រុកយូដាថា៖ «សូមកុំបណ្តោយឱ្យព្រះរបស់ព្រះករុណា គឺព្រះដែលព្រះករុណាទុកចិត្ត បញ្ឆោតព្រះករុណា ដោយអះអាងថា “ក្រុងយេរូសាឡឹមនឹងមិនធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ស្តេចស្រុកអាស្ស៊ីរីទេ។ ព្រះករុណាជ្រាបស្រាប់ហើយថា សេ្តចស្រុកអាស្ស៊ីរីបានបំផ្លាញនគរទាំងប៉ុន្មាន ថ្វាយផ្តាច់ដល់ ព្រះរបស់យើង។ ចុះព្រះករុណាវិញ តើព្រះករុណាស្មានថានឹងរួចខ្លួនកើតឬ?” ព្រះបាទអេសេគីយ៉ាទទួលលិខិតពីអ្នកនាំសារមកអាន រួចទ្រង់យាងឡើងទៅព្រះវិហារ យកលិខិតនោះទៅបង្ហាញព្រះអម្ចាស់។ ព្រះបាទអេសេគីយ៉ាទូលអង្វរព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដែលគង់នៅលើពួកខេរូប៊ីម មានតែព្រះអង្គមួយគត់ដែលជាព្រះរបស់នគរទាំងប៉ុន្មាននៅលើផែនដី ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។ ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំ! ព្រះអម្ចាស់អើយ! សូមបើកព្រះនេត្រទត​មើលផង! សូមទ្រង់ព្រះសណ្តាប់សេចក្តីទាំងប៉ុន្មានដែលស្តេចសេណាខេរីបផ្ញើមកជេរប្រមាថព្រះដ៏មានព្រះជន្មគង់នៅ។ ឱព្រះអម្ចាស់ អើយ ស្តេចស្រុកអាស្ស៊ីរីពិតជាបានកម្ទេចប្រជាជាតិទាំងប៉ុន្មាន និងបំផ្លាញទឹកដីរបស់គេ ព្រមទាំងយកព្រះរបស់គេទៅដុតឱ្យវិនាសសូន្យ​ថែមទៀតផង។​ ប៉ុន្តែ ព្រះទាំងនោះ មិនមែនជាព្រះទេ គឺគ្រាន់តែជារូបឈើ ឬថ្ម ដែលជាស្នាដៃរបស់មនុស្សប៉ុណ្ណោះ។ ឱព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំអើយ! ឥឡូវនេះសូមសង្គ្រោះយើងខ្ញុំ ឱ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចសេណាខេរីបផង ដើម្បីឱ្យនគរទាំងប៉ុន្មាននៅផែនដីទទួលស្គាល់ថា មានតែព្រះអម្ចាស់ប៉ុណ្ណោះ ដែលពិតជាព្រះជាម្ចាស់!»។
ពេលនោះ លោកអេសាយជាកូនរបស់លោកអម៉ុស ចាត់គេឱ្យទៅទូលព្រះបាទអេសេគីយ៉ាថា៖«ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ៖ “យើងបានឮពាក្យដែលអ្នកទូលអង្វរយើងស្តីអំពីសេណាខារីប ជាស្តេចរបស់ស្រុកអាស្ស៊ីរីហើយ”។ ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំនឹងស្ដេចនោះថា៖ “សេណាខេរីបអើយ! ស្ដ្រីព្រហ្មចារីគឺក្រុងស៊ីយ៉ូន ប្រមាថមើលងាយអ្នក អ្នកក្រុងយេរូសាឡឹមគ្រវីក្បាលចំអ​ក​ឱ្យអ្នក។ ព្រះអម្ចាស់នឹងទុកឱ្យប្រជាជនមួយចំនួនសេសសល់នៅក្រុងយេរូសាឡឹម ហើយឱ្យប្រជាជនមួយចំនួនរួចជីវិតនៅភ្នំស៊ីយ៉ូន ព្រោះព្រះអង្គមានព្រះហឫទ័យ​ស្រឡាញ់ដ៏លើសលប់ចំពោះក្រុងនោះ។ ចំពោះស្តេចអាស្ស៊ីរីវិញ ព្រះអម្ចាស់មានព្រះ​បន្ទូលថា ស្តេចនោះនឹងមិនចូលមកក្នុងក្រុងយេរូសាឡឹមទេ ហើយក៏មិនបាញ់ព្រួញ​ចូលមក ឬប្រើខែល និងលើកដីដើម្បីវាយលុកក្រុងនេះដែរ។ ស្តេចនោះនឹងវិលត្រឡប់​ទៅវិញ តាមផ្លូវដែលគេធ្វើដំណើរមក គឺគេនឹងមិនចូលក្នុងក្រុងនេះឡើយ”។ នេះជា​ព្រះបន្ទូលរបស់ព្រះអម្ចាស់​។ “យើងនឹងការពារ ហើយសង្គ្រោះក្រុងនេះ ដោយយល់​​​ដល់នាមរបស់យើង និងយល់ដល់ដាវីឌជាអ្នកបម្រើរបស់យើងដែរ”»។ នៅយប់នោះ ទេវទូតរបស់ព្រះអម្ចាស់ ចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើង ពេល​ភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។ ព្រះចៅ​សេណា​ខេរីប ជាស្តេចស្រុកអាស្ស៊ីរី ក៏ដកទ័ពចេញពីទីនោះ វិលត្រឡប់ទៅគង់នៅក្រុង​នីនីវេវិញ។

ទំនុកតម្កើងលេខ ៤៨ (៤៧),២-៤.១០-១១ បទពាក្យ ៧

ព្រះអម្ចាស់ជាព្រះឧត្តម ប្រសើរសក្តិសមខ្ពស់បំផុត
ស៊ីយ៉ូនបុរីតែមួយគត់ ភ្នំដ៏វិសុទ្ធនៃព្រះអង្គ
ភ្នំជារបស់ព្រះអម្ចាស់ ល្អប្រណីតណាស់ឥតមានហ្មង
ស៊ីយ៉ូនជាកំពូលភពផង មហាក្សត្រទូទាំងភពផែនដី
ព្រះម្ចាស់សម្តែងឱ្យដឹងថា ព្រះអង្គគឺជាកំពែងជ័យ
រឹងប៉ឹងមាំមួនពន់ពេកក្រៃ នៅក្នុងបុរីនោះប្រាកដ
១០ បពិត្រព្រះម្ចាស់ដ៏ឧត្តុង្គ រូបខ្ញុំនៅក្នុងព្រះវិហារ
ខ្ញុំនឹកពីព្រះទ័យមេត្តា សប្បុរសករុណានៃព្រះអង្គ
១១ បពិត្រព្រះជាអម្ចាស់ថ្លៃ ព្រះនាមល្បាញល្បីរបស់ទ្រង់
មនុស្សម្នាគ្រប់គ្នាលើកតម្កើង ព្រះនាមព្រះអង្គដល់ទីឆ្ងាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ត! ព្រះអង្គពិតជាពន្លឺបំភ្លឺពិភពលោកមែន! អ្នកណាទៅតាមព្រះអង្គ អ្នកនោះមានពន្លឺ ដែលនាំគេទៅកាន់ជីវិត! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,៦.១២-១៤

ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេថា៖ «កុំយកអ្វីៗដែលជារបស់វិសុទ្ធ ទៅឱ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ។ ដូច្នេះ បើអ្នករាល់គ្នាចង់ឱ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវប្រព្រឹត្ត​ចំពោះគេបែបនោះដែរ។ ព្រះគម្ពីរទាំងមូល គឺធម្មវិន័យ និងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង។ ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកក្តីវិនាសអន្តរាយធំណាស់ ហើយផ្លូវទៅរកសេចក្តីវិនាសក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។ រីឯទ្វារដែលនាំទៅរកជីវិតចង្អៀត ហើយផ្លូវនោះពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។

Facebook
Twitter
LinkedIn