យុវប្រមាណជិត២៤០ នាក់មកពីព្រះសហគមន៍កាតូលិកនានាទាំង៧ខេត្តក្រុងក្នុងភូមិភាគភ្នំពេញ បានជួបជុំគ្នា ក្នុងធម្មយាត្រារយៈពេលបីថ្ងៃ ដែលដំណើរនេះចាប់ផ្តើមនៅព្រះសហគមន៍កាតូលិកត្រែងត្រយឹង ហើយបន្តធ្វើដំណើរធម្មយាត្រាទៅឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីថ្ងៃទី១-៣ ខែមីនាឆ្នាំ២០២៤។
លោក ស៊ាន់ សារឿនប្រធានការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ ដែលជាអ្នកសម្របសម្រួលកម្មវិធី បានឲ្យដឹងថា កម្មវិធីនេះ មានប្រធានបទ «សូមអញ្ជើញមក អ្នកនឹងឃើញ» ដើម្បីជួយយុវជនរួមដំណើរជាមួយព្រះយេស៊ូ ក៏ដូចជាទទួលបទពិសោធថ្មី តាមរយៈដំណើរជួបជាមួយមិត្តថ្មី និងស្តាប់ការអប់រំរបស់លោកអភិបាលអូលីវីយ៉េ ដើម្បីទទួលកំលាំងថ្មី បន្តជីវិតប្រចាំថ្ងៃរស់នៅក្នុងជំនឿរបស់ខ្លួន។
លោកក៏បានលើកទឹកចិត្តយុវជនដែលបានចូលរួម ឲ្យបន្តបេសកកម្មបម្រើបងប្អូន បម្រើព្រះសហគមន៍តាមកន្លែងរបស់ខ្លួនរស់នៅ បន្តធ្វើគំរូដោយសក្ខីភាពអំពីជំនឿនៅកន្លែងធ្វើការ និងរស់នៅដោយចេះចែករំលែកជាមួយបងប្អូនឯទៀតៗ ជាពិសេសអ្នកដែលសង្គមបោះបង់ចោល។
ក្នុងដំណើរធម្មយាត្រានេះ យុវជនរួមជាមួយលោកអភិបាល លោកបូជាចារ្យ បព្វជិតបព្វជិតា បានធ្វើដំណើរថ្មើរជើង ចម្ងាយប្រមាណ១២ គីឡូម៉ែត្រ ឡើងទៅលើភ្នំគីរីរម្យ។ អ្នកចូលរួមទាំងអស់បានទទួលការណែនាំអប់រំពី លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដែលមានពីរដំណាក់កាល។
ក្នុងដំណាក់ទី១ មុនចេញដំណើរដោយថ្មើរជើង លោកអភិបាលបានណែនាំឲ្យយុវជន ដែលបានទទួលជំហានទី១រួចហើយ ក៏ដូចជា គ្រីស្តបរិស័ទ ឲ្យនឹកឃើញឡើងវិញនៅថ្ងៃដំបូង ដែលម្នាក់ៗបានធ្វើដំណើរជាមួយព្រះយេស៊ូ។ លោកអភិបាលក៏បានបន្តថា ដោយព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ហើយគង់នៅ និងធ្វើដំណើរជាមួយយើង យើងជាប្រជារាស្ត្រនៃសេចក្តីសង្ឃឹម។
ម្យ៉ាងទៀតនៅក្នុងឆ្នាំ២០២៤លោកអភិបាលក៏បានរំលឹកយុវជន ឲ្យខិតខំយកចិត្តទុកដាក់ អធិដ្ឋាន ដូចព្រះយេស៊ូ។ ស្ងៀមស្តាត់ដូចព្រះនាងម៉ារី ដោយចងចាំព្រឹត្តិការណ៍នានាទុកក្នុងដួងចិត្ត។ មួយទៀតគឺ ថ្វាយបង្គំដូចក្រុមហោរ៉ាចារ្យ ដែលមកថ្វាយបង្គំព្រះយេស៊ូ។ ក្នុងពេលចាប់ផ្តើម លោកអភិបាលអូលីវីយ៉េ បញ្ជាក់ឲ្យយុវជនថា យើងដើរនាពេលនេះរួមជាមួយព្រះយេស៊ូ ជាមិត្តសម្លាញ់របស់យើង ដែលមានព្រះវិញ្ញាណជាអ្នកផ្តល់កំលាំងឲ្យយើង។
ដំណើរថ្មើជើងឡើងភ្នំបានចាប់ផ្តើមដោយមានអ្នកកាន់ឈើឆ្កាងនាំមុខ រួមជាមួយលោកអភិបាលអូលីវីយ៉េ នាពេលនោះ ខ្លះឈឺជើង អស់កំលាំង ក្រោមកំដៅថ្ងៃផង តែអ្នកចូលរួមទាំងអស់បានអធិដ្ឋានក្នុងចិត្តតាមជំហានរបស់ខ្លួន និងសូត្រផ្គាំរួមគ្នា។ ក្រោយបានដើរចំងាយប្រមាណ៦ គីឡូម៉ែត្រ ទាំងអស់គ្នាបានឈប់សម្រាក និង ស្តាប់ការអប់រំលើកទី២។
ការអប់រំលើកទីពីរនេះ លោកអភិបាល បាននាំឲ្យអ្នកចូលរួមរិះគិតអំពីជីវិតរបស់ម្នាក់ៗដែលចម្រើនឡើងជាមួយព្រះជាម្ចាស់។ ព្រះជាម្ចាស់ បង្កើតមនុស្សឲ្យមានទំនាក់ជាមួយព្រះអង្គ។ ឲ្យមានទំនាក់ទំនងជាមួយមនុស្សឯទៀតៗ ដើម្បីឲ្យមានសេចក្តីសុខ។ លោកថា អ្វីៗទាំងអស់សូមឲ្យម្នាក់ៗជឿថា «ព្រះយេស៊ូគង់នៅជាមួយខ្ញុំ។ ព្រះអង្គនៅក្បែរខ្ញុំ»។ ជំនឿមានន័យ «ខ្ញុំផ្ញើជីវិតទាំងស្រុងទៅព្រះជាម្ចាស់»។
លោកអភិបាលអូលីវីយ៉េបញ្ជាក់ដល់អ្នកចូលរួមឲ្យយកចិត្តទុកដាក់ពីមាគ៌ា ដើម្បីធ្វើដំណើរជាមួយព្រះយេស៊ូក្នុងជីវិតរបស់ខ្លួន គឺ៖ ១) ជឿ ហើយស្រមៃថា ព្រះយេស៊ូគង់ជាមួយខ្ញុំ។ ២) មើលដោយភ្នែកនៃជំនឿ គឺថាអ្វីៗទាំងអស់ព្រះជាម្ចាស់បានបង្កើតមក។ តាមរយៈអ្វីៗទាំងអស់ យើងមើលឃើញវត្តមានរបស់ព្រះជាម្ចាស់។ ៣) ពិចារណា ពិនិត្យមើលជីវិតប្រចាំថ្ងៃរបស់ខ្លួន ព្រឹក -ល្ងាច អ្វីៗដែលបរាជ័យទុកជាមេរៀននៃជីវិត។ អ្វីៗដែលជោគជ័យ និងងាយស្រួល ត្រូវអរព្រះគុណព្រះជាម្ចាស់ ដែលនាំឲ្យខ្លួនចម្រើនឡើង។ ៤) ប្រើពាក្យអធិដ្ឋានខ្លីៗ ឱព្រះអង្គអើយសូមជួយផង។ ឱព្រះអង្គអើយ មេត្តាទូលបង្គំផង។ ម្យ៉ាងទៀត សូមអរព្រះគុណព្រះអង្គ។ ៥) យកពេលនមស្ការព្រះកាយព្រះគ្រីស្ត និងសម្មាធិ។ ៦) ទាំងព្រឹកទាំងល្ងាច សូមអធិដ្ឋាន។ ៧)ការតុបតែងលំអរពេលអធិដ្ឋានដោយមានដុតទៀន ហើយត្រូវមានផ្គាំឬឈើឆ្កាងក្នុងកាបូបជាប់នឹងខ្លួន។ ៨) យកពេលមើលមនុស្ស និង ពិភពលោកដែលព្រះជាម្ចាស់បង្កើត។ ជាចុងក្រោយលោករំលឹកថា សូមមានចិត្តមេត្តា និងចិត្តករុណាចំពោះបងប្អូនឯទៀតៗ ជាពិសេស អ្នកតូចតាច។
បន្ទាប់មក ក្រុមធម្មយាត្រានេះក៏បានបន្តដើរចំនួនប្រមាណ៦ គីឡូម៉ែត្រ។ នៅទីដៅនោះ ពួកគេបោះតង់សម្រាក។ ក្នុងពេលយប់ក៏មាន អធិដ្ឋានជុំវិញភ្នក់ភ្លើង ហើយព្រឹកថ្ងៃបន្ទាប់ក៏មានពិធីអរព្រះគុណព្រះជាម្ចាស់ និងមានពិធីជំរះចិត្តគំនិតក្រោមអធិបតីរបស់លោកអភិបាល អូលីវីយ៉េ សម្រាប់បងប្អូនយុវជនដែលបានទទួលជំហានទី២ដែលត្រៀមទទួលអគ្គជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។
កាលពីដើមសប្តាហ៍ទី១នៃរដូវអប់រំពិសេស ឬរដូវ៤០ថ្ងៃ ព្រះសហគមន៍កាតូលិកនៅកម្ពុជាមានអ្នកត្រៀមខ្លួនដើម្បីទទួលអគ្គសញ្ញាជ្រមុជទឹកចំនួន ៣៤៣នាក់ ដែលក្នុងនោះមានភូមិភាគភ្នំពេញចំនួន១៨៥នាក់ ភូមិភាគបាត់ដំបងមានចំនួន៦១នាក់ និងភូមិភាគកំពង់ចាមចំនួន៩៧នាក់។
សូមជំរាបថា នេះជាបូជនីយចរយុវជន លើកទី១៣ ដែលរៀបចំដោយការិយាល័យយុវជន ជំទង់ និងកុមារ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ៕
ដោយលី សុវណ្ណា