ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលំឱនកាយអង្វរព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តសទ្ធាជ្រះថ្លា យកចិត្តទុកដាក់រៀបចំខ្លួនប្រារព្ធពិធីបុណ្យចម្លងដែលកាន់តែជិតមកដល់ សូមប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះយេស៊ូដែលសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញផង។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី រម ៧,២៣-២៨
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបង្គាប់ដូនតាអ្នករាល់គ្នាថា ចូរយកចិត្តទុកដាក់ស្តាប់សំឡេងយើង! ដូច្នេះ យើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នាចុះ បើដូច្នោះ អ្នករាល់គ្នានឹងបានសុភមង្គលជាមិនខាន។ ប៉ុន្តែ ពួកគេមិនព្រមស្តាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួន ពួកគេនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខមករកយើងឡើង។ តាំងពីថ្ងៃដែលបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប រហូតមកដល់សព្វថ្ងៃ យើងតែងតែចាត់ព្យាការីទាំងប៉ុន្មានជាអ្នកបម្រើរបស់យើងឱ្យទៅរកពួកគេជារៀងរាល់ថ្ងៃមិនដែលអាក់ខានឡើយ។ ពួកគេមិនព្រមស្តាប់ មិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ ពួកគេតាំងចិត្តរឹងរូស ហើយប្រព្រឹត្តអំពើអាក្រក់ជាងបុព្វបុរសរបស់ខ្លួនទៅទៀត! យេរេមីអើយ! ទោះបីអ្នកយកពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេក្តី ក៏ពួកគេមិនព្រមស្តាប់ ទោះបីអ្នកហៅពួកគេក៏គេមិនព្រមឆ្លើយដែរ។ ដូច្នេះ ចូរប្រាប់ពួកគេថា៖ អ្នករាល់គ្នាជាប្រជាជាតិដែលមិនព្រមស្តាប់ព្រះសូរសៀងព្រះអម្ចាស់ជាព្រះរបស់ខ្លួន ហើយក៏មិនព្រមទទួលព្រះបន្ទូលប្រៀនប្រដៅពីព្រះអង្គដែរ។ អ្នករាល់គ្នាលែងស្មោះត្រង់ គ្មាននរណានិយាយអំពីការស្មោះត្រង់ចំពោះព្រះអង្គសោះ!»។
ទំនុកតម្កើងលេខ ៩៥ (៩៤), ១-២.៦-៩ បទកាកគតិ
១ | យើងស្រែកច្រៀងឡើង | សរសើរតម្កើង | ថ្វាយព្រះអម្ចាស់ |
ដោយចិត្តអបអរ | សាទរថ្វាយព្រះ | ជាថ្មមាំណាស់ | |
ជួយសង្គ្រោះយើង | ។ | ||
២ | យើងនាំគ្នីគ្នា | រូតរះម្នីម្នា | ជួបភក្ត្រព្រះអង្គ |
ទាំងអរព្រះគុណ | ស្មូត្របទតម្កើង | កោតសរសើរទ្រង់ | |
អស់កល្បអង្វែង | ។ | ||
៦ | ចូរនាំគ្នីគ្នា | គោរពវន្ទា | ក្រាបថ្វាយព្រះអង្គ |
យើងក្រាបចំពោះ | ព្រះភក្ត្រផូរផង់ | បារមីត្រចង់ | |
ទ្រង់បង្កើតយើង | ។ | ||
៧ | ព្រះអង្គជាព្រះ | នៃយើងទាំងអស់ | បារមីថ្កុំថ្កើង |
ទ្រង់ជាគង្វាល | ដឹកនាំពួកយើង | ថ្ងៃនេះព្រះអង្គ | |
បន្លឺឡើងថា | ។ | ||
៨ | មិនត្រូវផ្តេសផ្តាស | ដូចកាលបោរបះ | នៅមេរីបា |
ដូចថ្ងៃល្បងល | នៅឯម៉ាសា | ក្នុងវាលឯកា | |
ទីរហោស្ថាន | ។ | ||
៩ | គឺបុព្វបុរស | នៃអ្នកទាំងអស់ | ចិត្តគេសាមាន្យ |
គេបានល្បងល | ទោះបីគេបាន | ឃើញកិច្ចប៉ុន្មាន | |
យើងបានប្រព្រឹត្ត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ២,១២-១៣
ប | បពិត្រព្រះអម្ចាស់ ជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ! |
គ | ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ”សូមវិលមករកយើងវិញដោយស្មោះអស់ពីចិត្តមក! យើងមានហប្ញទ័យសប្បុរសមេត្តាករុណា!”។ |
ប | បពិត្រព្រះអម្ចាស់ ជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ! |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១៤-២៣
ព្រះយេស៊ូកំពុងបណ្តេញខ្មោចចេញពីមនុស្សគម្នាក់។ លុះខ្មោចចេញផុតទៅ មនុស្សគនោះនិយាយបាន ហើយមហាជនក៏ស្ងើចសរសើរក្រៃលែង ប៉ុន្តែ មានអ្នកខ្លះនិយាយថា៖ «អ្នកនេះដេញខ្មោចបានដូច្នេះ ព្រោះបេលសេប៊ូលជាស្តេចខ្មោចប្រគល់អំណាចឱ្យគាត់»។ មានអ្នកខ្លះទៀតចង់ចាប់កំហុសព្រះអង្គ ក៏សូមឱ្យព្រះអង្គសម្តែងទីសម្គាល់មួយបញ្ជាក់ថា ព្រះអង្គបានទទួលអំណាចពីព្រះជាម្ចាស់មក។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់គេ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នគរណាក៏ដូចនគរណាដែរ ប្រសិនបើពលរដ្ឋបាក់បែកទាស់ទែងគ្នាឯង នគរនោះមុខជាត្រូវវិនាស ហើយផ្ទះទាំងប៉ុន្មានមុខជារលំសង្កត់លើគ្នាជាមិនខាន។ យ៉ាងណាមិញ ប្រសិនបើមារសាតាំងបាក់បែកទាស់ទែងគ្នាឯង ធ្វើម្តេចនឹងឱ្យរាជ្យរបស់វានៅស្ថិតស្ថេរគង់វង្សបាន! ខ្ញុំនិយាយដូច្នេះព្រោះអ្នករាល់គ្នាថា ខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូល។ ប្រសិនបើខ្ញុំដេញខ្មោចដោយអំណាចបេលសេប៊ូលមែន តើកូនចៅរបស់អ្នករាល់គ្នាដេញខ្មោចដោយអំណាចនរណាវិញ? ដូច្នេះ កូនចៅរបស់អ្នករាល់គ្នានឹងដាក់ទោសអ្នករាល់គ្នា។ ផ្ទុយទៅវិញ បើខ្ញុំដេញខ្មោច ដោយប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ នោះបានសេចក្តីថា ព្រះរាជ្យរបស់ព្រះអង្គមកដល់អ្នករាល់គ្នាហើយ។ បើមនុស្សណាម្នាក់ខ្លាំងពូកែ មានអាវុធការពារផ្ទះរបស់ខ្លួន ទ្រព្យសម្បត្តិរបស់គេនឹងបានគង់វង្ស។ ប៉ុន្តែ បើមានម្នាក់ទៀតខ្លាំងពូកែជាង មកវាយយកជ័យជម្នះបាន គេនឹងដកហូតគ្រឿងអាវុធព្រមទាំងរឹបអូសទ្រព្យសម្បត្តិពីអ្នកនោះ យកទៅចែកឱ្យអ្នកផ្សេងថែមទៀតផង។ អ្នកណាមិននៅខាងខ្ញុំ អ្នកនោះប្រឆំាងនឹងខ្ញុំហើយ អ្នកណាមិនជួយប្រមូលផ្តុំជាមួយខ្ញុំទេ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំឱ្យផុតពីអំពើអាក្រក់គ្រប់បែបយ៉ាង។ សូមព្រះអង្គប្រោសយើងខ្ញុំ កុំឱ្យមានចិត្តជាប់ជំពាក់នឹងសម្បតិ្តលោកីយ៍នេះ តែសូមតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យជាប់នឹងសម្បត្តិដ៏ពេញលក្ខណៈនៃស្ថានបរមសុខផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្តឱ្យយើងខ្ញុំធ្វើជាអាហារ។ សូមទ្រង់ព្រះមេត្តាជួយឧបត្ថម្ភយើងខ្ញុំជានិច្ច សូមប្រោសយើងខ្ញុំឱ្យបង្ហាញឥទ្ធិពលនៃការសង្គ្រោះក្នុងគ្រប់កិច្ចការដែលយើងប្រព្រឹត្តផង។