អត្ថបទព្រះគម្ពីរ ថ្ងៃទី២២ ខែកុម្ភៈ អាសនៈសន្តសិលា ជាគ្រីស្តទូត ​ បុណ្យគោរព ពណ៌ស

close up photography of bible

នៅថ្ងៃនោះ គ្រីស្តបរិស័ទក្រុងរ៉ូមពីដើមនាំគ្នាគោរពសន្តសិលា និងសន្តប៉ូល ជាគ្រូបាធ្យាយ​ដើម​ដំបូងនៃព្រះសហគមន៍របស់គេ។ ព្រះសហគមន៍ចាត់សន្តសិលាទុកជាគ្រឹះនៃព្រះសហគមន៍។ ទាំង​​លោក ទាំងសម្តេចប៉ាប ដែលបន្តមុខងាររបស់លោក មានភារកិច្ច​គាំទ្រ​ជំនឿ​របស់​គ្រីស្ត​បរិស័ទ​ទាំង​ឡាយ ព្រមទាំងណែនាំគេឱ្យរួបរួមគ្នាជាធ្លុងតែ​មួយ ។

បពិត្រព្រះជាម្ចាស់ប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យតែងតាំង​ព្រះ​សហគ​ម​ន៍ដោយយកជំនឿរបស់គ្រីស្តទូតសិលាធ្វើជាគ្រឹះ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូម​ប្រោស​ព្រះសហគមន៍ឱ្យរួបរួមគ្នាជាធ្លុងតែមួយផង។

សូមថ្លែងលិខិតទី១ របស់សន្តៈសិលា ១សល ៥,១-៤

បងប្អូនជាទីស្រាឡាញ់!
ក្នុងនាមខ្ញុំជាព្រឹទ្ធាចារ្យដូចគ្នា ហើយជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ត និង​ជាអ្នករួមទទួលសិរីរុងរឿងដែលនឹងត្រូវលេចមក ខ្ញុំសូមដាស់តឿនព្រឹទ្ធាចារ្យ ដែលនៅក្នុងចំណោម​បងប្អូន​ថា​សូម​​មើល​ថែរក្សាហ្វូងចៀម ដែលព្រះជាម្ចាស់ផ្ញើទុកនឹងបងប្អូន ដោយចិត្តស្មោះស្ម័គ្រ ស្របតាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ គឺមិនមែនដោយទើសទ័ល ឬដោយចង់បានកម្រៃអ្វីដែរ តែត្រូវមើលថែរក្សាដោយសុទ្ធចិត្ត។ កុំប្រើ​អំណាចជិះជាន់អស់អ្នកដែលព្រះជាម្ចាស់ប្រទានមកឲ្យបងប្អូនថែរក្សានោះឡើយ គឺត្រូវធ្វើ​ជាគំរូដល់​ហ្វូង​ចៀម​វិញ។ ពេលអ្នកគង្វាលដ៏ឧត្តមយាងមកដល់ បងប្អូននឹងទទួលមកុដដ៏រុងរឿងដែលមិនចេះអាប់រស្មី ។

ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧

ឱ! ព្រះអម្ចាស់ជាគង្វាល មើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវដែលសក្តិសម ភោគផលជិតជុំឥតខ្វះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅ លើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយ ប្រទានឱ្យកាយមានកម្លាំង
ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិត ល្អល្អះប្រណីតភ្លឺចែងចាំង
ព្រះកិត្តិនាមល្បីក្លាខ្លាំង គ្មានអ្វីរារាំងព្រះអង្គឡើយ
ទោះបីរូបខ្ញុំដើរកាត់ភ្នំ ជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ ទ្រង់គង់ជាមួយតាមការពារ
ព្រះអង្គរៀបចំឱ្យបរិភោគ អាហារគរគោកមុខបច្ចា
រួចទ្រង់ចាក់ប្រេងលើសិរសា បំពេញពែងស្រាខ្ញុំហៀរហូរ
ព្រះអង្គប្រទានសុភមង្គល ហឫទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែហូរ ឥតមានឈប់ឈរមួយជីវិត
ដរាបណាជីវិតនៅមាន ខ្ញុំសែនសុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីត ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច

អលេលូយ៉ា! អាលេលូយ៉ា!
អ្នកឈ្មោះសិលា ហើយនៅលើផ្ទាំង​សិលា​នេះខ្ញុំ​នឹង​សង់​ព្រះ​សហគម​ន៍របស់ខ្ញុំ។ សេចក្តីស្លាប់ពុំមានអំណាចលើព្រះសហគមន៍នេះបានឡើយ!​ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៦,១៣-១៩

ព្រះយេស៊ូយាងមកដល់ស្រុកសេសារេភីលីព។ ព្រះអង្គមានព្រះបន្ទូលសួរពួកសាវ័កថា៖ « មនុស្ស​ទាំង​ឡាយ​ថាបុត្រមនុស្សជានរណា?»។គេទូលថា៖” អ្នកខ្លះថា លោកជាលោកយ៉ូហានបាទីស្ត  អ្នកខ្លះថាលោក​ជា​​​ព្យាការីអេលី អ្នកខ្លះទៀតថា លោកជាព្យាការីយេរេមី ឬជាព្យាការីណាមួយរូប “។ ព្រះអង្គសួរគេទៀតថា៖« ​ចុះ​អ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ? »។ លោកស៊ីម៉ូនសិលាទូលព្រះអង្គថា ៖”លោក​ជា​ព្រះ​គ្រីស្ត ជា​ព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មមគង់នៅ “។ ព្រះ​យេស៊ូ​មាន​ព្រះបន្ទូល​តប​ទៅ​គាត់​វិញ​ថា​៖​​«ស៊ី​ម៉ូនកូនលោកយ៉ូណាស! អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្តីនេះមិនមែនដោយខ្លួនឯងទេ គឺ​ព្រះ​បិ​តា​រ​បស់ខ្ញុំដែលគង់នៅស្ថានបរមសុខ បានសម្តែងឲ្យអ្នកដឹង។ ខ្ញុំសូមប្រាប់អ្នកថា អ្នកឈ្មោះសិលា​ហើយ​​នៅ​ផ្ទាំ​ង​សិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ សេចក្តីស្លាប់ ពុំមានអំណាច​លើព្រះ​សហគមន៍​នេះ​បាន​ឡើយ ខ្ញុំ​និង​ប្រគល់កូនសោព្រះរាជ្យនៃស្ថានបរមសុខឱ្យអ្នក។ អ្វីៗដែលអ្នកចងនៅលើផែនដីនេះព្រះជាម្ចាស់​នឹង​ចង​នៅ​​ស្ថានបរមសុខ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដីព្រះជាម្ចាស់ក៏នឹងស្រាយនៅស្ថានបរមសុខដែរ » ។

បពិត្រព្រះអម្ចាស់ជាព្រះបិតារបស់យើងខ្ញុំ! ព្រះអង្គបានប្រោសប្រទានព្រះកាយ និងព្រះលោហិត​ព្រះ​គ្រីស្ត​ឱ្យយើងខ្ញុំធ្វើជាអាហារដែលផ្ដល់កម្លាំង។ នៅថ្ងៃដែលយើងខ្ញុំនាំគ្នាគោរពសន្តសិលា សូមទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះសហគមន៍ឱ្យរួបរួមគ្នាជាធ្លុងតែមួយ និងបានប្រកដដោយសេចក្តីសុខសាន្តផង។

Facebook
Twitter
LinkedIn