ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមព្រះអង្គអាណិតមេត្តាទតមើលប្រជារាស្ត្រព្រះអង្គដែលខិតខំបម្រើព្រះអង្គឱ្យកាន់តែប្រសើរឡើងៗ។ យើងខ្ញុំយកចិត្តទុកដាក់រម្ងាប់តណ្ហារបស់យើងខ្ញុំ ដើម្បីឱ្យបានសេរីភាពដ៏ពិតប្រាកដ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តគំនិតថ្មី និងប្រព្រឹត្តអំពើល្អជានិច្ចផង។
អត្ថបទទី៖ សូមថ្លែងព្រះគម្ពីរព្យាការីយូណា យណ ៣,១-១០
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូណាថា៖ «ចូរក្រោកឡើង! ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់។ អ្នកត្រូវប្រកាសនូវសេចក្តីដែលយើងនឹងប្រាប់អ្នក ឱ្យអ្នកក្រុងនោះបានដឹង»។ លោកយ៉ូណាធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់ គឺលោកក្រោកឡើង ចេញដំណើរទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេនោះ ជាក្រុងមួយដ៏ធំសម្បើមអស្ចារ្យ ប្រសិនបើដើរកាត់ក្រុងនេះពីជាយម្ខាងទៅជាយម្ខាង ត្រូវចំណាយពេលអស់បីថ្ងៃទើបបាន។ ព្យការីយ៉ូណាបានដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត ព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។ ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើព្រះជាម្ចាស់។ ពួកគេប្រកាសឱ្យមនុស្សគ្រប់ៗរូប ចាប់ពីនាម៉ឺនមន្ត្រី រហូតដល់ប្រជាជនអ្នកតូចតាចតមអាហារ និងស្លៀកពាក់កាន់ទុក្ខ។ ពេលព្រះមហាក្សត្រក្រុងនីនីវេជ្រាបដំណឹងនេះ ទ្រង់ក៏យាងចុះពីព្រះបល្ល័ង្ក ដោះព្រះភូសាចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងគង់នៅលើផេះទៀតផង។ ព្រះរាជាក៏ចេញព្រះរាជ្យបញ្ជាឱ្យប្រកាសប្រាប់ប្រជារាស្ត្រក្នុងក្រុងនីនីវេថា៖ «យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ និងអស់លោកសព្វមុខមន្ត្រី សូមហាមទាំងមនុស្ស ទាំងសត្វតូចធំ មិនឱ្យបរិភោគឬផឹកអ្វីសោះឡើយ។ ទាំងមនុស្សទាំងសត្វត្រូវស្លៀកបាវកាន់ទុក្ខ ហើយត្រូវអង្វរព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅដែលខ្លួនធ្លាប់ប្រព្រឹត្ត ក្រែងលោព្រះជាម្ចាស់នឹងប្រែព្រះហប្ញទ័យ ហើយលែងព្រះពិរោធ! ដូច្នេះ យើងមិនត្រូវអន្តរាយឡើយ»។ ព្រះជាម្ចាស់ទតឃើញអំពើដែលពួកគេប្រព្រឹត្តនោះ គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល។ ព្រះអង្គក៏ប្រែព្រះហប្ញទ័យ ហើយមិនដាក់ទោសពួកគេ ដូចព្រះអង្គបានប្រទានដំណឹងកាលពីមុននោះទេ គឺព្រះអង្គមិនបំផ្លាញក្រុងគេចោលទេ។
ទំនុកតម្កើងលេខ ៥១(៥០), ៣-៤,១២-១៣,១៨-១៩ បទពាក្យ ៧
៣ | ឱ! ព្រះជាម្ចាស់ទូលបង្គំ | សូមលើកទោសខ្ញុំហើយមេត្តា | |
តាមព្រះហប្ញទ័យករុណា | លើសលប់អស្ចារ្យព្រះអង្គផង | ។ | |
សូមលើកទោសឱ្យទូលបង្គំ | ផុតទុក្ខក្រៀមក្រំគ្រានេះម្តង | ||
ព្រះទ័យអាណិតអាសូរផង | ព្រោះតែព្រះអង្គឥតមានខ្ចោះ | ។ | |
៤ | សូមជួយលុបលាងខ្ញុំឱ្យជ្រះ | ឱ្យស្អាតស្រឡះពីកំហុស | |
ជួយជម្រះខ្ញុំឱ្យស្អាតផងចុះ | ឱ្យបរិសុទ្ធអស់អំពើបាប | ។ | |
១២ | ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយប្រោសឱ្យបរិសុទ្ធ | |
បង្កើតចិត្តថ្មីមាំមោះមុត | រឹងប៉ឹងបំផុតដល់ខ្ញុំផង | ។ | |
១៣ | សូមកុំបោះបង់រូបខ្ញុំចោល | ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ | |
កុំដកវិញ្ញាណដ៏ត្រចង់ | វិសុទ្ធព្រះអង្គពីខ្ញុំឡើយ | ។ | |
១៨ | ព្រះអង្គមិនដែលសព្វព្រះទ័យ | ឱ្យដាក់យញ្ញថ្វាយច្រើនឬតិច | |
ទោះតង្វាយដុតទាំងមូលស្រេច | ក៏ទ្រង់គ្មានកិច្ចចង់បានដែរ | ។ | |
១៩ | យញ្ញដែលព្រះអង្គសព្វព្រះទ័យ | ឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ | |
គឺចិត្តសោកសៅទុក្ខឥតល្ហែ | និងចិត្តកែប្រែលែងក្អេងក្អាង | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យអ ២,១២-១៣
ប | បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយសិរីរុងរឿងដោយព្រះកិត្តិនាម ប្ញទ្ធានុភាព និងភាពថ្កុំថ្កើង។ |
គ | ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ឥឡូវនេះ សូមអ្នករាល់គ្នាវិលត្រឡប់មករកយើងដោយស្មោះអស់ពីចិត្ត ដ្បិតយើងមានព្រះហប្ញទ័យស្រឡាញ់ និងសប្បុរស»។ |
ប | បពិត្រព្រះអម្ចាស់! ព្រះអង្គប្រកបដោយសិរីរុងរឿងដោយព្រះកិត្តិនាម ប្ញទ្ធានុភាព និងភាពថ្កុំថ្កើង។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,២៩-៣២
នៅគ្រានោះ មហាជនជុំគ្នាយ៉ាងច្រើនកុះករ ព្រះអង្គមានព្រះបន្ទូលថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់! គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេងក្រៅពីទីសម្គាល់របស់ព្យាការីយ៉ូណាឡើយ។ លោកយ៉ូណាបានធ្វើជាទីសម្គាល់ឱ្យអ្នកក្រុងនីនីវេឃើញយ៉ាងណា បុត្រមនុស្សក៏នឹងធ្វើជាទីសម្គាល់ឱ្យមនុស្សជំនាន់នេះឃើញយ៉ាងនោះដែរ។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក មហាក្សត្រីស្រុកខាងត្បូងនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម ព្រះនាងបានយាងមកពីតំបន់ដាច់ស្រយាលនៃផែនដីដើម្បីស្តាប់ព្រះបន្ទូលរបស់ស្តេចសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។ រីឯនៅទីនេះមានម្នាក់ប្រសើរលើសស្តេចសាឡូម៉ូនទៅទៀត។ នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក អ្នកក្រុងនីនីវេនឹងក្រោកឡើងជាមួយមនុស្សជំនាន់នេះ ព្រមទាំងចោទប្រកាន់គេផង ព្រោះកាលពីជំនាន់ដើម អ្នកក្រុងនីនីវេបានកែប្រែចិត្តគំនិត នៅពេលឮសេចក្តីដែលលោកយ៉ូណាសប្រកាស។ រីឯនៅទីនេះ មានម្នាក់ប្រសើរលើសលោកយ៉ូណាសទៀត!»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយអាហារដែលព្រះអង្គបានប្រទានដើម្បីចិញ្ចឹមជីវិតយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាញុាំងនំប័ុង និងស្រានេះ ឱ្យទៅជាព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត។ សូមប្រោសយើងខ្ញុំឱ្យបានជាសះស្បើយដោយអគ្គសញ្ញា នេះផង។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ជាអគ្គសញ្ញាដែលពង្រឹងកម្លាំងរបស់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យអាហារនេះផ្តល់ជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំផង។