សូមថ្លែងព្រះគម្ពីរពង្សាវតាក្សត្រភាគទី១ ១ពង្ស ១១,២៩-៣២,១២,១៩
លោកយេរ៉ូបោម ជាមន្រ្តីត្រួតក្រសួងសាធារណការ នៅក្នុងរជ្ជកាលព្រះបាទសាឡូម៉ូន។ ថ្ងៃមួយ លោកយេរ៉ូបោមបានចាកចេញពីក្រុងយេរូសាឡឹម។ នៅតាមផ្លូវព្យាការីអហ៊ីយ៉ា ជាអ្នកភូមិស៊ីឡូ មកជួបលោកទាំងពាក់អាវធំមួយថ្មីផង។ លោកទាំងពីរស្ថិតនៅទីវាលដាច់ឆ្ងាយពីគេ។ លោកអហ៊ីយ៉ាដោះអាវធំថ្មីនោះ មកហែកជាដប់ពីរចម្រៀក។ បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់លោកយេរ៉ូបោមថា៖ «សូមយកដប់ចម្រៀកនេះទៅ ដ្បិតព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូថា “យើងនឹងដកហូតអាណាចក្រពីសាឡូម៉ូនប្រគល់ឱ្យអ្នក យើងនឹងឱ្យអ្នកគ្រប់គ្រងលើកុលសម្ពន្ធដប់។ យើងទុកកុលសម្ពន្ធតែមួយឱ្យសាឡូម៉ូន ដោយយល់ដល់ដាវីឌជាអ្នកបម្រើរបស់យើង និងដល់ក្រុងយេរូសាឡឹម ដែលយើងបានជ្រើសរើសពីក្នុងចំណោមទឹកដីនៃកុលសម្ពន្ធទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល»។ គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរ ប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌរហូតដល់សព្វថ្ងៃ។
ទំនុកតម្កើងលេខ ៨១ (៨០),១០-១៥ បទកាកគតិ
១០ | ក្នុងចំណោមអ្នក | កុំទៅស្មោះស្ម័គ្រ | នឹងព្រះដទៃ | កុំទៅគោរព |
កោតខ្លាចធ្វើអ្វី | ព្រោះព្រះដទៃ | ជាព្រះក្លែងក្លាយ | ។ | |
១១ | យើងជាព្រះម្ចាស់ | មិនមែនជាព្រះ | ក្លែងក្លាយនោះឡើយ | យើងបានយកអ្នក |
ពីអេស៊ីបហើយ | កុំនៅកន្តើយ | ទទួលពរយើង | ។ | |
១២ | តែរាស្រ្តមិនស្តាប់ | ពាក្យយើងបង្គាប់ | គេធ្វើប្ញកឆ្មើង | ទោះអ៊ីស្រាអែល |
ក៏លែងស្គាល់យើង | ធ្វើតាមទំនើង | អំពើអាក្រក់ | ។ | |
១៣ | ហេតុដូច្នេះហើយ | ទើបយើងបណ្តោយ | ឱ្យពួកគេធ្លាក់ | យើងឱ្យគេធ្វើ |
តាមចិត្តគម្រក់ | ប្រព្រឹត្តអាក្រក់ | តាមទំនើងចិត្ត | ។ | |
១៤ | តែបើប្រជា | រាស្រ្តទាំងអស់គ្នា | គេប្តូរគំនិត | ស្តាប់សំឡេងយើង |
ហើយគេប្រព្រឹត្ត | តាមមាគ៌ាពិត | របស់យើងនោះ | ។ | |
១៥ | នោះយើងមុខជា | បង្ក្រាបបច្ចា | ជាខ្មាំងទាំងអស់ | ហើយយើងសម្លាប់ |
មិនឱ្យសល់សោះ | សត្រូវទាំងអស់ | តែមួយរំពេច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៥១,១៧
អាលេលូយ៉ា! អាលេលូយ៉ា!
ឱព្រះអម្ចាស់អើយ! សូមជួយខ្ញុំឱ្យបន្លឺសំឡេង ពោលពាក្យសរសើរតម្កើងព្រះអង្គផង!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៧,៣១-៣៧
ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ គេនាំបុរសថ្លង់ម្នាក់មកគាល់ព្រះអង្គ។ ម្យ៉ាងទៀតបុរសនោះពុំអាចនិយាយបានស្រួលដូចធម្មតាផង។ គេទូលអង្វរសូមឱ្យព្រះអង្គដាក់ព្រះហស្តលើគាត់។ ព្រះអង្គនាំគាត់ចេញទៅដោយឡែកដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ ហើយស្តោះទឹកព្រះឱស្ឋយកទៅផ្តិតលើអណ្តាតគាត់ រួចព្រះអង្គងើបព្រះភក្រ្តឡើងទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលថា៖ «អេផាថា» (ពាក្យនេះប្រែថា៖“ចូរបើកឡើង”)។ រំពេចនោះ ស្រាប់តែត្រចៀករបស់បុរសនោះអាចស្តាប់ឮបាន អណ្តាតរបស់គាត់ក៏គ្រលាស់បាន ហើយគាត់ក៏និយាយស្តីបានច្បាស់លាស់។ ព្រះយេស៊ូហាមប្រាមពួកគេ មិនឱ្យនិយាយហេតុការណ៍នេះប្រាប់នរណាសោះឡើយ។ ប៉ុន្តែ ទោះបីព្រះអង្គហាមប្រាមយ៉ាងណាក៏ដោយ ក៏គេរឹតតែប្រកាសខ្លាំងឡើងៗ។ មនុស្សម្នាងឿវឆ្ងល់ពន់ពេកណាស់ ហើយពោលថា៖ «គ្រប់កិច្ចការដែលលោកធ្វើ សុទ្ធតែល្អទាំងអស់ សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឱ្យឮបាន មនុស្សគក៏លោកធ្វើឱ្យនិយាយបានដែរ»។