គ្រូអប់រំជំនឿធ្វើពាក្យសច្ចានៅបាត់ដំបងក្រុង

ក្រុមអ្នកណែនាំជំនឿ នៃព្រះសហគមន៍បាត់ដំបងក្រុង បានធ្វើពិធីថ្វាយពាក្យសច្ចារបស់ខ្លួន ជាការស្ម័គ្រចិត្តក្នុងការចែករំលែក និងណែនាំជំនឿបន្តដល់អស់អ្នកដែលចង់ស្គាល់អំពីគ្រីស្តសាសនានិកាយកាតូលិក កាលពីថ្ងៃទី១៧ កុម្ភៈ នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ នៅបាត់ដំបងក្រុង

ជាទូទៅព្រះសហគមន៍នៅក្រុងបាត់ដំបងតែងតែធ្វើពិធីថ្វាយពាក្យសច្ចារបស់អ្នកណែនាំជំនឿនេះ ជារៀងរាល់ពីរឆ្នាំម្តង ដើម្បីបើកវគ្គសិក្សាអប់រំជំនឿថ្មី។ ក្នុងឆ្នាំនេះ មានគ្រូចូលរួមស្ម័គ្រចិត្តចំនួន៣៤នាក់ ដោយទទួលស្គាល់ជាផ្លូវការពីលោកអភិបាលអេនរីគេ ហ្វីការេដូនៃព្រះហសគមន៍បាត់ដំបងក្រុង។

តាមប្រសាសន៍របស់អ្នកស្រី ស្រីសុ ជុំ ជាមន្ត្រីទំនាក់ទំនងព្រះវិហារបាត់ដំបងក្រុងបានអោយដឹងថាកម្មវិធីថ្វាយពាក្យសច្ចានេះ ជាការដាស់តឿនដល់គ្រូរអប់រំជំនឿ អំពីកាតព្វកិច្ចបញ្ជូនបន្តជំនឿដោយភាពត្រឹមត្រូវ និងក្តីស្រលាញ់នៅចំពោះមុខព្រះជាម្ចាស់។ អ្នកស្រីបន្ថែមថា «ហេតុនេះទោះជាមានការលំបាកអ្វីក៏កុំបោះបង់កិច្ចការនេះចោល ព្រោះវាជាផ្លូវតែមួយគត់ដើម្បីអ្នកផ្សេងបានស្គាល់ព្រះជាម្ចាស់»

កម្មវិធីថ្វាយពាក្យសច្ចានេះ លោកអភិបាលអេនរីគេ ហ្វីការេដូ នៃព្រះសហគមន៍ភូមិភាគបាត់ដំបងបានសូមឲ្យគ្រូរអប់រំក៏ដូចជាគ្រីស្តបរិស័ទទាំងអស់រិះគិតនូវចំណុចសំខាន់ៗរួមមាន៖

1.    សូមឲ្យរស់នៅតាមរបៀបគ្រីស្តបរិស័ទដោយយកព្រះបន្ទូលជាទីពឹង
2.    អធិដ្ឋានជាប្រចាំ
3.    កែប្រែចិត្តគំនិត។
លោកអភិបាលបានបន្ថែមថា «ក្នុងនាមជាគ្រីស្តបរិស័ទប្រហែលមានកិច្ចការមួយចំនួនធ្វើឲ្យយើងពិបាកក្នុងការប្រតិបត្តិ តែចំណុចខ្លះៗដែលខ្ញុំលើកឡើងខាងលើគឺជាការដាស់តឿនដើម្បីកុំឲ្យយើងភ្លេចថា ខ្លួនជានណា ហើយត្រូវធ្វើអ្វីខ្លះដើម្បីរក្សានិងបញ្ជូនបន្តជំនឿ»

ដោយ៖ រឿន ស្រីម៉ាច

Facebook
Twitter
LinkedIn