ថ្នាក់ត្រៀម និងទេវវិទ្យាល័យបើកឆ្នាំសិក្សាជាផ្លូវការណ៍ក្នុងឆ្នាំ២០២៤

លោក អូលវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានបើកឆ្នាំសិក្សាថ្មីសម្រាប់ទេវវិទ្យាល័យ​សន្តម៉ារីវីយ៉ាណែរ ជាផ្លូវការណ៍កាលពីល្ងាចថ្ងៃទី៤ មករា កន្លងទៅ ដោយក្នុងនោះមាននិស្សិតទេវវិទ្យាចំនួន៣រូបដែលនឹងក្លាយជាកូនសិស្សរបស់លោកអភិបាលពេញសិទ្ធិ។

ជាមួយកម្មវិធីនេះដែរ លោកអភិបាលបានប្រកាសបើកថ្នាក់ត្រៀមសម្រាប់ទទួលយុវ័នកាតូលិកដែលចង់ឈ្វេងយល់និងរិះគិតអំពីការត្រាស់ហៅរបស់ខ្លួនជាអ្នកបួសផងដែរ ដែលវគ្គនេះមានអ្នកចុះឈ្មោះចូលរួមចំនួន៧នាក់មកពីភូមិភាគភ្នំពេញចំនួន៦នាក់ និងភូមិភាគបាត់ដំបងចំនួន១នាក់។

មានប្រសាសន៍ក្នុងអភិបូជានាថ្ងៃដដែលនោះទៅកាន់គ្រីស្តបរិស័ទចូលរួមប្រមាណជិត២០០នាក់ លោកអភិបាលឲ្យដឹងថា នៅថ្ងៃនេះ នៅពេលយើងមើលឃើញ ការត្រាស់ហៅដែលព្រះជាម្ចាស់កំពុងរៀបចំសម្រាប់ព្រះសហគមន៍របស់យើង យើងត្រូវអរព្រះគុណព្រះជាម្ចាស់។

ការបង្កើតថ្នាក់ត្រៀម គឺដើម្បីឲ្យយុវ័នចេះថែរក្សាការត្រាស់ហៅរបស់ខ្លួនមកពីព្រះជាម្ចាស់ ជាពេលវេលាដែលស្នាក់នៅជាមួយព្រះយេស៊ូ រិះគិត ពិចារណា ចូលយ៉ាងជ្រៅជាមួយព្រះជាម្ចាស់ ចេញពីលោកិយ៍ហើយនៅស្ងៀមស្ងាត់។

លោកបញ្ជាក់ថា ថ្នាក់ត្រៀមនេះ គឺ«ជាផ្ទះដែលយើងធ្វើដំណើរនៅក្នុងដួងចិត្តរបស់យើងជាមួយព្រះយេស៊ូជាពិសេស ពិចារណាពីរបៀបដែលព្រះយេស៊ូស្រឡាញ់យើងនិងអំពីរបៀបរបស់យើងផ្ទាល់ខ្លួនស្រឡាញ់ព្រះយេស៊ូ»។

តាមរយៈគំរូរបស់ព្រះនាងម៉ារីជាមាតាព្រះយេស៊ូ លោកអភិបាលសូមឲ្យសិស្សទាំង៧នាក់ ចេះរៀបចំខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សគ្រប់រូប។ លោកក៏សូមឲ្យនិស្សិតទេវវិទ្យាល័យ និងលោកបូជាចារ្យទទួលខុសត្រូវថ្មីនៅតាមតំបន់យកចិត្តទុកដាក់លើចំណុចនេះដែរ។

«ឲ្យយើងទៅជាអ្នកបម្រើដើម្បីក្លាយជាម្ចាស់ផ្ទះ ស្រឡាញ់ផ្ទះរបស់យើង ថែរក្សាផ្ទះរបស់យើងដែលជាព្រះសហគមន៍ដែលយើងទទួល» លោកបញ្ជាក់ទៀតថា ផ្ទះនោះ គឺជាគ្រីស្តបរិស័ទ កុមារ យុវជន មនុស្សចាស់ជរាជាដើម ហើយណែនាំគេឲ្យយល់ថា គេមានផ្ទះមួយដែលកក់ក្ដៅ។

ទេវវិទ្យាល័យសន្តម៉ារីវីយ៉ាណែរ ទទួលខុសត្រូវដោយលោកបូជាចារ្យ យ៉ាំងលូកា តាវ៉ូឡា ចំណែកថ្នាក់ត្រៀមទទួលខុសត្រូវដោយលោកបូជាចារ្យ យ៉ូហាន អ៊ុន សុន។

ទេវវិទ្យាល័យ ជាកន្លែងដើម្បីបណ្តុះបណ្តាលយុវ័នកាតូលិកឲ្យក្លាយជាបូជាចារ្យ ដើម្បីបម្រើព្រះសហគមន៍ ដោយរស់នៅរក្សាព្រហ្មចារីធម៌ ស្តាប់បង្គាប់ និងដាក់ខ្លួនជាអ្នកបម្រើ។

លោកបូជាចារ្យអ៊ុន សុន មានប្រសាសន៍ថា ថ្នាក់ត្រៀមនេះ មានរយៈពេល២ឆ្នាំ យុវ័ន​ទាំងនេះ​នឹង​រស់នៅ​ជា​មួយគ្នា ដោយ​ចែក​រំលែក​បទពិសោធរស់នៅ​ជាមួយគ្នា កសាង​ជីវិត​និង​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​ឲ្យ​មាន​ភាព​ជិតស្និទ្ធ ធ្វើ​ដំណើរ​ជាមួយគ្នា និង​រស់នៅជាមួយគ្នា​ជាលក្ខណៈគ្រួសារ។ កម្មវិធីសិក្សា​គឺ​ រៀនព្រះគម្ពីរ និង​មុខវិជ្ជា​ផ្សេងៗទៀត​ទាក់ទង​នឹង​ជំនំនឿនិង​ព្រះសហគមន៍ និង​សិក្សា​ថ្នាក់បរិញ្ញាបត្រ​ផ្នែក​ភាសាអង់គ្លេសដើម្បីអាច​បន្ត​ការសិក្សានៅ​កន្លែង​ផ្សេងទៀត។

លោក​ប្រាប់ថា ផលផ្លែនៃក្រុម​នេះ គឺ​​បានមក​ពី​​ក្រុម​ត្រាស់ហៅ អេម៉ាណូអែល ដែល​​ចាប់អារម្មណ៍​អំពី​ជីវិត​ជា​អ្នក​បួស​។ លោកថា ការ​ត្រាស់ហៅនេះ ជា​អំណោយទានរបស់​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​។

លោកអភិបាល​អូលវីយ៉េ បាន​ឲ្យដឹងទៀតថា «យើង​សូម​អរគុណ​ដល់​ឪពុក​ម្តាយ ដល់​ក្រុមគ្រួសារ ដល់​បូជាចារ្យ បងប្រុសបងស្រី ដល់ព្រះសហគមន៍ដែលបាន​អធិដ្ឋាន​សម្រាប់ពួកគាត់​ ដែល​បានគាំទ្រគាត់​»។ លោកអភិបាល​សុំ​ឲ្យ​បន្ត​អធិដ្ឋាន​បន្ថែម​ទៀតសម្រាប់​ពួកគាត់​ ដើម្បី​តស៊ូ និង​ធ្វើ​ដំណើរ​រួមជាមួយព្រះយេស៊ូ។

មុន​ពេល​បញ្ចប់​កម្មវិធី​បើក​ឆ្នាំ​សិក្សានេះ លោកអភិបាល​អូលីវីយ៉េ បាន​ចែកសៀវភៅអធិដ្ឋានតាមពេលកំណត់ ដល់​និស្សិតទេវវិទ្យាល័យ និង​យុវ័នថ្នាក់ត្រៀម​ទាំង​៧នាក់៕

ដោយ​កែវ កញ្ញា

 

Facebook
Twitter
LinkedIn