អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយតេជានុភាពសព្វប្រការ! ព្រះអង្គចាត់ព្រះបន្ទូលព្រះអង្គឱ្យយាងមកប្រសូតជាមនុស្ស។ នៅពេលនោះ នាងព្រហ្មចារីម៉ារីពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងត្រឡប់ទៅជាព្រះវិហាររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ សូមឱ្យយើងខ្ញុំទទួលស្គាល់ព្រះហឫទ័យព្រះអង្គ និងប្រព្រឹត្តតាមដូចព្រះនាងផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៧,១០-១៦

ព្រះអម្ចាស់ចាត់លោកអេសាយឱ្យទៅទូលព្រះបាទអខាសថា៖«ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា សម្តែងនូវទីសម្គាល់មួយ ទោះបីនៅលើភ្នំក្តី ឬនៅក្នុងទីដ៏ជ្រៅក្តី ដើម្បីបញ្ជាក់ថា ព្រះអង្គពិតជាគង់នៅជាមួយព្រះករុណា»។ ព្រះបាទអខាសមានរាជឱង្ការតបមកវិញថា៖«ទេ! យើងមិនទូលសូមអ្វីជាដាច់ខាត យើងមិនព្រមល្បងលឫទ្ធានុភាពរបស់ព្រះអម្ចាស់ទេ!»។ ព្យាការីអេសាយទូលព្រះរាជាថា៖«បពិត្រព្រះរាជ្យវង្សរបស់ព្រះបាទដាវីឌ សូមទ្រង់ព្រះសណ្តាប់ទូលបង្គំ! ព្រះអង្គមិនត្រឹមតែធ្វើឱ្យមនុស្ស ណាយចិត្តប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យព្រះរបស់ទូលបង្គំណាយព្រះហឫទ័យទៀតផង។ ហេតុនេះ ព្រះអម្ចាស់ផ្ទាល់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល! យុវនារីមានផ្ទៃពោះ នាងនឹងប្រសូត្របានបុត្រមួយ ហើយថ្វាយព្រះនាមបុត្រនោះថា “អេម៉ានូអែល” (ឈ្មោះនេះមានន័យថា “ព្រះជាម្ចាស់គង់ជាមួយយើង)”។ បុត្រនោះនឹងសោយតែទឹកដោះ និងទឹកឃ្មុំ រហូតដល់ពេលចេះបដិសេធអ្វីៗដែលអាក្រក់ ហើយចេះជ្រើសយកអ្វីៗដែលល្អវិញ។​ ក៏ប៉ុន្តែ មុនពេលបុត្រនោះចេះបដិសេធអ្វីៗដែលអាក្រក់ ហើយចេះជ្រើសរើសយកអ្វីៗដែលល្អ ស្រុករបស់ស្តេចទាំងពីរដែលមកបំភ័យព្រះករុណានោះនឹងត្រូវគេបោះបង់ចោលឱ្យនៅស្ងាត់ជ្រងំ»។

ទំនុកតម្កើងលេខ ២៤ (២៣),១-៦ បទពាក្យ ៧

១. អ្វីៗដែលនៅលើផែនដី កើតមកច្រើនក្រៃមីដេរដាស
សុទ្ធជាកម្មសិទ្ធិព្រះអម្ចាស់ ជាស្នាព្រះហស្តនៃព្រះអង្គ
២. គឺព្រះអង្គហើយដែលចាត់គ្រឹះ គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង
ធ្វើឱ្យផែនដីនៅរឹងប៉ឹង ធំធេងល្វើយល្វឹងលើសមុទ្រ
៣. តើនរណាអាចឡើងលើភ្នំ វិហារឧត្តមដ៏វិសុទ្ធ
ដែលជាទីស្ថានតែមួយគត់ ល្អល្អះបំផុតសែនសុខសាន្ត
៤. គឺមានតែអ្នកត្រឹមត្រូវល្អ ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន
មិនបណ្តោយខ្លួនស្បថបំពាន នោះទើបអាចបានឡើងទីខ្ពស់
៥. ព្រះជាអម្ចាស់ប្រទានពរ ជោគជ័យបវរសព្វទាំងអស់
ហើយព្រះអង្គបានជួយសង្គ្រោះ ទាំងប្រោសឱ្យរស់មានជីវិត
៦. អ្នកទាំងនេះហើយគឺប្រជា ស្វះស្វែងម្នីម្នាចូលមកជិត
ជាអ្នកស្វែងរកព្រះម្ចាស់ពិត ព្រះភក្ត្រល្អល្អិតព្រះយ៉ាកុប

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
កូនសោព្រះបាទដាវីឌអើយ! ព្រះអង្គបើកទ្វារនៃព្រះរាជ្យ! សូមយាងមករំដោះពួកឈ្លើយឱ្យចេញពីភាពងងឹត! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,២៦-៣៨

ព្រះជាម្ចាស់ចាត់ទេវទូតកាព្រីអែលឱ្យទៅភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ ដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ ជាគូរដណ្តឹងរបស់កំលោះម្នាក់ឈ្មោះយ៉ូសែប ដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ។ ស្រ្តីក្រមុំនោះឈ្មោះម៉ារី។ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារី ហើយមានប្រសាសន៍ទៅកាន់នាងថា៖«នាងជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់អើយ! ចូរមានអំណរសប្បាយឡើង! ព្រះអង្គគង់ជាមួយនាង»។ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់ចិត្តយ៉ាងខ្លាំង ហើយនឹករិះគិតថា តើពាក្យជម្រាបសួរនេះមានន័យដូចម្តេច។ ទេវទូតពោលទៅកាន់នាងថា៖«កុំខ្លាចអីម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគ៌ភ ហើយសម្រាលបានបុត្រមួយដែលនាងត្រូវថ្វាយព្រះនាមថា “យេស៊ូ ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្តម ហើយគេនឹងថ្វាយព្រះនាមថា “​ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោររបស់ព្រះអង្គ ទ្រង់នឹងគ្រងរាជ្យលើប្រជារាស្ត្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។ នាងម៉ារីសួរទៅទេវទូតថា៖ «តើធ្វើដូចម្តេចនឹងឱ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផង?»។ ទេវទូតឆ្លើយទៅនាងវិញថា៖«ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលនឹងប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ម្យ៉ាងទៀត នាងអេលីសាបិតជាញាតិរបស់នាងមានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ នាងម៉ារីពោលទៅទេវទូតថា៖«នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់ព្រះអង្គចុះ!»។ បន្ទាប់មក ទេវទូតចាកចេញពីនាងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គចាត់ព្រះបុត្រាឱ្យប្រសូតជាមនុស្សដូចយើងខ្ញុំ។ ឥឡូវនេះ ព្រះបុត្រាថ្វាយសក្ការបូជា និងអង្វរព្រះអង្គក្នុងនាមយើងខ្ញុំទាំងអស់គ្នា។ យើងខ្ញុំសូមចូលរួមជាមួយព្រះបុត្រា ដោយជឿសង្ឃឹមយ៉ាងស្មោះ។ សូមទ្រង់មេត្តាទទួលយើងខ្ញុំរួមជាមួយព្រះបុត្រាដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយព្រះគ្រីស្តឱ្យយើងខ្ញុំក្នុងអភិបូជានេះ។ សូមទ្រង់ព្រះមេត្តាថែរក្សាការពារយើងខ្ញុំជានិច្ច ព្រមទាំងប្រទានសេចក្តីសុខសាន្តដ៏ពេញលេញឱ្យយើងខ្ញុំផង។

Facebook
Twitter
LinkedIn