លោកអូលីវីយ៉េ ឲ្យគ្រីស្តបរិស័ទកាយអំពើបាបចេញពីខ្លួន

ក្នុងអាទិត្យទី២នៃរដូវរង់ចាំនេះ លោកអភិបាលភូមិភាគភ្នំពេញ សុំឱ្យគ្រីស្តបរិស័ទរៀបចំខ្លួន ដូចការដ្ឋានផ្លូវថ្នល់ ដែលត្រូវកាយដីមិនល្អចេញ ហើយត្រូវបំពេញដោយថ្មគ្រឹះ។ ក្នុងនោះគឺគ្រីស្តបរិស័ទត្រូវកាយចេញនូវអំពើបាប និងទម្លាប់អាក្រក់ក្នុងខ្លួន ហើយត្រូវចាក់បញ្ចូលនូវព្រះបន្ទូលព្រះជាម្ចាស់  និងអគ្គសញ្ញាផ្សេងៗចូលក្នុងដួងចិត្តជំនួសវិញ។

ថ្លែងក្នុងធម្មទេសនានាថ្ងៃទី១០ ខែធ្នូ នៅព្រះវិហារ សន្ត​អូគូស្តាំង នៃខេត្ត​កំពត ដែលមានគ្រីស្តបរិស័ទប្រមាណ១០០នាក់មកពីព្រះសហគមន៍ចំនួន៥ ដែលស្ថិតក្នុងមណ្ឌលសកម្មភាពកំពត-កែប និងពីសាលា​ដុន​បូស្កូ​ចូលរួម លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា ព្រះជាម្ចាស់ឱ្យយើងរៀបចំផ្លូវនៃជីវិតដើម្បីទទួលព្រះជាម្ចាស់។

មណ្ឌល​សកម្មភាព​កំពត​-កែប មាន​ព្រះសហគមន៍​ដូចជា ព្រះវិហារ​សន្ត​អូគូស្តាំង ព្រះវិហារ​សន្តយ៉ូសែប(ជុំគិរី) ព្រះវិហារ​សន្តសិលា(ព្រែកប្រស់) ព្រះសហគមន៍ត្រពាំង​រ៉ុន និង​ព្រះសហគមន៍សន្តប៉ូល (កោះស្លា)។

ក្នុងរដូវរង់ចាំ​នេះ យើងត្រូវឱ្យព្រះវិញ្ញាណនាំយើង ឱ្យស្គាល់អំណោយទាន៧របស់ព្រះជាម្ចាស់ដែលប្រៀបដូចជាទឹកដែលស្រោចលើផ្លូវកុំឱ្យហុយនិងមើលឃើញផ្លូវច្បាស់លាស់។ លោកអភិបាលបន្ថែម។

លោកអភិបាល សូមឱ្យគ្រីស្តបរិស័ទកែប្រែចិត្តគំនិត ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានទំនាក់ទំនងជាមួយព្រះយេស៊ូ និង ត្រូវចេះតស៊ូ ដាក់ខ្លួន  និងស្រឡាញ់បងប្អូនឯទៀតៗ។

លោកអភិបាលបន្តថា «យើងត្រូវទំនាក់ទំនង ជាមួយព្រះយេស៊ូ ដើម្បីឱ្យយើងមានគ្រឹះរឹងមាំ​ក្នុងជីវិតរបស់យើង»។

ក្នុងនោះដែរ លោកអភិបាលឱ្យគ្រីស្តបរិស័ទត្រូវ ចេះតស៊ូក្នុង​ជីវិតរបស់ខ្លួន ដាក់ខ្លួនដូចលោកយ៉ូហានបាទីស្ត ចេះទទួលខុសត្រូវតាមតួនាទីរបស់ខ្លួន ក្នុងនាមជា ឪពុកម្ដាយ កូន  លោកបូជាចារ្យ និងបងស្រី ហើយក៏ត្រូវចេះស្រឡាញ់ និង ចែកសេចក្ដីស្រឡាញ់ និងបង្ហាញធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ដើម្បីឱ្យផ្លូវជីវិតរបស់យើង​ក្លាយជាផ្លូវស្អាតបំផុត ដើម្បីទទួលព្រះយេស៊ូដែលនឹង​យាង​មក​។

ក្នុង​កម្មវិធី​ថ្ងៃនោះដែរ លោកអភិបាល​អូលីវីយ៉េ បាន​ធ្វើ​អគ្គសញ្ញាលាបថ្ងាស​ជូន​ដល់​បេក្ខជន​ចំនួន​៨រូបផងដែរ។

លោក​មុំ សុភត្រា អាយុ​២១ឆ្នាំ ជា​បុគ្កលិក​ផ្នែក​មូលនិធិកុមារ​ដុនបូស្កូ​ឲ្យដឹងថា ក្នុងនាមជាគ្រីស្តបរិស័ទ​លោក​នឹង​ខិតខំ​ប្រកាសដំណឹងល្អ​តាម​រយៈ​កិច្ច​ការងារ​របស់​លោក​ ដោយ​ជួយ​ដល់​អ្នក​ដទៃ​និង​កុមារ​ខ្វះខាត​និង​ទទួល​រងការបៀតបៀន។

អគ្គសញ្ញាលាបថ្ងាស​ធ្វើ​ឲ្យ​ព្រះអំណោយទាន​របស់​ព្រះជាម្ចាស់​បាន​ពេញ​លក្ខណៈ ដោយ​ផ្តល់​នូវ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដើម្បីឲ្យ​គ្រីស្តបរិស័ទ​ចាក់ឫស​យ៉ាង​ជ្រៅ​ក្នុងពូជពង្ស​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ ហើយ​រួម​ជាមួយព្រះគ្រីស្ត​យ៉ាង​ស្និទ្ធស្នាល និង​ចូលរួម​ក្នុងបេសកកម្ម​របស់ព្រះសហគមន៍​ច្រើន​ជាង​មុន​ ផ្តល់​សក្ខីភាព​អំពី​ជំនឿ​តាមរយៈពាក្យសម្ដី​និង​កិច្ចការនានា (គោល១៣១៦)។ អគ្គសញ្ញានេះ​អាច​ទទួល​តែ​ម្តងប៉ុណ្ណោះ​ក្នុង​មួយ​ជីវិត​៕

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn