លោកអភិបាលអូលវីយ៉េ ណែនាំឲ្យគ្រីស្តបរិស័ទក្លាយជាសន្តហ្វ្រង់ស្វ័រសាវីយេថ្មី

កាលពីថ្ងៃទី​៣ ខែ​ធ្នូ​កន្លងទៅ លោកអូលីវីយ៉េ​ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ណែនាំ​គ្រីស្ត​បរិស័ទ​ចេះ​ប្រកាសដំណឹងល្អ​និង​ផ្តល់​សក្ខី​ភាព​អំពី​ជំនឿ​ដូច​សន្ត​ហ្វ្រង់ស្វ័រសាវីយេ។

​ក្នុង​ធម្មទេសនា​នៅព្រះវិហារ​សន្តីម៉ារី​ញញឹម​ចំការទៀង ក្នុងខេត្ត​តាកែវ ក្នុងពិធីផ្តល់​អគ្គសញ្ញាលាបថ្ងាស​ដល់​បេក្ខជន​ចំនួន​៤០នាក់​ ដែលមាន​គ្រីស្ត​បរិស័ទ​ជិត​២០០នាក់ចូលរួម​ពីព្រះសហគមន៍នានាមក​ពីព្រះសហគមន៍​ទាំង​៨​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ លោក​អភិបាល​មាន​ប្រសាសន៍​ថា សន្តហ្វ្រង់ស្វ័រសាវីយេ បាន​ចាកចេញពីប្រទេស​របស់​គាត់​ ទៅប្រកាសដំណឹងល្អ​ដោយសារ​គាត់​ពោរពេញដោយ​អំណរសប្បាយ​ដែលបាន​ទទួល​ព្រះបន្ទូលរបស់​ព្រះជាម្ចាស់​ បានស្គាល់ព្រះអង្គ ហើយ​លោក​ចង់​ផ្តល់​សក្ខីភាព​​ដោយ​ខ្ជាប់ខ្ជួន​ ដែល«នេះ​ជា​តួនាទីរបស់​យើង​»។

លោកអភិបាល​បន្ថែមថា សូម​ឲ្យ​ព្រះអំណោយទាន​៧​ដែល៤០នាក់​​ទទួល​នៅថ្ងៃនេះ នាំឲ្យ​ពួកគាត់​ក្លាយជា​សន្តហ្វ្រង់ស្វ័រសាវីយេថ្មី​ និងឲ្យ​ភូមិបេថ្លេហិម​និង​ក្រុង​យេរូសាឡឹម​របស់​យើង​អាច​រស់និង​ដុះ​ឡើងនៅ​កន្លែងនីមួយៗ។

​សន្ត​ហ្វ្រង់ស័រសាវីយេ ជាអ្នក​នាំ​ដំណឹងល្អ​ដល់​ប្រជាជាតិ​អាស៊ីមុនគេ។ នៅ​ក្នុង​ព្រះសហគមន៍ចំការទៀង​របស់​យើង​ យើង​មាន​របៀប​ប្រកាសដំណឹងល្អ​និង​ថែរក្សា​ព្រះសហគមន៍​តាម​របៀប​របស់​សន្ត​រូបនេះដែរ ដោយ​មាន​លោក​បូជាចារ្យ៤ជំនាន់​ហើយ។ លោកអភិបាល​បញ្ជាក់ ថា គឺមាន​រូបលោក​ផ្ទាល់ មានលោក​បូជាចារ្យ​វណ្ណាថាយ៉ា អារ៉ូគីយ៉ាដុស្ស  លោកបូជាចារ្យ​ហ្វេរណាន់ដូ អារាំងហ្គោ និង​បច្ចុប្បន្នមានលោក​បូជាចារ្យ ឆាលស៍ ឡិឈិប៉ាន។

លោកថា វត្ត​មាន​របស់​អ្នកទទួល​អគ្គសញ្ញាលាបថ្ងាសទាំង​៤០នាក់​ និង​វត្ត​មាន​របស់​គ្រីស្ត​បរិស័ទ​ដែល​បាន​ជួប​ជុំ​គ្នានៅទីនេះ ជាសញ្ញាសម្គាល់នៃ​វត្តមាន​របស់​ព្រះជាម្ចាស់ និង​ជា​សញ្ញាសម្គាល់​ដែលយើង​មើល​ឃើញ​ជាក់​ស្តែងថា​ «ពិតមែន​ព្រះជាម្ចាស់​បាន​ចាប់​កំណើត​ជាមនុស្ស​»។

លោកអភិបាល​បញ្ជាក់ថា ព្រះយេស៊ូមិន​មែន​ចាប់​កំណើត​នៅតែ​ភូមិបេថ្លេហិម​មួយនោះទេ «គឺ​បាន​ចាប់​កំណើត​នៅ​កន្លែង​ណា​ដែលមាន​គ្រីស្ត​បរិស័ទ» ហើយ​កន្លែង​ណា​ដែលមាន​គ្រីស្ត​បរិស័ទ​ «គឺជា​ទីក្រុង​យេរូសាឡឹមដ៏តូច​មួយដែល​ព្រះយេស៊ូសោយទិវង្គត​និង​មាន​ព្រះជន្មរស់ឡើងវិញនិង​ឡើងស្ថានបរមសុខ»។

ទោះបី​យើងជាមនុស្ស​ទន់ខ្សោយ ជាមនុស្ស​មាន​បាប ជួនកាលវង្វេងផ្លូវ ថ្ងៃនេះស្រឡាញ់ព្រះយេស៊ូ​ថ្ងៃស្អែក​ភ្លេច​ព្រះអង្គ ថ្ងៃនេះស្រឡាញ់​បងប្អូន​ឯទៀតៗតែ​ស្អែកនិយាយដើមគេ​ ព្រោះតែ​យើង​ជាមនុស្ស​សមញ្ញធម្មតា តែ​ទោះបី​យើង​​យ៉ាងនេះ​ក្តី ​​ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ចំពោះ​យើង​ជានិច្ច គឺព្រះអង្គនៅតែ​ស្រឡាញ់យើង។ លោក​អូលីវីយ៉េ បន្ថែមថា ដោយសារ​ហេតុនេះ វា«ជាកម្លាំងមួយពិសេស​ដើម្បី​ឲ្យយើង​ដើរទៅមុខ ហើយព្រះអង្គ​​ទន្ទឹងរង់ចាំ​យើង​ជានិច្ច»។

 

លោក​ ​ឆាលស៍ ឡិឈិប៉ាន បូជាចារ្យទទួលខុស​ត្រូវ​មណ្ឌលសកម្មភាព​តាកែវ និយាយថា សព្វថ្ងៃមាន​យុវជន​កំពុង​ចាប់អារម្មណ៍​នឹង​ព្រះសហគមន៍​ច្រើន​ ដោយ​ចូលរួម​ក្នុង​សកម្មភាព​ព្រះសហគមន៍ដោយមាន​ទាំងអប់រំជំនឿ និង​សកម្មភាព​ធម៌មេត្តាករុណា។

លោក​ឆាលស៍​បន្តថា​ «នេះ​នាំ​ឲ្យ​លោកពុក​មាន​អំណរសប្បាយ តាមរយៈសកម្មភាព​មេត្តាករុណា និង​តាម​រយៈ​លោក​អភិបាល​បន្ថែម​លោកបូជាចារ្យ នាំ​ឲ្យ​យើង​សង្ឃឹម​ថា មាន​មនុស្ស​ជាច្រើន​នឹងដើរ​តាម​ព្រះយេស៊ូ»។

លោក​បូជាចារ្យ​ណែនាំមណ្ឌលសកម្មភាព​តាកែវរូប​នេះ​បន្ថែមថា ក្នុងព្រះសហគមន៍នីមួយៗ​​​មាន​សកម្មភាព អប់រំជំនភ សួរសុខទុក្ខ​អ្នកជំងឺ សកម្មភាព​មេត្តាករុណា សិក្ខា​អប់រំ​គ្រីស្តបរិស័ទ​និង​អ្នក​ភូមិនិង​នាំ​ឲ្យ​ពួកគាត់​ឲ្យ​​យល់ដឹងអំពីជីវិត​មានតម្លៃនិង​មិន​អស់សង្ឃឹម។

​រុំ ឧត្តម អាយុ​២៤ឆ្នាំ​ ឲ្យដឹងថា បន្ទាប់ទទួលអគ្គសញ្ញាលាបថ្ងាស​ហើយ លោក​​យល់​ថា ខ្លួនគាត់​​មាន​ថាមពល​ ជីវិត​ត្រូវ​បាន​បន្ថែម​​អត្ថន័យ​។

ឧត្តម​បញ្ជាក់ថា «ខ្ញុំ​ជឿជាក់ថា ខ្ញុំ​ក្លាយជា​សមាជិក​គ្រួសារ​មួយ​ដ៏ពេញ​លេញក្នុងព្រះសហគមន៍កាតូលិក​ក្នុងពិភពលោកនេះ​តែ​ម្តង មិន​មែនត្រឹមតែ​ក្នុងប្រទេសកម្ពុជា​នោះទេ។ ជា​កូន​របស់​ព្រះជាម្ចាស់​ពិត​ប្រាកដ»។

យុវ័នរូបនេះ ចាត់​ទុក​ខ្លួន​គាត់​​ជា​គ្រាប់​ពូជមួយ​ក្នុងការដឹកនាំ​ចែក​រំលែក​និង​ផ្សព្វផ្សាយដំណឹងល្អដល់​មនុស្ស​​ឯទៀតៗ ដើម្បី​ឲ្យពួកគាត់ទទួល​បាន​ក្តីស្រឡាញ់ និង​ក្លាយជាធ្លុងតែមួយក្នុងការរស់នៅជាបងប្អូនក្នុងព្រះសហគមន៍​។

មណ្ឌលសកម្មភាព​តាកែវ បាន​ចាប់​ផ្តើម​កកើត​ឡើង​ពី​ព្រះសហគមន៍​ភូមិ​ចំការទៀង ដោយចាប់​ផ្តើម​ឡើង​​​មាន​តែ​គ្រីស្ត​បរិស័ទ​តែម្នាក់ ហើយ​បច្ចុប្បន្ន​មាន​​ព្រះសហគមន៍​៨​កន្លែង​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ ដែលក្នុងនោះ​មាន​ ព្រះវិហារ​សន្តីម៉ារីញញឹម​ចំការទៀង ព្រះវិហារ​ព្រះត្រៃឯក​(គិរីវង់) ព្រះវិហារ​សន្តីតេរេសា (ព្រៃកប្បាស) ព្រះសហគមន៍សន្តប៉ូល  ព្រះសហគមន៍​សន្តយ៉ូហានបាទីស្ត​(បាទី) ព្រះសហគមន៍កំពង់អំពិល ព្រះសហគមន៍​ត្រពាំង​គ្រញូង និងព្រះសហគមន៍ក្រុងតាកែវ ដែល​មណ្ឌល​សកម្មភាពតាកែវ​បច្ចុប្បន្ន​​នេះ​មាន​គ្រីស្ត​បរិស័ទ​ជិត​១០០០នាក់​៕

Facebook
Twitter
LinkedIn