មេក្រុមកាយឫទ្ធិកាតូលិកភូមិភាគភ្នំពេញ ឈ្វេងយល់ពីរបៀបដឹកនាំក្រុម

មេក្រុមកាយឫទ្ធិប្រមាណជា១១០នាក់ ដែលមកពី៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញបានចូលរួមកម្មវិធីបោះជំរំដើម្បីសិក្សា​បន្ថែម​អំពី​របៀប​ដឹកនាំ​កូនក្រុម​កាយឫទ្ធិ​របស់​ខ្លួន​នៅតាម​ព្រះសហគមន៍​នីមួយៗ​ ដែលកម្មវិធីនេះ​រៀបចំឡើងដោយ ការិយាល័យយុវជន ជំទង់និងកុមារភូមិភាគភ្នំពេញ នៅព្រះសហគមន៍សន្តីម៉ារីញញឹម​ចំការទៀង ក្នុង​ខេត្ត​តាកែវ កាលពីថ្ងៃទី០១-០៣ ខែធ្នូ។

លោក ស៊ាន់ សារឿន ជាអ្នកសម្របសម្រួលការិយាល័យ​យុវជន​ ជំទង់ និង​កុមារ​ភូមិភាគភ្នំពេញ​​ឱ្យ​ដឹងថា កម្មវិធីនេះបង្កើតឡើង ដើម្បីបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ​បង្រៀន​វិធីសាស្ត្រនៃគំនិតច្នៃប្រឌិត  ចែក​ចាយ​បទពិសោធ និងរបៀបប្រើប្រាស់សៀវភៅ​«ខ្ញុំអាច​ធ្វើ​បាន»​​សម្រាប់​​​ឆ្នាំ២០២៤ ដើម្បីឱ្យ​ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់​ទៅ​បង្រៀនអប់រំ​​​ដល់​កុមារ​​​កាយឫទ្ធិនៅតាម​ព្រះសហគមន៍​​រៀងៗ​ខ្លួន។

លោកបន្តថា សៀវភៅនេះ​បានបញ្ចូលខ្លឹមសារ​​មេរៀនទៅ​តាម​បរិបទ​ឆ្នាំនីមួយៗ​ហើយ​សម្រាប់​ភាគទី៥នេះ យើងបានបញ្ចូលការសង្គ្រោះ​បឋម វប្បធម៌​ទូទៅ​ខ្លះ​ៗ និង​ប្រវត្តិសាស្រ្តមួយចំនួន​ក្នុងប្រទេស។

លោក​សង្ឃឹមថាកម្មវិធីរបស់​កាយឫទ្ធិ​នឹងបន្តជួយដល់កុមារ​ឱ្យមានអំណរសប្បាយ មានស្នាម​ញញឹម​ ទទួលបានការអប់រំ សុជីវធម៌ សីលធម៌ តាមរយៈ​​ខ្លឹមសារមេរៀនមួយចំនួន​ដែលយើងបានផ្ដល់ឱ្យពួកគាត់។

ក្រោយពីការ​សិក្សា​និង​ចែក​បទពិសោធដល់​គ្នាទៅវិញ​ទៅ​មក នៅថ្ងៃបញ្ចប់នៃកម្មវិធី តំណាងមេកាយឫទ្ធិតាមក្រុមនីមួយៗ ​បាន​បង្រៀនសាកល្បងទៅតាម​មេរៀន​ដែល​បាន​គ្រោង​ទុក​ក្នុង​សៀវភៅ ដោយ​មានបញ្ជូល​ ចម្រៀងកាយវិការ និងល្បែងកំសាន្តផងដែរ។ បន្ទាប់​មក​ ពួកគាត់​បាន​សូត្រពាក្យសច្ចាទាំង១០របស់ក្រុម​កាយឫទ្ធិដើម្បី​រំឭក​ពី​តួនាទី​របស់​ពួកគាត់។

ពេជ្រ ស្រីពុំ អាយុ១៨ឆ្នាំ មក​ពី​ព្រះសហគមន៍​គិរីវង់ ក្នុង​ខេត្ត​តាកែវ បាននិយាយថា ឆ្លង​តាម​អ្វីដែលនាង​បាន​ទទួល​រយៈពេល​៣​ថ្ងៃនេះ នាង​នឹង​ខិតខំ​ជួយ​ដល់​កូន​ក្រុម​កាយឫទ្ធិ​ដែល​​ជួប​ជុំ​គ្នា​នៅព្រះសហគមន៍រៀងរាល់ថ្ងៃអាទិត្យ​ដែល​មាន​កូន​កាយឫទ្ធិ​ប្រមាណ៦០ទៅ៧០នាក់ យល់ដឹងបន្ថែម​អំពី​មេរៀន​សម្រាប់ឆ្នាំ​២០២៤។

ជាមួយគ្នានេះ យុវ័ន ទេព សីហា អាយុ១៧ឆ្នាំ ជាមេកាយឫទ្ធិមកពីព្រះសហគមន៍សន្តី​តេរេសា​ព្រៃកប្បាសខេត្តតាកែវ បាននិយាយថា រយៈពេល៣ថ្ងៃនេះធ្វើឱ្យគាត់ទទួលបាន​ចំណេះដឹង​​ក្នុង​ការ​បង្រៀនក្មេងៗ ណែនាំក្មេងៗទៅរកផ្លូវមួយដែលជាទំពាំងស្នងឫស្សី​និង​ការ​សហ​ការ​​​គ្នា​ជាក្រុម។

លោក​បន្ត​ថា «អ្វីដែលខ្ញុំទទួលបានពីកម្មវិធី ខ្ញុំនឹងប្ដេជ្ញាចិត្តថា នឹងណែនាំក្មេងៗឱ្យស្គាល់អ្វីល្អ អ្វី​អាក្រក់ ណែនាំឱ្យពួកគាត់ដើរលើផ្លូវមួយដែលជួយដល់សង្គម ជួយដល់ប្រទេសជាតិ​ដើម្បី​ឱ្យ​ប្រទេសជាតិយើងរីកចម្រើនតទៅមុខ»។

សីហាបន្តថា នៅព្រះសហគមន៍របស់គាត់ មេកាយឫទ្ធិនិងកូនកាយឫទ្ធិ មានកម្មវិធីសួរ​សុខ​ទុក្ខចាស់ជរា អ្នកជំងឺ ក្មេងកំព្រា​ នៅភូមិនានា ដោយក្នុងមួយខែមានចំនួន៤ទៅ៥​គ្រួសារ ហើយគាត់ក៏សូមឱ្យមេកាយឫទ្ធិទាំងអស់ដាក់ចិត្តតស៊ូបង្រៀនក្មេងៗនៅ​តាម​ព្រះសហគមន៍ សូមឱ្យពួកគាត់មានកម្លាំងកាយចិត្តគ្រប់គ្រាន់​ទោះបីជាពេលខ្លះយើង​ជួប​ឧបសគ្គច្រើន មានអ្វីដែលរារាំងយើង មិនអាចឱ្យយើងអាចបន្តទៅមុខបានប៉ុន្តែ​យើង​​​នៅ​តែ​មិន​បោះ​បង់​​សេចសង្ឃឹមនឹងការតស៊ូដែលបានដាក់ខ្លួនបង្រៀនដល់​ក្មេង​ៗ​​​ប្រៀបដូចបានបម្រើព្រះជាម្ចាស់ដែរ។

ក្រុមមេកាយឫទ្ធិនៅក្នុង​ភូមិភាគភ្នំពេញ​បច្ចុប្បន្ន​មាន​ចំនួន​១៦០នាក់ ដែលកំពុង​ដឹកនាំ​ក្រុម​កុមារៗនៅតាម​ព្រះសហគមន៍នីមួយៗក្នុងភូមិភាគ​ភ្នំពេញ។ ក្រុមកាយឫទ្ធិ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៤ ដោយ​លោក​បូជាចារ្យ​អូលីវីយ៉េ ជ្មីតហស្លេ ដើម្បីអប់រំ​យុវជន ជំទង់ និងកុមារ​តូច​ក្នុងភូមិ​ឲ្យ​ស្គាល់​ពី​តម្លៃនៃ​ជីវិត​និង​ចូលរួម​កសាង​សង្គម​របស់​ពួកគេនាពេល​អនាគត៕

 

ដោយ ចាន់ម៉ានុត

Facebook
Twitter
LinkedIn