អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គជាទីពឹង និងជាខែលការពារយើងខ្ញុំជានិច្ច។ សូមទ្រង់ព្រះមេត្តាព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំផង! សូមជួយផ្តល់កម្លាំងឱ្យយើងខ្ញុំដែលកំពុងជួបប្រទះទុក្ខលំបាកគ្រប់យ៉ាងក្នុងលោកនេះ។ សូមព្រះបុត្រាដ៏ជាទីស្រឡាញ់ របស់ព្រះអង្គ ដែលគង់នៅជាមួយយើងខ្ញុំ ប្រទានឱ្យយើងខ្ញុំមានចិត្តក្លាហាន និងជៀសផុតពីអំពើបាបនានា គឺព្រះបុត្រាដែលមានព្រះជន្មគង់នៅ ហើយសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ១១,១-១០

នៅពេលអនាគតនឹងមានបុត្រមួយអង្គប្រសូតពីពូជពង្សលោកយេសាយ ជាបិតារបស់ព្រះបាទដាវីឌ។ បុត្រនោះ ប្រៀបដូចជាខ្នែងមួយ ដែលដុះចេញពីគល់របស់លោក ឬដូចជាដើមថ្មីមួយដែលដុះចេញពីឫសរបស់លោក។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងសណ្ឋិតនៅលើព្រះបុត្រានោះ គឺជាព្រះវិញ្ញាណដែលផ្តល់ប្រាជ្ញាឱ្យចេះពិចារណាដឹងខុសត្រូវ ជាព្រះវិញ្ញាណដែលផ្តល់ការឈ្លាសវៃ និងចិត្តអង់អាច ជាព្រះវិញ្ញាណដែលបំភ្លឺឱ្យស្គាល់ និងគោរពកោតខ្លាចព្រះអម្ចាស់។ បុត្រនោះមិនវិនិច្ឆ័យតាមលក្ខណៈខាងក្រៅឡើយ ព្រះអង្គក៏មិនកាត់ក្តីតាមសេចក្តីដែលទ្រង់ឮគេនិយាយដែរ។ បុត្រនោះនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ ហើយកាត់ក្តីឱ្យជនទុគ៌តដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលដូចជាយកដំបងមកដាក់ទោសអ្នកស្រុក ទ្រង់ក៏នឹងចេញបញ្ជាប្រហារជីវិតមនុស្សអាក្រក់ដែរ។ ព្រះអង្គនឹងយក​យុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ ហើយយកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។ នៅគ្រានោះ ចចក និងកូនចៀមនឹងរស់នៅជាមួយគ្នា ខ្លារខិននឹងដេកជាមួយកូនពពែ។ កូនគោ និងកូនសិង្ហនឹងស៊ីជាចំណីជាមួយគ្នា ហើយមានក្មេងតូចម្នាក់ឃ្វាលវា។ គោញី និងខ្លាឃ្មុំនឹងស៊ីស្មៅជាមួយគ្នា ហើយកូនរបស់វាក៏នឹងនៅជាមួយគ្នាដែរ។ សិង្ហ នឹងចេះស៊ីចំបើងដូចគោ។ ក្មេងដែលនៅបៅដោះនឹងលែងនៅមាត់រន្ធពស់វែក ហើយក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។ នៅគ្រានោះ ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ លែងបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅផែនដីក៏មានសុទ្ធតែមនុស្សស្គាល់ព្រះអម្ចាស់យ៉ាងនោះដែរ។ នៅថ្ងៃនោះ ព្រះអម្ចាស់នឹងលើកព្រះមហាក្សត្រដែលប្រសូត្រចេញពីពូជពង្សរបស់លោកយេសាយ ជាបិតារបស់ព្រះបាទដាវីឌ ឱ្យធ្វើជាទង់សម្រាប់ប្រជាជនទាំងឡាយ។ ប្រជាជាតិទាំងនោះនឹងស្វែងរកព្រះមហាក្សត្រ ហើយកន្លែងដែលព្រះអង្គប្រថាប់នៅនឹងបានថ្កុំថ្កើងរុងរឿង។

ទំនុកតម្កើងលេខ ៧២ (៧១), ១-២.៧-៨.១២-១៣.១៧ បទកាកគតិ

ព្រះជាម្ចាស់អើយ សូមប្រទានឱ្យ រាជបុត្រនេះចេះ
វិនិច្ឆ័យក្តី តាមព្រះតម្រិះ សុចរិតវិសេស
របស់ព្រះអង្គ
សូមឱ្យរាជា គ្រប់គ្រងគ្រប់គ្នា ប្រជារាស្រ្តទ្រង់
ដោយយុត្តិធម៌ សុចរិតផូរផង់ វិសេសឥតហ្មង
ត្រឹមត្រូវតាមច្បាប់
សូមឱ្យសេចក្តី សុចរិតថ្លាថ្លៃ ចម្រើនខ្ពង់ខ្ពស់
នៅក្នុងរជ្ជកាល រាជាអង្គនោះ កុំបីមានទាស់
សុខសាន្តតទៅ
សូមព្រះរាជា គ្រប់គ្រងកុំរា កុំឱ្យហ្មងសៅ
ពីសមុទ្រមួយ មិនបង្អង់នៅ រហូតដល់ទៅ
ស្រុកដាច់ស្រយាល
១២ ទ្រង់នឹងរំដោះ អ្នកក្រទាំងអស់ ដោយធម៌មេត្តា
អ្នកទុរគតស្រែក សុំក្តីករុណា ព្រះអង្គរក្សា
អ្នកគ្មានទីពឹង
១៣ ទ្រង់សែនអាណិត អាសូរពេកពិត អ្នកអត់លំនឹង
និងជនកម្សត់ គ្មានអ្វីរំពឹង ព្រះអម្ចាស់នឹង
សង្គ្រោះជីវិត
១៧ សូមឱ្យរាជា មានព្រះនាមា ល្បីល្បាញតទៅ
នាមព្រះករុណា ស្ថិតស្ថេរគង់នៅ ដរាបរៀងទៅ
លើដីក្រោមមេឃ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់របស់យើងយាងមកប្រកបដោយឫទ្ធិអំណាច ដើម្បីបំភ្លឺអស់អ្នកបម្រើរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,២១-២៤

នៅគ្រានោះ ព្រះវិញ្ញាបានធ្វើឱ្យព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖«បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសម្តែងការណ៍លាក់កំបាំងនៃព្រះរាជ្យឱ្យមនុស្សតូចតាចយល់ តែព្រះអង្គបានលាក់មិនឱ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់វិញ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសម្រេចដូច្នេះ។ ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ គ្មាននរណាស្គាល់ព្រះបុត្រាក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រា និងអ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសម្តែងឱ្យស្គាល់នោះដែរ»។ បន្ទាប់មក ព្រះយេស៊ូបែរទៅរកសាវ័ក ហើយមានព្រះបន្ទូលដាច់​ឡែកពីគេថា៖«អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះអ្នករាល់គ្នាឃើញហេតុការណ៍ទាំងអស់នេះ! ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានព្យាការី និងស្តេចជាច្រើនចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនោះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្តីដែលអ្នករាល់គ្នាឮនេះដែរ តែមិនបានឮសោះ»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! សូមទ្រង់ព្រះមេត្តាព្រះសណ្តាប់ពាក្យអង្វររបស់យើងខ្ញុំ សូមទទួលតង្វាយដ៏ស្តួចស្តើងរបស់យើងខ្ញុំដោយអនុគ្រោះ។ យើងខ្ញុំពុំអាចពឹងផ្អែកលើកុសលផលបុណ្យរបស់យើងខ្ញុំបានឡើយ សូមព្រះអង្គប្រណីសន្តោសយើងខ្ញុំ និងយាង​មកសង្គ្រោះយើងខ្ញុំផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រោសប្រណីឱ្យយើងខ្ញុំចូលរួមក្នុងអភិបូជានេះ។ យើងខ្ញុំបានទទួលព្រះកាយព្រះគ្រីស្ត សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយល់អត្ថន័យដ៏ពិតប្រាកដនៃព្រឹត្តិការណ៍ទាំងអស់ដែលកើត ឡើងនៅក្នុងលោកនេះ សូមតម្រង់ចិត្តគំនិតយើងខ្ញុំ ឱ្យស្រឡាញ់សម្បត្តិនៃស្ថានបរមសុខផង។

Facebook
Twitter
LinkedIn