អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣

ខ្ញុំដានីអែលតប់ប្រមល់ក្នុងចិត្តជាខ្លាំង ដ្បិតនិមិត្តហេតុដែលខ្ញុំបានឃើញក្នុងសុបិននេះ ធ្វើឱ្យខ្ញុំតក់ស្លុតណាស់។ ខ្ញុំក៏ខិតទៅជិតបុរសម្នាក់ក្នុងចំណោមអស់អ្នកដែលឈរ​នៅក្បែរបល័្លង្ក ហើយសួរគាត់ឱ្យពន្យល់អត្ថន័យពិតប្រាកដនៃហេតុការណ៍ទាំងនោះ។​គាត់ក៏បកស្រាយអត្ថន័យ នៃហេតុការណ៍ទាំងអស់ ដែលខ្ញុំបានឃើញនោះ ដូតទៅ៖​សត្វធំសម្បើមទាំងបួននោះ គឺព្រះមហាក្សត្របួនអង្គ ដែលនឹងឡើងគ្រងរាជ្យលើផែនដី​នេះ។ បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យសម្បតិ្តនោះហើយពួកគេគ្រងព្រះរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ចជាអង្វែងតរៀងទៅ។ ក្រោយមកខ្ញុំក៏សួរចង់ដឹងឱ្យច្បាស់អំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតៗ គឺមានរូបរាងគួរ​ស្ញែងខ្លាច មានធ្មេញដែក មានក្រចកលង្ហិន ហើយត្របាក់ស៊ីកម្ទេច ព្រមទាំងជាន់ឈ្លី​សំណល់ទាំងអស់។ ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់ នៅលើក្បាលសត្វនោះ និងអំពីស្នែង​មួយទៀត ដែលដុះឡើងធ្វើឱ្យជ្រុះស្នែងបី។ ស្នែងក្រោយនេះមានភ្នែក និងមានមាត់​ពោលពាក្យព្រហើនកោងកាច ហើយឃើញហាក់ដូចជាធំជាងស្នែងឯទៀតៗ។ ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ រហូត​ដល់ពេលព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ យាងមកដើម្បី​រក​យុតិ្ដធម៌ឱ្យប្រជាជនដ៏វិសុទ្ធ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ពេលនោះហើយជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធបានទទួលរាជ្យសម្បត្តិ។ បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជា​ណាចក្រទីបួន ដែលនឹងកើតឡើងនៅលើផែនដី។ រាជាណាចក្រនោះ ប្លែកពីរាជាណា​ចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេបជាន់ឈី្ល និងកិនកម្ទេចរាជាណាចក្រ​ឯទៀតៗ។ រីឯស្នែងទាំងដប់ គឺស្ដេចដប់អង្គដែលនឹងឡើងគ្រងរាជ្យក្នុងរាជាណាចក្រ នោះ។ បន្ទាប់មក មានស្ដេចមួយអង្គដែលប្លែកពីស្ដេចមុនៗ ឡើងគ្រងរាជ្យក្រោយគេ​បង្អស់ ហើយទម្លាក់ សេ្ដចបីអង្គទៀតចោល។ ស្ដេចអង្គនេះនឹងមានរាជឱង្ការប្រឆាំងនឹង​ព្រះដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់នឹងជិះជាន់សង្កត់សង្កិនប្រជារាស្រ្ដ ដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់​បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរវិន័យទៀត​ផង។ ទ្រង់នឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយវស្សា ពីរវស្សា និងពាក់​កណ្ដាលវស្សា។ បន្ទាប់មក ពេលវិនិច្ឆ័យទោសក៏មកដល់ គេនឹងដកអំណាចគ្រប់គ្រង​ចេញពីស្ដេចនោះ ហើយរាជ្យនេះនឹងត្រូវគេបំផ្លាញឱ្យវិនាសសូន្យរហូតតទៅ។ ប្រជា​​ជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យអំណាចគ្រប់គ្រង និងទ្រព្យសម្បតិ្ដនៃ រាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិត​ស្ថេរអស់កល្បជានិច្ច។ មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់​ប្រជាជនដ៏វិសុទ្ធនោះ។

ទំនុកតម្កើងរបស់ព្យាការីដានីអែល ៣,៨២-៨៧ បទកាកគតិ

៨២. ចូរឱ្យមនុស្ស ទាំងស្រីទាំងប្រុស កុំបីឃ្លាតឆ្ងាយ
សរសើរព្រះអង្គ ជាព្រះម្ចាស់ថ្លៃ រៀងរាល់យប់ថ្ងៃ
កុំបីអល់អែក ។
៨៣. ឱអ៊ីស្រាអែល អ្នកជាជាតិដែល វិសុទ្ធពន់ពេក
ចូរលើកតម្កើង ព្រះខ្ពស់អនេក ហួសទាំងផ្ទៃមេឃ
កុំសំងំនៅ ។
៨៤.​ ចូរបូជាចារ្យ គ្រប់ៗកាយា ឆ្ពោះតម្រង់ទៅ
តម្កើងព្រះអង្គ ទាំងថ្ងៃយប់ជ្រៅ កុំសំងំនៅ
សរសើរកុំឈប់ ។
៨៥. អស់អ្នកទាំងឡាយ ដែលតែងខ្វល់ខ្វាយ បម្រើគោរព
ស្មូត្រតម្កើងព្រះ ទាំងថ្ងៃទាំងយប់ កុំឈរកុំឈប់
នៅស្ងៀមឱ្យសោះ ។
៨៦. ចូរវិញ្ញាណក្ខ័ន្ធ អ្នកស្លាប់ប៉ុន្មាន កុំបីចន្លោះ
ព្រលឹងនៃអ្នក សុចរិតទាំងអស់ តម្កើងដោយស្មោះ
កុំនៅកន្ដើយ ។
៨៧. អស់អ្នកគោរព ប្រណិប័តន៍សព្វគ្រប់ ព្រះអម្ចាស់អើយ
និងអ្នកដាក់ចិត្ត ជាអ្នកខ្សត់ហើយ កុំបង្អង់ឡើយ
តម្កើងព្រះអង្គ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកដែលប្រុងស្មារតីអធិដ្ឋានគ្រប់ពេលវេលា ពិតជាមានសុភមង្គលដ្បិតគេអាចឈរនៅមុខបុត្រមនុស្ស។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្ដលូកា លក ២១,៣៤-៣៦

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុងសាវ័ក អំពីដំណើរនិវត្ដរបស់ព្រះអង្គ​ថា៖ «ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នឱ្យមែនទែន កុំបណ្ដោយឱ្យចិត្ដរបស់អ្នករាល់គ្នា​វក់វីនឹងគ្រឿងសប្បាយ គ្រឿងស្រវឹង ឬក៏ខ្វល់ខ្វាយអំពីរឿងជីវិតនេះឡើយ ក្រែងលោថ្ងៃនោះមកដល់ តែអ្នករាល់គ្នាពុំបានប្រុងប្រៀបខ្លួន ដ្បិតថ្ងៃនោះមក​ដល់ ប្រៀបបាននឹងសំណាញ់ដែលគ្របពីលើមនុស្សទាំងអស់នៅលើផែនដីទាំង​មូល។ ចូរប្រុងស្មារតី ហើយទូលអង្វរគ្រប់ពេលវេលា ដើម្បីឱ្យអ្នករាល់គ្នាមាន​កម្លាំងឆ្លងផុតពីហេតុការណ៍ទាំងអស់ដែលត្រូវកើតមាន ហើយដើម្បីឱ្យអ្នក​រាល់គ្នាអាចឈរនៅមុខបុត្រមនុស្ស»។

Facebook
Twitter
LinkedIn