យុវជនប្រមាណជា១០០នាក់ចូលរួមឈ្វេងយល់អំពីការត្រាស់ហៅ

កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យុវជន​ប្រមាណ​​​​ជា​១០០នាក់​ដែលមកពី៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញ បានចូលរួម កម្មវិធីបោះជំរុំសម្រាប់ការត្រាស់ហៅ​ដែលរៀបចំឡើងដោយ គណៈកម្មការដើម្បីការ​ត្រាស់​ហៅ​ ក្រោមប្រធានបទ​ «ពេលវេលានៅជាមួយ​ព្រះយេស៊ូ​» នៅរមណីយដ្ឋាន ឋានសួគ៌​ធម្មជាតិភ្នំវល្លិ៍ ស្ថិត​នៅ​ក្នុង​ខេត្ត​កែប។

កម្មវិធីនេះមានការអញ្ជើញចូលរួមដោយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​​​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកបូជាចារ្យជាច្រើនអង្គ ក្រុមបព្វជិត-ជិតា ជាច្រើនផងដែរ។

បើតាមប្រសាសន៍របស់លោកបូជាចារ្យ វី សំណាង ជាគណៈកម្មការកម្មវិធី​ការ​ត្រាស់​ហៅ​នេះ​បានឱ្យដឹងថា ទិសដៅ​សំខាន់​នៃ​កិច្ច​បោះជំរំនេះ គឺ​ជួយតម្រង់ទិសដល់ យុវជន យុវនារី​ដែល​មានបំណងចង់ដឹងនិង​ឈ្វេងយល់​អំពី​ការត្រាស់​ហៅ​ក្នុងជីវិត​របស់​ខ្លួន និង​របៀប​ថ្វាយ​ខ្លួនទៅ​ព្រះជាម្ចាស់។

លោក​បូជាចារ្យ​សំណាង​ បន្ថែមថា នៅ​ក្នុង​កម្មវិធីនេះ យុវជន​ទាំងអស់​មាន​​ឱកាស​នៅ​​ជាមួយព្រះយេស៊ូ និង​ព្រះជាម្ចាស់ ដោយ​ស្តាប់​សំឡេង​របស់ព្រះអង្គ​ក្នុងដួងចិត្ត ដែលជាសញ្ញាមួយនៃការត្រាស់ហៅរបស់​​ព្រះជាម្ចាស់​ថា តើ​ព្រះអង្គចង់ឱ្យ​ពួកគាត់ធ្វើ​អ្វី។

នៅថ្ងៃបើក​កម្មវិធី លោកអភិបាលអូលីវីយ៉េ បានអប់រំណែនាំដល់យុវជន យុវនារី ចេះ​រកឃើញ​វត្តមានព្រះយេស៊ូក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយលោកបានលើកឡើងមាគ៌ា៩ចំណុច។

ក្នុងនោះ​រួមមាន​ ជឿហើយដឹង​ថាព្រះយេស៊ូគង់នៅក្នុងចិត្ត មើលជុំវិញខ្លួនដោយភ្នែកនៃជំនឿ ពិចារណានិងត្រួតពិនិត្យជីវិតផ្ទាល់ខ្លួនដោយមានចិត្តអរព្រះគុណព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ប្រើពាក្យអធិដ្ឋានខ្លីៗដើម្បីទំនាក់ទំនង​ជាមួយព្រះជាម្ចាស់ យកពេលវេលាដើម្បីនមស្ការព្រះកាយព្រះគ្រីស្តនិងស្មិងស្មាធិ៍ អធិដ្ឋានទាំងព្រឹកទាំងល្ងាច​ ត្រូវ​មាន​​ផ្គាំឬឈើឆ្កាងក្នុងកាបូប​ជានិច្ច យកពេលវេលាដើម្បីសម្លឹងមើលពិភពលោកនិងមនុស្សដែលព្រះជាម្ចាស់បានបង្កើត និងត្រូវ​មានចិត្តមេត្តាករុណាចំពោះបងប្អូនឯទៀតៗជាពិសេសអ្នកតូចតាច។

លោកអភិបាលបានមានប្រសាសន៍ថា ចំណុចទាំង៩នេះ ទោះបីជាមិនអាចរកឃើញព្រះយេស៊ូផ្ទាល់​នឹង​ភ្នែក តែ​វា​ជាមាគ៌ាមួយឲ្យយើងដឹងថា ជីវិតរបស់យើងភ្ជាប់នឹងវត្តមានរបស់ព្រះជាម្ចាស់ ហើយ​ក្នុងជំនឿរបស់យើង យើងដឹងថាព្រះយេស៊ូមានព្រះជន្មគង់នៅ និងធ្វើដំណើរជាមួយយើងជាប្រចាំថ្ងៃ។

លោកបន្តថា ក្នុងនាម​ជា​យុវជន​កាតូលិក​ ត្រូវ​បើក​ត្រចៀក បើកភ្នែក បើកបេះដូង ដើម្បីស្ដាប់លឺ មើលឃើញនឹងទទួលស្គាល់ការ​ត្រាស់ហៅរបស់​ព្រះជាម្ចាស់ដើម្បីទៅជាលោកបូជាចារ្យ ទៅជាដូនជី ឬទៅជា​គ្រីស្តបរិស័ទ​ដែលបម្រើ​ព្រះសហគមន៍អស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។

យុវ័ន ម៉ុន ណែត អាយុ១៧ឆ្នាំ មកពីព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​បាន​និយាយថា កម្មវិធីនេះ បាន​ឲ្យ​គាត់​​ចូលរួមយ៉ាងជិតស្និទ្ធជាមួយ​ព្រះជាម្ចាស់​កាន់​តែ​ខ្លាំង​ជាងមុន និង​បាន​ឲ្យ​គាត់រក​ឃើញ​​​ការត្រាស់​ហៅ​របស់​ព្រះជាម្ចាស់​ចំពោះ​គាត់។

ការ​ចូលរួម​លើក​ទី២​នេះ ម៉ុន ណែត ឲ្យដឹងថា គាត់​ចង់​ធ្វើ​ជា​គ្រីស្ត​បរិស័ទ​ម្នាក់​ដែល​ ជួយកិច្ច​ការ​ព្រះសហគមន៍ ជួយអ្នកដទៃ និងបម្រើ​ព្រះសហគមន៍​​អស់មួយជីវិត តែ​មិន​មែន​ជា​បូជាចារ្យនោះ​ទេ។

យុវតី ស្រស់ ចន្ថា អាយុ២០ឆ្នាំ មកពីព្រះសហគមន៍ព្រះកុមារយេស៊ូ​បឹងទំពុននា​រាជធានីភ្នំពេញ បាននិយាយថា ក្នុង​រយៈពេល៣ថ្ងៃ​ដែល​នាងបានមក​ចូលរួមការត្រាស់ហៅនៅទីនេះ ធ្វើឱ្យនាងមានអំណរសប្បាយ​រីករាយ ហើយមានអារម្មណ៍កាន់តែច្បាស់សម្រាប់ជីវិតរបស់ខ្លួនថា ព្រះជាម្ចាស់ពិតជា​ត្រាស់​​ហៅ​នាង​ឱ្យ​ក្លាយជាអ្នកបួស។ ចន្ថានឹង​បន្ត​រិះគិត​បន្ថែម​ទៀត​អំពី​រឿងនេះ។

ក្នុង​កម្មវិធី​រយៈ​ពេល​បីថ្ងៃនេះ យុវជន​បាន​ទទួល​ចំណេះដឹង​អប់រំ​ខាង​ផ្លូវ​វិញ្ញាណ​ របៀប​អធិដ្ឋានជា​ក្រុម​និង​ផ្ទាល់​ខ្លួន ស្តាប់​ការ​ចែក​រំលែកបទពិសោធ​​របស់​ក្រុម​បព្វជិត-ជិតាអំពី​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់​។

ដូនជី ផេង ស្រីមុំ មកពីក្រុមគ្រួសារព្រះនាងម៉ារីជាទីពំនឹងពំនាក់និងជាសមាជិកគណៈ​កម្មការរៀបចំកម្មវិធីនេះរំពឹង​ថា កម្មវិធីនេះ នឹង​ជួយឱ្យយុវជន​​មាន​​កម្លាំងឆ្លើយតបនូវការត្រាស់ហៅរបស់ព្រះជាម្ចាស់ ទោះបីជាជំហានដំបូងឬ​ជួបឧបសគ្គអ្វីក៏ដោយ ពីព្រោះនេះជាចំណុចដែលព្រះជាម្ចាស់ដាក់នៅក្នុងយុវជន ​ដែលមានបំណងបម្រើព្រះសហគមន៍របស់ព្រះអង្គ។

យោងតាមប្រសាសន៍របស់លោកបូជាចារ្យ វី សំណាង បានឱ្យដឹងដែរថា បន្ទាប់ពី​កម្មវិធី​​បោះជំរុំសម្រាប់ការត្រាស់ហៅបានបញ្ចប់ទៅដោយយ៉ាងរលូន គឺមានយុវ័នចំនួន១៧នាក់បានចុះឈ្មោះ​ចូល​ក្រុមអេម៉ាណូអែល និងយុវតីចំនួន៩នាក់បានចុះឈ្មោះចូលក្រុមសាមូអែល។ ក្រុម​ទាំងពី​នេះ ជា​ក្រុម​រិះគិត​ជា​ទៀងទាត់​នូវ​ជីវិត​នៃ​ការត្រាស់ហៅ​របស់​ព្រះជាម្ចាស់​ជា​អ្នក​បួស៕

 

ដោយ​ចាន់ ម៉ានុត

Facebook
Twitter
LinkedIn