អត្ថបទព្រះគម្ពីរ ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិការ ឆ្នាំ២០២៣

bible blur christ christianity

បុណ្យរម្លឹក
សន្តីអេលីសាបែត នៅហុងគ្រីជាបព្វជិត

ព្រះនាងអេលីសាបែត (១២០៧-១២៣១) រៀបអភិសេកក្នុងជន្មាយុដប់បួនឆ្នាំ។ ព្រះនាងប្រសូតបានបុត្របីអង្គ រួចធ្លាក់ជាមេម៉ាយក្នុងជន្មាយុម្ភៃព្រះវស្សា ហើយត្រូវគេមើលងាយធ្វើបាបជាទម្ងន់ថែមទៀតផង ព្រះនាងសម្តែងធម៌មេត្តាករុណាចំពោះជនក្រីក្រ ដោយចិត្តស្រឡាញ់យ៉ាងខ្លាំង។ ព្រះនាងចូលទិវង្គតក្នុងជន្មាយុម្ភៃបួនព្រះវស្សា។ ដោយព្រះនាងមានឈ្មោះល្អយ៉ាងអស្ចារ្យបានជាគ្រីស្តបរិស័ទប្រកាសព្រះនាងថា ជាសន្តបុគ្គលតែបួនឆ្នាំក្រោយពីនាងចូលទិវង្គតប៉ុណ្ណោះ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ១៣,១-៩

អស់​អ្នក​ដែល​ចចេស​មិន​ទទួល​ស្គាល់​ព្រះ‌ជាម្ចាស់​សុទ្ធ​តែ​ជា​មនុស្ស​លេលា​ពី​កំណើត​មែន! ព្រោះ​ពួក​គេ​មើល​ឃើញ​អ្វីៗ​ដ៏​ល្អ តែ​ពុំ​អាច​ស្គាល់​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ ពួក​គេ​ពិនិត្យ​ពិច័យ​មើល​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ តែ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​នោះ​មក​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បែរ​ជា​យក​ភ្លើង ខ្យល់ អាកាស កញ្ចុំ​ផ្កាយ​ដែល​វិល​វល់​នៅ​លើ​មេឃ ទឹក​ដែល​ហូរ​យ៉ាង​ខ្លាំង ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ធ្វើ​ជា​ព្រះ​របស់​ខ្លួន។ ពួក​គេ​បាន​ឈ្លក់​វង្វេង​នឹង​សម្រស់​របស់​ធម្ម​ជាតិ​ទាំង​នោះ ហើយ​ចាត់​ទុក​ថា​ ជា​ព្រះ។ អ្នក​ទាំង​នោះ​គួរ​តែ​ដឹង​ច្បាស់​ថា ព្រះ​ដែល​ជា​ម្ចាស់​នៃ​ធម្ម​ជាតិ​ទាំង​នេះ​រឹត​តែ​ល្អ​ប្រសើរ! គឺ​ព្រះ‌អង្គ​ហើយ​ដែល​ជា​ប្រភព​នៃ​សម្រស់ ព្រះ‌អង្គ​បាន​បង្កើត​ធម្ម​ជាតិ​ទាំង​នោះ។ បើ​មនុស្ស​ស្ញប់​ស្ញែង​កម្លាំង និង​អំណាច​នៃ​ធម្ម​ជាតិ​ទាំង​នោះ ពួក​គេ​គួរ​តែ​រិះ​គិត​ថា ព្រះ‌អង្គ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់ មាន​ឫទ្ធា‌នុភាព​រឹត​តែ​ខ្លាំង​ទៅ​ទៀត។ ភាព​ថ្កុំ​ថ្កើង និង​សម្រស់​របស់​សត្វ​លោក នាំ​មនុស្ស​ឱ្យសញ្ជឹង​គិត ដោយ​ការ​ប្រៀប​ធៀប​អំពី​ព្រះ‌អង្គ​ដែល​បាន​បង្កើត​សត្វ​លោក​ទាំង​អស់។ ប៉ុន្តែ មិន​ត្រូវ​ស្តី​បន្ទោស​មនុស្ស​ទាំង​នោះ​ខ្លាំង​ពេក​ទេ ពួក​គេ​វង្វេង​ ប្រហែល​មក​ពី​របៀប​ដែល​គេ​ស្វែង​រក និង​ចង់​ឃើញ​ព្រះ‌ជាម្ចាស់។ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ជុំ​វិញ​ពួក​គេ ពួក​គេ​ខំ​ពិនិត្យ​មើល ហើយ​ភាន់​ច្រឡំ​ដោយ​ចាប់​អារម្មណ៍​នឹង​ភាព​ខាង​ក្រៅ​ដែល​គេ​មើល​ឃើញ ព្រោះ​អ្វីៗ​ដែល​ពួក​គេ​មើល​ឃើញ​នោះ​ល្អ​ណាស់។ ទោះបី​យ៉ាង​នេះ​ក្តី ក៏​ពួក​គេ​ពុំ​អាច​ដោះ​សា​ខ្លួន​បាន​ដែរ។ ដោយ​ហេតុ​ថា ពួក​គេ​មាន​ចំណេះ​វិជ្ជា​ខ្ពង់​ខ្ពស់ រហូត​ដល់​អាច​ស្គាល់​អាថ៌​កំបាំង​នៃ​ពិភព‌លោក តែ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​រក​ព្រះ‌ជាម្ចាស់​នៃ​អ្វីៗ​ទាំង​នោះ​ពុំ​ឃើញ​ជា​មុន​សិន?

ទំនុកតម្កើងលេខ ១៩(១៨),២-៥ បទកាកគតិ

ផ្ទៃមេឃថ្លាថ្លែង រុងរឿងស្ញប់ស្ញែង របស់ព្រះម្ចាស់
អាកាសវេហាស៍ ក៏បានប្រកាស ពីស្នាព្រះហស្ដ
របស់ព្រះអង្គ
ថ្ងៃមួយពោលប្រាប់ ថ្ងៃមួយទៀតស្ដាប់ មិននៅរេរង់
យប់មួយទៀតប្រាប់ យប់ផ្សេងឱ្យដឹង អំពីដំណឹង
ល្បីល្បាញអស្ចារ្យ
មិនប្រើសម្ដី មិនចោលសេចក្ដី ប្ញប្រើភាសា
ហើយក៏មិនចេញ សូរស័ព្ទវាចា បន្ដិចឡើយណា
ឱ្យគេដឹងឮ
ដំណឹងទាំងនោះ ឮឆ្ងាយសាយសុះ ពេញពាសរន្ទឺ
លើភពផែនដី ទីងងឹតភ្លឺ លាន់ល្បីរន្ទឺ
គ្មានសល់ចន្លោះ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម វវ ១២,១០

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះ​ព្រះ​ជាម្ចាស់ជិតរំដោះអ្នករាល់គ្នាហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៧,២៦-៣៧

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «នៅ​គ្រា​ដែល​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​នៅ​ជំនាន់​លោក​ណូអេ​ដែរ។ កាល​ណោះ មនុស្ស‌ម្នា​គិត​តែ​ស៊ី​ផឹក រៀប‌ការ​ប្ដី​ប្រពន្ធ រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ ហើយ​ទឹក​ជំនន់​ឡើង​លិច​បំផ្លាញ​មនុស្ស​អស់​។ នៅ​គ្រា​បុត្រ​មនុស្ស​យាង​មក ក៏​ដូច​កាល​នៅ​ជំនាន់​លោក​ឡុត​​ដែរ កាល​ណោះ​មនុស្ស‌ម្នា​ស៊ី​ផឹក លក់​ដូរ ដាំ​ដំណាំ និង​សង់​ផ្ទះ។ ប៉ុន្តែ នៅ​ថ្ងៃ​ដែល​លោក​ឡុត​ចាក‌ចេញ​ពី​ក្រុង​សូដុម មាន​ភ្លើង និង​ស្ពាន់‌ធ័រ​បង្អុរ​ពី​លើ​មេឃ​មកដូច​ភ្លៀង បំផ្លាញ​អ្នក​ក្រុង​ទាំង​អស់​គ្នា​ទៅ។ នៅ​ថ្ងៃ​ដែល​បុត្រ​មនុស្ស​បង្ហាញ​ខ្លួនក៏​នឹង​មាន​ហេតុ‌ការណ៍​ដូច្នោះ​ដែរ។ នៅ​ថ្ងៃ​នោះ អ្នក​នៅ​លើ​ដំបូល​ផ្ទះ ហើយ​មាន​របស់​របរ​ទុក​នៅ​ក្នុង​ផ្ទះ កុំ​ចុះ​ទៅ​យក​ឡើយ។ រីឯ​អ្នក​នៅ​ចម្ការ​ក៏​ដូច្នោះ​ដែរ កុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឱ្យសោះ។ ចូរ​នឹក​ចាំ​អំពី​រឿង​ដែល​កើត​មាន​ដល់​ភរិយា​លោក​ឡុត។ អ្នក​ដែល​ខំ​រក្សា​ជីវិត​របស់​ខ្លួន​នឹង​បាត់‌បង់​ជីវិត រីឯ​អ្នក​ដែល​បាត់‌បង់​ជីវិត នឹង​បាន​រួច​ជីវិត​វិញ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​យប់​នោះ បើ​មាន​ពីរ​នាក់​ដេក​លើ​គ្រែ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឱ្យ​នៅ។ បើ​ស្ត្រី​ពីរ​នាក់​កិន​ស្រូវ​ជា​មួយ​គ្នា ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឱ្យនៅ។ បើ​មាន​បុរស​ពីរ​នាក់​នៅ​ក្នុង​ចម្ការ ព្រះ‌ជាម្ចាស់​យក​ម្នាក់​ទៅ ទុក​ម្នាក់​ទៀត​ឱ្យ​នៅ»។ ពួក​សាវ័ក​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ហេតុ‌ការណ៍​ទាំង​នេះនឹង​កើត​មាន​នៅ​ទី​ណា?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «សាក‌សព​នៅ​ទី​ណា ត្មាត​ក៏​នឹង​មក​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ»។

Facebook
Twitter
LinkedIn