គ្រីស្តបរិស័ទកាតូលិកចូលរួមប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិលើកទី៤

បេក្ខជន​២០រូប​មក​ពី​បណ្តាខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​ ដែលសុទ្ធ​សឹង​ជា​សហគ្រិន​ជនជាតិ​កម្ពុជា​ខ្នាត​តូច​និង​ធម្យម​ បាន​ចូលរួម​ប្រកួត​ប្រជែង​គ្នា​​ដើម្បី​យក​ពាន​រង្វាន់​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២៣ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​និង​នវានុវត្តន៍​ ដែល​បាន​ប្រព្រឹត្តទៅនៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នាទីក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​១៥ ខែ​វិច្ឆិកា​ម្សិលមិញនេះ។

ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​នេះ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២០ និង​ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ ដែលមានគោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​តួនាទី​សំខាន់ៗ​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅកម្ពុជា  និង​ពង្រឹង​និង​ពង្រីក​ភាពជា​ដៃ​គូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ និង​ទំនួល​ខុស​ត្រូវ​សង្គម​តាមរយៈ​ការ​កសាង​អនាគត​សហគ្រិន​នៅ​កម្ពុជា។

ការ​ប្រកួត​នេះ​មាន​២​ដំណាក់កាល គឺ​ដំបូង​ បេក្ខជន​ទាំងអស់​ត្រូវ​ធ្វើ​បទ​បង្ហាញ​អំពី​សហគ្រាស​របស់​ខ្លួន​ចំនួន​៨នាទី​ ដោយ​មាន​គណៈកម្មការ​ដាក់ពិន្ទុ​ជូន​ ដើម្បី​ជម្រុះ​យក​ចំនួន​១០នាក់​។ ដំណាក់កាលទី​២ គឺ​បេក្ខជន​ជាប់​លំដាប់​ទាំង​១០ ត្រូវ​ឆ្លើយ​នឹង​សំណួរ​មួយ​ចំនួន​របស់​គណៈកម្មការ​ដាក់​ពិន្ទុ។

កម្មវិធីប្រកួត​ប្រជែង​ឆ្នាំ​ទី៤នេះ ​មាន​ការចូលរួម​ពីសហគ្រិន​គ្រប់​ស្រទាប់​វិស័យ គឺមានទាំងការ​កែច្នៃ​​ចំណីអាហារ ការអប់រំ ការ​កែច្នៃ​វត្ថុសម្រាប់​ប្រើ​ប្រាស់ និង​សេវាកម្មជាដើម។

លោក​មាគ ស៊ន ជា​បេក្ខជន​កាតូលិក​មួយរូប​ និង​ជា​ប្រធាន​គ្រប់គ្រងនៃ​Coco de Takeo បាន​ជាប់​ក្នុងចំណោម​Top 10 បាន​ឲ្យដឹងថា អ្វីដែលលោក​បាន​ជួប​ក្នុង​ថ្ងៃនេះ ជា​បទពិសោធថ្មីមួយ​ និង​ទទួល​បាន​បទ​ពិសោធច្រើន​ដែល​នឹង​ត្រូវ​រៀន​ពី​​​ដៃគូ​សហគ្រិន​ខ្លាំងៗ​ ដើម្បីអភិវឌ្ឍ​កម្មវិធី​របស់​លោក​បន្ត​ទៀត។

«ថ្ងៃនេះ ខ្ញុំគិតថា Coco de Takeo ឈ្នះ​មែនទែន។ ឈ្នះទៅលើ​អ្វីដែល​ខ្លួន​ឯងគិត​ថា​មិន​អាច​ធ្វើទៅ​បាន​ ហើយ​យើង​បាន​ឈានដល់​វគ្គ​Top 10» លោក​ស៊ន​បញ្ជាក់។

Coco de Takeo ជាសហគ្រាស​សិប្បកម្ម​ខ្នាត​តូច​ ដែល​មានទីតាំង​នៅ​ភូមិចំការទៀង​ ឃុំ​គូស ស្រុក​ត្រាំកក់​ខេត្ត​តាកែវ ដែល​សហការ​និង​គាំទ្រ​ដោយ​ព្រះសហគមន៍កាតូលិក ដែល​មាន​លោកអភិបាលព្រះសហគមន៍ភូមិភាគ​ភ្នំពេញ ​អូលីវីយ៉េ ជ្មីតហស្លេ​ ជា​អធិបតី។​ សិប្បកម្មនេះ មាន​ផលិតផល​តម្បាញ​ពីសូត្រ ​ក្រកីដូងនិង​ដើមចេក ផលិតផល​កែច្នៃ​ពី​ផ្លែដូង​ដូចជា ប៉ាន់តែ ប្រេងដូង សាប៊ូ ស្ករដូង កន្ត្រកដាំផ្កាជាដើម។

ឆ្លង​តាម​បទ​ពិសោធ និង​មតិយោបល់​ពី​គណៈកម្មការ​ លោក​សហគ្រិន​រូប​នេះ ឲ្យដឹងទៀតថា សិប្បកម្ម​របស់​គាត់​ត្រូវ​ការ​រៀបចំផែនការ​យុទ្ធសាស្ត្រ​បន្ថែម​ដើម្បី​មាននិរន្តភាព​លើការដឹកនាំ ហិរញ្ញវត្ថុ និង​ទីផ្សារ​។ លោក​ថា លោក​នឹង​ពង្រឹង​ខ្លួន ហើយ​បន្ត​ដាក់​ពាក្យ​ដើម្បីប្រកួត​ប្រជែង​នៅ​ឆ្នាំ​ក្រោយៗទៀត។

ដំណើរការប្រកួត​ប្រជែងនេះ បាន​ធ្វើ​ឡើង​តាម​ខេត្ត​នីមួយៗកាលពី​ខែ​កញ្ញា​​កន្លង​ទៅ ដែលមានដំណាក់កាល​ប្រហាក់​ប្រហែល​គ្នានឹង​ថ្នាក់ជាតិ ប៉ុន្តែ​គណៈកម្មការ​ថ្នាក់​ខេត្ត​បាន​ចុះ​ទៅដល់ទីតាំង​ផ្ទាល់​ដើម្បី​អង្កេត​និង​ផ្តល់​យោបល់ ហើយបេក្ខជន​ដែល​ជាប់​លេខរៀង ត្រូវ​មក​ប្រឡង​នៅ​ថ្នាក់ជាតិ។​

​លោក ឆែន ច័ន្ទដារ៉ា បេក្ខជន​ជាប់​ជ័យលាភីលេខ​១ ជាអគ្គនាយករោងចក្រចម្រាញ់ប្រេងកន្ទក់ស្រូវផ្កាម្លិះខេត្តបាត់ដំបង បាន​និយាយថា កម្មវិធីនេះ​បាន​ជម្រុង​និង​លើក​ទឹកចិត្ត​ដល់​សហគ្រិន​ក្នុងស្រុកអាច​ពង្រីកខ្លួន​បន្ថែម ​​ជា​ពិសេស​ក្នុង​វិបត្តិសេដ្ឋកិច្ច​ពេលនេះ។ ក្នុងការប្រកួត​នេះ គឺ​យើង​ឃើញថា នៅក្នុងប្រទេសកម្ពុជា​ដែលកំពុង​អភិវឌ្ឍ មាន​សហគ្រិន​ដែលមានគំនិត​ច្នៃប្រឌិត​ថ្មីក្នុងការបង្កើតឲ្យមានជាចលករសម្រាប់កំណើន​សេដ្ឋកិច្ច។

«ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ក្នុងការ​ជួយ​ពង្រឹង​និង​ជំរុញ​បន្ថែម​ឲ្យកម្មវិធីនេះ​នៅ​ឆ្នាំក្រោយ និង​ជួយ​តាម​តម្រូវការ​របស់​សហគ្រិន​ខ្មែរ» លោក​ច័ន្ទដារ៉ាបន្ថែម។

ក្នុងពិធីបិទ​និង​ប្រគល់ពានរង្វាន់​ដល់​សហគ្រិន​ឆ្នើម​ លោក ហេង សួរ ​រដ្ឋមន្ត្រីក្រសួងការងារ មាន​ប្រសាសន៍លើក​ទឹកចិត្ត​ដល់​សហគ្រិន​ទាំងអស់​ឲ្យ​ខិត​ខំបន្ត​ពង្រីក​និង​ពង្រឹង​ខ្លួន​ថែម​ទៀត​ ដើម្បីជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ផង សេដ្ឋកិច្ច​និយោជិត និង​សេដ្ឋកិច្ច​ជាតិផង។

«សហគ្រិន​ត្រូវ​បែងចែក​នូវផល ពី​សកម្មភាព​របស់​ខ្លួន​នេះ មិនត្រឹមតែ​ដើម្បី​ខ្លួន​ឯងទេ ប៉ុន្តែក៏ដើម្បីប្រទេស​ជាតិ​ ដើម្បី​មានការវិវឌ្ឍ ជួយគាំទ្រទៅដល់​សហគមន៍​ ហើយ​ក៏ជួយដល់​បរិស្ថាន» លោកហេងសួរ​បញ្ជាក់។

លោក​រដ្ឋមន្ត្រី​បន្ថែមថា លោក​ចង់​ឲ្យ​សហគ្រិន​ចូលរួម​ឲ្យ​បាន​ច្រើន​ ហើយ​បង្កើត​កម្មវិធីនេះឲ្យ​ឱឡារិក​ជាង​នេះ​ថែមទៀត ឲ្យ​មាន​ការចាប់​អារម្មណ៍​បន្ថែម​ពី​ថ្នាក់ដឹកនាំ និង​ឈាន​ទៅប្រកួត​ប្រជែងនៅថ្នាក់តំបន់និងអន្តរជាតិ​។

សម្រាប់​ឆ្នាំ​២០២៣នេះ ជ័យលាភី​ថ្នាក់ជាតិ​មាន​ចំនួន​៤ គឺជ័យលាភីលេខ​១​ ​លោក ឆែន ចាន់ដារា ជាអគ្គនាយករោងចក្រចម្រាញ់ប្រេងកន្ទក់ស្រូវផ្កាម្លិះខេត្តបាត់ដំបង ជ័យលាភីលេខ២ អ្នកស្រីចៅ លន់មូលីការ ជាស្ថាបនិកCambodian Standard Development and Supply Co.,Ldt រាជធានីភ្នំពេញ ជ័យលាភីលេខ៣ លោកចាន់ សិល្បសុជាតិ ប្រធានក្រុមហ៊ុនអ៊ីឆេ ង៉ូវហេង ខេត្តកំពត និង​ជ័យលាភីលេខ​៤ លោកសុទ្ធវណ្ណៈ ជាស្ថាបនិកសាលា​អូស្ត្រាលី ផេស៊ីហ្វិក អ៊ិនវេសម៉ិន ខូ អិលធីឌី ខេត្ត​សៀមរាប។

អ្នកដែលទទួល​បាន​ជ័យលាភី​ ក្លាយជា​ទីប្រឹក្សា​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ (NIEI) ជាគណៈកម្មការ​ផ្តល់ពិន្ទុសម្រាប់ការប្រកួតឆ្នាំបន្ទាប់ ជាវាគ្មិន​កិត្តិយសក្នុងកម្មិវថិសហគ្រិន​របស់​NIEI ជាតំណាង​របស់​ NIEIចូលរួ​ម​ប្រកួត​ប្រជែង​ពានរង្វាន់សហគ្រិន​ក្នុង​តំបន់ និង​ទទួល​បាន​លិខិត​បញ្ជាក់​ទទួល​ស្គាល់​ដោយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ៕

ដោយកែវ កញ្ញា

Facebook
Twitter
LinkedIn