អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១៣,៨-១០
បងប្អូនជាទីស្រឡាញ់!
បងប្អូនមិនត្រូវជំពាក់អ្វីនរណា ក្រៅពីជំពាក់សេចក្ដីស្រឡាញ់គ្នាទៅវិញទៅមកនោះឡើយ ដ្បិតអ្នកណាស្រឡាញ់អ្នកដទៃ អ្នកនោះប្រតិបត្តិតាមគម្ពីរវិន័យសព្វគ្រប់ហើយ ព្រោះវិន័យដែលចែងថា «កុំប្រព្រឹត្តអំពើផិតក្បត់ កុំសម្លាប់មនុស្ស កុំលួចទ្រព្យសម្បត្តិគេ កុំមានចិត្តលោភលន់» និងវិន័យឯទៀតៗសង្ខេបមកជាវិន័យតែមួយនេះថា «ចូរស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ អ្នកមានចិត្តស្រឡាញ់មិនដែលប្រព្រឹត្តអាក្រក់ចំពោះបងប្អូនឯទៀតៗឡើយ ដូច្នេះ សេចក្ដីស្រឡាញ់នាំឱ្យប្រតិបត្តិតាមវិន័យបានពេញលក្ខណៈ។
ទំនុកតម្កើងលេខ ១១២(១១១),១-២.៤-៥.៨-៩ បទពាក្យ៧
១ អ្នកឱនកោតខ្លាចព្រះអម្ចាស់ ប្រតិបត្តិច្បាស់តាមព្រះទ័យ
ស្មោះស្ម័គ្រគោរពតាមវិន័យ បានសុខពេកក្រៃមានមង្គល ។
២ ពូជរបស់គេមានអំណាច ចិត្តក្លាអង់អាចគ្មានកង្វល់
ដ្បិតព្រះជាម្ចាស់ប្រទានផល ព្រះពរពិតដល់អ្នកសុចរិត ។
៤ ក្នុងទីងងឹតមានពន្លឺ លេចឡើងបំភ្លឺមិនស្រអាប់
ចិត្តគាត់ប្រណីល្អគួរគាប់ សន្ដោសលើសសព្វជនប្រុសស្រី ។
៥ ជនណាដែលមានចិត្តទូលាយ យកអ្វីទៅឱ្យអ្នកផងខ្ចី
ព្រមទាំងរកស៊ីមិនកេងគៃ អ្នកនោះប្រពៃល្អបំផុត ។
៨ គាត់មានចិត្តនឹងហើយអង់អាច មិនចេះភ័យខ្លាចអ្វីទាំងអស់
ទាល់តែគាត់ឃើញខ្មាំងទាំងនោះ បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត ។
៩ គាត់តែងចែកទានដល់អ្នកក្រ ដោយចិត្តស្មោះស្ម័គ្រពិតៗ
ចិត្តគាត់ទូលាយត្រង់សុចរិត កម្លាំងគាត់ស្ថិតមិនបាត់បង់ ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ សល ១៤
អាលេលូយ៉ា! អាលេលូយ៉ា!
ប្រសិនបើមានគេត្មះតិះដៀលបងប្អូន ព្រោះតែព្រះនាមរបស់ព្រះយេស៊ូគ្រីស្ដនោះ បងប្អូនមានសុភមង្គលហើយ! ដ្បិតព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ស្ថិតនៅលើបងប្អូន។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៤,២៥-៣៣
នៅគ្រានោះ មានមហាជនជាច្រើនធ្វើដំណើរជាមួយព្រះយេស៊ូ។ ព្រះអង្គបែរព្រះភ័ក្ត្រទៅរកគេ ហើយមានព្រះបន្ទូលថា៖ «បើអ្នកណាចង់មកតាមខ្ញុំ តែមិនស្រឡាញ់ខ្ញុំខ្លាំងជាងឪពុកម្ដាយ ប្រពន្ធ កូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះពុំអាចធ្វើជាសាវ័ករបស់ខ្ញុំឡើយ។ អ្នកណាមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំទេ អ្នកនោះក៏ពុំអាចធ្វើជាសាវ័ករបស់ខ្ញុំដែរ។ ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើនរណាម្នាក់ចង់សង់ផ្ទះថ្មធំមួយ អ្នកនោះត្រូវអង្គុយគិតគូរមើលថ្លៃសង់ជាមុនសិន ដើម្បីឱ្យដឹងថា តើខ្លួនមានប្រាក់ល្មមនឹងបង្ហើយសំណង់ ឬយ៉ាងណា ក្រែងលោចាក់គ្រឹះហើយ តែមិនអាចបង្ហើយបាន មនុស្សម្នាឃើញ មុខជាសើចចំអកឱ្យមិនខាន។ គេនឹងពោលថា “មើលបុរសនេះសង់ផ្ទះ តែមិនអាចបង្ហើយបានទេ!”។ ម្យ៉ាងទៀត ប្រសិនបើមានស្ដេចមួយអង្គចេញទៅធ្វើសឹកសង្គ្រាម តទល់នឹងស្ដេចមួយអង្គទៀត ស្ដេចត្រូវគង់គិតគូរជាមុនសិនថា បើស្ដេចមានទ័ពមួយម៉ឺននាក់ តើស្ដេចអាចតទល់នឹងបច្ចាមិត្តដែលមានគ្នាពីរម៉ឺននាក់បានឬយ៉ាងណា បើឃើញថាមិនអាចតទល់បានទេ នោះស្ដេចនឹងចាត់រាជទូតឱ្យទៅសុំចរចារកសន្តិភាពក្នុងពេលដែលស្ដេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។ ដូច្នេះ ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីៗទាំងអស់ដែលខ្លួនមានទេ អ្នកនោះមិនអាចធ្វើជាសាវ័ករបស់ខ្ញុំបានឡើយ»។