អភិបូជាបុណ្យគោរពសន្តហ្វ្រង់ស្វ័រអាស៊ីស៊ី
និងប្រសិទ្ធីពរលើចេតិយនៅព្រះសហគមន៍សន្តយ៉ូសែប ទួលក្រសាំង
ទន្លេបាសាក់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣
បងប្អូនជាទីស្រឡាញ់!
ថ្ងៃនេះ យើងពោរពេញដោយអំណរសប្បាយ ដោយសារថ្ងៃនេះយើងនឹករលឹកនិងអធិដ្ឋានសម្រាប់សន្តហ្វ្រង់ស្វ័រនៃទីក្រុងអាស៊ីស៊ី ជាពិសេសសន្តហ្វ្រង់ស្វ័រអាស៊ីស៊ីកំពុងអធិដ្ឋានសម្រាប់យើង។ ពីឆ្នាំ១២០០រហូតដល់សព្វថ្ងៃ សន្តហ្វ្រង់ស្វ័រ ជាគំរូសម្រាប់យើងទាំងអស់។ ដោយសារ នៅក្នុងសម័យហ្នឹងសន្តហ្វ្រងស្វ័របានចាប់ផ្ដើមបង្កើតពិភពថ្មី តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នៅពេលព្រះយេស៊ូយាងមក ព្រះអង្គមានព្រះបន្ទូលថា “ព្រះរាជ្យរបស់ព្រះជាម្ចាស់ជិតមកដល់ហើយ”។ ខ្ញុំគិតថា សន្តហ្វ្រង់ស្វ័រនៃទីក្រុងអាស៊ីស៊ី បានខិតខំធ្វើដូចម្ដេចដើម្បីឲ្យព្រះរាជ្យរបស់ព្រះជាម្ចាស់ជិតមកដល់ហើយថែមទៀត ណែនាំឲ្យយើងមានរបៀបថ្មីដើម្បីរស់នៅក្នុងសង្គម។ របៀបដែលគាត់បានអប់រំយើង៨០០ឆ្នាំមុន ត្រូវការឲ្យយើងយកសម្រាប់បច្ចុប្បន្ននេះ ជាពិសេសនៅក្នុងសង្គមរបស់យើង ដែលជាសង្គមអភិវឌ្ឍន៍មែនទែន។
បងប្អូនជាទីស្រឡាញ់ នៅសម័យសន្តហ្វ្រង់ស្វ័រអត់មានផ្លូវល្អ អត់មានបច្ចេកទេសទំនើបប៉ុន្មានទេ ប៉ុន្តែគាត់បានបើកផ្លូវថ្មីដើម្បីឲ្យគ្រីស្តបរិស័ទត្រឡប់ទៅវិញ។ មិនមែនត្រឡប់ទៅវិញនៅក្នុងសម័យបុរាណ ប៉ុន្តែត្រឡប់ទៅវិញដើម្បីមើលឃើញព្រះយេស៊ូជាគំរូ ព្រះយេស៊ូដែលណែនាំយើងឲ្យធ្វើដំណើរនៅក្នុងពិភពលោកនេះ។ តាមពិត ជីវិតរបស់គាត់ជាកូនអ្នកមាន គាត់ស្រួលមែនទែន គាត់មានមិត្តភក្ភិច្រើន គាត់ចូលចិត្តដើរលេង ចូលចិត្តស៊ីផឹក ចូលចិត្តមានជីវិតស្រួល គាត់ចង់ឡើងឋានៈជាអ្នកធំនៅក្នុងសង្គម។ ប៉ុន្តែ មានថ្ងៃមួយដែលគាត់ធ្លាក់ខ្លួនឈឺ គាត់ចាប់ផ្ដើមធ្វើដំណើរនៅក្នុងដួងចិត្តរបស់គាត់ រហូតដល់គាត់បានជួបព្រះយេស៊ូនៅក្នុងជំងឺរបស់គាត់។ ព្រះយេស៊ូបានបំភ្លឺគាត់ ណែនាំឲ្យគាត់យល់ថាជីវិតនៅក្នុងសង្គមចេះតែសប្បាយៗ ចេះតែគិតអំពីឡើងឋានៈ ប្រមូលទ្រព្យសម្បត្តិថែមទៀតនិងថែមទៀត មិនមែនជាជីវិតសុខសាន្តទេ។ នៅពេលនោះ គាត់បានភ្ញាក់ស្មារតី ដោយយល់ថាប្រហែលព្រះយេស៊ូមានគម្រោងការផ្សេងសម្រាប់គាត់ ដើម្បីរកឃើញសុភមង្គលដ៏ពិតប្រាកដ។
ថ្ងៃនេះ ជាពេលវេលាមួយតាមរយៈសន្តហ្វ្រង់ស្វ័រ ដោយមើលឃើញព្រះយេស៊ូសាជាថ្មី និងដោយពិចារណា តើព្រះយេស៊ូមានគម្រោងការអ្វីខ្លះសម្រាប់ជីវិតរបស់ខ្ញុំ? នៅទីនេះ យើងមានបូជាចារ្យថ្មី៣អង្គ ដែលបានស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានសុខចិត្តបូជាជីវិត។ ដោយយល់ថា ជីវិតនៅក្នុងសង្គមធម្មតា យើងរកស៊ី យើងមានការងារធ្វើ យើងជាអ្នកធំ យើងមានឡានស្អាតៗ… មិនមែនណែនាំឲ្យយើងមានសុភមង្គលដ៏ពិតប្រាកដទេ។ ផ្ទុយទៅវិញ សុខចិត្តលះបង់ចោល បូជាជីវិតដើម្បីដើរតាមព្រះយេស៊ូ ប៉ុន្តែមិនមែននេះតែប៉ុណ្ណឹង គឺដើម្បីណែនាំឲ្យបងប្អូនដែលជាហ្វូងចៀមមានសេចក្ដីសុខនៅក្នុងជីវិតថ្មីដែរ។
ទី១ លោកហ្វ្រង់ស្វ័របានភ្ញាក់ស្មារតីដោយស្តាប់ព្រះយេស៊ូ នៅពេលកំពុងអធិដ្ឋាននៅមុខឈើឆ្កាង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា “សូមសាងសង់ព្រះសហគមន៍ខ្ញុំវិញ” មុនគាត់សាងសង់ព្រះសហគមន៍ដែលធំ គាត់បានចាប់ផ្ដើមដោយជួសជុលព្រះវិហារដ៏តូចមួយដែលកំពុងដួល។ នៅពេលនោះ គាត់បានយកចិត្តទុកដាក់យកទ្រព្យសម្បត្តិគាត់ខ្លះ ទៅប្រមូលលុយ ទៅលក់ក្រណាត់ថែមទៀត ដើម្បីសាងសង់ព្រះវិហាររបស់ព្រះជាម្ចាស់សាជាថ្មី។ នេះជាជំហានទីមួយរបស់គាត់នៅក្នុងជីវិត ចេញពីជីវិតស្រួលរបស់គាត់ជាកូនអ្នកមាន ដែលចេះតែដើរលេង ដោយយល់ថាព្រះយេស៊ូមានបេសកកម្មពិសេស គឺសាងសង់ព្រះវិហារសាជាថ្មី។ ប៉ុន្តែ ព្រះវិហារដែលជាអាគារមួយទៅជាព្រះសហគមន៍របស់ព្រះជាម្ចាស់នៅលើផែនដីនេះ។
ទី២ គាត់បានចាប់ផ្ដើមយល់ថាជីវិតជាអ្នកមាន អត់មានប្រយោជន៍ទេ នៅពេលយើងមើលព្រះយេស៊ូព្រះអង្គរស់នៅសាមញ្ញធម្មតា ជាអ្នកក្របំផុត “អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គលហើយ”។ នៅពេលនោះ លោកហ្វ្រង់ស្វ័របាននិយាយថា ឥលូវនេះដល់ពេលវេលាឲ្យខ្ញុំរៀបការជាមួយម៉ាដាមក្រីក្រ គាត់សុខចិត្តយកភាពជាក្រីក្រជាប្រពន្ធរបស់គាត់ ដោយយល់ថានេះជាផ្លូវ។ នៅពេលហ្នឹង ឪពុកគាត់កំពុងប្ដឹងគាត់ មានលោកអភិបាលមកកាត់ក្ដី ដោយសារឪពុកគាត់អន់ចិត្តជាមួយគាត់។ នៅពេលនោះ គាត់សុខចិត្តដោះខោអាវចេញ នៅខ្លួនទទេនៅមុខព្រះសហគមន៍ទាំងមូល នៅមុខប្រជាជននៅក្នុងភូមិទាំងអស់ ដើម្បីថាឥលូវជីវិតរបស់ខ្ញុំផ្ញើទៅលើព្រះជាម្ចាស់ហើយ។ លោកអភិបាលបានយកអាវធំ ដើម្បីឲ្យគាត់ពាក់កុំឲ្យខ្មាស់គេ។ ហេតុការណ៍នេះកើតឡើងនៅឆ្នាំ១២០៦ ខ្ញុំយកម៉ាដាមក្រីក្រជាប្រពន្ធរបស់ខ្ញុំ។ នៅពេលនោះ គាត់ចាប់ផ្ដើមរស់នៅជាមនុស្សក្រីក្រ ជាបងប្រុសដែលរស់នៅក្នុងជីវិតជាមួយមនុស្សដែលគាត់បានជួបនៅតាមផ្លូវ។
ទី៣ នៅឆ្នាំ១២១០គាត់ចាប់ផ្ដើមបង្កើតក្រុមបងប្រុស ជាមួយមិត្តភក្តិគាត់ប៉ុន្មាននាក់ដែលដើរជាមួយគាត់ ដោយយល់ថាប្រសិនបើយើងចង់បង្កើតពិភពលោកថ្មី ដើរតាមព្រះយេស៊ូ សាងសង់ព្រះសហគមន៍ថ្មី យកម៉ាដាមក្រីក្រជាប្រពន្ធ និងបង្កើតភាតរភាព។ បង្កើតភាតរភាព មានន័យថាយើងជាបងប្អូនគ្នាមែនប៉ុន្តែកុំឲ្យទៅជាពាក្យមួយទូទៅ ឲ្យយើងធ្វើដូចម្ដេចដើម្បីឲ្យយើងចាប់ផ្ដើមរស់នៅធ្វើជាបងប្អូន ជាក្រុមមួយដែលចេះសហការគ្នា ជួយគ្នា ធ្វើដំណើរជាមួយគ្នានៅក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់។
ទី៤ គាត់បានណែនាំឲ្យយើងយល់ថាអាទិភាពនៅក្នុងជីវិតរបស់យើង គឺឲ្យមានចិត្តប្រណីសន្ដោស ឲ្យមានចិត្តមេត្តាករុណា ដែលចេះតែបម្រើ។ នៅពេលគាត់បានជួបអ្នកកើតជំងឺឃ្លង់នៅតាមផ្លូវ ដូចព្រះយេស៊ូគាត់មិនវៀងផ្លូវប៉ុន្តែផ្ទុយទៅវិញគាត់ថើប គាត់អោបមនុស្សឃ្លង់នេះ និងបានបម្រើគេមួយរយៈ។ នៅក្នុងលិខិតមរតករបស់គាត់ គាត់សរសេរថា “បទពិសោធន៍ដំបូងពិសេសរបស់ខ្ញុំនៅក្នុងជីវិត មិនមែនតែជួបជាមួយព្រះយេស៊ូនៅក្នុងព្រះវិហារទេ ប៉ុន្តែនៅពេលដែលខ្ញុំបានបម្រើមនុស្សឃ្លង់។ នៅពេលនោះ ខ្ញុំបានឃើញព្រះជាម្ចាស់ស្រឡាញ់យើង ខ្ញុំពិបាកបម្រើគេ ប៉ុន្តែនៅក្នុងសេចក្ដីស្រឡាញ់ដែលខ្ញុំទទួលពីព្រះជាម្ចាស់ នៅក្នុងព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ខ្ញុំបានបម្រើគេ។”។ នេះជាគំរូសម្រាប់យើងទាំងអស់ដែលរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ ដែលខ្វះការលើកលែងទោស ខ្វះសេចក្ដីស្រឡាញ់ចំពោះបងប្អូនឯទៀតៗ។ ដូច្នេះ យើងនឹកឃើញធ្វើដូចម្ដេចដើម្បីទៅជាអ្នកបម្រើ នៅក្នុងព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់។
ទី៥ គាត់បានជួយយើងឲ្យយើងស្រឡាញ់ផែនដីដែលព្រះជាម្ចាស់បានបង្កើត សម្ដេចប៉ាបសរសេរលិខិតមួយដើម្បីណែនាំឲ្យយើងនឹកឃើញ ព្រះជាម្ចាស់បានបង្កើតពិភពលោក ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់។ សន្តហ្រ្វង់ស្វ័រ បានបង្កើតទំនុកតម្កើងលើកតម្កើងព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក យើងមានរូបច្រើនដែលសន្តហ្រ្វង់ស្វ័រកំពុងអង្គុយជាមួយសត្វចចក និយាយជាមួយបក្សាបក្សី មានសន្ទនាជាមួយផែនដីដែលព្រះជាម្ចាស់បានបង្កើត។ នេះ៨០០ឆ្នាំមុន ឥលូវនេះយើងកំពុងភ្ញាក់មូលហេតុអ្វីពិភពលោករបស់យើងកំពុងខ្សោយទៅៗ កន្លែងខ្លះមានភ្លើងឆេះ កន្លែងខ្លះមានរញ្ជួយដី កន្លែងខ្លះលិចទឹក កន្លែងខ្លះទឹក។ នេះដោយសារ មនុស្សយើងភ្លេចអំពីអំណោយទានដែលយើងបានទទួលពីព្រះជាម្ចាស់ ដែលព្រះអង្គណែនាំឲ្យយើងស្រឡាញ់ថែរក្សាផែនដីនេះ។ សន្តហ្វ្រង់ស្វ័រ បានជួយឲ្យយើងយល់ថាយើងបង្កើតទំនាក់ទំនងផ្ទាល់ជាមួយព្រះច័ន្ទ ជាមួយព្រះអាទិត្យ ជាមួយសត្វទាំងឡាយ ជាមួយដើមឈើទាំងឡាយ។ យើងបង្កើតសន្ទនា ដោយសារជានេះអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យ ដើម្បីឲ្យយើងមានសេចក្ដីសុខនៅលើផែនដីនេះ។ ដូច្នេះ ឱ្យយើងធ្វើដូចម្ដេចដើម្បីស្រឡាញ់ផែនដី ដូចសន្តហ្វ្រង់ស្វ័របានជួយយើង។
ទី៦ សន្តហ្វ្រង់ស្វ័រ ជាមនុស្សពិសេសនៅក្នុងជីវិតរបស់គាត់ ទោះបីគាត់រស់នៅជាអ្នកក្រីក្រ គាត់បានជួបជាមួយសម្ដេចប៉ាប។ ដោយសារ សម្ដេចប៉ាបបានឃើញនៅក្នុងសុបិន្ត ថាលោកហ្វ្រង់ស្វ័រកំពុងទប់ព្រះវិហាររបស់សម្ដេចប៉ាប ដែលកំពុងដួល។ សម្តេចប៉ាប យល់ថាហ្វ្រង់ស្វ័រនេះមិនមែនជាមនុស្សធម្មតាទេ សម្តេចប៉ាបបានហៅនិងអនុញ្ញាតឲ្យហ្វ្រង់ស្វ័របង្កើតក្រុមជាផ្លូវការ។ ក្រោយមក គាត់ចាប់ផ្ដើមធ្វើដំណើរដល់ប្រទេសអេហ្ស៊ីប គាត់បានបង្កើតសន្ទនាអន្តរសាសនាមុនគេជាមួយឥស្លាម។ តាមពិតគំនិតរបស់គាត់ គឺចង់ឲ្យអ្នកទទួលខុសត្រូវនៅអេហ្ស៊ីបកែប្រែចិត្តគំនិតក្លាយទៅជាគ្រីស្តបរិស័ទ នេះជាជំហានទីមួយនៃសន្ទនាអន្តរសាសនា។ សម្រាប់យើង ដែលរស់នៅក្នុងសង្គមដែលគោរពពុទ្ធសាសនា តាមរយៈសន្តហ្វ្រង់ស្វ័រជាពេលវេលាយល់ថា ការសន្ទនារវាងសាសនានិងសាសនា។ នេះសំខាន់ណាស់ ដើម្បីគោរពគ្នាទៅវិញទៅមក យល់ចិត្តគ្នាទៅវិញទៅមក និងបង្កើតសង្គមមួយដែលពោរពេញដោយសេចក្ដីសុខ។
ទី៧ សន្តហ្វ្រង់ស្វ័រតាមពិតប្រសិនបើយើងសរុបសេចក្ដីនៃជីវិតរបស់គាត់ សរុបសេចក្ដីនៃទស្សនៈរបស់គាត់ សរុបសេចក្ដីនៃរបៀបដែលគាត់ដឹកនាំព្រះសហគមន៍របស់យើង គឺឲ្យយើងបម្រើសេចក្ដីសុខសាន្ត។ ឲ្យយើងបម្រើសេចក្ដីសុខសាន្ត ឲ្យសេចក្ដីសុខសាន្តទៅជាអាទិភាព ឲ្យយើងទៅជាអ្នកកសាងសេចក្ដីសុខសាន្ត។ នៅកន្លែងណាដែលមានការស្អប់គ្នាឲ្យយើងចេះស្រឡាញ់គ្នា នៅកន្លែងណាដែលមានសង្គ្រាមឲ្យយើងបង្កើតសុខសន្តិភាព។ នេះជាទំនុកតម្កើងដ៏ពីរោះ ដែលលោកហ្វ្រង់ស្វ័របានបង្កើត ដើម្បីណែនាំឲ្យពិភពលោករបស់យើងភ្ញាក់ស្មារតី “នៅកន្លែងណាដែលយើងខឹងគ្នាឲ្យយើងចេះសម្រុះសម្រួលគ្នា នៅកន្លែងណាដែលយើងស្អប់គ្នាឲ្យយើងបង្ហាញសេចក្ដីសុខសាន្ត ដែលណែនាំឲ្យយើងទៅជាបងប្អូនសាជាថ្មី”។
បងប្អូនជាទីស្រឡាញ់ នៅក្នុងសតវត្សទី២១នេះ យើងស្ដាប់ហើយស្ដាប់ម្ដងទៀតរបៀបដែលសន្តហ្វ្រង់ស្វ័របានណែនាំពិភពលោករបស់យើង ដើម្បីបង្កើតពិភពថ្មី។ ប៉ុន្តែ អ្វីៗទាំងអស់កើតឡើងដោសារយើងសម្លឹងមើលព្រះយេស៊ូ។ សន្តហ្វ្រង់ស្វ័រ ជាបងប្រុសដែលបានបង្កើតរបៀបដែលយើងមានរោងព្រះយេស៊ូប្រសូត គាត់បានរៀបចំរោងព្រះយេស៊ូប្រសូតដ៏មានជីវិត។ គាត់បានប្រមូលប្រជាជន ប្រមូលសត្វ ដើម្បីឲ្យគេឃើញព្រះយេស៊ូប្រសូតផ្ទាល់ភ្នែក ឲ្យគេសម្លឹងមើលព្រះយេស៊ូដែលកំពុងយាងមក អ្វីៗទាំងអស់មកពីយើងសម្លឹងមើលព្រះយេស៊ូដែលកំពុងយាងមក។ តាមពិត ជីវិតរបស់គាត់មិនធម្មតាទេ ដោយសារគាត់មិនមែនតែភ្ជាប់ជាមួយព្រះយេស៊ូនៅក្នុងដួងចិត្ត នៅក្នុងផ្លូវវិញ្ញាណ ប៉ុន្តែនៅក្នុងសាច់របស់គាត់ នៅក្នុងរូបកាយរបស់គាត់។ ដោយសារ គាត់មានស្លាកស្នាមរបស់ព្រះយេស៊ូ នៅក្នុងដៃរបស់គាត់ នៅក្នុងឆ្អឹងជំនីរបស់គាត់ ដូចព្រះយេស៊ូគេវាយដែកគោលនៅក្នុងរូបកាយរបស់ព្រះអង្គនៅលើឈើឆ្កាង លោកហ្វ្រង់ស្វ័រមានសញ្ញានេះដែរ។ សន្តហ្វ្រង់ស្វ័រ មានស្លាកស្នាមរបស់ព្រះយេស៊ូនៅក្នុងរូបកាយរបស់គាត់ ដោយសារជីវិតរបស់គាស់មិនតែភ្ជាប់ខាងផ្លូវវិញ្ញាណ ប៉ុន្តែជាប់ទាំងស្រុងជាមួយព្រះយេស៊ូគ្រីស្ត។
បងប្អូនជាទីស្រឡាញ់ ឲ្យយើងអធិដ្ឋានដើម្បីឲ្យយើងដែលជាគ្រីស្តបរិស័ទ នៅលើទឹកដីនៃប្រទេសកម្ពុជា យកចិត្តទុកដាក់រស់នៅតាមគម្រោងការរបស់សន្តហ្វ្រង់ស្វ័រនៃទីក្រុងអាស៊ីស៊ី ដើម្បីបង្កើតពិភពថ្មី តាមព្រះហឫទ័យព្រះជាម្ចាស់ជានិច្ច។ អាម៉ែន៕
+ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា
ភូមិភាគភ្នំពេញ
https://youtu.be/yRiAx_RYGzk?si=bmbRWskRYEbOHudP