អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣

bible blur christ christianity

សន្តអ៊ីញ៉ាស នៅក្រុងអន់ទីយ៉ូក
ជាអភិបាល និងជាមរណសាក្សី

“គ្រីស្តបរិស័ទបានបោះឆ្នោតជ្រើសរើសលោកអ៊ីញ៉ាសឱ្យធ្វើជាអភិបាលព្រះសហគមន៍ក្រុងអន់ទីយ៉ូក តពីអភិបាលដែលបានបន្តមុខ​ងារពីលោកសិលាមក។ អាជ្ញាធរបានបញ្ជូនលោកពីស្រុកស៊ីរ៉ីទៅក្រុងរ៉ូម ដើម្បីឱ្យសត្វសាហាវហែកស៊ី ព្រោះលោកធ្វើសាក្សីថ្វាយព្រះគ្រីស្ត។ ដល់ក្រុងស្មៀរណា ជាទីក្រុងលោកប៉ូលិការបូសរស់នៅ។ លោកសរសេរលិខិតប្រាំពីរច្បាប់ដ៏មានខ្លឹមសារខ្ពង់ខ្ពស់តាមរបៀបគ្រីស្តទូតប៉ូល។ ក្នុងលិខិតនោះ លោកយកចិត្តទុកដាក់ប្រៀនប្រដៅគ្រីស្តបរិស័ទឱ្យរួបរួមគ្នាជាធ្លុងតែមួយក្នុងព្រះសហគមន៍។ លោកក៏បង្ហាញបំណងរបស់លោក គឺលោកចង់ទៅរស់នៅជាមួយព្រះគ្រីស្ត៖ “ខ្ញុំជាស្រូវរបស់ព្រះជាម្ចាស់ ធ្មេញសត្វសាហាវមុខជាកិនទំពារស្រូវនោះ ដើម្បីឱ្យទៅជាអាហារដ៏និម្មលរបស់ព្រះគ្រីស្ត”។

អត្ថបទទី១៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ១​,១៦-២៥

បងប្អូនជាទីស្រឡាញ់
ខ្ញុំមិនខ្មាស់នឹងប្រកាស់ដំណឹងល្អទេ ព្រោះដំណឹងល្អជាឫទ្ធា​នុភាពរបស់ព្រះជាម្ចាស់ សម្រាប់សង្រ្គោះអស់អ្នកដែលជឿ គឺមុនដំបូងសាសន៍យូដា បន្ទាប់មកសាសន៍ក្រិក។ ដោយសារដំណឹងល្អនេះ ព្រះជាម្ចាស់សម្តែងអំពីរបៀប​ព្រះអង្គប្រោសមនុស្សបានសុចរិត គឺមកពីមនុស្សមានជំនឿ និងដើម្បីឱ្យគេកាន់តាមជំនឿកាន់តែមាំមួនឡើង ដូចមានចែងទុកក្នុងគម្ពីរមកថា៖ ​«មនុស្សសុចរិតដោសារ​ជំនឿ និងមានជីវិត»។ ព្រះជាម្ចាស់សម្តែងអំពីរបៀបព្រះអង្គទ្រង់ព្រះពិរោធពីស្ថាន​​បរមសុខមកប្រឆាំងនឹងមនុស្សលោក ដែលមិនគោរពប្រណិប័តន៍ព្រះអង្គ ហើយដែលតែងតែប្រព្រឹត្តអំពើទុច្ចរិតគ្រប់បែបយ៉ាង ទាំងយកអំពើទុច្ចរិតនោះខ្ទប់សេចក្តីពិត​មិនឱ្យលេច​ចេញមក។ ដ្បិតអ្វីៗដែលមនុស្សលោកអាចស្គាល់ពីព្រះជាម្ចាស់បាននោះ មានជាក់ច្បាស់ក្នុងចំណោមពួកគេហើយ ព្រោះព្រះអង្គបានសម្តែងឱ្យគេឃើញ។ លក្ខណៈដ៏ប្រសើរបំផុតរបស់ព្រះអង្គដែលមនុស្សមើលពុំឃើញ គឺឫទ្ធានុភាពដែលនៅ​ស្ថិតស្ថេរអស់កល្បជានិច្ចក្តី ឬឋានៈរបស់ព្រះអង្គជាព្រះជាម្ចាស់ក្តី ព្រះអង្គបានសម្ដែងឱ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះ នៅពេលណាដែលគេ​រិះគិតអំពីស្នា​ព្រះហស្តរបស់ព្រះអង្គ។ ដូច្នេះ គេពុំអាចដោះសារខ្លួនបានឡើយ ដ្បិតគេបានស្គាល់ព្រះ​ជាម្ចាស់ តែពុំបានលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គឱ្យសមនឹងឋានៈព្រះជាម្ចាស់ទេ ហើយគេក៏ពុំបានអរព្រះគុណព្រះអង្គទៀតផង។ ផ្ទុយទៅវិញ គេបានវង្វេងទៅតាម​ការរិះគិតរបស់ខ្លួន ហើយចិត្តល្ងីល្ងើរបស់គេ ក៏បែរទៅជាងងឹតសូន្យសុងដែរ។ គេអួត​អាងថា ខ្លួនមានប្រាជ្ញា តែបែរជាលេលាទៅវិញ។ គេមិនបានលើកតម្កើងសិរីរុងរឿង​របស់ព្រះជាម្ចាស់ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាក ដូចជារូប​តំណាងមនុស្សដែលរមែងតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វ​លូនវារមកគោរពថ្វាយ​បង្គំជំនួសវិញ។ ហេតុនេះហើយ បានជាព្រះជាម្ចាស់បណ្តោយ​ឱ្យពួកគេប្រព្រឹត្តអំពើសៅហ្មង តាមទំនើងចិត្តលោភលន់របស់គេ រហូតដល់ទៅបន្ថោក​រូបកាយរបស់ខ្លួនឯងផ្ទាល់ទៀតផង។ ពួកគេនិយមព្រះក្លែងក្លាយ ជាជាងព្រះដ៏ពិត​ប្រាកដ ហើយនាំគ្នាថ្វាយបង្គំ និងគោរពបម្រើអ្វីៗដែលព្រះជាម្ចាស់បង្កើតមក ជំនួស​ការគោរពបម្រើព្រះដែលបានបង្កើតអ្វីៗទាំងអស់នោះវិញ។ សូមលើកតម្កើងព្រះអង្គ​អស់កល្បជានិច្ច! អាម៉ែន!។

ទំនុកតម្កើងលេខ ១៩ (១៨) ,២-៥ បទកាកគតិ

២ ផ្ទៃមេឃថ្លាថ្លែង រុងរឿងស្ញប់ស្ញែង របស់ព្រះម្ចាស់
អាកាសវេហាស៍ ក៏បានប្រកាស ពីស្នាព្រះហស្ត
របស់ព្រះអង្គ ។
៣ ថ្ងៃមួយពោលប្រាប់ ថ្ងៃមួយទៀតស្តាប់ មិននៅរេរង់
យប់មួយទៀតប្រាប់ យប់ផ្សេងឱ្យដឹង អំពីដំណឹង
ល្បីល្បាញអស្ចារ្យ ។
៤ មិនប្រើសម្ដី មិនចារសេចក្តី ឬប្រើភាសា
ហើយក៏មិនចេញ សូរស័ព្ទវាចា បន្តិចឡើយណា
ឱ្យគេដឹងឮ ។
៥ ដំណឹងទាំងនោះ ឮឆ្ងាយសាយសុះ ពេញពាសរន្ទឺ
លើភពផែនដី ទីងងឹតភ្លឺ លាន់ល្បីរន្ទឺ
គ្មានសល់ចន្លោះ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទិ្ធប្ញទិ្ធ។ ព្រះបន្ទូលនេះ ចាក់ទម្លុះចូលទៅក្នុងឆន្ទៈ និងគំនិត នៅក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,៣៧-៤១

ព្រះយេស៊ូកំពុងតែមានព្រះបន្ទូល ស្រាប់តែមានបុរសម្នាក់ខាងគណៈផារីស៊ី សូមយាងព្រះអង្គទៅសោយព្រះស្ងោយនៅផ្ទះគាត់។ ព្រះអង្គក៏យាងចូលទៅរួមជាមួយ​គាត់។ អ្នកខាងគណៈផារីស៊ីនោះងឿងឆ្ងល់ក្រៃលែង ព្រោះឃើញព្រះយេស៊ូមិនលាង​ព្រះហស្ដមុនពេល​សោយ។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅគាត់ថា៖ «ពួកអ្នកខាងគណៈផារីស៊ីអើយ! អ្នករាល់គ្នាសម្អាតពែង និងចាន តែផ្នែកក្រៅប៉ុណ្ណោះទេ ប៉ុន្ដែ ផ្នែកខាងក្នុងរបស់អ្នករាល់គ្នាពោរពេញទៅដោយចិត្តកេងប្រវ័ញ្ច និងគំនិតអាក្រក់។ មនុស្សឆោតល្ងង់អើយ! ព្រះជាម្ចាស់បានបង្កើតខាងក្រៅ តើព្រះអង្គមិនបានបង្កើតខាង​ក្នុងដែរទេឬ? ចូរយកអ្វីៗនៅក្នុងចាន ធ្វើទានដល់ជនក្រីក្រទៅ នោះប្រដាប់ប្រដារ​ទាំងអស់នឹងបានស្អាតបរិសុទ្ធសម្រាប់ឱ្យអ្នករាល់គ្នាប្រើប្រាស់។

Facebook
Twitter
LinkedIn