អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីយ៉ូណាស យណ ៤,១-១១
ពេលព្យាការីយ៉ូណាសឃើញថា ព្រះជាម្ចាស់មិនបំផ្លាញក្រុងនីនីវេដូច្នេះ លោកមិនសប្បាយចិត្តសោះ គឺលោកខឹងយ៉ាងខ្លាំងទៀតផង។ លោកទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ឥឡូវនេះ ហេតុការណ៍កើតមានឡើង ដូចទូលបង្គំបានសង្ស័យតាំងពីទូលបង្គំនៅស្រុកទូលបង្គំម៉្លេះ។ ហេតុនេះហើយ បានជាទូលបង្គំរត់គេចទៅក្រុងតារស៊ីស ព្រោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គប្រកបដោយ ព្រះហប្ញទ័យប្រណីសន្ដោស ព្រះអង្គតែងតែអាណិតមេត្តា មិនឆាប់ខ្ញាល់ ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណា ហើយតែងតែប្រែព្រះហប្ញទ័យមិនព្រមធ្វើទោសគេទេ។ បពិត្រព្រះអម្ចាស់! ឥឡូវនេះសូមព្រះអង្គដកជីវិតទូលបង្គំទៅ! ដ្បិតទូលបង្គំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកយ៉ូណាសវិញថា៖ «តើអ្នកខឹងដូច្នេះ សមឬមិនសម?»។ ខណៈនោះ លោកយ៉ូណាសចេញទៅអង្គុយនៅខាងកើតទីក្រុង។ លោកសង់ខ្ទមមួយតូច ហើយអង្គុយក្រោមម្លប់ រង់ចាំមើលព្រឹត្តិការណ៍ដែលនឹងកើតមានឡើងដល់ក្រុងនីនីវេ។ ពេលនោះ ព្រះជាអម្ចាស់ធ្វើឱ្យមានរុក្ខជាតិមួយដើមដុះឡើងធ្វើជាម្លប់ពីលើលោកយ៉ូណាស ដើម្បីកុំឱ្យលោកមួម៉ៅតទៅទៀត។ លោកយ៉ូណាសសប្បាយចិត្តនឹងម្លប់រុក្ខជាតិនោះណាស់។ នៅថ្ងៃបន្ទាប់ មុនពេលថ្ងៃរះ ព្រះជាម្ចាស់បញ្ជាឱ្យដង្កូវមួយមកស៊ីរុក្ខជាតិនោះ រុក្ខជាតិក៏ក្រៀមស្រពោនអស់ទៅ។ លុះថ្ងៃរះឡើង ព្រះជាម្ចាស់បញ្ជាខ្យល់ឱ្យបក់មកពីខាងកើតយ៉ាងខ្លាំង ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឱ្យលោកល្វើយកម្លាំង។ លោកទូលអង្វរសុំស្លាប់ទាំងពោលថា៖ «ទូលបង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត!»។ ពេលនោះ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកថា៖ «អ្នកខឹងព្រោះតែរុក្ខជាតិនេះ តើសម ឬមិនសម?»។ លោកទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ទូលបង្គំខឹងរហូតដល់ជិតស្លាប់ដូច្នេះ ត្រឹមត្រូវណាស់!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «សូមគិតមើល៍! អ្នកអាណិតរុក្ខជាតិដែលអ្នកមិនបានហត់នឿយដាំ វាដុះឡើងតែមួយយប់ រួចវិនាសបាត់ទៅវិញក្នុងរយះពេលដ៏ខ្លី។ រីឯយើងវិញ យើងមិនអាណិតក្រុងនីនីវេមហានគរនេះដូចម្ដេចបាន ដ្បិតមានប្រជាជនជាងដប់ពីរម៉ឺននាក់ដែលមិនទាន់ដឹងខុសត្រូវ ព្រមទាំងមានហ្វូងសត្វច្រើនឥតគណនារស់នៅក្នុងក្រុងនេះ»។
ទំនុកតម្កើងលេខ ៨៦ (៨៥) ,៣-៦.៩-១០ បទព្រហ្មគីតិ
៣ | ឱ!ព្រះអម្ចាស់អើយ | អាណិតហើយសូមប្រណី | |
ខ្ញុំស្រែកទូលរាល់ថ្ងៃ | រកព្រះអង្គមិនឈប់ឈរ | ។ | |
៤ | ឱព្រះអម្ចាស់អើយ | សូមប្រោសឱ្យបម្រើល្អ | |
មានសប្បាយអំណរ | តម្រង់រកព្រះអម្ចាស់ | ។ | |
៥ | បពិត្រព្រះម្ចាស់ខ្ញុំ | ព្រះឧត្ដមសប្បុរសណាស់ | |
អត់ឱនមិនថ្កោលទោស | តែងសន្ដោសខ្ញុំបរិបូណ៌ | ។ | |
ព្រះអង្គតែងអាណិត | អ្នកផ្ដេកផ្ដិតទ្រង់អាសូរ | ||
អ្នកដែលដង្ហោយថ្ងូរ | ហៅព្រះអង្គមកសង្គ្រោះ | ។ | |
៦ | ឱព្រះអម្ចាស់អើយ | ទ្រង់ផ្ទៀងហើយសូមសន្ដោស | |
ពាក្យខ្ញុំស្រែករកនោះ | សូមទ្រង់ប្រោសរូបខ្ញុំផង | ។ | |
៩ | បពិត្រព្រះអម្ចាស់ | គ្រប់ជាតិសាសន៍ដែលកើតហើយ | |
គេនឹងមិនកន្ដើយ | តម្កើងកើយនាមព្រះអង្គ | ។ | |
១០ | ព្រោះដ្បិតទ្រង់ជាព្រះ | ដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់ | |
នោះគឺមានតែទ្រង់ | ដែលជាអង្គលើលោកា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រ៉ូម ៨,១៥
អាលេលូយ៉ា! អាលេលូយ៉ា!
យើងបានទទួលព្រះវិញ្ញាណដែលធ្វើឱ្យយើងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់! ដោយព្រះវិញ្ញានេះ យើងបន្លឺសំឡេងឡើងថា៖ «អប្បា!» ឱព្រះបិតា!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១១,១-៤
មានមួយថ្ងៃ ព្រះយេស៊ូអធិដ្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិដ្ឋានរួចហើយ មានសាវ័កម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឱ្យចេះអធិដ្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាអធិដ្ឋាន ត្រូវពោលថា៖ «ឱព្រះបិតាអើយ! សូមសម្ដែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមព្រះអង្គ។ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់។ សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។ សូមអត់ទោសឱ្យយើងខ្ញុំបានរួចពីបាប ដ្បិតយើងខ្ញុំអត់ទោសឱ្យអស់់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ!»។