អត្ថបទព្រះគម្ពីរ ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣

បុណ្យរម្លឹក
សន្តហ្រ្វង់ស្វ័រ នៅក្រុងអាស៊ីស

លោកហ្វ្រង់ស្វ័រ (១១៨២-១២២៦) ជាកូនអ្នកឈ្មួញម្នាក់ជាអ្នកមានស្តុកស្តម្ភនៅក្រុងអាស៊ីស៊ី (ប្រទេសអ៊ីតាលី)។ ដល់អាយុម្ភៃឆ្នាំ លោកសុខចិត្តលះបង់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីបម្រើព្រះយេស៊ូយ៉ាងស្មោះអស់ពីចិត្ត ហើយចេញដំណើរទៅពន្យល់គម្ពីរ។ លោកធ្លាប់កោតសរសើរព្រះជាម្ចាស់ដែលបានបង្កើតសត្វលោកទាំងឡាយ ដោយចាត់ទុកថាសត្វលោកទាំងនោះសុទ្ធតែជាបងប្អូនរបស់គាត់។ ដោយលោកស្រឡាញ់ព្រះយេស៊ូយ៉ាងខ្លាំងជាទីបំផុត លោកទទួលស្នាមរបួសរបស់ព្រះយេស៊ូភ្ជាប់នឹងដៃ ជើង និងត្រង់ឆ្អឹង​ជំនីរ។ លោកបង្កើតក្រុមគ្រួសារបព្វជិតមួយដែលមានឥទ្ធិពលជាខ្លាំងក្នុងសាកលលោករហូតមកសព្វថ្ងៃ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកនេហេមី នហ ២,១-៨

នៅពេលនោះ ខ្ញុំនេហេមីបំពេញមុខងារជាអ្នកចាក់ស្រាថ្វាយព្រះចៅ។ នៅខែ​ចេត្រ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះចៅអ័រតាស៊ែរសេស ក្នុងពេលដែលស្ដេចកំពុងសោយព្រះស្ងោយ ខ្ញុំបានយកស្រាចាក់ថ្វាយ។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀមក្រំបែបនេះនៅ​ចំពោះព្រះភក្រ្តស្ដេចឡើយ។ ព្រះចៅអធិរាជសួរខ្ញុំថា៖ «លោកគ្មានជំងឺទាល់តែសោះ​ ហេតុអ្វីបានជាលោកមានទឹកមុខក្រៀមក្រំបែបនេះ តើលោកពិបាកចិត្តរឿងអ្វី?»។​ ពេលនោះ ខ្ញុំភ័យខ្លាចជាខ្លាំង។ ខ្ញុំទូលព្រះចៅអធិរាជវិញថា៖ «សូមឱ្យព្រះករុណា​មានព្រះជន្មគង់នៅជាដរាបតរៀង​ទៅ! តើមិនឱ្យទូលបង្គំមានទឹកមុខក្រៀមក្រំដូចម្ដេចបាន បើក្រុងដែរមានផ្នូរបុព្វបុរសរបស់ទូលបង្គំនៅបាក់បែក រីឯទ្វារក្រុងក៏ត្រូវ​ភ្លើងឆេះអស់ទៅហើយ»។ ព្រះចៅអធិរាជមានរាជឱង្ការមកខ្ញុំថា៖ «តើលោកចង់​សុំអ្វីពីយើង?»។ ពេលនោះ ខ្ញុំក៏អធិស្ឋានដល់ព្រះនៃស្ថានបរមសុខ រួចខ្ញុំទូលស្ដេច​វិញថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហប្ញទ័យ ហើយបើព្រះអង្គប្រណីសន្ដោសដល់​ទូលបង្គំមែននោះ សូមចាត់ទូលបង្គំឱ្យទៅស្រុកយូដា គឺទៅក្រុងដែលមានផ្នូរបុព្វបុរស​របស់ទូលបង្គំ ដើម្បីសង់ក្រុងនោះឡើងវិញផង»។ ព្រះរាជាដោយមានព្រះមហេសីគង់នៅក្បែរផង សួរខ្ញុំទៀតថា៖ «តើលោកត្រូវការរយៈពេលប៉ុន្មានដើម្បីធើ្វដំណើរ​ទៅ ហើយអង្កាល់ទើបលោកត្រឡប់មកវិញ?»។ ខ្ញុំទូលព្រះចៅអធិរាជពីពេលវេលា​ដែលខ្ញុំត្រូវត្រឡប់មកវិញ ហើយស្ដេចក៏យល់ព្រមឱ្យខ្ញុំចេញដំណើរ។ បន្ទាប់មក ខ្ញុំទូល​​ព្រះចៅអធិរាជទៀតថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហប្ញទ័យ សូមប្រទានរាជសារ​ឱ្យទូលបង្គំយកទៅជូនអស់លោកទេសាភិបាល អាណាខេត្តនានាដែលនៅខាងលិច​ទន្លេអឺប្រាត ដើម្បីអនុញ្ញាតឱ្យទូលបង្គំធើ្វដំណើររហូតដល់ស្រុកយូដា ហើយរាជសារ​មួយទៀត ជូនលោកអសាភដែលជាមេព្រៃរបស់ព្រះករុណា ដើម្បីឱ្យគាត់ផ្ដល់ឈើមក​ទូលបង្គំសង់ខ្លោងទ្វារបន្ទាយដែលនៅក្បែរព្រះដំណាក់ និងសង់កំពែងក្រុង ព្រមទាំង​សង់ផ្ទះដែលទូលបង្គំត្រូវស្នាក់នៅ»។ ព្រះចៅអធិរាជប្រទានរាជសារតាមសំណូមពរ​របស់ខ្ញុំ ដ្បិតព្រះដ៏សប្បុរសរបស់ខ្ញុំបានដាក់ព្រះហស្ដលើខ្ញុំ។

ទំនុកតម្កើងលេខ ១៣៧ (១៣៦) ,១-៦ បទពាក្យ ៧

យើងអង្គុយនឹកគិតរិះរេ នៅមាត់ទន្លេបាប៊ីឡូន
យំនឹកស្រណោះក្រុងស៊ីយ៉ូន ធ្មេចភ្នែកក៏ឃើញក្នុងនេត្រា
ព្រះចន្ទចោលរស្មើឆ្អៅឆ្អិន យើងបានព្យួរពិណយើងនោះណា
ជិតមាត់ទន្លេដើមរុក្ខា រួចចោលភក្ត្រាមើលទៅឆ្ងាយ
ពេលនោះពួកអ្នកដែលចាប់យើង គេសុំឱ្យច្រៀងបទសប្បាយ
គេពោលថាចូរច្រៀងបរិយាយ ក្រុងស៊ីយ៉ូនឱ្យយើងស្ដាប់ផង
តើឱ្យយើងច្រៀងបងតម្កើង ថ្វាយព្រះនៃយើងពេលនេះម្ដង
នៅលើទឹកដីដ៏សៅហ្មង នៃបរទេសផងដូចម្ដេចកើត?
ឱ!ក្រុងយេរូសាឡឹមអើយ ខ្ញុំមិនភ្លេចឡើយក្រុងល្អឆើត
បើខ្ញុំភ្លចអ្នកភ្លេចកំណើត សូមដៃខ្ញុំពើតស្ពឹកចុកចាប់
ប្រសិនបើខ្ញុំមិនជឿជាក់ មិនចាត់ទុកអ្នកដូចខ្ញុំប្រាប់
ជាអំណរដ៏ខ្លាំងក្លាគាប់ សូមអណ្ដាតជាប់រឹងជិតជុំ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម សម ៣,៩,យហ ៩,៥៧

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ ព្រះអម្ចាស់ត្រាស់ហៅយើងខ្ញុំ! យើងខ្ញុំនាំគ្នាដើរតាមព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៩,៥៧-៦២

ព្រះយេស៊ូកំពុងយាងតាមផ្លូវជាមួយសាវ័ក ស្រាប់តែមានបុរសម្នាក់ទូលព្រះអង្គ​ថា៖ «ខ្ញុំប្របាទនឹងទៅតាមលោក ទោះបីលោកអញ្ជើញទៅទីណាក៏ដោយ»។ ព្រះ​យេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សី​ក៏មានសំបុករបស់វាដែរ ប៉ុន្ដែ បុត្រមនុស្សគ្មានទីជម្រកសម្រាកឡើយ»។ ព្រះអង្គ​មានព្រះបន្ទូលទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្ដែ អ្នកនោះទូលព្រះអង្គថា៖ «សូមលោកមេត្តាអនុញ្ញាតឱ្យខ្ញុំប្របាទទៅបញ្ចុះសពឪពុកខ្ញុំសិន»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ទុកឱ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នក​វិញ ចូរអ្នកទៅប្រកាសដំណឹងអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់»។ មានម្នាក់ទៀតទូល​ព្រះអង្គថា៖ «លោកម្ចាស់! ខ្ញុំប្របាទសុខចិត្តទៅតាមលោកដែរ ប៉ុន្ដែ សូមលោក​អនុញ្ញាតឱ្យខ្ញុំប្របាទទៅជម្រាបលាក្រុមគ្រួសារខ្ញុំសិន»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់ព្រះរាជ្យរបស់ព្រះជាម្ចាស់ឡើយ»។

Facebook
Twitter
LinkedIn