អត្ថបទព្រះកម្ពីរ ប្រចាំថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរលោកអែសរ៉ា អរ ១,១-៦

ក្នុងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅស៊ីរូសជាសេ្ដចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញ​ព្រះហប្ញទ័យព្រះចៅស៊ីរូសឱ្យចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់​សេ្ដចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេរេមី មាន​សេចក្ដីដូចតទៅ៖ «ព្រះចៅស៊ីរូសជាសេ្ដចស្រុកពែរ្សមានរាជឱង្ការដូចតទៅ៖ ព្រះអម្ចាស់ជាព្រះនៃ​ស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកឱ្យយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាឱ្យយើងសង់ព្រះដំណាក់មួយនៅក្រុងយេរូសាឡឹមក្នុស្រុកយូដាថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្រ្ដរបស់ព្រះអង្គ សូមឱ្យអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹមក្នុងស្រុកយូដាវិញ ហើយសង់ព្រះដំណាក់របស់ព្រះអម្ចាស់ជា​ព្រះនៃជនជាតិអ៊ីស្រាអែល គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹម។ សូមឱ្យព្រះរបស់គេ​គង់នៅជា​មួយគេ។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏​ដោយ ប្រជាជននៅទីនោះត្រូវតែផ្ដល់វិភាគទានដល់ពួកគេ ជាប្រាក់ មាស ទ្រព្យសម្បត្តិ ​និងសត្វ ព្រមទាំងថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម​ផង»។ ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ក្រុម​បូជាចារ្យ ក្រុមលេវី គឺអស់អ្នកដែលព្រះជាម្ចាស់ជំរុញចិត្ត នាំគ្នាក្រោកឡើងរៀបចំខ្លួនទៅសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។ អ្នកជិតខាងរបស់ពួកគេ​យករបស់របរធើ្វពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់​យ៉ាង មកជួយឧបត្ថម្ភពួកគេ ហើយក៏មានតង្វាយស្ម័គ្រចិត្តថែមទៀតផង។

ទំនុកតម្កើងលេខ ១២៦ (១២៥) ,១-៦ បទព្រហ្មគីតិ

ពេលព្រះដឹកនាំអ្នក ដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយ យើងធូរស្បើយដូចយល់សប្ដិ
យើងសើចហ៊ោសប្បាយ អរក្អាកក្អាយឥតមានឈប់
ស្រែកជយឃោសសាយសព្វ លាន់សូរស័ព្ទគ្រប់ទិសា
ពេលនោះក្នុងចំណោម ជាតិទាំងព្រមគេពោលថា៖
«ព្រះម្ចាស់មានចេស្ដា ធើ្វអស្ចារ្យចំពោះគេ»
ព្រះអង្គបានធើ្វការ ដ៏អស្ចារ្យអ្វីម៉្លេះទេ
យើងលែងគិតគ្នាន់គ្នេរ បានល្ហើយល្ហែអរសប្បាយ
ឧិ! ព្រះម្ចាស់ឧត្ដម សូមប្រោសខ្ញុំឱ្យរីកសាយ
ដូចរហោស្ថានឆ្ងាយ សូមប្រែក្លាយមានទឹកហូរ
អ្នកណាសាបព្រោះស្រូវ ដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរ នឹងច្រូតយកទាំងសប្បាយ
គេយកពូជទៅព្រោះ ទាំងស្រណោះយំសោកស្ដាយ
ក្រោយមកគេប្រែក្លាយ ហ៊ោសប្បាយដោយអំណរ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៥,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរឱ្យពន្លឺរបស់អ្នករាល់គ្នាបំភ្លឺមនុស្សទាំងឡាយ។ គេនឹងឃើញអំពើល្អដែលអ្នករាល់គ្នាប្រព្រឹត្ត ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះបិតារបស់អ្នករាល់គ្នា។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៨,១៦-១៨

នៅពេលនោះ បណ្ដាជនជួបជុំគ្នាជុំវិញព្រះយេស៊ូ។ ព្រះអង្គមានព្រះបន្ទូលទៅកាន់​ពួកគេថា៖ «ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅ​ដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់​អ្នកដែលចូលក្នុងផ្ទះ។ គ្រប់ការលាក់កំបាំងនឹងត្រូវបើកឱ្យគេដឹង ហើយគ្រប់អាថ៌​កំបាំង ក៏នឹងត្រូវលេចមកឱ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ ដូច្នេះ ចូរអ្នករាល់គ្នា​ប្រុងប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹង​ប្រទានឱ្យថែមទៀត តែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីដែលខ្លួនស្មានថា​មាននោះផង»។

Facebook
Twitter
LinkedIn