សិប្បកម្មដូងតាកែវទទួលចំណាត់ថ្នាក់ទី៤ត្រៀមខ្លួនប្រកួតថ្នាក់ជាតិ

សិប្បកម្មដូងតាកែវនៃព្រះសហគមន៍កាតូលិកភូមិភាគ​ភ្នំពេញ បានចូលរួមប្រលង​ថ្នាក់​ពាក់កណ្តាល​ផ្ដាច់ព្រ័តពានរង្វាន់សហគ្រិនធនតូច និង​​មធ្យមប្រចាំតំបន់កំពត ​នៅ​កម្ពុជា ​លើកទី៤ ឆ្នាំ២០២៣នាខេត្តទីរួមខេត្តកំពត កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងការប្រលងថ្នាក់ពាក់កណ្ដាលផ្ដាច់ព្រ័តនេះ សិប្បកម្មដូងតាកែវបានទទួលចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម២០ក្រុមហ៊ុន​សហគ្រាសប្រចាំតំបន់កំពត ហើយនឹងត្រៀមខ្លួនដើម្បីចូលរួមប្រកួតពាន់រង្វាន់​សហ​គ្រិន​ថ្នាក់ជាតិនាពេលខាងមុខ។

តាមប្រសាសន៍របស់លោក មាគ ស៊ន ជាអ្នកទទួលខុសត្រូវសិប្បកម្មដូងតាកែវបាន​ឱ្យ​ដឹងថា ការប្រលងថ្នាក់ពាក់កណ្ដាលផ្ដាច់ព្រ័តនេះ ថ្នាក់តំបន់កំពតមាន៥០ក្រុមហ៊ុន​សហគ្រាសបានដាក់ពាក្យចូលរួមប្រកួតប្រជែង ដោយឆ្លងកាត់វគ្គជម្រុះជាបន្តបន្ទាប់និង​តាមលក្ខខណ្ឌរបស់កម្មវិធីតម្រូវឱ្យមានតែ ២០ ក្រុមហ៊ុនសហគ្រាសដែលអាចចូលរួម​ប្រកួតប្រជែងក្នុងវគ្គនេះ។

លោកបន្តថា លក្ខខណ្ឌការប្រកួតនៅវគ្គនេះគឺតម្រូវក្រុមហ៊ុនសហគ្រាសទាំង២០រៀប​ចំ ជាបទបង្ហាញ​​រយៈពេល៨នាទី និងមាន១២នាទីជាសំណួរដេញដោលពី​វាគ្មិន​​ និងគណៈកម្មាការអំពីការងារសិប្បកម្មតាមកន្លែងនីមួយៗ​ ហើយជ្រើសរើស​យក​តែ​៤ក្រុមហ៊ុនសហគ្រាស ដើម្បីចូលរួមប្រកួតពានរង្វាន់សហគ្រិននៅថ្នាក់ជាតិ​តែ​ប៉ុណ្ណោះ។

លោកបន្តទៀតថា ក្នុងនោះដែរ សិប្បកម្មដូងតាកែវ បានបង្ហាញ​​ដោយយកការងារចំនួន៥ រួមមាន ផ្នែកកាត់ដេរដោយស្ត្រីមាន​ពិការភាព ផ្នែកតម្បាញដែល​មាន​សសៃសូត្រ សសៃអំបោះ សសៃចេក និងស្រកីដូង ផ្នែកកែច្នៃផ្លែដូង ផ្នែកកែច្នៃដើមចេកដោយ​​ត្បាញសសៃចេកជាក្រមា​ ថង់ដាក់​សម្ភារ​ពីសសៃចេក និងផ្នែកកែច្នៃម្ហូបអាហាររួមមានស្ករគ្រាប់ មីដូង និង​ភោជនីយដ្ឋាន។

លោក មាគ ស៊ន បញ្ជាក់ថា ដោយមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់គណៈកម្មាការទៅលើការកែច្នៃ អំពី​ផ្លែដូង ដើមចេក និងការជួយដល់ក្រុមស្រ្តីមានពិការភាពនិងម្តាយ​ដែលមានកូន​ពិការក្រីក្រ​​អាច​​រកប្រាក់ចំណូល ក្នុងទិសដៅ​ជួយសង្គមនិង​សហគមន៍ ទើបធ្វើឱ្យសិប្បកម្មដូងតាកែវទទួលបានចំណាត់ថ្នាក់មួយល្អ។

ជា​មួយ​ការត្រៀម​ខ្លួនប្រកួត​បន្ត​​ក្នុង​ខែ​វិច្ឆិកា​​ខាង​មុខ​នេះ លោកស៊ន​បានប្ដេជ្ញា​ខិតខំ​ប្រឹ​ងប្រែងបង្ហាញអំពី​សមទ្ធិផលផ្សេងៗ​ដែលមាន​នៅ​ក្នុង​សិប្បកម្ម បង្ហាញអំពី​គម្រោង​ការណ៍ផ្ដោតសំខាន់ទៅលើការជួយសង្គម ដើម្បីឱ្យ​សង្គម​ចេះសាមគ្គីគ្នា យក​ចិត្ត​ទុកដាក់ជាមួយអ្នកក្រីក្រ ជនមានពិការភាព ​ឱ្យយល់ថា​ពិតមែនជនពិការក៏​មាន​សមត្ថភាពបំពេញភារកិច្ចការងារសម្រាប់ចិញ្ចឹមជីវិត និងជួយ​សង្គម។

សិប្បកម្មដូងតាកែវ បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៦ មានទីតាំង​ស្ថិតនៅ ភូមិពងទឹកខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមាន​បុគ្គលិក​៤២នាក់កំពុងបម្រើការងារ​ដែល​ក្នុងនោះ​មាន១៣នាក់ជាជនមានពិការភាព។ គម្រោង​នេះ​បង្កើត​ឡើង​ដោយ​ លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ៕

ដោយ​ចាន់​ ម៉ានុត

Facebook
Twitter
LinkedIn